អានតួអត្ថបទ
កម្ពុជា-ថៃ

កម្ពុជា​បដិសេធ​ថា​មិនបាន​​បន្ទន់​​ឥរិយាបថ​​រឿង​​អ្នក​សង្កេតការណ៍​​ឥណ្ឌូនេស៊ី​​

ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បដិសេធ​ថា​ខ្លួន​មិន​បាន​បន្ទន់​ ឥរិយាបថ​ណាមួយ​ជាមួយ​ភាគី​ថៃ​ស្តីពី​វត្តមាន​របស់​អ្នក​សង្កេតការណ៍​ ឥណ្ឌូនេស៊ី​ទេ។ ​ការ​បដិសេធ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​កាសែត​ Bangkok Post ​ របស់​ថៃ​បាន​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា​ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​បាន​ព្រមព្រៀង​ជាមួយ​សមភាគី​ថៃ​ថា​វត្តមាន ​របស់​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​មិន​ចាំ​បាច់​ទៀត​ឡើយ។ ​ប៉ុន្តែ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បដិសេធ​ចោល​ទាំង​ស្រុង​ ព័ត៌មាន​នេះ។

ក្រសួង​ការពារ​ជាតិ​កម្ពុជា
ក្រសួង​ការពារ​ជាតិ​កម្ពុជា © RFI
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បដិសេធ​ចោល​ទាំងស្រុង​នូវ​ព័ត៌មាន​ដែល​ថា​កម្ពុជា​បាន​បន្ទន់​ឥរិយាបថ​ស្តីពី​បញ្ហា​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី។ ​កាសែត ​Bangkok Post​ របស់​ថៃ​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​ទី​២០​សីហា​ថា​ រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ​ លោក​ យុទ្ធសាក់ ​សាស៊ីប្រាផា ​បាន​អះអាង​ថា រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​បាន​យល់ព្រម​អំពី​ភាព​មិន​ចាំបាច់​នៃ​វត្តមាន​របស់​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​នៅ​តាម​តំបន់​ព្រំដែន​កម្ពុជា​ថៃ។

 
ប៉ុន្តែ ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​ដែល​ចេញផ្សាយ​កាលពី​ព្រលប់​ថ្ងៃសៅរ៍​ម្សិលមិញ ​អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ជំហរ​ជូន​សាធារណជន​ជាតិ ​និង​អន្តរជាតិ​ថា​ កម្ពុជា​មិន​បាន​ងាក​ចេញ​ពី​ស្មារតី​ និង​នីតិវិធី​នៃ​ដីកា​បង្គាប់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ឡើយ។ ​តុលាការ​ក្រុង​ឡាអេ​បាន​ចេញ​ដីកា​បង្គាប់​កាលពី​ថ្ងៃ​ទី​១៨​កក្កដា​ឲ្យ​កង​ទ័ព​កម្ពុជា​ និង​ថៃ​ដក​ចេញ​ពី​តំបន់​គ្មាន​យោធា​នៅ​ជុំវិញ​ប្រាសាទ​ព្រះវិហារ។ ​តុលាការ​អន្តរជាតិ​នេះ​ក៏​បាន​ស្នើ​ឲ្យ​កម្ពុជា​និង​ថៃ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ក្នុង​ក្របខណ្ឌ​អាស៊ាន​ជាពិសេស​ទាក់ទង​នឹង​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី។
ប៉ុន្តែ ​តាំងពី​រដ្ឋាភិបាល​របស់​អតីត​នាយក​រដ្ឋមន្ត្រី​អាភីស៊ីត ​វាចាជីវ៉ា ​មក​ម៉្លេះ ​ភាគី​ថៃ​បាន​ព្យាយាម​គេច​វេះ​ពី​អ្នក​សង្កេតការណ៍​អាស៊ាន។ ​លោក​យុទ្ធសាក់ ​សាស៊ីប្រាផា ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថ្មី​ថៃ​ដែល​តែង​តាំង​ដោយ​រដ្ឋាភិបាល​លោកស្រី​យីងឡាក់ ​ស៊ីណាវ៉ាត្រា​ហាក់​នៅ​តែ​បន្ត​យុទ្ធសាស្ត្រ​ចាស់​ដដែល។ ​ក្រោយ​ពី​ឡើង​កាន់តំណែង​ភា្លម​កាលពី​សប្តាហ៍​កន្លង​ទៅ ​ប្រមុខ​ដឹកនាំ​យោធា​ថៃ​រូប​នេះ​បាន​ប្រកាស​ថា​ កម្ពុជា​និង​ថៃ​បាន​ព្រមព្រៀង​គ្នា​ហើយ​ថា ​មិន​ចាំបាច់​មាន​វត្តមាន​របស់​អ្នក​សង្កេតការណ៍​ឥណ្ឌូនេស៊ី​ទេ​ប្រសិន​បើ​ភាគី​ទាំងពីរ​អាច​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​បាន។ ​លោក​អះអាង​ថា​ បញ្ហា​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​ភាគី​កម្ពុជា​ទៀត​ផង។

ប៉ុន្តែ ​មន្ត្រី​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ​បាន​បញ្ចេញ​ប្រតិកម្ម​ជា​បន្ត​បន្ទាប់​ដោយ​ច្រាន​ចោល​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ថៃ។ ​ទោះជា​យ៉ាង​នេះ​ក្តី ​កាសែត​ Bangkok Post ​បាន​លើក​បញ្ហា​នេះ​មក​ចុះ​ផ្សាយ​ម្តង​ទៀត​នៅ​ចុង​សប្តាហ៍​នេះ។ ​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ក៏​បាន​បដិសេធ​ចោល​ម្តង​ទៀត។ ​ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ពី​ភាព​មិន​ចុះ​សម្រុង​គ្នា​អំពី​បញ្ហា​ព្រំដែន​ដែល​ហាក់​នៅតែ​បន្ត​រវាង​ទីក្រុង​ភ្នំពេញ ​និង​បាងកក​ បើ​ទោះបី​ជា​ប្រទេស​ថៃ​ប្តូរ​រដ្ឋាភិបាល​ថ្មី​ហើយ​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ