អានតួអត្ថបទ
កម្ពុជា

ជម្លោះ​ដីធ្លី នៅ​បាត់​ដំបង ក្លាយ​ជា​ជម្លោះ​រវាង​ព្រះសង្ឃ និង​តំណាង​រាស្ត្រ

ប្រជា​ពល​រដ្ឋ​ខេត្ត​បាត់​ដំបង ដែល​មាន​ជម្លោះ​ដីធ្លី​រ៉ាំរ៉ៃ ហើយ​ឡើង​មក​ដេក​តវ៉ា នៅ​ក្នុង​វត្ត​ចាស់ ស្ថិត​នៅ​សង្កាត់​ជ្រោយ​ចង្វា រាជ​ធានី​ភ្នំ​ពេញ យូរ​ថ្ងៃ​មក​ហើយ នៅ​ពេល​នេះ បែរ​ជា​ជម្លោះ​ដី​ធ្លី​នោះ រាល​ដាល​ទៅ​ជា​ជម្លោះ​រវាង​ព្រះ​សង្ឃ និង​លោក ឈាង វុន អ្នកតំណាង​រាស្ត្រ គណ​បក្ស​ប្រជា​ជន​កម្ពុជា ប្រចាំ​ខេត្ត​បាត់​ដំបង។ នោះ​គឺ​កាល​ពី​ល្ងាច ថ្ងៃទី​៣​វិច្ឆិកា ព្រះ​សង្ឃ អះ​អាង​ថា លោក ឈាង វុន បាន​ប្រើ​ពាក្យ​សំ​ដី​ទ្រ​គោះ​បោះ​បោក​ឥត​គួរ​សម មក​លើ​ព្រះសង្ឃ ហើយ​ថែម​ទាំង​បណ្តេញ​ឲ្យ​ព្រះ​សង្ឃ ឲ្យ​បក​ស្បង​ចីវរ​ចេញ​ទៀត​ផង។ ប៉ុន្តែ​លោក​ឈាង​វុន បាន​បដិ​សេធ​។

ព្រះសង្ឃ និង សមត្ថកិច្ច​ប៉ះ​ទង្គិច​គ្នា​ក្នុងទីក្រុងភ្នំពេញនាពេលកន្លងមក។
ព្រះសង្ឃ និង សមត្ថកិច្ច​ប៉ះ​ទង្គិច​គ្នា​ក្នុងទីក្រុងភ្នំពេញនាពេលកន្លងមក។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

បណ្តាញ​ព្រះសង្ឃ​ឯក​រាជ្យ​ដើម្បី​យុត្តិ​ធម៌​សង្គម បាន​ធ្វើ​សន្និ​សីទ​កាសែត នៅ​ព្រឹក​ថ្ងៃ​ទី៤​វិច្ឆិកា ហើយ​លើក​ឡើង​ពី​ការ​ប្រមាថ​មក​លើ​ព្រះ​សង្ឃ ពី​សំណាក់​អ្នក​តំណាង​រាស្ត្រ ប្រ​ចាំ​មណ្ឌល​ខេត្ត​បាត់​ដំបង មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈាង វុន។ លោក ឈាង​វុន ត្រូវ​បាន​បណ្តាញ​ព្រះ​សង្ឃ លើក​ឡើង​ថា កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣​វិច្ឆិកា លោក​ឈាង​វុន បាន​ទិញ​ស្រា​បៀរ យក​ទៅ​ចែក​ចាយ និង​ផឹក​ក្នុង​វត្ត​ចាស់ សង្កាត់​ជ្រោយ​ចង្វា ​រាជ​ធានី​ភ្នំពេញ ហើយ​ប្រើ​ពាក្យ​សំដី​ទ្រ​គោះ​បោះ​បោក ឥត​គួរ​សម មក​លើ​ព្រះ​សង្ឃ ​ដែល​ជា​សមាជិក​បណ្តាញ​ព្រះ​សង្ឃ​ឯក​រាជ្យ​ដើម្បី​យុត្តិ​ធម៌​សង្គម ដែល​គង់​នៅ​វត្ត​នោះ​។ ព្រះ​សង្ឃ ក៏​បាន​អះ​អាង​ថា តំណាង​រាស្ត្រ​ពូកែ​វោហា​ស័ព្ទ លោក ឈាង វុន ថែម​ទាំង​បណ្តេញ​ឲ្យ​ព្រះ​សង្ឃ បក​ស្បង​ចីវរ​ចេញ​ទៀត​ផង​។

ព្រះ​តេជ​គុណ ប៊ុត ប៊ុន​តិញ ស្ថាប​និក​បណ្តាញ​ព្រះសង្ឃ​ឯក​រាជ្យ បាន​បញ្ជាក់​ថា ក្រុម​ព្រះ​សង្ឃ ទាម​ទារ ទី១ ឲ្យ​លោក ឈាង វុន សុំទោស​ព្រះ​សង្ឃ និង​ទី២ លោក​ឈាង វុន ត្រូវ​សង​ជំងឺ​ចិត្ត​ដល់​ព្រះ​សង្ឃ​នូវ​លុយ ១០០០ រៀល ស្រប​តាម​ក្រម​ព្រហ្ម​ទណ្ឌ ដើម្បី​លុប​លាង​ទង្វើ​ប្រមាថ​លើ​ព្រះ​ពុទ្ធ​សាសនា​។

បណ្តាញ​ព្រះសង្ឃ ក៏​បាន​ព្រមាន​ថា បើ​លោក​ឈាង​វុន មិន​ព្រម​សុំទោស និង​បង់​ប្រាក់​ពិន័យ​នោះ​ទេ គឺ​នៅ​ក្រោយ​បុណ្យ​អុំទូក បណ្តាញ​ព្រះសង្ឃ នឹង​ធ្វើ​បាតុ​កម្ម ដាក់​ញត្តិ នៅ​រដ្ឋ​សភា ដើម្បី​ទាមទារ​ឲ្យ​លោក​ឈាង​វុន សុំទោស​ព្រះ​សង្ឃ។ ព្រះ​សង្ឃ ក៏​គ្រោង​នឹង​ស្ទាក់​ព័ទ្ធ បង្ខំ​ឲ្យ​លោក​ឈាង​វុន សុំទោស នៅ​ពេល​លោក​ចូល​វត្ត។

ក៏​ប៉ុន្តែ​លោក ឈាង វុន បាន​បដិ​សេធ​នូវ​ការ​លើក​ឡើង​របស់​ព្រះ​សង្ឃ ហើយ​ទាម​ទារ​ឲ្យ​ព្រះ​សង្ឃ ទទួល​ស្គាល់​ការ​ពិត។ ក្នុង​ន័យ​នេះ លោក​ឈាង​វុន ដែល​ជា​អតីត​ក្មេង​វត្ត មិន​ព្រម​ធ្វើ​តាម​បណ្តាញ​ព្រះ​សង្ឃ​ទេ និង​ប្រកាស​រង់​ចាំ​ទទួល​បាតុ​កម្ម​របស់​ព្រះ​សង្ឃ នៅ​មុខ​រដ្ឋ​សភា ក្រោយ​ពិធី​បុណ្យ​អុំ​ទូក​។

យ៉ាង​ណា​ក៏​ដោយ តាម​តំណាង​រាស្ត្រ​ខេត្ត​បាត់​ដំបង លោក​ឈាង​វុន ជម្លោះ​ដីធ្លី​រវាង​ប្រ​ជា​ពល​រដ្ឋ និង​ប្រ​ជា​ពល​រដ្ឋ នៅ​ខេត្ត​បាត់​ដំបង គឺ​ប្រជា​ពល​រដ្ឋ ដែល​កំពុង​ស្នាក់​នៅ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយ​ចង្វារ ត្រូវ​វិល​ត្រ​ឡប់​ទៅ​ដោះ​ស្រាយ​នៅ​ដី​ជម្លោះ ឯ​ខេត្ត​បាត់​ដំបង ទើប​មាន​ដំណោះ​ស្រាយ។ ក្នុង​ជម្លោះ​ដីធ្លី​នេះ តាម​លោក​ឈាង​វុន បើ​ព្រះសង្ឃ ចង់​ចូល​រួម​ដោះ​ស្រាយ ក៏​ត្រូវ​តែ​ដោះ​ស្បង​ចីវរ​ចេញ​សិន ត្បិត​អី ជា​ជម្លោះ​រវាង​ប្រជា​ពល​រដ្ឋ​មួយ​ក្រុម និង​ប្រ​ជា​ពល​រដ្ឋ​មួយ​ក្រុម​ផ្សេង​ទៀត​។

ជា​ការ​កត់​សម្គាល់ នេះ​ជា​ប្រតិ​កម្ម លើក​ទី​២ ហើយ លើ​ទង្វើ និង​ពាក្យ​សម្តី​របស់​លោក​តំ​ណាង​រាស្ត្រ ឈាង​វុន។ កាល​ពី​ចុង​អាណត្តិ​ទី៤ ក្នុង​ឆ្នាំ​២០១២ លោក​ឈាង​វុន បាន​ថ្លែង​ក្នុង​វេទិកា​រដ្ឋសភា ដែល​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង ចាត់​ទុក​ថា ជា​ការ​ប្រមាថ ហើយ​ទាម​ទារ​ឲ្យ​លោក​សុំ​ទោស​ម្តង​រួច​មក​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ