អានតួអត្ថបទ
កូរ៉េខាងជើង-ជប៉ុន

ទីក្រុងតូក្យូ និង​ព្យុងយ៉ាង​បាន​ព្រមព្រៀង​ជួបគ្នា​ជាថ្មី​ថ្នាក់រដ្ឋាភិបាល

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២០ មីនា​នេះ ប្រទេស​ជប៉ុន និង​កូរ៉េខាងជើង​បាន​យល់ព្រម​បើក​ជំនួប​ចរចា​ជា​ថ្មី​រវាង​រដ្ឋាភិបាល និង​រដ្ឋាភិបាល នេះ​ជា​ការ​បញ្ជាក់​របស់​អ្នកទទួលខុសត្រូវ​ជប៉ុន​ម្នាក់។ ការ​សម្រេច​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​អ្នក​ការទូត​នៃ​ប្រទេស​ទំាង​ពីរ នា​ឱកាស​កិច្ចប្រជុំ​រវាង​តំណាង​កាកបាទក្រហម​ជប៉ុន និង​កូរ៉េខាងជើង​ក្នុង​ស្រុក Shenyang ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍ ទី២០ មីនា​នេះ។ តែ​នៅ​មិន​ទាន់​ដឹង​ថា តើ​ជំនួប​ជា​ថ្មី​ថ្នាក់​រដ្ឋាភិបាល​នោះ​នឹង​គ្រោង​ធ្វើ​នៅ​ពេល​ណា​ទេ។

លោកគីម ជុងអ៊ុន ប្រមុខ​ដឹកនំា​កូរ៉េខាងជើង
លោកគីម ជុងអ៊ុន ប្រមុខ​ដឹកនំា​កូរ៉េខាងជើង REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ចុងក្រោយ​ថ្នាក់​រដ្ឋាភិបាល​នៃ​ប្រទេស​ទំាង​ពីរ​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​វិច្ឆិកា ឆ្នំា ២០១២ ហើយ​តាម​គម្រោង ភាគី​ទំាង​ពីរ​ត្រូវ​បន្ត​ជួប​គ្នា​ជា​ថ្មី​នៅ​ក្នុង​ខែ​ធ្នូ ឆ្នំា​ដដែល​ក្នុង​ទីក្រុង​ប៉េកំាង ប្រទេស​ចិន។ តែ​គម្រោង​ជំនួប​នោះ​ត្រូវ​បាន​ភាគី​ជប៉ុន​លប់​ចោល​ភ្លាមៗ បន្ទាប់​ពី​កូរ៉េខាងជើង​បាន​ប្រកាស​ពី​គម្រោង​បាញ់​សាកល្បង​គ្រាប់​មីស៊ីល​ជា​ថ្មី។ ក្នុង​ខែ​មេសា ឆ្នំា ២០១៣ និង​បន្ទាប់​ពី​ជប៉ុន​បាន​ប្រកាស​ដំឡើង​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆំាង​មីស៊ីល​ដើម្បី​ស្ទាក់​កម្ទេច​គ្រាប់​កំាជ្រួច​របស់​កូរ៉េខាងជើង​មក ទីក្រុង​ព្យុងយ៉ាង​ក៏​បាន​គំរាម​វាយប្រហារ​ទីក្រុង​តូក្យូ​ដោយ​ប្រើ​អាវុធនុយក្លេអ៊ែរ។ បន្ទាប់​មក​ក្នុង​ខែ​កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​នេះ របប​កុម្មុយនិស្ត​ក្រុង​ព្យុងយ៉ាង​ថែម​ទំាង​បាន​ប្រដូច​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន​ស៊ីនហ្សូ អាបេ​ជា « ហ៊ីតត្លែរ​អាស៊ី » ទៀត​ផង។

គឺ​រឿងរ៉ាវ​ទំាង​អស់​ខាង​លើ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ជំនួប​រវាង​ប្រទេស​ទំាង​ពីរ​ជាប់​គំាង​មក​ដល់​ពេល​នេះ។ គឺ​ទើប​តែ​នៅ​ថ្ងៃទី៤ មីនា​កន្លង​ទៅ​ទេ ដែល​តំណាង​កាកបាទក្រហម និង​អ្នកទទួល​ខុសត្រូវ​នៃ​ប្រទេស​ទំាង​ពីរ​បាន​ជួប​គ្នា​ជា​ថ្មី។ នៅ​ក្នុង​ជំនួប​នោះ គេ​បាន​លើក​ឡើង​ពី​ដំណើរ​ទៅ​កាន់​ទឹកដី​កូរ៉េខាងជើង​របស់​ក្រុមគ្រួសារ​ជប៉ុន​ដើម្បី​ពិនិត្យ​ផ្នូរសព​ឱពុក ម្តាយ​របស់​ពួក​គេ​ដែល​បាន​ស្លាប់​ក្នុង​ទឹកដី​កូរ៉េ​កាល​ពី ១០ឆ្នំា​មុន។

គួរ​ជម្រាប​ជូន​ថា កូរ៉េខាងជើង និង​ជប៉ុន​មិន​មាន​ទំនាក់ទំនង​ផ្លូវទូត​រវាង​គ្នា​ទេ។ តែ​ជប៉ុន​តែងតែ​ជម្រុញ​កូរ៉រខាងជើង​ឲ្យ​ដោះស្រាយ​បញ្ហា​ចំណាប់ខ្មំាង​ជប៉ុន​ដែល​ទាហាន​កូរ៉េខាងជើង​បាន​ចាប់​ក្នុង​សម័យ​សង្រ្គាមត្រជាក់។ សម្រាប់​ទីក្រុង​តូក្យូ គឺ​សំណុំរឿង​នេះ​ហើយ​ដែល​ជា​ឧបសគ្គ​ចម្បង​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ផ្លូវទូត​រវាង​ប្រទេស​ទំាង​ពីរ។ តែ​ទីក្រុង​ព្យុងយ៉ាង​ធ្លាប់​បាន​អះអាង​ជា​រឿយៗ​ថា បញ្ហា​ចំណាប់ខ្មំាង​ជប៉ុន​ទំាង ១៣នាក់​ត្រូវ​បាន​ដោះស្រាយ​ចប់​សព្វគ្រប់​អស់​ហើយ ជាមួយ​នឹង​ការ​បញ្ជូន​ចំណាប់ខ្មំាង​ជប៉ុន​ចំនួន ៥នាក់​ទៅ​ឲ្យ​ជប៉ុន​វិញ និង ៨នាក់​ផ្សេង​ទៀត​បាន​ស្លាប់​អស់​ហើយ។ តែ​ទីក្រុង​តូក្យូ​ដែល​គិត​ថា ចំណាប់ខ្មំាង​ជប៉ុន​មាន​យ៉ាង​តិច ១៧នាក់​នោះ មិន​ជឿ​ការ​ពន្យល់​បកស្រាយ​របស់​ក្រុង​ព្យុងយ៉ាង​ដោយ​គ្មាន​ភស្តុតាង​នោះ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ