អានតួអត្ថបទ
កូរ៉េខាងជើង-ជប៉ុន

ជប៉ុន​មិន​ព្រងើយកន្តើយ​ចំពោះ​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​ទេ

កូរ៉េខាងជើង​បាន​និង​កំពុង​បន្ត​គំរាមកំហែង​បងប្អូន​បង្កើត​គូសត្រូវ​របស់​ខ្លួន គឺ​កូរ៉េខាងត្បូង។ បន្ទាប់​ពី​បាន​ប្រកាស​ថា ខ្លួន​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម​ជាមួយ​ទីក្រុង​សេអ៊ូល​មក ឥឡូវ​នេះ ទីក្រុង​ព្យុងយ៉ាង​បាន​គំរាម​បិទ​តំបន់​ឧស្សាហកម្ម Kaesong នៅ​តាម​បណ្តោយ​ព្រំដែន​ដែល​ជា​តំបន់​នៃ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​រវាង​គ្នា។ ក្រៅ​ពី​កូរ៉េខាងត្បូង​ដែល​បាន​ចាត់​ទុក​ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​ថា មិន​ជា​រឿង​ធំ​ដុំ​នោះ សហគមន៍​អន្តរជាតិ​ជា​ទូទៅ​មិន​បាន​មើល​ស្រាល​ចំពោះ​បញ្ហា​នេះ​ទេ។ ជាក់ស្តែង​ប្រទេស​ជប៉ុន​ដែល​បាន​បញ្ជាក់​ថា ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​នា​រយៈពេល​ចុង​ក្រោយ​នេះ ហាក់​ដូច​ជា​មាន​លក្ខណៈ​ខុស​ប្លែក​ច្រើន បើ​ធៀប​នឹង​ការ​គំរាមកំហែង​លើក​មុនៗ។

លោកគីម ជុនអ៊ុន (រូបអង្គុយ)ប្រមុខ​ដឹកនំា​កូរ៉េខាងជើង
លោកគីម ជុនអ៊ុន (រូបអង្គុយ)ប្រមុខ​ដឹកនំា​កូរ៉េខាងជើង REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

សម្រាប់​ប្រទេស​ជប៉ុន ការ​គំរាមកំហែង​របស់​កូរ៉េខាងជើង​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គឺ​ជា​កាយវិការ​មួយ​ដែល​ហាក់​ដូច​ជា​បាន​ឃ្លាត​ឆ្ងាយ​ពី​ទម្លាប់​ធម្មតា​របស់​ខ្លួន មាន​ន័យ​ថា ហាក់​ដូច​ជា​មាន​លក្ខណៈ​ប្រាកដប្រជា​ដែល​គេ​មិន​គួរ​ធ្វើ​ព្រងើយកន្តើយ​ទេ។ បច្ចុប្បន្ន​នេះ ថ្នាក់ដឹកនំា​ជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​ជប៉ុន​បាន​ប្រកាស​ទទួល​ស្គាល់​ពី​ការ​ចម្រើន​ទៅ​មុខ​ជា​លំដាប់​នៃ​បច្ចេកវិទ្យា​គ្រាប់មីស៊ីល​របស់​កូរ៉េខាងជើង។ ក្រសួង​ការពារជាតិ​ជប៉ុន​បាន​បន្ថែម​ថា ពិភពលោក​ពិត​ជា​ច្រឡំ​ធំ​ហើយ​ដែល​បាន​មើល​ស្រាល​កូរ៉េខាងជើង នៅ​ពេល​ដែល​របប​កុម្មុយនិស្ត​មួយ​នេះ​បាន​គំរាម​វាយប្រហារ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ក្នុង​ទីក្រុង​អូគីណាវ៉ា ប្រទេស​ជប៉ុន និង​នៅ Guam នោះ។

គេ​ពិត​ជា​ចំា​បាន​មិន​ភ្លេច​ទេ​​ថា កាល​ពី​ប្រមាណ​ជា ១០ឆ្នំា​មុន មាន​មីស៊ីល​មួយ​គ្រាប់​របស់​កូរ៉េខាងជើង​បាន​ហោះ​រំលង​ដែនដី​ប្រទេស​ជប៉ុន ដោយ​គ្មាន​ប្រព័ន្ធរ៉ាដា​ណា​មួយ​ចាប់​បាន​ទេ និង​ដែល​កាល​ណោះ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល និង​អ្នក​ដែល​បាន​ញាក់សាច់​យ៉ាង​ខ្លំាង​ជាង​គេ គឺ​ជប៉ុន​តែ​ម្តង។ តំាង​ពី​ពេល​នោះ​មក រដ្ឋាភិបាល​ជប៉ុន​ក៏​បាន​សម្រេច​ដំឡើង​ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆំាង​មីស៊ីល​ជាមួយ​សហរដ្ឋអាមេរិក ដោយ​បាន​ចំណាយ​លុយ​រហូត​ដល់​ទៅ ៥ ០០០លានដុល្លារ។ ប្រព័ន្ធ​ខែលមីស៊ីល​ប្រឆំាង​មីស៊ីល​នេះ​បាន​ដាក់​ឲ្យ​ដំណើរការ​តំាង​ពី​កូរ៉េខាងត្បូង និង​អាមេរិក​បាន​ផ្តើម​សមយុទ្ធ​រវាង​គ្នា​មក។ សមយុទ្ធ​ដែល​ចូលរួម​ដោយ​កម្លំាង​ទាហាន​ប្រមាណ​ជា ៤០ ០០០នាក់ ក្នុង​នោះ ក៏​មាន​ការ​ចូលរួម​ពី​ទាហាន​អាមេរិកំាង​មួយ​ភាគ​ដែល​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ជប៉ុន​ដែរ។

អ្នក​ទទួល​ខុសត្រូវ​ម្នាក់​នៃ​ក្រសួង​ការពារជាតិ​ជប៉ុន​បាន​បញ្ជាក់​ថា ក្នុង​រយៈពេល​ដែល​ទាហាន​កូរ៉េខាងត្បូង និង​អាមេរិក​កំពុង​ធ្វើ​សមយុទ្ធ​ជាមួយ​គ្នា និង​ដែល​គ្រោង​បញ្ចប់​នៅ​ដំណាច់​ខែ​មេសា​ខាង​មុខ​នោះ កូរ៉េខាងជើង​នឹង​បន្ត​បញ្ចេញ​ប្រតិកម្ម​គំរាម ព្រម​ទំាង​ជៀសវាង​មិន​ទាក់ទង​ជាមួយ​សហរដ្ឋអាមេរិក​ទេ។ តែ​នេះ​មិន​មែន​មាន​ន័យ​ថា នៅ​ក្រោយ​សមយុទ្ធ​រវាង​ទីក្រុង​សេអ៊ូល និង​វ៉ាស៊ីនតោន ទីក្រុង​ព្យុងយ៉ាង​នឹង​បញ្ឈប់​ការ​បន្ត​ផ្គើន​សហគមន៍​អន្តរជាតិ​ដូច​ដែល​គេ​ធ្លាប់​បាន​ធ្វើ​ជា​រឿយៗ​កន្លង​មក​នោះ​ទេ។ ជាក់ស្តែង ការ​សាកល្បង​នុយក្លេអ៊ែរ​ជា​លើក​ទី៤ ប្រកប​ដោយ​ជោគជ័យ​នា​ពេល​ថ្មីៗ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ