អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រវត្តិខ្លី​នៃ​ការធ្វើ​អាណានិគមកិច្ច អ៊ីស្រាអ៊ែល​លើ​ប៉ាឡេស្ទីន

ចុះផ្សាយ​នៅ​ថ្ងៃ៖

​​អ៊ីស្រាអ៊ែល​និង​ប៉ាឡេស្ទីន​ សុខ​ចិត្ត​ចូល​ចរចា ​អាច​ចាត់​ទុក​ជាជ័យ​ជំនះ​មួយ​សម្រាប់​លោក​ប្រមុខ​ការទូត​អាមេរិក​ ព្រោះ​នៅ​ក្នុង​ផែនការនេះ ​​គ្មាន​​ជាប់​លក្ខខណ្ឌដែល​​ប៉ាឡេស្ទីនធ្លាប់​ទាមទារ​ពី​មុន​មក ឱ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​ធ្វើ​អាណានិគមកិច្ចទេ​​។ អាណានិគម​កិច្ច​​​ដែល​ធ្លាប់​ជា​​​ឧបសគ្គ​ដ៏​ចម្បង​មួយ រាំង​ស្ទះ​ផែនការ​រក​សន្តិភាពរវាង​ភាគី​​ទាំងពីរ​នេះ ក៏​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់​ប្រឆាំងដែរ​​​ ព្រោះ​ខុស​នឹង​សន្ធិសញ្ញា​អន្តរជាតិ​ក្រុង​ហ្សឺណែវ​។

ផែន​ទី​បែង​ចែក​ទឹក​ដី​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ឆ្នាំ​១៩៤៧
ផែន​ទី​បែង​ចែក​ទឹក​ដី​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​ឆ្នាំ​១៩៤៧ © wikipedia
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រមុខ​ដឹកនាំ​អ៊ីស្រាអែល ការ​សាង​សង់​លំនៅឋាន ឬ​ការ​ធ្វើអាណានិគមកិច្ច​ លើ​ដែន​ដី​ប៉ាឡេស្ទីន ជា​រឿង​ធម្មតា ព្រោះ​ជនជាតិ​ ជ្វីហ្វ ជា​អ្នក​ស្ថាបនា​ក្រុងJerusalem ឡើង​តាំង​ពី​បីពាន់​ឆ្នាំ​មុន​មក​ម្ល៉េះ ដូច្នេះ​ជនជាតិ​ជ្វីហ្វ​ត្រូវ​តែ​បន្ត​សាង​សង់​ក្រុង​នេះ​ទៀត​ នៅ​ថ្ងៃ​នេះ 

ជនជាតិជ្វីហ្វ​មាន​​ដើម​កំណើត​តាំង​ពី​យូរយារ​ក្នុង​ទឹក​ដី​ដើម​បូព៌ា​នេះ ក្នុង​នាម​ជា​ក្រុម​កុលសម្ព័ន្ធ​​ឈ្លានពាន​ រុករាន​ទន្ទ្រាន​ដី ប៉ុន្តែ​សូម​កុំ​ភ្លេច​ថា បើ​តាមកំណាយ​របស់​អ្នក​បូរាណវិទ្យា​ ជនជាតិ​ប៉ាឡេស្ទីន​ ក៏​មាន​ស្នាម​ដាន​រស់​នៅ​ក្នុង​ទឹក​ដី​នេះ ជាប់​រហូត តាំង​ពី​រាប់​ពាន់​ឆ្នាំ​មុន​ដែរ។ ប្រវត្តិ​ទឹក​ដី​ភូមិសាស្ត្រ អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន មាន​លក្ខណៈ​សាំញ៉ាំ និង​ស្មុគស្មាញ​ណាស់។ សំណេរ​របស់​អ្នក​ប្រវត្តិសាស្ត្រ​អាច​ជា​ចំណែក​មួយ​នៃ​ជម្លោះ​​ដ៏​រ៉ាំ​រ៉ែ​នេះ​ផង។ ​ពេល​វេលា​កន្លង​ ប្រវត្តិសាស្ត្រ​ក៏​វិវឌ្ឍ ប្រជាជន​ និង​ការ​គ្រប់គ្រង​ ក៏​ប្តូរ​ផ្លាស់។​ ដែនដី​​អ៊ីស្រាអែល-ប៉ាឡេស្ទីនបច្ចុប្បន្ន​ ប្រមាណ​​ ៧៨% ស្ថិត​ក្រោម​រដ្ឋាបាល​​អ៊ីស្រាអែល។ ខុស​ពី​នោះ​គឺ​ជា​ចំណិត​ដី​ ត្រង់​ណេះ​បន្តិច​ ត្រង់​ណោះ​បន្តិច ជា​តំបន់​ស្វយ័ត​គ្រប់គ្រង់​ដោយ​អាជ្ញាធរ​ប៉ាឡេស្ទីន​ មាន​ជា​អាទិ៍​តំបន់​ហ្កាហ្សា នៅភាគ​ខាង​ត្បូង​អ៊ីស្រាអែល។

 ប្រភពនៃ​ការ​ធ្វើ​អាណានិគមកិច្ច​

នៅខែ​មិថុនា​ឆ្នាំ​១៩៦៧​ អ៊ីស្រាអែល​បាន​ដឹកនាំ​ធ្វើ​សង្គ្រាម​​ដ៏​ធំ​មួយ​​រយៈ​ពេល​៦​ថ្ងៃ។ ជា​សង្គ្រាម​​រវាង​អ៊ីស្រាអែល​ ប្រឆាំង​នឹង​បណ្តាប្រទេស​អារ៉ាប អេហ្ស៊ីប ហ្ស័កដានី និង​ស៊ីរី។ ជាមួយ​នឹង​​ការ​ធ្វើ​សង្គ្រាម​៦​ថ្ងៃ បាន​ជ័យជំនះ អ៊ីស្រាអែល​ ក៏​បាន​គ្រប់គ្រង​ទាំង​ស្រុង​ តំបន់​ហ្កាហ្សា ស៊ីហ្ស័កដានី និង​Jérusalem​ខាង​កើត។ គឺ​ចាប់​ពី​ពេល​នោះ​ហើយ ដែល​អ៊ីស្រាអែល បាន​ចាប់​ផ្តើម​ធ្វើ​អាណានិគមកិច្ច​ ជា​លើក​ទី​មួយ។

មក​ដល់​ខែ​វិច្ឆិកា ១៩៦៧ ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​សេចក្តី​សម្រេច​ចិត្ត​ លេខ ២៤២ ស្នើ​សុំ​ឱ្យ​អ៊ីស្រាអែល​ដក​ទ័ព​ទាំងអស់​ចេញ​ពី​ដែន​ដីដណ្តើម​បាន​ពេល​ធ្វើ​សង្គ្រាម​ ប៉ុន្តែ​ផែនការ​របស់​រដ្ឋាភិបាល​អ៊ីស្រាអែល​ពេល​នោះ គឺ​ដក​ទ័ព​ចេញ ប៉ុន្តែ​ដាក់​ជំនួស​វិញ​ដោយ​ការ​ធ្វើ​អាណានិគមកិច្ច​ ត្រង់​តំបន់​មាន​មនុស្ស​រស់​នៅ​តិច​តួច ដោយ​សំអាង​ថា​ជា​ភាព​ចាំបាច់​ក្នុង​ការ​រក្សា​សុវត្ថិភាព​តាម​តំបន់​ព្រំដែន​ជាមួយ​នឹង​ប្រទេស​ហ្ស័កដានី។ ការ​ធ្វើ​អាណានិគមកិច្ច ឈ្លានពាន​ លើ​តំបន់​ដែល​មាន​បណ្តាជន​អារ៉ាប​រស់​នៅ​ច្រើន មាន​បន្ត​កើន​ឡើង​ជា​លំដាប់ ព្រោះ​តែ​នៅ​ឆ្នាំ​១៩៧៤ ចលនា​ជាតិ​និយម​សាសនា​ បាន​បង្កើត​ច្បាប់​មួយ​ទាមទារ​សិទ្ធិ​តាំង​ទី​រស់​នៅគ្រប់​ទិស​ទី​ទាំង​អស់​របស់​អ៊ីស្រាអែល ដូច​អ្វី​ដែល​មាន​ចែង​ក្នុង​ទំព័រ​គម្ពីរ ប៊ីប (Bible) ថា​​​អ៊ីស្រាអែល​ទឹកដីសក្តិសិទ្ធិ​របស់​ជនជាតិ​ជ្វីហ្វ។

រដ្ឋាភិបាល​ស្តាំ​និយម​អ៊ីស្រាអែល​បន្ត​បន្ទាប់​មក​ទៀត បាន​បន្ត​ពង្រឹង​នយោបាយ​ធ្វើ​អាណានិគមកិច្ច​ ដោយ​ថែម​ទាំង​បានចាត់​​បញ្ជូល​តំបន់​ហ្កាហ្សា និង​តំបន់​ស៊ីហ្ស័កដានី​ ទៅ​ក្នុង​សន្ធឹង​នៃ​ច្បាប់​​អ៊ីស្រាអែល​ទៀត​ផង នៅ​ឆ្នាំ​១៩៧៧។ ហើយ​នៅ​ឆ្នាំ​១៩៨០ សភា​អ៊ីស្រាអែល​ បាន​អនុម័ត​យក​ Jérusalem ​ជា​រដ្ឋ​ធានី​​របស់​រដ្ឋ​អ៊ីស្រាអែល ទោះ​បី​ជា​​សហគមន៍​​​​​អន្តរជាតិ​​មួយ​ភាគ​ធំ​មិន​ទទួល​ស្គាល់​យ៉ាង​ណា​ក៏ដោយ​។ អន្តរជាតិ​មិន​អាចទទួល​បាន​ដោយ​ពន្យល់​​ថា​មកពី​អ៊ីស្រាអែល​​លុកលុយ​ក្រុង​Jérusalem ភាគ​ខាង​កើត ដែល​ជា​របស់​ប៉ាឡេស្ទីន។

គេ​ត្រូវ​រង់​ចាំ​រហូត​ដល់​ឆ្នាំ​១៩៩២ ទើប​ឃើញ​រដ្ឋាភិបាល​អ៊ីស្រាអែល ដែល​លើក​នេះ​ជា​អ្នក​ឆ្វេង​និយម ឡើង​កាន់​អំណាច​ ប្រកាស​ផ្អាក​ការ​ធ្វើ​អាណានិគមកិច្ច​ ប៉ុន្តែ​ចំនួន​ប្រជាជន​​រស់​ក្នុង​តំបន់​អាណានិគម​បាន​កើន​ឡើង​ជានិច្ច​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ទាំង​នៅ​ស៊ីហ្ស័កដានី និង​នៅ​ Jérusalem ​ខាង​កើត។

កិច្ច​ព្រមព្រៀង​អន្តរជាតិក្រុង​អូស្លូ ឆ្នាំ​១៩៩៣ ​មិនកាត់​បន្ថយ​ល្បឿន​នៃ​ការ​ធ្វើ​អាណានិគមកិច្ច​អ៊ីស្រាអែលដែរ។ ហើយ​២០​​ឆ្នាំ​ក្រោយ​ ការ​ចរចា​សន្តិភាព​ នៅ​តែ​ជាប់​គាំង ខុស​តែ​ការ​​​សាង​សង់​គេហដ្ឋាន​ និង​ក្រុម​ធ្វើ​អាណានិគម ដែល​កើន​ទៅ​មុខ​ជានិច្ច។ បណ្តា​ជន​ប៉ាឡេស្ទីន​កាន់​តែ​ច្រើន​ឡើងៗ ចាប់​ព្រួយបារម្ភ​​ និង​អស់​សង្ឃឹម​នឹង​ឃើញ​ប៉ាឡេស្ទីន​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​កើត​ ព្រោះ​តែ​ប្រជាជន​អ៊ីស្រាអែល​មាន​តាំង​ទី​ពេញ​ទឹក​ដី​អាណានិគម​ទៅ​ហើយ៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ