អានតួអត្ថបទ
ជប៉ុន-កូរ៉េ​ខាង​ត្បូង

ជប៉ុន​ចង់​ប្តឹង​ទៅ​តុលាការ​ក្រុង​ឡាអេ​រឿង​ជម្លោះ​ដណ្តើម​កោះ​ជាមួយ​កូរ៉េ​ខាង​ត្បូង

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន​បាន​ថ្លែង​នៅថ្ងៃ​សៅរ៍​នេះ​ថា ជប៉ុន​អាច​នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ ដើម្បី​ឲ្យ​ដោះស្រាយ​ជម្លោះ​​ដណ្តើម​ប្រជុំកោះ​ជាមួយ​កូរ៉េ​ខាងត្បូង។ ការ​ប្រកាស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង មួយថ្ងៃ​ក្រោយ​ពី​លោក​​លី ម្យ៉ុងបាក់ ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​ទៅ​បំពេញ​ទស្សនកិច្ច នៅលើ​ប្រជុំកោះ ដែល​ជាប់​ជម្លោះ។

ទីប្រជុំកោះ​ Dokdo (Takeshima)  ដែល​កំពុង​បង្កជាជម្លោះ​ការទូត​ រវាង​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង
ទីប្រជុំកោះ​ Dokdo (Takeshima) ដែល​កំពុង​បង្កជាជម្លោះ​ការទូត​ រវាង​ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង REUTERS/Korea Pool
ផ្សាយពាណិជ្ជកម្ម

ដំណើរទស្សនកិច្ច​របស់​លោក​លី ម្យ៉ុងបាក់ ទៅកាន់​ប្រជុំកោះ​ដែល​ជាប់ជម្លោះ​ជាមួយ​ជប៉ុន កាល​ពី​ម្សិលមិញ កំពុង​តែ​បង្ក​ជា​ជម្លោះ​ការទូត​រវាង​ប្រទេស​ទាំងពីរ។

នាយករដ្ឋមន្រ្តី​ជប៉ុន​បាន​ថ្លែង​ថា សម្រាប់​ជប៉ុន ​ដំណើរទស្សនកិច្ច​របស់​លោក​លី ម្យ៉ុងបាក់​នេះ គឺ​ជា​រឿង​ដែល​មិន​អាច​ទទួលយកបាន។ យោងតាម​ទីភ្នាក់ងារ​សារព័ត៌មាន​ជប៉ុន​ក្យូដូ ​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរាជទូត​របស់​ខ្លួន​ពី​កូរ៉េ​ខាងត្បូង​​ឲ្យ​ត្រឡប់​មក​ជប៉ុនវិញ ដោយ​គ្មាន​ពេល​កំណត់។ ចំណែក​ឯកអគ្គរដ្ឋទូត​កូរ៉េ​ខាង​ត្បូង​ប្រចាំ​ក្រុង​តូក្យូ ត្រូវ​បាន​រដ្ឋាភិបាល​ជប៉ុន​កោះហៅ ដើម្បី​ធ្វើការ​តវ៉ា​ចំពោះ​ដំណើរទស្សនកិច្ច​​របស់​លោក​លី ម្យ៉ុងបាក់​នេះ​ ហើយ​​​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​រវាង​​រដ្ឋមន្រ្តីក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទាំងពីរ​ក៏​​ត្រូវ​បាន​លើក​ពេល​ដែរ។

នៅថ្ងៃ​សៅរ៍​នេះ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ជប៉ុន​បាន​ថ្លែង​ថា ជប៉ុន​ចាំបាច់​ត្រូវ​តែ​​ពិចារណា​ចាត់វិធានការ​ ដើម្បី​ដោះស្រាយ​ជម្លោះ​ជាមួយ​កូរ៉េ​ខាង​ត្បូង​នេះ ដោយ​សន្តិវិធី ​ផ្អែក​លើ​ច្បាប់​អន្តរជាតិ។ វិធានការ​ដែល​ជប៉ុន​កំពុង​ពិចារណា​នេះ ក៏​រួមមាន​ ការ​​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ផងដែរ។

ក៏ប៉ុន្តែ ជប៉ុន​ទំនង​ជា​ពិបាក​នឹង​​​​នាំ​យក​ជម្លោះ​នេះ​ទៅ​តុលាការ​ក្រុងឡាអេ ដោយសារ​ថា ​បណ្តឹង​ទៅ​តុលាការ​នេះ​ចាំបាច់​ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​ពី​សំណាក់​កូរ៉េ​ខាង​ត្បូង ទើប​តុលាការ​អាច​លើក​យក​ជម្លោះ​នេះ​ទៅ​ជំនុំជម្រះ​បាន។ កន្លងមក កាល​ពី​ក្នុង​អំឡុង​ទសវត្សរ៍​ទី៥០ និង​៦០ ជប៉ុន​ក៏​ធ្លាប់​បាន​ស្នើ​ជាច្រើន​លើក​ដែរ​​មកហើយ​ដែរ ឲ្យ​យក​ជម្លោះ​ដណ្តើម​កោះ​គ្នា​នេះ​ទៅ​ឲ្យ​តុលាការ​ក្រុងឡាអេ​ជា​អ្នក​កាត់ក្តី ក៏ប៉ុន្តែ កូរ៉េ​ខាង​ត្បូង​តែងតែ​បដិសេធ​សំណើ​នេះ​ជានិច្ច។

គួរបញ្ជាក់ថា ប្រជុំកោះ​ដុកដូ (ហៅតាម​កូរ៉េ) ឬ តាកេស្ហ៊ីម៉ា (ហៅតាម​ជប៉ុន) មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ខាងកើត (ឬ​សមុទ្រ​ជប៉ុន) មាន​ចម្ងាយ​ប្រហាក់​ប្រហែល​គ្នា​ពី​ឆ្នេរ​សមុទ្រ​កូរ៉េ​ខាង​ត្បូង និង​​ពី​ឆ្នេរ​សមុទ្រ​របស់​ជប៉ុន។ ចាប់តាំង​ពី​ឆ្នាំ​១៩៥៤ រហូតមក​ទល់​ពេល​បច្ចុប្បន្ន​នេះ ប្រជុំកោះ​នេះ​ស្ថិត​ក្រោម​ការ​កាន់​កាប់​របស់​កូរ៉េ​ខាង​ត្បូង​។

ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដែល​​ទាមទារ​ដណ្តើម​កម្មសិទ្ធិ​លើ​ប្រជុំកោះ​ដុកដូ ឬ​តាកេស្ហ៊ីម៉ានេះ គឺ​ដោយ​សំអាង​ទៅលើ​កំណត់​ត្រា​ប្រវត្តិសាស្រ្ត​តាំង​ពី​សម័យ​នគរចិន​ទាំងបី (ឬ​សម័យ​សាមកុក)​មកផង និង​ដោយ​មាន​ការ​បកស្រាយ​ខុសៗគ្នា ទៅលើ​សន្ធិសញ្ញា​សន្តិភាព​​ក្រោយ​សង្រ្គាម​លោក​លើក​ទី២​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ