អានតួអត្ថបទ
ឥណ្ឌូណេស៊ី-អារ៉ាប៊ីសាអូឌីត

រដ្ឋាភិបាលឥណ្ឌូណេស៊ី​សុខចិត្ត​បង់លុយ​ជួយ​ជីវិត​ស្រី្តមេផ្ទះម្នាក់​ឲ្យ​រួច​ពី​ការប្រហារ​ជីវិត

នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា​ទើប​បាន​ប្រកាស​ឲ្យ​ដឹង​ថា ខ្លួន​យល់ព្រម​បង់ប្រាក់​ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​ស្រី្តមេផ្ទះ​ឥណ្ឌូណេស៊ី​ម្នាក់​ឲ្យ​រួច​ផុត​ពី​ការ​ប្រហារ​ជីវិត​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ សូម​ជម្រាប​ជូន​ថា ស្រ្តីមេផ្ទះ​ឥណ្ឌូណេស៊ី​រូប​នោះ​ត្រូវ​បាន​តុលាការ​អារ៉ាប៊ីសាអូឌីត​កាត់​ទោស​ប្រហារ​ជីវិត​កាល​ពី​ឆ្នំា ២០១១ ពី​បទ​លួច​លុយ និង​បាន​ធ្វើ​ឲ្យ​ស្លាប់​ស្រ្តី​ម្ចាស់​ផ្ទះ​អារ៉ាប៊ីសាអូឌីត​ម្នាក់។

លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Susilo Bambang Yudhoyono
លោក​ប្រធានាធិបតី​ឥណ្ឌូណេស៊ី Susilo Bambang Yudhoyono REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ប៉ុន្មាន​ថ្ងៃ​ទៀត​ខាង​មុខ​នេះ​ដែល​ស្រ្តីមេផ្ទះ​ជនជាតិ​ឥណ្ឌូណេស៊ី​ឈ្មោះ សាទីណា ប៊ីនទី យូម៉ាឌី អាម៉ាដ​នឹង​ត្រូវ​រដ្ឋអំណាច​អារ៉ាប៊ីសាអូឌីត​យក​ទៅ​ប្រហារ​ជីវិត​ចោល​ដោយ​កាត់ ក។ ស្រ្តីមេផ្ទះ​រូប​នេះ​ត្រូវ​បាន​តុលាការ​អារ៉ាប៊ីសាអូឌីត​កាត់ទោស​ប្រហារជីវិត​ក្នុង​ឆ្នំា ២០១១ ពី​បទ​លួចលុយ និង​បាន​ធ្វើ​ឲ្យ​សម្លាប់​ស្រ្តីម្ចាស់ផ្ទះ​ដែល​ខ្លួន​ធ្វើ​ជា​អ្នកបម្រើ។ រឿងអាស្រូវ​ជុំវិញ​ស្រ្តីមេផ្ទះ​ឥណ្ឌូណេស៊ី​ទទួល​ទោស​ប្រហារ​ជីវិត​រូប​នេះ​ត្រូវ​បាន​មធ្យោបាយ​ឃោសនា​មហាជន​ឥណ្ឌូណេស៊ី​លើក​យក​មក​និយាយ​យ៉ាង​ខ្ចរខ្ចាយ។ បើ​យោង​តាម​ច្បាប់​អារ៉ាប៊ីសាអូឌីត គ្រួសារ​ជនរងគ្រោះ​អាច​ទារ​សំណង​ជា​លុយកាក់​ប្តូរ​នឹង​ការ​ប្រហារ​ជីវិត​ជន​ជាប់​ចោទ

ពី​ដំបូង​ឡើយ គ្រួសារ​ជនរងគ្រោះ​អារ៉ាប៊ីសាអូឌីត​បាន​ទាមទារ​ឲ្យ​ស្រ្តីមេផ្ទះ​ឥណ្ឌូណេស៊ី​បង់ប្រាក់​ចំនួន​ជិត ៤លានដុល្លារ​ជា​ថ្នូរ​នឹង​ការ​ប្រហារ​ជីវិត​ចោល។ តែ​ទីបំផុត ចំនួន​ទឹកលុយ​ទាមទារ​បាន​ធ្លាក់​មក​នៅ​ត្រឹម ១លាន ៩សែន​ដុល្លារ​វិញ។ សម្រាប់​គ្រួសារ​ស្រ្តីមេផ្ទះ គឺ​មិន​មាន​លទ្ធភាព​បង់​ឡើយ តែ​ក្រុម​អង្គការ​ដែល​រៀបចំ​បញ្ជូន​ពលករ​ឥណ្ឌូណេស៊ី​ឲ្យ​ទៅ​ធ្វើ​ការ​នៅ​បរទេស​បាន​នំា​គ្នា​រៃអង្គាស​លុយ​បាន​តែ ១លានដុល្លារ​ប៉ុណ្ណោះ ពោល​គឺ​នៅ​ខ្វះ ៩សែនដុល្លារ​ទៀត។ គឺ​ចំនួន​ដែល​ខ្វះ​នេះ​ហើយ​ដែល​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​ប្រកាស​ថា ខ្លួន​ជា​អ្នកចេញ​បង្រ្គប់ តាម​សំណើ​របស់​គ្រួសារ​ស្រ្តីមេផ្ទះ។ គួរ​រម្លឹក​ជូន​ថា រដ្ឋាភិបាល​ទីក្រុង​ហ្សាការតា​បាន​ព្យាយាម​ជួយ​សង្រ្គោះ​ស្រ្តីមេផ្ទះ​សាទីណា​តំាង​ពី​ដំបូង​ទី ដោយ​បាន​ជួយ​លើក​ពេល​ប្រហារ​ជីវិត​រូបស្រ្តីមេផ្ទះ​នោះ​ចំនួន ៥ដង។

សូម​បញ្ជាក់​ជូន​ថា ទីក្រុង​ហ្សាការតា និង​ទីក្រុង​រីយ៉ាដ​បាន​ស្គាល់​ភាព​តានតឹង​រវាង​គ្នា​រួច​ហើយ តំាង​ពី​មាន​ការ​កាត់ ក ស្រ្តីមេផ្ទះ​ឥណ្ឌូណេស៊ី​ម្នាក់​ដែល​បាន​ទទួល​ស្គាល់​ថា ខ្លួន​ពិត​ជា​អ្នក​សម្លាប់​ថៅកែ​ខ្លួន​មែន។ ទង្វើ​របស់​អារ៉ាប៊ីសាអូឌីត​កាល​ណោះ​បាន​ធ្វើ​ឲ្យ​ឥណ្ឌូណេស៊ី​ក្តៅក្រហាយ​ខ្លំាង ដោយ​បាន​ទីក្រុង​រីយ៉ាដ​ថា​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ជា​មុន។ តំាង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​បាន​កាត់​បន្ថយ​ការ​បញ្ជូន​ប្រជាជន​ខ្លួន​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ គឺ​ទើប​តែ​នៅ​ខែ​កុម្ភៈ​កន្លង​ទៅ​ទេ ដែល​ឥណ្ឌូណេស៊ី និង​អារ៉ាប៊ីសាអូឌីត​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ផ្តល់​សិទ្ធិ​បន្ថែម​ឲ្យ​ស្រ្តីមេផ្ទះ​ឥណ្ឌូណេស៊ី។ សិទ្ធិបន្ថែម​នោះ​មាន ការ​គោរពសិទ្ធិ​ស្រ្តីមេផ្ទះ មិន​ត្រូវ​ដក​លិខិតឆ្លងដែន​ទុក ផ្តល់​ប្រាក់ខែ​សមរម្យ និង​ទៀងទាត់ ផ្តល់​ថ្ងៃឈប់សម្រាក​ប្រចំា​ខែ ព្រម​ទំាង​ពេល​ឈប់​សម្រាក​ចំនួន ១ខែ​រៀងរាល់ ២ឆ្នំា​ម្តង។ ជា​ថ្នូរ​ត្រឡប់​វិញ ស្រ្តីមេផ្ទះ​ត្រូវ​រៀនសូត្រ​សាសនា​អ៊ីស្លាម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ