អានតួអត្ថបទ
អេបូឡា

ជប៉ុន​រក​ឃើញ​វិធី​ធ្វើ​វិភាគ​៣០​នាទី ​រកឃើញ​​មេរោគ​អេបូឡា​

ក្រុម​អ្នក​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ជប៉ុន បានប្រកាស​ ប្រាប់​​ភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃអង្គារ​ទី​២​កញ្ញា​នេះ រក​ឃើញ​វិធី​សាស្ត្រ​ថ្មី ដែល​អាច​ចាប់​​វត្តមាន​វីរ៉ុស​អេបូឡា​ ក្នុង​ខ្លួន​អ្នក​ជំងឺ ដោយ​ចំណាយ​​ពេល​តែកន្លះ​ម៉ោង​ប៉ុណ្ណោះ។ ជា​មួយនឹង​បច្ចេកវិទ្យា​ថ្មី​នេះ គេ​អាច​ធ្វើ​វិនិច្ឆ័យ​រក​សញ្ញារោគ​​ជំងឺ​អេបូឡា​បាន​ឆាប់ ដូច្នេះ​គេ​ក៏​អាច​ទប់​ស្កាត់​ការ​ឆ្លង​រាត​ត្បាត​នៃ​ជំងឺ​នេះ​បាន​ប្រកប​ដោយ​ប្រសិទ្ធិភាព​ជាង​ពេល​បច្ចុប្បន្ន។

ភ្នាក់ងារ​សុខាភិបាល ពាក់អាវ​ការពារ​មុន​ចូល​ជួប​អ្នក​ជំងឺ​អេបូឡា
ភ្នាក់ងារ​សុខាភិបាល ពាក់អាវ​ការពារ​មុន​ចូល​ជួប​អ្នក​ជំងឺ​អេបូឡា REUTERS/2Tango
ផ្សាយពាណិជ្ជកម្ម

លោក​សាស្ត្រាចារ្យ Jiro Yasuda និង​ក្រុម​ការងារ​នៅ​សាកលវិទ្យាល័យ​ណាហ្កាសាគី បាន​អះអាង​ថា វិធីសាស្ត្រ​ថ្មី​នៃ​ដំណើរ​ការ​ស្វែង​រក​មេរោគ​អេបូឡា​នេះ មិន​ត្រឹមតែ​មាន​ប្រសិទ្ធិភាព​ ដោយ​ចំណាយ​ពេលអស់​​ខ្លីបំផុត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​មាន​តម្លៃ​ថោក​ជាង​ប្រព័ន្ធ​ដែល​ដាក់​ឱ្យ​​ប្រើប្រាស់​ក្នុង​បណ្តា​ប្រទេស មាន​ការ​រាតត្បាត​រោគ​អេបូឡា  ​នៅ​អាហ្វ្រិក​ខាង​លិចទៅ​ទៀត។

អ្នកស្រាវជ្រាវ​ជប៉ុន ​បាន​​សម្រេច​រក​ឃើញ​វិធី​ថ្មី​នេះ ​ហៅ​តាម​បែប​ជីវវិទ្យា​ថា Amorce ​ដែល​អាច​​​​ពង្រីក​ខ្លួន​តែ​ជា​មួយ​នឹងវត្តមាន​នៃ​​ហ្សែន​ពិសេស​របស់​​វីរ៉ុស​អេបូឡា​ប៉ុណ្ណោះ នៅ​ពេល​មាន​​កម្តៅ​ត្រឹម​ពី​៦០​ទៅ​៦៥​អង្សារ។ ប្រសិន​បើ​ឈាម​មាន​វីរ៉ុស​អេបូឡា​ នោះ​អាដេអិន​ពិសេស​នឹង​ពង្រីក​ខ្លួន​ក្នុង​រយៈ​ពេល​៣០​នាទី តែ​បើ​គ្មាន​អេបូឡា​ទេ សារធាតុ​រាវ​នឹង​ឡើង​ល្អក់ ដែល​អាច​បញ្ជាក់​បាន​​ដោយ​ភ្នែកទទេ។

 
វិធីសាស្ត្រ​ដែល​គេ​ប្រើ​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ឈ្មោះ​ថា​ប្រតិកម្ម​ជា​ខ្សែ ប៉ូលីម៉េរ៉ាស ឬ​PCR ដែ​ល​ទាមទារ​ពេល​វេលា​ពី​មួយ​ទៅ​ពី​ម៉ោង និង​ត្រូវ​ការ​សម្ភារៈ​បរិក្ខារ​ពិសេស​ ដើម្បី​វិភាគ​ហ្សែន​មួយ ជា​ច្រើន​លើក​ច្រើន​សា​បន្ត​បន្ទាប់​គ្នា​ទើប​អាច​ទាញយក​ព័ត៌មាន​មក​​បូក​សរុប​ការ​វិភាគ​បាន។ ឯ​របប​គំ​ឃើញ​របស់​​គ្រូពេទ្យ​ជប៉ុន ត្រូវ​ការ​តែ​ឧបករណ៍​កម្តៅ​មួយ​ប្រើ​ដោយ​ថ្ម​ពិល​ មាន​តម្លៃ​ត្រឹម​មួយ​រយ​ពីររយ​ដុល្លារ​ ដែល​ប្រទេស​ជឿន​លឿន​អាច​ទិញ​បាន​យ៉ាង​ងាយ។

បើ​តាម​ប្រសាសន៍​លោកសាស្ត្រាចារ្យ​ យ៉ាស៊ូដា ពុំ​ទាន់​មាន​ប្រទេស​ណា​បញ្ជា​ទិញ​ឧបករណ៍​ធ្វើ​តេស្ត៍​អេបូឡា​លោក​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​រីករាយ​នឹង​ជូន​ជា​​អំណោយ នៅ​ពេល​ផលិត​រួច។ អេបូឡា​ រោគ​ឆ្លង​តាម​វត្ថុ​រាវ​ចេញ​ពី​ខ្លួន​មនុស្ស​បាន​បង្ក​ជំងឺរាត​ត្បាត​ ដូច​ពិភពលោក​ទាញ​សញ្ញា​អាសន្ន​។ អង្គការ​សុខភាព​ពិភពលោក​បាន​រាប់​ឃើញ​មាន​ស្លាប់​១៥៥២​នាក់ ក្នុង​ចំណោម​អ្នក​មាន​ផ្ទុកមេរោគ​អេបូឡា​ទាំង​៣០៦៩​នាក់​នៅ​លីបេរីយ៉ា ហ្គីណេ សៀរ៉ាឡេអូន នីហ្សេរីយ៉ា និង​ម្នាក់​នៅ​សេណេហ្កាល់៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ