អានតួអត្ថបទ
រុស្ស៊ី-ជប៉ុន

រុស្ស៊ី​ប្តឹង ជប៉ុន​មិន​ទទួល​ស្គាល់, រុស្ស៊ី​តវ៉ា ជប៉ុន​ច្រានចោល

ទំនាក់ទំនង​រវាង​ទីក្រុង​ម៉ូស្គូ​និង​តូក្យូ ​ដែល​បន្ត​តានតឹង ដោយ​មកពី​​បញ្ហា​ដែនដី​ជាប់​វិវាទ គឺ “កោះ៤​​នៃ​ជួរកោះ​គួរីល​ខាងត្បូង” ដែល​ម្ខាងៗ​ចាត់ទុក​ជា​របស់ខ្លួន ឥឡូវ​ ស្រាប់តែ​ឆ្លង​ទៅ​ក្នុង​ផ្ទៃ​នីតិវិធី ដ្បិត​តាម​យោបល់​ម៉ូស្គូ​ ការ​ដែល​ពួក​ជាតិនិយម​ជប៉ុន​បាន​ដុត​ទង់ជាតិ​រុស្ស៊ី ដើម្បី​ទាមទារ​កោះ​នោះ​ទៅវិញ គឺ​ជា​ “បទឧក្រិដ្ឋ” ប៉ុន្តែ​ តាម​យោបល់​តូក្យូ ទង្វើ​នេះ​ “ឥត​ល្មើសច្បាប់​ទេ”។

បាតុករ​ជប៉ុន ដែល​ទាមទារ​យក​កោះគួរីល​ពី​រុស្ស៊ី​វិញ
បាតុករ​ជប៉ុន ដែល​ទាមទារ​យក​កោះគួរីល​ពី​រុស្ស៊ី​វិញ ©Reuters
ផ្សាយពាណិជ្ជកម្ម

02:26

សេចក្តីរាយការណ៍​របស់ កែវ ឆាយា ពីម៉ូស្គូ

រសៀល​ថ្ងៃ២មីនា​ម្សិលមិញ​ ភារធារី​ស្ថានទូត​ជប៉ុន​នៅ​ម៉ូស្គូ លោក Keiji Ide បាន​ត្រូវ​កោះអញ្ជើញ​ទៅកាន់​ក្រសួង​ការបរទេស​រុស្ស៊ី ជាទី​ដែល​ភាគី​រុស្ស៊ី​បាន​ធ្វើ​សេចក្តីថ្លែងការណ៍​តវ៉ា​ទៅ​អ្នក​ការទូត​ជប៉ុន​នេះ​ថា រុស្ស៊ី​ប្រឆាំង​នឹង​ការ​ដែល​អាជ្ញាធរ​ជប៉ុន​ពុំព្រម​​ចងក្រង​ជា​សំណុំរឿង​ព្រហ្មទណ្ឌ ទល់នឹង​ពួក​ជាតិនិយមជ្រុល​ជប៉ុន​មួយ​ក្រុម ដែល​កាល​ពីថ្ងៃ​៧កុម្ភៈ​កន្លងទៅ បាន​ប្រមាថ​លើ​កេតនភណ្ឌ​របស់​រដ្ឋ​រុស្ស៊ី ដោយ​បាន​ប្រញាយគ្នា​ហែក​ទង់ជាតិ​រុស្ស៊ី​ទាំង​ចង​កំហឹង ហើយ​ដុត​វា​ចោល​តែម្តង នៅ​ពីមុខ​ស្ថានទូត​រុស្ស៊ី ក្នុង​ក្រុង​តូក្យូ។

​រុស្ស៊ី​ទាមទារ​ឲ្យ​ “ធ្វើការស៊ើបអង្កេតសាឡើងវិញដើម្បីកំណត់ទោសពិរុទ្ធ និង​ដាក់​ទណ្ឌកម្ម​ពួក​យូកូម​ទាំងនោះ។ ឥរិយាបថ​ទន់ជ្រាយរបស់អាជ្ញាធរជប៉ុន ចំពោះ​ពួក​យូកូម​ជាតិនិយម​គឺ​មានន័យ​ថា បើកដៃ​បណ្តោយឲ្យពួកវាប្រព្រឹត្ត​ទង្វើបែបនេះទៀតទៅអនាគត”។ ការតវ៉ានេះ​របស់​រុស្ស៊ី​បន្លឺ​ឡើង គឺ​បន្ទាប់ពី​ក្រុង​តូក្យូ​មិន​ចាត់ទុក​សកម្មភាព​ពួក​ជាតិនិយម​នោះ​ថា​ជា​ឧក្រិដ្ឋកម្ម​អ្វី​ណាទេ។ មិនតែប៉ុណ្ណោះ ទីក្រុង​តូក្យូ​បាន​បញ្ចេញ​ប្រតិកម្ម​ភ្លាមភ្លែត នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​ច្រានចោល​ការ​តវ៉ា​ពី​ខាង​ក្រុង​ម៉ូស្គូ ក្រោម​ទឡ្ហីករណ៍​ថា ជប៉ុន​ជា​រដ្ឋ​ប្រជាធិបតេយ្យ និង​ជាទី​ដែល​ពលរដ្ឋ​មាន​សេរីភាព​បង្ហាញ​ពី​គោលជំហរ​ខ្លួន។

សំរាប់​ជា​ការ​កត់សំគាល់ រៀងរាល់​ឆ្នាំ ថ្ងៃ​៧កុម្ភៈ តែង​ត្រូវ​ពួក​ជាតិនិយម​ជប៉ុន​ប្រារព្ធ​ជា​ទិវា​នឹក​ចងចាំ​ដល់​កោះ​ទាំង៤​នោះ ក្នុង​ឋានៈ​ជា “ទឹកដី​ប៉ែក​ខាង​ជើង​បង្អស់​របស់​ជប៉ុន” ពីព្រោះ ពិត​ជា​ថ្ងៃ​៧កុម្ភៈ​នេះឯង ដែល​ស្រប​នឹង​ “សន្ធិសញ្ញា​ទ្វេភាគី​ចុះ​ក្នុង​ឆ្នាំ១៨៥៥ ស្តី​អំពី​ពាណិជ្ជកម្ម និង​ព្រំដែន” ស្តេច Tsar រុស្ស៊ី បាន​ផ្ទេរ “កោះ​គួរីល​បួន​នៅ​ខាង​ត្បូង​នោះ” ដែល​ស្ថិត​នៅ​ជិត​នឹង​ជប៉ុន​ជាង ​ឲ្យ​ទៅ​​អាណាចក្រ​ជប៉ុន​តែម្តង។ ប៉ុន្តែ ៩០ឆ្នាំ​ក្រោយមក គឺ​ជំនាន់​សហភាព​សូវៀត​ នា​សន្និសីទ​នៃ​៣​មហាអំណាច នៅ​ក្រុងYalta ក្នុង​ខែ​កុម្ភៈ​ឆ្នាំ១៩៤៥ មេដឹកនាំ​សូវៀត​ Staline បាន​ចង​ជា​ល័ក្ខខ័ណ្ឌ ​ទៅ​ប្រធានាធិបតី​អាមេរិកាំង Roosevelt និង​នាយករដ្ឋមន្ត្រី​អង់គ្លេស Churchill ថា ទីក្រុង​ម៉ូស្គូ​​សុខចិត្ត​ចូល​ខ្លួន​ច្បាំង​ទល់នឹង​ជប៉ុន​ដែរ លុះណាតែ​ក្រោយពី​ជប៉ុន​ចាញ់​សង្គ្រាម ​“កោះ​គួរីល​ទាំងបួន​នោះ” ត្រូវ​ផ្ទេរ​មក​ដាក់​​ក្រោម​អធិបតេយ្យ​​រុស្ស៊ី​វិញ។ នៅថ្ងៃទី២​កញ្ញា​ឆ្នាំ១៩៤៥​ របប​យោធានិយម​ជប៉ុន​ក៏​បាន​ចុះ​ហត្ថលេខា​សុំ​ចុះចាញ់​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ