អានតួអត្ថបទ
ឥណ្ឌូណេស៊ី

ឥណ្ឌូណេស៊ី​អនុម័ត​ច្បាប់​ស្តីពី​ការ​ធ្វើ​អាជីវកម្ម​ថាមពល​ភ្នំភ្លើង​

នៅថ្ងៃ​អង្គារ​នេះ សភា​ឥណ្ឌូណេស៊ី​បាន​បោះឆ្នោត​​​​​​អនុម័ត​ច្បាប់​ស្តីពី​ការធ្វើ​អាជីវកម្ម​លើ​ថាមពល​ភ្នំភ្លើង។ ច្បាប់នេះត្រូវបាន​គេ​រង់ចាំ​​យូរ​ណាស់​មកហើយ ​​ក្នុង​ប្រទេស​ ដែល​សំបូរ​ទៅដោយ​ភ្នំភ្លើង​មួយនេះ។ ​​ ប្រធានាធិបតី​​ ស៊ូស៊ីឡូ បំបាំង យូដូយ៉ូណូ​ នឹង​​ត្រូវ​ចុះ​ហត្ថលេខា​លើ​​ច្បាប់នេះ​មួយ​ដំណាក់កាល​ទៀត ទើប​អាច​អោយ​ប្រើច្បាប់នេះ​ក្នុងស្រុក​​បាន។

ឥណ្ឌូណេស៊ី​​មានភ្នំភ្លើង​កំពុង​សំងំ​ក្រោមដី​ប្រមាណ​១៣០។
ឥណ្ឌូណេស៊ី​​មានភ្នំភ្លើង​កំពុង​សំងំ​ក្រោមដី​ប្រមាណ​១៣០។ ©REUTERS/Beawiharta
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ស្តីពី​ការធ្វើអាជីវកម្ម​លើ​ថាមពល​ភ្នំភ្លើង​ ដែល​សភា​ឥណ្ឌូណេស៊ី​អនុម័ត​នៅថ្ងៃ​អង្គារ​នេះ ​ត្រូវបាន​​អ្នកវិនិយោគ​ទន្ទឹង​រង់ចាំ​យូរ​ហើយ។ ​ដែនដី​ឥណ្ឌូណេស៊ី​​​ផ្គុំ​ឡើង​ដោយ​កោះ​​​ប្រមាណ​១៧០០០ ​លាតសន្ធឹង​ ​ពី​ មហាសមុទ្រ​​​ឥណ្ឌា​ ដល់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។ ឥណ្ឌូណេស៊ី​មាន​ភ្នំភ្លើង​ដែល​កំពុង​សំងំ​​​ ​ក្រោមដី ប្រមាណ​​១៣០ សបង្ហាញ​ថា ឥណ្ឌូណេស៊ី​សំបូរ​ធនធាន​កំដៅ​​ក្រោមដីដែល​គេ​អាច​ចម្រាញ់​ថាមពល ​យកទៅ​ផលិត​ជា​អគ្គិសនី​ប្រើប្រាស់​បាន។ ​

ក្នុង​ពេល​រង់ចាំ​ប្រើ​ច្បាប់​ស្តីពី​អាជីវកម្ម​ថាមពល​ភ្នំភ្លើង​នេះ ​ឥណ្ឌូណេស៊ី​​​​ប្រើប្រាស់​តែ​ថាមពល​ក្រោមដី​​មួយចំណែក​តូច​ប៉ុណ្ណោះ ​ដើម្បី​ផលិត​អគ្គិសនី​។ ​ប្រៀប​ជាមួយ​​​ហ្វីលីពីននិង​សហរដ្ឋ​អាមេរិក សកម្មភាព​​ផលិត​អគ្គិសនី​​បាន​មកពី​ថាមពល​ភ្នំភ្លើង ​​នៅ​មាន​កម្រិត​​តិចតួច​ណាស់។ ​​ច្បាប់​អាជីវកម្ម​​ថាមពល​ភ្នំភ្លើង​​នេះ នឹង​ជួយ​​អភិវឌ្ឍន៍​​​ឧស្សាហកម្ម​ថាមពលក្រោមដី ​​​​ដែល​បាន​មកពី​ថាមពល​​ភ្នំភ្លើង​​បន្ថែម​ទៀត។ ​​

ដើម្បី​សម្រួល​អាជីវកម្ម​ទាញយក​ថាមពល​កំដៅ​ក្រោមដី​មកប្រើប្រាស់ ​​​ខ្លឹមសារ​​ច្បាប់​ស្តីពី​​អាជីវកម្ម​ថាមពល​​ភ្នំភ្លើង​របស់​ឥណ្ឌូណេស៊ី ​ចែង​ថា ការ​ធ្វើ​អាជីវកម្ម​​​ថាមពល​កំដៅ​​ក្រោមដី​ លែង​ត្រូវបាន​គេចាត់ទុក​ថា ជា​អាជីវកម្ម​រ៉ែទៀតហើយ។ ​​ឥណ្ឌូណេស៊ី​​សំបូរ​ដោយ​​​​​ព្រៃឈើ ​​ជា​ចលករ​ជំរុញ​អោយ​​​ប្រទេស​នេះ​​កាន់តែ​មាន​សក្តានុពល​ផ្នែក​​កំដៅ​ក្រោមដី។​ ប៉ុន្តែ ដោយសារ​តែ​ព្រៃឈើ​ទាំងនោះ ​ត្រូវ​គេ​ការពារ ហើយ​ការ​ធ្វើអាជីវកម្ម​​រ៉ៃ​ត្រូវ​គេ​ហាមឃាត់ ឧស្សាហកម្ម​ចម្រាញ់​យក​ថាមពល​កំដៅ​ក្រោមដី​មកប្រើប្រាស់​ បានជួប​​ការ​​​លំបាក​ច្រើន។ ឥណ្ឌូណេស៊ី​មាន​​រោងចក្រ​ផលិត​អគ្គិសនី ដែល​ប្រើ​ថាមពល​ភ្នំភ្លើង ​នៅ​កោះចាវ៉ា។ រោងចក្រ​នេះ​សង់​ឡើង​ក្នុង​ឆ្នាំ​១៩៨០។ ប៉ុន្តែ បើ​ចង់​សង់រោងចក្រ​ថ្មី​ដូច្នេះទៀត​​ គេ​​​​​​ត្រូវការ​ថវិកា​​សន្ធឹកសន្ធាប់ណាស់ គឺ​​​​ទ្វេដង​​ប្រៀប​នឹង​​​​រោងចក្រ​ផលិត​អគ្គិសនី​ បាន​មកពី​ថាមពល​អុសធ្យូង។

​ទោះ​យ៉ាង​នេះ​ក្តី​ ដើម្បី​​ផលិត​អគ្គិសនី​​ ការ​ប្រើ​ថាមពល​ភ្នំភ្លើង បំពុលបរិស្ថាន​តិចជាង​ការប្រើ​ថាមពលអុស​​ធ្យូង។ ចាប់ពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០២០ ​រដ្ឋាភិបាល​​ឥណ្ឌូណេស៊ី​​​​មាន​គម្រោង​​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​អោយបាន​២៦ភាគរយ ដូច្នេះ ប្រធានាធិបតី​យូដូយ៉ូណូ ដែល​ត្រូវ​ចប់​អាណត្តិ​​ដឹកនាំ​ប្រទេស​​នៅ​​ខែ​តុលា​ខាងមុខ ​អាច​​ចុះ​ហត្ថលេខា​​លើ​ច្បាប់​អាជីវកម្ម​​លើ​​ថាមពល​ភ្នំភ្លើង​ក្នុង​ប្រទេស​ ក្នុង​ពេល​​​ឆាប់ៗនេះ៕ ​ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ