អានតួអត្ថបទ
ប្រវត្តិសាស្រ្តពិភពលោក

ចក្រភព​ជប៉ុន៖ ​មហាអំណាច​អាណានិគម​អាស៊ី​តែមួយ​គត់​នៅ​ដើម​សតវត្សរ៍​ទី២០

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​ប្រវត្តិ​នៃ​ចក្រភព​ជប៉ុន ដែល​ជា​មហាអំណាច​អាណានិគម​តែមួយគត់​នៅ​អាស៊ី នៅ​ចុងសតវត្សរ៍​ទី១៩ និង​ដើម​សតវត្សរ៍ទី២០។

អធិរាជ​ម៉ីជី (Meiji) នៅ​ឆ្នាំ​១៨៧៣
អធិរាជ​ម៉ីជី (Meiji) នៅ​ឆ្នាំ​១៨៧៣
ផ្សាយពាណិជ្ជកម្ម

នៅ​ចុងសតវត្សរ៍​ទី១៩ និង​ដើម​សតវត្សរ៍ទី២០ មហាអំណាច​អាណានិគម ដែល​ត្រួតត្រា​ពិភពលោក​ស្ទើរតែ​ទាំងមូល សុទ្ធសឹង​តែ​ជា​បណ្តា​ប្រទេស​មក​ពី​លោក​ខាងលិច លើកលែង​តែ​ប្រទេស​មួយ ដែល​មក​ពី​អាស៊ី គឺ​ជប៉ុន។

ជប៉ុន គឺ​ជា​ប្រជាជាតិ​ដ៏​ចំណាស់​មួយ ដែល​ចំណាយ​ពេល​រាប់​សតវត្សរ៍ ​រស់នៅ​ជា​ប្រទេស​ឯកោ មិនទទួល​រាប់រក​បរទេស​ណា​ទាំងអស់ ជាពិសេស គឺ​ពួកលោក​ខាងលិច។ ក៏ប៉ុន្តែ នយោបាយ​ឯកោនិយម​នេះ​ត្រូវ​បាន​បិទបញ្ចប់ នៅ​ពាក់​កណ្តាល​សតវត្សរ៍ទី១៩។

អ្វីៗ​បាន​ចាប់ផ្តើម​ឡើង នៅ​ឆ្នាំ​១៨៥៣ នៅពេល​ដែល​កងទ័ព​ជើងទឹក​អាមេរិក ដឹកនាំ​ដោយ​ឧត្តមនាវី ឈ្មោះ Mathew Perry ជាមួយ​នឹង​កប៉ាល់​ចម្បាំង​ដ៏ទំនើបៗ​ចំនួន ៤គ្រឿង បាន​ធ្វើ​ដំណើរ​ចូល​​មក​ដល់​ទីក្រុង​តូក្យូ ហើយ​បង្ខំ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង ដើម្បី​បើក​កំពង់ផែ​ជប៉ុន សម្រាប់​ការ​ធ្វើ​ជំនួញ។ គឺ​ជា​កិច្ចព្រមព្រៀង​មួយ ដែល​មិនមាន​តុល្យភាព ក៏ប៉ុន្តែ ជប៉ុន​ត្រូវ​បង្ខំ​ចិត្ត​ទទួល​យក ដោយសារ​តែ​ខ្លាច​កម្លាំង​ទ័ព​អាមេរិក។

វត្តមាន​កងទ័ព​ជើងទឹក​អាមេរិក​បាន​ដាស់​ស្មារតី​​មេដឹកនាំ​ជប៉ុន​​ឲ្យ​មើលឃើញ​ពី​​ភាព​ទន់ខ្សោយ​នៃ​បច្ចេកវិទ្យា និង​កម្លាំង​ទ័ព​របស់ខ្លួន ធៀប​នឹង​សហរដ្ឋ​អាមេរិក ព្រមទាំង​បណ្តា​ប្រទេស​លោកខាង​លិច​ផ្សេងទៀត ហើយ​​ធ្វើ​ជប៉ុន​ដឹងខ្លួន​យ៉ាង​ច្បាស់​ថា ប្រសិន​បើ​ជប៉ុន​នៅ​ឈរឱបដៃ​​មិន​ធ្វើ​អ្វីសោះ ជប៉ុន​នឹង​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​ប្រទេស​លោកខាងលិច​ដោយ​ចៀស​មិនរួច។

ប្រឈមមុខ​នឹង​ការ​គំរាម​កំហែង​ពី​មហាអំណាច​លោក​ខាងលិច មាន​ឥស្សរជន​ជប៉ុន​មួយក្រុម​យល់ថា ជប៉ុន​គួរតែ​រឹតបន្តឹង​នយោបាយ​ឯកោនិយម​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ឥទ្ធិពល​លោកខាងលិច។ ក៏ប៉ុន្តែ ក្នុងពេល​ជាមួយគ្នា​នោះ មាន​ឥស្សរជន​មួយក្រុម​ទៀត ដែល​ស្និទ្ធ​នឹង​អធិរាជ​ជប៉ុន បាន​ដុះគំនិត​ប្រកប​ដោយ​ចក្ខុវិស័យ​វែងឆ្ងាយ​មួយ​ថា ដើម្បី​ទប់ទល់​នឹង​មហាអំណាច​លោក​ខាងលិច ជប៉ុន​ត្រូវ​តែ​​រៀនសូត្រ​តាម​លោក​ខាងលិច ក្នុងការ​ធ្វើ​ទំនើបកម្ម​វិស័យឧស្សាហកម្ម និង​កងទ័ព​របស់​ខ្លួន។

នៅ​ឆ្នាំ​១៨៦៨ ព្រះអង្គម្ចាស់វ័យក្មេង​មួយ​អង្គ ឈ្មោះ មូតស៊ូហ៊ីតូ (Mutsuhito) បាន​ឡើង​មក​គ្រងរាជ្យ​ជា​អធិរាជ​ជប៉ុន ដោយ​យក​ព្រះនាម​ថា “អធិរាជ​ម៉ីជី” (Meiji)។ ក្រោយ​ពី​បាន​ឡើង​គ្រងរាជ្យ អធិរាជ្យ​ម៉ីជី ​បាន​ប្រមូល​អំណាច​រដ្ឋ​ទាំងអស់​យក​មក​កាន់កាប់​ ហើយ​បាន​ប្រកាស​​បើក​ទំព័រ​សករាជ​ថ្មី​មួយ​នៅ​ជប៉ុន ដែល​គេ​ឲ្យ​ឈ្មោះ​ថា “សករាជ​ម៉ីជី”។

នៅ​ក្រោម​ការដឹកនាំ​របស់​អធិរាជ​ម៉ីជី ជប៉ុន​បាន​ចាប់ផ្តើម​បើក​ទ្វារ​ទទួល​​អ្នកប្រាជ្ញ​​បរទេស​មក​ពី​គ្រប់ទិសទី ជាពិសេស មក​ពី​ប្រទេស​លោកខាងលិច។ រចនាសម្ព័ន្ធ​តាមបែប​សក្តិភូមិ​ត្រូវ​លុបបំបាត់​ចោល ហើយ​​ការ​អប់រំ​ត្រូវ​បាន​បើក​ចំហ​យ៉ាងទូលំទូលាយ។ វិស័យ​ឧស្សាហកម្ម​​ត្រូវ​បាន​ផ្លាស់ប្តូរ ពីការ​ផលិត​សម្លៀកបំពាក់ និង​ទំនិញ​ធុនស្រាល ទៅ​ជា​ការ​ផលិត​គ្រឿងម៉ាស៊ីន និង​គ្រឿងសព្វាវុធ​ធុនធ្ងន់។ កងទ័ព​សាមូរ៉ៃ​របស់​ជប៉ុន ក៏​ត្រូវ​បាន​កែប្រែ​ឲ្យ​ទៅ​ជា​កងទ័ព​ទំនើប ដែល​មាន​ឯកសណ្ឋាន គ្រឿងសព្វាវុធ និង​យុទ្ធសាស្រ្ត​ទ័ពតាមបែប​លោក​ខាងលិច។ ចំណែក​វិស័យ​នយោបាយ​វិញ ក៏​ត្រូវ​បាន​ជប៉ុនរៀបចំ​​​ធ្វើ​កំណែទម្រង់​​ស៊ីជម្រៅ​ផងដែរ ដោយ​នៅ​ឆ្នាំ​១៨៨៩ អធិរាជ​ម៉ីជី ​បាន​ប្រកាស​ឲ្យ​ប្រើ​នូវ​​​​រដ្ឋធម្មនុញ្ញ​ថ្មី​មួយ ដែល​ចែង​ពី​ការ​​បង្កើត​​របបរាជានិយម​អាស្រ័យរដ្ឋធម្មនុញ្ញ ដោយ​យក​គំរូ​តាម​មហាអំណាច​លោក​ខាងលិច​មួយ​ចំនួន ជាពិសេស អង់គ្លេស និង​អាល្លឺម៉ង់។

កំណែទម្រង់ នៅ​ក្នុង​សម័យកាល​អធិរាជ​ម៉ីជី បាន​ធ្វើ​ឲ្យ​ជប៉ុន​​ប្រែក្លាយ​​ខ្លួន​ពី​ប្រទេស​ឯកោ និង​​​ទន់ខ្សោយ​ ទៅជា​ប្រទេស​ដែល​មាន​​​​​​កងទ័ព និង​ឧស្សាហកម្ម​​ជឿនលឿន​ ដើរ​ទាន់​ប្រទេស​លោកខាងលិច ​ក្នុងរយៈពេល​តែ​ប្រមាណ​ជា ២០ឆ្នាំ​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រៅពី​ផ្នែក​​ឧស្សាហកម្ម និង​កងទ័ព មាន​មេរៀន​មួយ​ទៀត ដែល​ជប៉ុន​​​បានរៀនសូត្រ​ពី​ប្រទេស​លោកខាងលិចដែរ​ គឺ​នយោបាយ​ឈ្លានពាន​​ដាក់អាណានិគម​ទៅលើ​ប្រទេស​ដទៃ។

នៅ​ឆ្នាំ​១៨៩៤ ជប៉ុន​បាន​ប្រកាស​សង្រ្គាម​ជាមួយ​ចិន ដើម្បី​ដណ្តើម​កាន់កាប់​កូរ៉េ ដែល​​កន្លងមក​ធ្លាប់​តែ​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​អធិរាជចិន។ ក្រោយ​ពី​ការ​វាយប្រយុទ្ធគ្នា​អស់រយៈពេល​ជាង ៨ខែ  កងទ័ព​ជប៉ុន​បាន​បណ្តេញ​កងទ័ព​​ចិន​ចេញ​ពី​កូរ៉េ ហើយ​ថែម​ទាំង​បាន​ឈ្លានពាន​ចូល​កាន់កាប់​​​កោះតៃវ៉ាន់​ ព្រមទាំង​ដែនដី​មួយផ្នែក​នៃ​តំបន់​ម៉ាន់ជូរី​របស់​ចិន​ទៀតផង។

នេះ គឺ​ជា​ចំណុច​ចាប់ផ្តើម​នៃ​នយោបាយ​អាណានិគម​និយម​របស់​ជប៉ុន។ ក៏ប៉ុន្តែ នៅ​ក្នុង​ការ​ឈ្លានពាន​វាតទីពង្រីក​ទឹកដី​នេះ ជប៉ុន​ត្រូវ​ប្រឈមមុខ​នឹង​មហាអំណាច​មួយទៀត ដែល​នៅពេលនោះ ​កំពុង​តែ​ព្យាយាម​វាតទី​​ចូលកាន់កាប់​កូរ៉េ និង​តំបន់​ម៉ាន់ជូរី​ដែរ នោះ​គឺ​ចក្រភព​រុស្ស៊ី។

នៅ​ខែ​ឧសភា ឆ្នាំ​១៨៩៥ មួយខែ​ក្រោយ​ពី​ជប៉ុន​ទើប​នឹង​បាន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​សង្រ្គាម​ជាមួយចិន រុស្ស៊ី ដែល​​មាន​ការ​គាំទ្រ​ពី​សំណាក់​បារាំង និង​អាល្លឺម៉ង់ បាន​រួមគ្នា​ដាក់សម្ពាធ​ បង្ខំឲ្យ​ជប៉ុន​​ដកខ្លួន​ថយ​ចេញ​ពី​​តំបន់​ម៉ាន់ជូរី ដែល​ជប៉ុន​ទើប​នឹង​បាន​កាត់​យកពី​ចិន។ ជប៉ុន ដែល​មើលឃើញ​ថា ខ្លួន​មិន​មាន​កម្លាំង​ទ័ព​អាច​ទប់ទល់​នឹង​មហាអំណាច​អឺរ៉ុប​ទាំង៣​នេះ​បាន ក៏​បង្ខំ​ចិត្ត​ដក​ខ្លួន​ថយ​ចេញ​ពី​ម៉ាន់ជូរី ទៅតាម​ការ​ទាមទារ​នេះ ហើយ​ក្រោយ​ពី​ការ​ដកថយ​របស់​ជប៉ុន រុស្ស៊ី​ក៏​ស្រាប់តែ​បាន​ចូល​ទៅកាន់កាប់​តំបន់ម៉ាន់ជូរី​នេះ​ភ្លាមៗ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ជប៉ុនផ្ទុះកំហឹង​យ៉ាង​ខ្លាំង ក៏ប៉ុន្តែ មិនហ៊ាន​ធ្វើ​អ្វី​រុស្ស៊ី ដោយសារ​តែ​ជប៉ុន​យល់ថា ខ្លួន​នៅ​មាន​កម្លាំង​ទ័ព​ខ្សោយ​ជាង​រុស្ស៊ី។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​ទៀត ជប៉ុន​បាន​ផ្តោត​អាទិភាព​ទៅលើ​ការ​ពង្រឹង​កម្លាំង​ទ័ព​របស់​ខ្លួន ហើយ​ក្នុង​ពេល​ជាមួយគ្នា ជប៉ុន​បាន​ព្យាយាម​ចរចា​ជាមួយ​រុស្ស៊ី ដើម្បី​ធ្វើការ​បែងចែក​ដែន​ឥទ្ធិពល​គ្នា ពោលគឺ ជប៉ុន​ទុក​ឲ្យ​​រុស្ស៊ី​​ត្រួតត្រា​តំបន់​ម៉ាន់ជូរី ជាថ្នូរមកវិញ រុស្ស៊ី​​ត្រូវ​ទុក​ឧបទ្វីប​កូរ៉េ​​ឲ្យ​ជប៉ុន​ជា​អ្នក​ត្រួតត្រា។ ក៏ប៉ុន្តែ រុស្ស៊ី​​មិន​ព្រម ដោយ​ចង់​ត្រួតត្រា​​ទាំង​តំបន់​ម៉ាន់ជូរី និងទាំង​ឧបទ្វីបកូរ៉េ។

នៅ​ឆ្នាំ​១៩០២ ជប៉ុន​ក៏​បាន​ចង​​សម្រេច​ចងសម្ព័ន្ធភាព​ជាមួយអង់គ្លេស។ យោងតាម​ខ្លឹមសារ​នៃ​​កិច្ចព្រមព្រៀង​នេះ ប្រសិន​បើ​ប្រទេស​ណា​ហ៊ាន​​ចូលមក​​ជួយ​រុស្ស៊ី ក្នុងករណី​មាន​សង្រ្គាម​ជាមួយ​ជប៉ុន អង់គ្លេស​​ក៏​នឹង​ចូល​មក​ជួយ​ខាង​ជប៉ុន​វិញ​ដែរ។ ដូច្នេះ ជប៉ុន​អាច​ប្រឈមមុខ​ជាមួយ​នឹង​រុស្ស៊ី​មួយទល់នឹងមួយ ​ដោយ​មិន​បារម្ភ​ខ្លាច​​បារាំង និង​អាល្លឺម៉ង់​លូកដៃ​ចូល​ធ្វើ​អន្តរាគមន៍។

នៅខែ​កុម្ភៈ​​ឆ្នាំ​១៩០៤ ជប៉ុន​បាន​ប្រកាស​សង្រ្គាម​ជាមួយ​នឹង​រុស្ស៊ី ហើយ​កងទ័ព​ជើងទឹក​ជប៉ុន​ក៏​បាន​បើក​ការ​វាយប្រហារ​ទៅលើ​ទីតាំង​ទ័ព​ជើងទឹក​រុស្ស៊ី ដែល​កំពុង​ឈរជើង នៅ​ក្នុង​តំបន់​ម៉ាន់ជូរី។ ក្រោយ​ពី​វាយប្រយុទ្ធគ្នា​អស់រយៈពេល​ជាង ១៨ខែ (ពី​ថ្ងៃ​ទី​៨ កុម្ភៈ ១៩០៤ ដល់​ថ្ងៃ​ទី៥ កញ្ញា ១៩០៥) កងទ័ពរុស្ស៊ី​ត្រូវ​​ទទួល​បរាជ័យ ហើយ​ស្នើ​​​សុំ​ចរចា​បញ្ចប់​សង្រ្គាម ក្រោម​កិច្ចសម្របសម្រួល​របស់​ប្រធានាធិបតី​អាមេរិក គឺ​លោក ​Theodore Roosevelt។ ការ​សម្របសម្រួល​បញ្ចប់​សង្រ្គាម​រុស្ស៊ី-ជប៉ុន ដែល​បាន​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី Theodore Roosevelt ទទួល​រង្វាន់​ណូបែល​សន្តិភាព នៅ​ឆ្នាំ​១៩០៦។

នៅ​ក្នុង​សន្ធិសញ្ញា​បញ្ចប់​សង្រ្គាមរុស្ស៊ី-ជប៉ុន​នេះ រុស្ស៊ី ដែល​ជា​អ្នក​ចាញ់​សង្រ្គាម​បាន​ព្រមព្រៀង​ដកខ្លួន​ថយ​ចេញ​ពី​តំបន់​ម៉ាន់ជូរី ព្រមទាំង​​​​ទទួលស្គាល់​ឧបទ្វីបកូរ៉េ​ថា​ជា​ដែន​ឥទ្ធិពល​ផ្តាច់មុខ​របស់​ជប៉ុន។ លើសពីនេះ​ទៅទៀត កោះ​សាខាលីន (Sakhalin) ដែល​ជា​ដែនដី​របស់​រុស្ស៊ី ក៏​ត្រូវ​បាន​ជប៉ុន​កាត់​យក​​មួយផ្នែក​ខាង​ត្បូងទៅកាន់​កាប់​ផងដែរ។

សង្រ្គាម​រុស្ស៊ី-ជប៉ុន ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សង្រ្គាម​សម័យទំនើប​​​លើក​ដំបូង​បង្អស់ ដែល​មហាអំណាច​អាស៊ី យក​ឈ្នះលើ​មហាអំណាច​អឺរ៉ុប។ ជោគជ័យ​ក្នុង​សង្រ្គាម​ជាមួយ​រុស្ស៊ី​បាន​លើកមុខ​លើកមាត់​ជប៉ុន ឲ្យ​ក្លាយ​ទៅជា​មហាអំណាច​​ដ៏ធំមួយ ក្នុង​ចំណោម​មហាអំណាច​លោកខាងលិច​ផ្សេងទៀត ក៏ប៉ុន្តែ ជោគជ័យ​នេះ​ក៏​ជា​ការ​លើកទឹកចិត្ត​ផងដែរ​​ ឲ្យ​ជប៉ុន​បង្កើន​នយោបាយ​វាតទី​​ពង្រីក​អាណានិគម​ នៅ​ក្នុង​តំបន់​អាស៊ី។

ក្រោយ​ពី​បាន​ដាក់​អាណាព្យាបាល​លើ​កូរ៉េ នៅ​ឆ្នាំ​១៩០៥ ជប៉ុន​បាន​កាត់យក​​ប្រទេស​កូរ៉េ​ទាំងមូល​មក​បញ្ចូល​ជា​ដែនដី​របស់​ជប៉ុន នៅ​ឆ្នាំ​១៩១០ ហើយ ៤ឆ្នាំ​ក្រោយ​មក​ទៀត ជប៉ុន​បាន​ប្រឡូក​ចូល​ក្នុង​សង្រ្គាម​លោក​លើកទី១ ដោយ​ឈរ​នៅ​ខាង​ក្រុម​បក្សសម្ព័ន្ធ​បារាំង-អង់គ្លេស-​រុស្ស៊ី ប្រយុទ្ធ​តទល់​នឹង​សម្ព័ន្ធមិត្ត​អាល្លឺម៉ង់-អូទ្រីសហុងគ្រី-អ៊ីតាលី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ