អានតួអត្ថបទ
ជប៉ុន-ឥណ្ឌា

ជប៉ុន​និង​ឥណ្ឌា​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​

នៅថ្ងៃ​ពុធ ១៦ កុម្ភៈ ២០១០​នេះ រដ្ឋមន្រ្តី​ការបរទេស​ជប៉ុន និង​រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​​ឥណ្ឌា បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​​សេរី ដែល​នឹង​លុប​អត្រាពន្ធគយ​​ លើ​មុខទំនិញ​រហូតដល់​ទៅ ៩៤%។ កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​ចុះ នៅ​ក្នុងខណៈពេល​ដែល​ការ​ផ្តោះប្តូរ​ទំនិញ​រវាង​ជប៉ុន និង​ឥណ្ឌា កំពុង​តែ​ធ្លាក់​ចុះខ្លាំង។

ពិធីចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ជប៉ុន​និង​ឥណ្ឌា
ពិធីចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ជប៉ុន​និង​ឥណ្ឌា ©Reuters
ផ្សាយពាណិជ្ជកម្ម

01:41

សេចក្តីរាយការណ៍​របស់ សេង ឌីណា

យោងតាម​កិច្ចព្រមព្រៀង​ ដែល​ជប៉ុន និង​ឥណ្ឌា​ចុះ​ហត្ថលេខា​ នៅថ្ងៃ​ពុធនេះ អត្រាពន្ធគយ​លើ​មុខទំនិញ​ស្ទើរតែ​ទាំងអស់ (៩៤%) នឹង​ត្រូវ​លុបចោល​ទាំងស្រុង នៅ​ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ។ មុខទំនិញដែល​ជាគោលដៅ​សំខាន់​ ក្នុង​កិច្ចព្រមព្រៀង​នេះ គឺ មាន​ទំនិញ​វាយនភណ្ឌ ថ្នាំពេទ្យ រថយន្ត និង​​វិស័យ​សេវាកម្ម។

ជប៉ុន​និង​ឥណ្ឌា​រំពឹង​ថា ការ​បើកចំហទីផ្សារ​នេះ នឹង​អាច​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក។ ជប៉ុន​រំពឹង​ថា​នឹង​អាច​បង្កើន​ការ​នាំចេញ​រថយន្ត និង​គ្រឿងបន្លាស់​ទៅ​ឥណ្ឌា។ ចំណែក​ឥណ្ឌាវិញ ក៏​អាច​បង្កើន​ការ​នាំចេញ​ថ្នាំពេទ្យ និង​សម្លៀកបំពាក់​ទៅ​ជប៉ុន​វិញ​ដែរ។

កាល​ពី​ឆ្នាំ​២០០៩​កន្លងទៅ ការផ្តោះប្តូរ​ពាណិជ្ជកម្ម​រវា​ងជប៉ុន និង​ឥណ្ឌា បាន​ធ្លាក់​ចុះ​​ចំនួន ២៣%។ ម្យ៉ាងវិញ​ទៀត អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​បាន​ចេញ​របាយការណ៍មួយ ដោយ​បានផ្តល់​អានុសាសន៍​​មួយដល់ជប៉ុន​ថា ការ​បើកចំហ​ទីផ្សារ គឺ​ជា​កត្តា​ដ៏សំខាន់​មួយ ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច។

ជប៉ុន ដែល​ធ្លាប់​តែ​ជា​មហាអំណាច​សេដ្ឋកិច្ច​លេខ២ នៅលើ​ពិភពលោក ទើប​នឹង​ត្រូវចិន​ទម្លាក់​មកលេខ​៣វិញ។ តាំងពីដើមរៀងមក សេដ្ឋកិច្ច​របស់​ជប៉ុន​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការនាំ​ចេញ។ បច្ចុប្បន្ន ជប៉ុន​កំពុង​តែ​ស្វះស្វែងរក​ទីផ្សារ ដើម្បី​បង្កើន​ការនាំចេញ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច។

ចំណែក​ឥណ្ឌាវិញ បច្ចុប្បន្ន គឺ​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី១០ ក៏ប៉ុន្តែ ស្ថិត​ក្នុង​ចំណោម​ប្រទេស​កំពុង​មាន​កំណើន​សេដ្ឋកិច្ច​លឿនបំផុត​នៅលើពិភពលោក។ ដូច្នេះ ឥណ្ឌា​ក៏កំពុង​តែ​ស្វែងរក​ទីផ្សារ ដើម្បី​នាំផលិតផល​ចេញ​ទៅ​ក្រៅប្រទេស​ដែរ។

ក្រៅ​ពី​ការ​​ព្រមព្រៀង​កាត់បន្ថយ​របាំងពន្ធគយ​​លើ​មុខទំនិញ ជប៉ុន​ក៏​កំពុង​តែ​ព្យាយាម​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​សម្រាប់​រយៈពេលវែង​ជាមួយ​ឥណ្ឌា​ផងដែរ តាមរយៈ​ការ​​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ នៅ​ឥណ្ឌា ជាពិសេស គម្រោង​​សាងសង់​បណ្តាញ​គមនាគមន៍​រវាង​​រដ្ឋធានី​ញូវដែលី (New Dehli) ​និង​ទីក្រុង​ប៊ុមបៃ (Bombay) ដែល​ជា​ទីក្រុង​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​ឥណ្ឌា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ