អានតួអត្ថបទ
ជប៉ុន

ក្រុមហ៊ុន​តេបកូ​ជប៉ុន​ជួប​បញ្ហា​ក្នុង​ការ​បង្កកទឹក​មាន​ធាតុ​វិទ្យុ​សកម្ម​ នៅ​​ហ្វូគូស្ហ៊ីម៉ា​​

នៅថ្ងៃ​អង្គារ​នេះ ក្រុមហ៊ុនថាមពល​អគ្គិសនី​​​តេបកូ ដែល​ជា​ម្ចាស់​មជ្ឈមណ្ឌល​​នុយក្លេអ៊ែរ​ហ្វូគូស្ហ៊ីម៉ា​នៅ​ជប៉ុន​ បាន​ទទួល​ស្គាល់​ថា ជួបបញ្ហា​លំបាក ក្នុង​ការ​​​បង្កក​​ទឹក​​​​​មាន​ធាតុវិទ្យុ​សកម្ម នៅ​មជ្ឈមណ្ឌល។ ​អាជ្ញាធរ​ជប៉ុន​និង​ក្រុមហ៊ុន​តេបកូ ​ចង់ប្រើ​បច្ចេកទេស​បង្កក​ទឹក​មាន​ធាតុ​វិទ្យុសកម្ម ​ដើម្បី​ទប់ចរន្តទឹក​​ក្រោមដី នៅ​ជុំវិញ​ប្រតិករ​នុយក្លេអ៊ែរ ​​​មិនអោយ​ទឹក​ហូរ​ចូល​សមុទ្រ។

មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ហ្វូគូស្ហ៊ីម៉ា
មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​ហ្វូគូស្ហ៊ីម៉ា REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​អង្គារ​នេះ ក្រុមហ៊ុន​តេបកូ​​ជប៉ុន ​បាន​ទទួលស្គាល់ថា ​​ក្នុង​ទិសដៅ​កាត់បន្ថយ​​​ការ​រាលដាល​ធាតុ​វិទ្យុសកម្ម​​ទឹក​ក្រោមដី​ ​បច្ចេកទេស​​​របស់​ក្រុមហ៊ុ​ន ដើម្បី​​ធ្វើ​ជញ្ជាំង​​​ទឹកកក ​បង្កក​ទឹក​ជុំវិញ​ប្រតិករ​នុយក្លេអ៊ែរ ​បាន​​​ជួប​បញ្ហា។ ​ក្រុមហ៊ុន​ពិបាក​នឹង​​បញ្ចុះ​សីតុណ្ហភាព​ទឹក​នៅ​គ្រប់ទីកន្លែង ​ដូច្នេះ ទឹក​​មានធាតុ​វិទ្យុសកម្ម​មិន​បាន​កករឹង ក្លាយ​ជា​ផ្ទាំង​ទឹកកក​​ ដូច​ការគ្រោងទុក។ ​ក្នុង​បច្ចេកទេស​បង្កក​នេះ ក្រុមហ៊ុនតេបកូ​ ដាក់​ទុយយោជាច្រើន​​​បញ្ឈរ។ ទុយយោ​ទាំង​នេះ មាន​ផ្ទុក​វត្ថុរាវ​សម្រាប់​បង្កក​នៅ​ដី។ ប៉ុន្តែ ជញ្ជាំង​ទឹកក​​ក​មិនបាន​លេច​រូបរាង​ដូច​ការគិតទុក។

គួររំលឹក​ដែរថា ​មុននឹង​​​សាងសង់​ជញ្ជាំង​ទឹកកក​ក្រោម​ដី ​​​​មួយគីឡូម៉ែត្រ​កន្លះ​ នៅ​ជុំវិញ​​ម៉ាស៊ីន​ប្រតិកម្ម​​ចំនួន​៤ ​ដែល​រងគ្រោះ​​ដោយ​​​​រលក​យក្សស៊ូណាមី​ ឆ្នាំ​២០១១​នោះ ក្រុមហ៊ុន​ថាមពល​អគ្គិសនី​ជប៉ុន​​ ក៏​បាន​ប្រើ​បច្ចេកទេស​ដូចគ្នា​នេះ សម្រាប់​​ប្រតិករ​នុយក្លេអ៊ែរ​ទី២​ដែរ ​ដើម្បី​​​ទប់​ទឹក​​មិនអោយ​ហូរ​ចេញ​ពី​ក្រោមដី ​ចូល​សមុទ្រ។ កន្លងមក ​អ្នកជំនាញ​​ជាច្រើន​​ ​ធ្លាប់​គិតរួច​ហើយ​​ថា ការ​អនុវត្តន៍​បច្ចេកទេស​ធ្វើជញ្ជាំង​ទឹកកក​នេះ ​នឹង​ជួប​ការ​លំបាក ព្រោះថា ​ជញ្ជាំង​ទឹកកក​​ក្នុង​គម្រោង​មាន​ប្រវែង​វែងគួរសម។

​រលកយក្ស​ស៊ូណាមី​ឆ្នាំ​២០១១ បាន​ធ្វើ​អោយ​ប្រព័ន្ធបូមទកឹ​ត្រជាក់​នៅមជ្ឈមណ្ឌល​ ​ខូចខាត ​ជាហេតុ​ធ្វើ​អោយរ៉េអាក់ទ័រ​នុយក្លេអ៊ែរ​​ ​​ដែល​​ត្រូវការ​ទឹកត្រជាក់​ជា​ប្រចាំ ​​កើន​សីតុណ្ហភាព​​ខ្ពស់ ធ្វើ​ឲ្យ​រលាយ​ស្នូល​​ផ្ទុក​សារធាតុ​នុយក្លេអ៊ែរ បណ្តាល​អោយ​​ធាតុ​វិទ្យុសកម្ម​​លេចធ្លាយ​មក​​ក្រៅ។
ក្រុមហ៊ុន​តេបកូ​បាន​ប្រើ​ទឹក​ត្រជាក់​រាប់រយ​តោន​​រាល់​ថ្ងៃ​ ​ដើម្បី​បញ្ចុះសីតុណ្ហភាព​ស្នូល​រ៉េអាក់ទ័រ។ ​​ទឹកត្រជាក់​ត្រូវបាន​​លាយឡំ​ជាមួយ​​ធាតុវិទ្យុសកម្ម​ ​​នៃ​​ស្នូលរ៉េអាក់ទ័រ។ ក្រុមហ៊ុន​​បានសម្រេច​​​ផ្ទុក​​ទឹក​​មាន​ធាតុវិទ្យុសកម្មទាំង​​នេះ ​ក្នុង​ធុងទឹក​ធំៗ រាប់ពាន់​។ ប៉ុន្តែ គុណភាពធុង​​​មិនល្អ ធ្វើអោយ​​​​​ទឹក​​​​លេច​​ចេញ​ពី​ធុង ​ជ្រាបចូល​​ ​ប្រព័ន្ធ​ទឹក​ក្រោមដី ​ហើយ​ហូរ​ចូល​​​ក្នុង​សមុទ្ររៀងរាល់​ថ្ងៃ។

ដោយសារ​​ការលេចធ្លាយ​ធាតុវិទ្យុសកម្ម​ក្នុងកម្រិត​ខ្ពស់ ​​អាជ្ញាធរ​ទទួល​បន្ទុក​ផ្នែក​សុវត្ថិភាព​នុយក្លេអ៊ែរ​នៅ​ជប៉ុន បាន​សម្រេច​​​ដំឡើង​ចំណាត់ថ្នាក់​វិបត្តិ​នុយក្លេអ៊ែរ ពី​កម្រិត​ទី១ ​ដល់​កម្រិត ទី៣។  កម្រិត​ធ្ងន់ធ្ងរ​តាម​បទដ្ឋាន​អន្តរជាតិមាន​ដល់​កម្រិត​ទី៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ