អានតួអត្ថបទ
រុស្ស៊ី-ជប៉ុន

ជប៉ុន​ផ្ទុះ​កំហឹង​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​រុស្ស៊ី​នៅ​ប្រជុំកោះ​គួរីល

នៅថ្ងៃ​ចន្ទ ទី១ វិច្ឆិកា ២០១០​នេះ លោក​ឌីមីទ្រី មេដវេដេវ (Dmitri Medvedev) ប្រធានាធិបតី​រុស្ស៊ី បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រជុំកោះ​គួរីល (Kouriles) ដែល​ជា​តំបន់​ជប៉ុន​កំពុង​ទាមទារ។ ដំណើរទស្សនកិច្ច​នេះ​បាន​ធ្វើ​គាស់កកាយ​ឡើងវិញ នូវ​ជម្លោះ​ព្រំដែន​ដ៏រ៉ាំរ៉ៃ​រវាង​ជប៉ុន​ និង​រុស្ស៊ី។ រដ្ឋាភិបាល​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ទីក្រុង​តូក្យូ ដើម្បី​ជា​ការតវ៉ា។

លោក​មេដវេដេវ (Medvedev) ប្រធានាធិបតី​រុស្ស៊ី ពេល​បំពេញ​ទស្សនកិច្ច​នៅ​គួរីល
លោក​មេដវេដេវ (Medvedev) ប្រធានាធិបតី​រុស្ស៊ី ពេល​បំពេញ​ទស្សនកិច្ច​នៅ​គួរីល ©Reuters
ផ្សាយពាណិជ្ជកម្ម

07:36

បទវិភាគ​របស់ សេង ឌីណា

ប្រជុំកោះ​គួរីល មាន​កោះ​សរុប​ទាំងអស់ ៥៦ ស្ថិតនៅ​ជាប់ៗគ្នា​ជា​ខ្សែបន្ទាត់​លាតសន្ធឹង​ពី​​ជ្រោយ​កាំឆាត់កា (Kamtchatka) របស់​​រុស្ស៊ី រហូត​ដល់​កោះ​ហុកកៃដូ (Hokkaido) ​របស់​ជប៉ុន ដោយមាន​ប្រវែង​សរុប ប្រមាណ ១៣០០​គីឡូម៉ែត្រ។ នៅមុនសង្រ្គាម​លោក​លើក​ទី២ ជប៉ុន​ជាអ្នក​កាន់កាប់​ប្រជុំកោះ​​គួរីល​ទាំង​មូល។ ក្រោយ​ពី​ជប៉ុន​ចាញ់សង្រ្គាម រុស្ស៊ី (ពេលនោះ​ជា​សហភាព​សូវៀត) បាន​លើក​​ទ័ពមក​វាយដណ្តើម​យក​គួរីល​ទៅកាន់កាប់​ទាំងអស់។ ប៉ុន្តែ  ជប៉ុន​ទាមទារ​យក​កោះ ៤ ក្នុង​ចំណោម​កោះ​ទាំង ៥៦​ នៅ​គួរីល​មកវិញ។

នៅ​ក្នុង​អំឡុង​សង្រ្គាម​ត្រជាក់ ប្រជុំកោះ​គួរីល គឺ​ជា​ទីតាំង​យុទ្ធសាស្រ្ត​ដ៏សំខាន់​មួយ​របស់​សហភាព​សូវៀត។ ដោយសារ​តែ​មាន​គួរីល​នេះ​ហើយ ទើប​សហភាពសូវៀត​អាច​ដាក់​ទ័ព នៅ​ក្បែរ​ដែនដី​ជប៉ុន ដែល​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក។ ក្រោយ​ពីសង្រ្គាម​ត្រជាក់​បាន​បញ្ចប់​ទៅ តម្លៃ​ជា​យុទ្ធសាស្រ្ត​នៃ​កោះ​ទាំងនេះ ក៏​បាន​ថមថយ​​ទៅវិញ។ ក៏ប៉ុន្តែ ប្រជុំកោះ​នេះ​នៅតែ​ជាប្រធានបទ​នៃ​ជម្លោះ​រវាង​រុស្ស៊ី និង​ជប៉ុន​។

ចាប់តាំង​ពី​ក្រោយ​សង្រ្គាម​លោក​លើក​ទី២ មក លោក​មេដវេដេវ គឺ​ជា​​ប្រធានាធិបតី​រុស្ស៊ី​​ទីមួយ ដែល​ធ្វើ​ដំណើរ​ទៅ​ប្រជុំកោះ​គួរីល ហើយ​ថែម​ទាំង​ទៅ​ដល់​កោះ ដែល​ជប៉ុន​កំពុង​តែ​ទាមទារ​​ទៀត។ ហេតុដូច្នេះ​ហើយ​បាន​ជា​ជប៉ុន​បញ្ចេញ​ប្រតិកម្ម​តបតវិញ​ខ្លាំងៗ នៅពេល​នេះ។

នៅព្រឹកថ្ងៃ​ចន្ទ​នេះ នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​បញ្ជាក់​ម្តងទៀត​​អំពី​ជំហរជប៉ុន​ ដែល​ថា កោះ​​ចំនួន ៤ នៅ​គួរីល គឺ​ជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ជប៉ុន ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មេដវេដេវ​ បាន​ធ្វើ​ឲ្យ​ប៉ះទង្គិច​​យ៉ាងខ្លាំងដល់​ផ្លូវចិត្ត​របស់​ប្រជាជន​ជប៉ុន។ យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​ជប៉ុន ក្រសួងការបរទេស​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ក្រុង​តូក្យូ ដើម្បី​ធ្វើការតវ៉ា​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក​មេដវេដេវ។

ជម្លោះ​​ព្រំដែន គឺ​​ជា​ឧបសគ្គ​រារាំង​រុស្ស៊ី និង​ជប៉ុន មិន​ឲ្យ​ចុះ​សន្ធិសញ្ញា​សន្តិភាព​ជាមួយ​គ្នា ចាប់តាំង​ពី​ចប់​សង្រ្គាម​លោក​លើក​ទី២ រហូត​មក​ទល់ពេលនេះ។ បើ​ទោះជា​ប្រទេស​ទាំងពីរ​មាន​ទំនាក់ទំនង​ជាមួយ​គ្នា ទាំង​ផ្នែក​ការទូត និង​ផ្នែក​សេដ្ឋកិច្ច ក៏ប៉ុន្តែ ភាពតានតឹង​តែងតែ​កើត​មានឡើង​ជារឿយៗ ដោយសារ​តែ​បញ្ហា​ប្រជុំកោះគួរីលនេះ។

ការចរចា​រ​ជុំវិញ​ប្រជុំកោះ​គួរីល​នេះ ធ្លាប់​ត្រូវ​បាន​បើក​ធ្វើ​ជាច្រើន​លើក​ រវាង​រុស្ស៊ី និង​ជប៉ុន។ លោក​បូរីស យែលស៊ីន (Boris Yeltsin) ប្រធានាធិបតី​រុស្ស៊ី ក្រោយ​ពី​សហភាព​សូវៀត​ដួលរលំ ធ្លាប់ចង់​ប្រគល់​កោះទាំង ៤ ឲ្យ​ទៅ​ជប៉ុន តាមការទាមទារ​ដែរ។ ក៏ប៉ុន្តែ ដោយមាន​ការប្រឆាំង​យ៉ាងខ្លាំងក្លា ពីសំណាក់​ចលនា​អ្នក​ជាតិនិយម​រុស្ស៊ី​ ទើប​​លោក​យែលស៊ីន​បោះបង់​គំនិត​ប្រគល់​គួរីល​ឲ្យ​ជប៉ុន។

ក្នុងការ​ចរចា​ក្រោយៗមកទៀត រុស្ស៊ី​ចង់​សម្រុះសម្រួល​ជាមួយ​ជប៉ុន ដោយ​សុខចិត្ត​ប្រគល់​កោះពីរ ក្នុង​ចំណោម​កោះ​ទាំង ៤ ដែល​ជប៉ុន​ទាមទារ។ ក៏ប៉ុន្តែ ជប៉ុន​មិន​សុខចិត្ត ដោយ​ទាមទារ​យក​កោះទាំង ៤។ ការចរចា​ក៏​ជាប់គាំង​រហូតមកទល់ពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ