អានតួអត្ថបទ
បារាំង-អាមេរិក

លោកចូ បៃដិន និង​លោក​ម៉ាក្រុង ទូរស័ព្ទ​និយាយគ្នា​ដើម្បី​​បន្ធូរបន្ថយ​បញ្ហា ឲ្យ​ត្រលប់​មករក​ “ភាពប្រក្រតី”​វិញ

ថ្ងៃពុធទី​២២កញ្ញា លោក​ប្រធានាធិបតី​អាមេរិក ចូ បៃដិន បានទូរស័ព្ទមកកាន់លោក ម៉ាក្រុង ប្រធានាធិបតីបារាំង ដើម្បី​និយាយគ្នា ដោះស្រាយ​បញ្ហារកាំរកូស រវាងបារាំង និង អាមេរិក។ អូស្ត្រាលីបានផ្តាច់កិច្ចសន្យា​ទិញនាវាមុជទឹកបាតសមុទ្រពីបារាំង ក្នុង​តំលៃ​៥ម៉ឺនលានដុល្លារ ហើយងាកទៅទិញនាវាមុជទឹកបាតសមុទ្រ ដើរដោយប្រព័ន្ធនុយក្លេអ៊ែរ របស់អាមេរិកវិញ បន្ទាប់ពីអាមេរិកបានអូសទាញអូស្ត្រាលី ឲ្យចូលរួមក្នុងសម្ព័ន្ធមិត្ត​AUKUS។ បារាំងបានខឹងច្រឡោត និងបានអះអាងថា សហរដ្ឋអាមេរិក បាន​ក្បត់សម្ព័ន្ធមិត្ត ហើយថែមទាំងបាន​កោះហៅអគ្គរដ្ឋទូតខ្លួន ប្រចាំក្រុងវ៉ាស៊ីនតោន និងក្រុងកង់បេរ៉ា ឲ្យចូលស្រុកវិញ ថែមទៀតផង។ នេះគឺជាវិបត្តិការទូត ដ៏ធ្ងន់ធ្ងរមិនធ្លាប់មានទេ រវាងបារាំងនិងអាមេរិក គិតចាប់ពីឆ្នាំ​២០០៣មក នៅពេល​បារាំងបានបដិសេធ មិន​ព្រមលើកទ័ពទៅអ៊ីរ៉ាក់ តាមការអូសទាញ​របស់អាមេរិក​។

លោក ម៉ាក្រុង កំពុងនិយាយទៅកាន់​លោក​ចូ បៃដិន នៅក្នុងឱកាសជំនួប​កំពូលអង្គការអូតង់ ថ្ងៃទី ១៤ មិថុនា ២០២១ នៅក្រុងព្រុចស៊ែល។
លោក ម៉ាក្រុង កំពុងនិយាយទៅកាន់​លោក​ចូ បៃដិន នៅក្នុងឱកាសជំនួប​កំពូលអង្គការអូតង់ ថ្ងៃទី ១៤ មិថុនា ២០២១ នៅក្រុងព្រុចស៊ែល។ AP - Brendan Smialowski
ផ្សាយពាណិជ្ជកម្ម

គោលជំហររបស់​បារាំង គឺភាគី​អាមេរិក​ជាអ្នកបង្កបញ្ហា ដូច្នេះអាមេរិក ត្រូវតែជាអ្នកមកដោះស្រាយ​​។ ភាគីបារាំងធ្លាប់​អះអាងថា បើលោកម៉ាក្រុង យល់ព្រមនិយាយទូរស័ព្ទជាមួយ លោកចូ បៃដិន គឺមិនមែន និយាយដើម្បីជានាគ្នា ផ្សះផ្សាគ្នា​ឡើងវិញទេ តែគឺបារាំងទាមទារ ឲ្យភាគីអាមេរិក ត្រូវតែ​ពន្យល់ហេតុផលជាមុនសិន​ ថាហេតុអ្វីបាន​ជាធ្វើទង្វើបែបនេះ មកលើបារាំង។ ហេតុអ្វី បានទៅអូសទាញអូស្ត្រាលីឲ្យ ទិញនាវាមុជទឹកបាតសមុទ្រ​របស់ខ្លួន ទាំងដឹងថាអូស្ត្រាលី ជាប់មាត់ក្នុងកិច្ចសន្យាជាមួយ​បារាំងរួចហើយ តាំងតែពីឆ្នាំ​២០១៦។ ហើយហេតុអ្វីបាន​ជា បង្កើត​​សម្ព័ន្ធភាព​ AUKUS តែជាមួយ​អូស្ត្រាលី និងអង់គ្លេស ដោយ​មិនជូនដំណឹងឬពិគ្រោះយោបល់ជាមួយអឺរ៉ុប សូម្បីតែបន្តិច ក្នុងនាមជាសម្ព័ន្ធមិត្តនឹងគ្នា យូរលង់ណាស់មកហើយ។

លោកចូ បៃដិន ទទួលស្គាល់កំហុស

យោងតាមការបញ្ជាក់ របស់​លោកស្រី ជេន សាគី អ្នកនាំពាក្យ​សេតវិមាន បាន​ឲ្យដឹងថា ការសន្ទនាគ្នាតាមទូរស័ព្ទ រវាងលោកចូ បៃដិន និងលោកម៉ាក្រុងកាលពីថ្ងៃពុធទី​២២កញ្ញា គឺមានរយៈពេល​ប្រមាណ​៣០នាទី ហើយ​ធ្វើទៅ​ក្នុង​បរិយាកាសមិត្តភាព​។ ក្រោយចប់កិច្ចសន្ទនានេះ ភាគីទាំង២បានចេញលិខិតប្រកាសរួមគ្នាមួយ ដោយលោកចូ បៃដិន បានទទួលស្គាល់ថា ជាការពិតអាមេរិកគួរណាតែ​ពិភាក្សា និងជូនដំណឹង​ឲ្យ​បាន​ល្អិតល្អន់ជាងនេះ ទៅកាន់បារាំង និងអឺរ៉ុប។ ភាគីទាំង២ ក៏បានអះអាងដែរថា ការចូលរួមរបស់បារាំង ព្រមទាំង​របស់អឺរ៉ុប នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក គឺមានសារៈសំខាន់យុទ្ធសាស្ត្រ។ លោកចូ បៃដិន បានអះអាងបន្ថែមថា វាជារឿងចាំបាច់ ដែលអឺរ៉ុប ត្រូវតែមានសមត្ថភាព​កងទ័ព ការពារខ្លួនឲ្យរឹងមាំ ដើម្បីចូលរួមបំពេញ​ការងារ សហការជាមួយនឹងអូតង់។

លោក Benjamin Haddad អគ្គនាយក Reflexion Atlantic Council ប្រចាំអឺរ៉ុប បានលើកឡើងថា យោងតាមខ្លឹមសារ​នៃលិខិតប្រកាស ក្រោយ​ការសន្ទនាគ្នារវាង លោក ចូ បៃដិន និង​លោកម៉ាក្រុង គឺវាបានបង្ហាញថា ភាគីអាមេរិកបានយល់ ថាអ្វីដែលខ្លួនបាន​ធ្វើ គឺ​វាសមគួរឲ្យ​បារាំងក្តៅច្រឡោតពិតមែន​។ ការក្តៅ​ច្រឡោត​របស់​បារាំង ​មិនមែនទាក់ទិនតែនឹងបញ្ហាពាណិជ្ជកម្ម ខាតបង់មិនអាចលក់នាវាមុជទឹក តម្លៃ៥ម៉ឺនដុល្លារនោះទេ។ តែលើសពីនេះ គឺបារាំងខឹង ចំពោះ​អាកប្បកិរិយារបស់អាមេរិក ដែលបានក្បត់សម្ព័ន្ធភាព​ជាមួយ​បារាំង និងជាមួយ​សហភាព​អឺរ៉ុប ព្រោះអាមេរិកបានបង្កើត​សម្ព័ន្ធAUKUS ដោយ​មិនរាប់អឺរ៉ុបចូលជាមួយ។ ដូ​ច្នេះ មិនប្រាកដថា ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃម្សិលមិញ អ្វីៗនឹងអាចវិលត្រលប់មករកភាពដើមបានទេ ព្រោះទំនុកចិត្តរបស់បារាំងទៅលើអាមេរិក បានប្រេះស្រាំខ្លាំងទៅហើយ។

រៀបចំនិតីវិធីសិក្សា និងពិគ្រោះយោបល់ស៊ីជំរៅ ដើម្បី​ស្តារទំនុកចិត្តឡើងវិញ

ក្រោយការសុំទោសដោយប្រយោល របស់លោកចូ បៃដិន លោក​ម៉ាក្រុង បានសម្រេចថានឹងបញ្ជូន​ឯកអគ្គរដ្ឋបារាំង ប្រចាំក្រុងវ៉ាស៊ីនតោន ឲ្យត្រលប់ទៅវិញ នៅសប្តាហ៍ក្រោយ។ ហើយនៅថ្ងៃព្រហស្បតិ៍នេះដែរ លោករដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian នឹងជួប​និយាយគ្នាដោយ​ផ្ទាល់ ជាមួ​យ​លោក​ Antony Blinken  នៅឯក្រុងញូយ៉ក។ ចំណែក​លោក ម៉ាក្រុង និង លោកចូ បៃដិន នឹងជួប​និយាយគ្នាដោយផ្ទាល់ នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី ចុងខែតុលា ក្នុងឱកាសជំនួប​កំពូល G20​។ គឺការជួប​និយាយគ្នាដោយផ្ទាល់នេះឯង ដែលអាចនាំឲ្យ​​ចេញជាផ្លែផ្កា ជាដុំកំភួន។

សម្រាប់ពេលនេះ ភាគីទាំង២ បាន​ប្រកាសផងដែរ អំពី​ការបើក​ នីតិវិធីសិក្សា និងពិគ្រោះយោបល់ ឲ្យ​បានស៊ីជំរៅបំផុត ដើម្បីធ្វើយ៉ាងណា រកវិធី និងដាក់លក្ខខណ្ឌ ឈាន​ទៅ​ស្ថាបនា កសាងទំនុកចិត្តគ្នាឡើងវិញ រវាងបារាំង និងសហរដ្ឋអាមេរិក។ ទំនុកចិត្តដែលបាន​រង្គោះរង្គើប្រេះស្រាំខ្លាំងណាស់ ប្រមាណ​១សប្តាហ៍មកនេះ ដោយសារតែសំណុំរឿងនាវាមុជទឹកបាត​សមុទ្រ​នេះ។

ដោយឡែក សម្រាប់បញ្ហា រវាងបារាំង ជាមួយ​អូស្ត្រាលី គឺមិនទាន់មានផែនការណាមួយ ដោះស្រាយគ្នានៅឡើយទេ។ លោក​ម៉ាក្រុង មិនបានបញ្ជាក់ថា លោកនឹងបញ្ជូន​ឯកអគ្គរដ្ឋទូតបារាំង ឲ្យត្រលប់ទៅក្រុងកង់បេរ៉ាវិញ នៅពេលណានោះទេ។ ដោយឡែក ក្រុមហ៊ុន Naval Group របស់បារាំង ដែលជាអ្នក​ផលិត​នាវាមុជទឹកបាតសមុទ្រ បានអះអាងថា ក្នុងរវាងប៉ុន្មានថ្ងៃខាងមុខទៀត គេនឹងផ្ញើវិក័យប័ត្រ ទៅកាន់រដ្ឋាភិបាល​អូស្ត្រាលីហើយ ដើម្បីឲ្យ​បង់ប្រាក់ ថ្លៃផ្តាច់កិច្ចសន្យាដោយអត្តនោម័ត។

អឺរ៉ុប ត្រូវ​កសាងកម្លាំងទ័ពផ្ទាល់ខ្លួន ព្រោះ​មិនអាចរំពឹងលើអាមេរិកបានទៀតទេ

វិបត្តិ​នាវាមុជទឹកបាតសមុទ្រទើបតែកើតនេះ គឺវា​បាន​មកបន្ថែម ជាមួយ​បញ្ហានៅអាហ្វហ្កានីស្ថាន កាលពី​១ខែមុន បន្ទាប់ពី​អាមេរិកបានដកទ័ពយ៉ាងតក់ក្រហល់ ដោយ​គ្មានជូនដំណឹងទៅប្រទេសសម្ព័ន្ធមិត្តផ្សេងទៀត នៅអឺរ៉ុប។ បារាំង អាល្លឺម៉ង់ អង់គ្លេស ជាដើម ស្លន់ស្លោរដឹកប្រជាពលរដ្ឋខ្លួន ចេញពីក្រុងកាប៊ុល សឹងតែមិនទាន់។ អាកប្បកិរិយា និងការសម្រេចខ្វះ​ការពិគ្រោះ របស់​រដ្ឋបាល​លោកចូបៃដិន ទាំងអស់នេះ គឺវាបានធ្វើ​ឲ្យ​អឺរ៉ុប ដឹងខ្លួន​កាន់តែច្បាស់ ថាមិនអាចរំពឹងទុកចិត្តលើអាមេរិក ទាំងស្រុងបានទៀតទេ។ ហើយ​បញ្ហាទាំងអស់នេះ វាបានរីករាលដាល ទៅដល់​បញ្ហាអូតង់ផងដែរ។ នៅបារាំង មានអ្នកនយោបាយខ្លះ បានអះអាងថា បារាំងត្រូវតែគិតគូរ ចាកចេញពីអគ្គបញ្ជាការរួម របស់អូតង់ទៅ។ តែយ៉ាងណា លោកស្រី រដ្ឋមន្ត្រីការពារជាតិបារាំង បាន​លើកឡើងថា អូតង់មានបញ្ហា ត្រូវនិយាយគ្នាមែន តែ​មិនទាន់ដល់ថ្នាក់ ដែលបារាំងត្រូវដកខ្លួនចេញនោះទេ។

ទាក់ទិននឹង ផែនការ​រៀបចំ​ កសាងកម្លាំងទ័ពខ្លួន​ឯងមួយ សម្រាប់អឺរ៉ុប ដើម្បីធ្វើប្រតិបត្តិការ​ការពារសន្តិសុខ និងអន្តរាគមន៍ដោយខ្លួនឯង គឺវាជាគំរោងដែលលោកម៉ាក្រុង បាន​ដាក់ស្នើឲ្យអឺរ៉ុបពិចារណា តាំងតែពីដើម​អាណត្តិម្លេះ។ ហើយថ្មីៗនេះដែរ លោកស្រី Ursula Von de Layen ប្រធានគណកម្មការអឺរ៉ុប បានប្រកាសថានឹងបើកវេទិកាកំពូលមួយ នៅឆ្នាំក្រោយ ដើម្បីនិយាយគ្នាពីការកសាងកម្លាំងទ័ពរួមនេះ ព្រោះមានសញ្ញាជាច្រើនដែលបញ្ជាក់ អឺរ៉ុបត្រូវតែមាន​ស្វ័យភាព​ដោយ​ខ្លួនឯង។ លោកចូ បៃដិន ក៏ទើបតែបាន​ប្រកាសយល់ស្របដែរ ថាអឺរ៉ុបត្រូវមានកម្លាំងទ័ពរឹងមាំដាច់ដោយឡែកមួយ ដើម្បីសហការ ចូលរួមបំពេញ​ បន្ថែមជាមួយអូតង់។

តែយ៉ាងណាក៏ដោយ គំនិតនេះ វាទាល់តែ​ ប្រទេសសមាជិកអឺរ៉ុបទាំងអស់ យល់ស្របគ្នាដែរ មិនមែន​បារាំង និងអាល្លឺម៉ង់ តែ២នាក់អាចធ្វើអ្វីបានតាមចិត្តនោះទេ។ ប្រទេសអឺរ៉ុបខ្លះ នៅភាគខាងកើត ដែលធ្លាប់តែទទួលបានការការពារពីអូតង់ ប្រឈមជាមួយរុស្ស៊ី បែបប្រហែលជាពិបាកទទួលណាស់​។ ហើយ​ គេក៏មិនទាន់ដឹងដែរ ថាអ្នកណានឹងមកដឹកនាំរដ្ឋាភិបាលអាល្លឺម៉ង់ បន្ទាប់ពីលោកស្រីអង់ហ្កេឡា មែរកិលដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ