អានតួអត្ថបទ
កម្ពុជា

អ្នក​កាសែត និង​អ្នក​ទេសចរ​មិន​ត្រូវ​អនុញ្ញាត​អោយ​ឡើង​ប្រាសាទ​ព្រះវិហារ​ឡើយ​

បញ្ហា​សន្តិសុខ​ត្រូវបាន​ពង្រឹង​កាន់តែ​ខ្លាំង​នៅ​ថ្ងៃ​នេះ នៅ​លើកំពូល​ភ្នំ​ប្រាសាទ​ព្រះវិហារ និង​នៅ​ជុំវិញ​ស្ថានទូត​ថៃ​ក្នុង​ទីក្រុង​ភ្នំពេញ។ អ្នកទេសចរ និង​អ្នកសារព័ត៌មាន​ដែល​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ អាច​ឡើង​ដល់​លើ​កំពូល​ភ្នំនោះ នៅ​ថ្ងៃ​ចន្ទ​នេះ​ ពួកគេ​មិន​ត្រូវ​អនុញ្ញាត​អោយ​ឡើង​លើ​ភ្នំទៀត​ឡើយ។ ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ លោក​ ជុច ភឿន​ បាន​បញ្ជាក់ថា នេះ​ជា​វិធាន​ការ​សន្តិសុខ។

ក្រុម​អ្នក​សារព័ត៌មាន​ទីភ្នាក់ងារជាតិ និង​អន្តរជាតិ ដែលទៅយក​ព័ត៌មាន​នៅ​តំបន់​ប្រាសាទព្រះវិហារ។
ក្រុម​អ្នក​សារព័ត៌មាន​ទីភ្នាក់ងារជាតិ និង​អន្តរជាតិ ដែលទៅយក​ព័ត៌មាន​នៅ​តំបន់​ប្រាសាទព្រះវិហារ។ @RFI
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ដែល​អ្នកទេសចរ​ត្រូវបាន​អនុញ្ញាត​អោយ​ឡើង​ទស្សនា​ប្រាសាទ​ព្រះវិហារ នៅ​ថ្ងៃ​ចន្ទ​នេះ ក្រៅពីសមត្ថកិច្ច​ដែល​មាន​តួនាទីបំពេញ​ភារកិច្ច​នៅ​លើកំពូល​ភ្នំ​នោះ ទាំង​អ្នកទេសចរ និង​អ្នក​សារព័ត៌មាន​​មិន​ត្រូវបាន​អនុញ្ញាត​អោយ​ឡើង​ទៅ​ប្រាសាទ​ព្រះវិហារទៀតឡើយ។

បទបញ្ជា​ថ្មីនេះ ត្រូវបាន​លោក​ជុច ភឿន ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ពន្យល់ថា គឺ​ដើម្បី​សន្តិសុខ និង​សុវត្ថិភាព​របស់​អ្នកទេសចរ។ ប្រធាន​អាជ្ញាធរ​ជាតិ​ព្រះវិហារ​បន្តថា អ្នកទេសចរ​ដែល​បាន​ទៅ​ដល់​តំបន់​ព្រះវិហារ​ហើយ​នោះ ត្រូវបាន​ស្នើអោយ​ទស្សនា​នៅ​ត្រឹម​សារៈមន្ទីរ​ធម្មជាតិ​សម្តេច​តេជោ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ឃុំ​ទីប្រជុំជន​ស្រអែម ចំងាយ​១៥​គីឡូម៉ែត្រ​ មុន​ទៅ​ដល់​ភ្នំ​ប្រាសាទ​ព្រះវិហារ។

ការ​ពង្រឹង​បញ្ហា​សន្តិសុខ​ជា​រឿង​ដែល​ចៀស​មិនរួច។ បើតាម​ការ​បញ្ជាក់​របស់​លោក​ជុច ភឿន មន្ត្រី​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ត្រូវបាន​ណែនាំ​អោយ​តាមដាន​ការ​ប្រកាស​សាលដី​កា​របស់​តុលាការ​ឡាអេ​ នៅ​រសៀល​ថ្ងៃ​នេះ​ផង និង​ត្រូវ​ត្រៀម​លក្ខណៈ​ទទួល​បញ្ជាពី​ថ្នាក់លើ​។
ប្រសិនបើ​គេសួរ​ថា តើ​នៅពេល​ណា​ទើប​អ្នកទេសចរ​ នឹង​ត្រូវ​អនុញ្ញា​ត​អោយ​ឡើង​ទស្សនា​បេតិកភណ្ឌ​ពិភពលោក​វិញនោះ លោក​ ជុច ភឿន​បាន​ឆ្លើយថា សេចក្តីសម្រេច​ថ្មី​នោះ នឹង​ត្រូវធ្វើ​ឡើង​តាម​ស្ថានភាព​ជាក់ស្តែង។

នៅ​ឯ​ក្នុង​រាជធានីភ្នំពេញ​វិញ កំលាំង​សមត្ថកិច្ច​ត្រូវបាន​បង្កើន​ដើម្បី​ការពារ​ និង​រក្សា​សន្តិសុខ​នៅ​ជុំ​វិញ​ស្ថានទូត​ថៃ។ ប៉ុន្តែ​ បើតាម​ការ​បញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេ​ស​កម្ពុជា លោកកុយ គួង​ រដ្ឋាភិបាល​ថៃ​ក៏​បាន​​​ពង្រឹង​សន្តិសុខ​នៅ​ជុំវិញ​ស្ថានទូតកម្ពុជា ​នៅ​ក្នុង​ទីក្រុង​បាងកក​ដូចគ្នា​ដែរ។ អ្នកនាំពាក្យ​ដដែល​បន្តថា នេះ​គឺ​ជាវិធានការ​បង្ការ​​​មិន​អោយ​មាន​ករណី​ជា​យថាហេតុ​អាច​កើត​ឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ