អានតួអត្ថបទ
ជប៉ុន

រដ្ឋាភិបាល​ជប៉ុន​បញ្ចេញ​នយោបាយថ្មី​ទាក់ទង​​ថាមពល​នុយក្លេអ៊ែរ​

ជប៉ុន​សម្រេច​​​​​ផ្តល់​​​សារៈសំខាន់​ជាថ្មី​ទៀត ដល់​វិស័យ​នុយក្លេអ៊ែរ។ ​​​​៣ឆ្នាំ​ក្រោយ​​​​មហន្តរាយ​នៃ​​​រលកយក្ស​ស៊ូណាមី ដែល​បាន​បង្ក​ការ​ខូចខាត​ធ្ងន់ធ្ងរ​នៅ​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​​ហ្វ៊ូគូស្ហ៊ីម៉ា ​​​នៅ​ថ្ងៃ​សុក្រ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​​ដាក់ចេញ​នូវនយោបាយមួយ​ថ្មីទៀត​​ទាក់ទង​​ថាមពល​នុយក្លេអ៊ែរ។ ក្នុង​គម្រោង​នយោបាយ​ថ្មី​នេះ ជប៉ុន​លើកឡើង​ថា ​នុយក្លេអ៊ែរ​​ជា​​ប្រភព​សំខាន់​នៃ​ថាមពល​គ្រឹះ។ ​

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Fukushima ជប៉ុន
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ Fukushima ជប៉ុន Reuters/Air Photo Service/Files
ផ្សាយពាណិជ្ជកម្ម

នៅ​​ក្រុងតូក្យូ​ ​​ថ្ងៃ​សុក្រ​នេះ រដ្ឋាភិបាល​​ជប៉ុន​បានបញ្ចេញ​គម្រោង​នយោបាយថ្មីមួយ​ទាក់ទង​នឹង​​​ថាមពល​នុយក្លេអ៊ែរ  សំដៅ​អោយ​ជប៉ុន​គិតគូរ​ឡើងវិញ​នូវ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​នានា ​ដែល​បានបិទទ្វារ​ក្រោយ​​​​ការ​វាយប្រហារ​របស់​រលកយក្ស​ស៊ូណាមី ក្នុង​ខែ​មិនា ឆ្នាំ​២០១១។ ​គម្រោង​នយោបាយ​ថាមពល​ថ្មី​នេះ ចាត់ទុក​​​​​​នុយក្លេអ៊ែរ​​​ជា​ប្រភព​​សំខាន់​នៃ​ថាមពល​គ្រឹះ។​ ​ប៉ុន្តែ ​ដើម្បីស្រោចស្រង់​ផ្នែក​​​នុយក្លេអ៊ែរ​​ គម្រោង​នយោបាយ​នេះ ​​ប្រហែល​ជា​យឺត​​ពេល​ហើយ ព្រោះថា ដោយសារ​រលកយក្ស​ស៊ូណាមី ​នុយក្លេអ៊ែរ​ជប៉ុនបាន​រងការ​ខូចខាត​​​ធ្ងន់ធ្ងរ ​គិត​ជា​ទឹកប្រាក់ មាន​ដល់​​​៣៥ពាន់​លាន​​អឺរ៉ូ ឯណោះ។

ក្នុង​ចំណោម​ប្រតិករ​​នុយក្លេអ៊ែរ​សរុប​​៤៨​ ដែល​ជប៉ុនបានបញ្ឈប់​​អោយ​ប្រើការ​​​នោះ ប្រតិករ​​នុយក្លេអ៊ែរ​​​ប្រមាណ​៣២គ្រឿង ពោលគឺ​២ភាគ៣​ ​ ប្រហែលជា​នៅតែ​មិនអាច​​​បើក​ដំណើរការ​​ឡើងវិញទេ ព្រោះ​ថា ​ក្នុង​ការ​ដាក់ដំណើរការ ​ជប៉ុន​ត្រូវ​​ចាយវាយ​ថវិកា​លើសលុប​​ ដើម្បី​​រៀបចំ​​​​ផ្នែក​សុវត្ថិភាព​សន្តិសុខអោយបាន​​ត្រឹមត្រូវ។​​​ ​ ​

ដោយឡែក រដ្ឋាភិបាល​ជប៉ុន​ក៏បាន​គិតគូរ​ដល់​ថាមពល​​គ្រឹះ​ ​ដែល​គេ​អាច​យក​​ចេញ​​ពី​ធ្យូងថ្ម និង​​ធារាសាស្ត្រ​អគ្គិសនី​ផងដែរ។ យោងតាម​រដ្ឋមន្ត្រី​ឧស្សាហកម្ម​​ ​ លោក​តូស្ហ៊ីមីតស៊ូ​ ម៉ូតេជី​ ជប៉ុន​​ក៏​មានទិសដៅ​អភិវឌ្ឈន៍​ថាមពល​មិនចេះ​សាបសូន្យ​ផងដែរ ដើម្បី​កាត់បន្ថយ​​​​ការពឹងផ្អែក​លើ​នុយក្លេអ៊ែរ​។ ​​​គម្រោង​នយោបាយថ្មី​របស់​រដ្ឋាភិបាល​ មាន​ទិសដៅ​​​ប្រើថាមពល​មិនចេះសាបសូន្យ​​ អោយ​បាន​លើស​ពី​គម្រោង​កន្លងមក ពោលគឺ​​​លើស​ពី​១៤១ពាន់​​លាន៤សែន​​​គីឡូវ៉ាត់​ ពីពេល​នេះ ​​រហូត​ដល់​ឆ្នាំ​២០២០៕ 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ