អានតួអត្ថបទ
កម្ពុជា

អង្គការ NGO Forum ចេញ​​​របាយការណ៍​ស្ដី​ពី ការ​វិភាគ​ស្ថិតិ​អំពី​វិវាទ​ដី​ធ្លី​នៅកម្ពុជា ឆ្នាំ​២០១៣

នៅ​ថ្ងៃ​ចន្ទ ទី​៣​វិច្ឆិកា​នេះ វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្ដី​ពី​កម្ពុជា សហការ​ជាមួយ​បណ្ដាញ​សិទ្ធិ​ដី​ធ្លី​និងលំនៅដ្ឋាន បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ស្ដី​ពី​ការ​វិភាគ​ស្ថិតិ​អំពី​វិវាទ​ដី​ធ្លី​នៅ​កម្ពុជា ក្នុង​ឆ្នាំ​២០១៣​។ ការរក​ឃើញ​នៅ​ក្នុង​របាយការណ៍​នេះ​បង្ហាញ​ថា ចំនួន​នៃ​វិវាទ​ដី​ធ្លី​ថ្មី​ក្នុង​ឆ្នាំ​២០១៣ មាន​កម្រិត​ទាប បើ​ធៀប​ទៅ​នឹង​ករណី​ដែល​បាន​កត់​ត្រា​ទុក​ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​។

ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។
ពលរដ្ឋមានជម្លោះដីធ្លី ធ្វើការតវ៉ាទាមទារយកដីរបស់ខ្លួនមកវិញ នាពេលកន្លងមក។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

ការ​រក​ឃើញ​សំខាន់​ៗ នៅ​ក្នុង​របាយការណ៍ ការ​វិភាគ​ស្ថិតិ​អំពី​វិវាទ​ដី​ធ្លី​នៅ​កម្ពុជា ឆ្នាំ​២០១៣ បង្ហាញ​ថា ​ វិវាទ​ដី​ធ្លី​បាន​កើត​ឡើង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ហើយ​រាជធានី​ភ្នំពេញ គឺ​ជា​កន្លែង​ដែល​មាន​អត្រា​វិវាទ​ដី​ធ្លី​ខ្ពស់​ជាង​គេ ខណៈ​ដែល​ខេត្ត​រតនគិរី ស្ថិត​នៅ​លំដាប់​ទី​២​។ វិវាទ​ដី​ធ្លី​ក៏​កើត​មាន​នៅ​ខេត្ត​ផ្សេង​ទៀតដែរ​ ដូច​ជា​ខេត្ត​ពោធិ៍សាត់ កំពង់ស្ពឺ កំពង់ចាម និង​បន្ទាយមាន​ជ័យជាដើម។

បើ​តាម​របាយការណ៍ ចំនួន​វិវាទ​ដី​ធ្លី​ថ្មី​ក្នុង​ឆ្នាំ​២០១៣ គឺ​កម្រិត​ទាប​ជាង បើ​ធៀប​ទៅ​នឹង​ករណី​ដែល​បាន​កត់​ត្រា​ទុក ក្នុង​រយៈ​ពេល​៣​ឆ្នាំ​កន្លង​មក​។ នៅ​ក្នុង​ឆ្នាំ​២០១៣ វិវាទ​ដី​ធ្លី​ចំនួន​៤ បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ការ​ផ្លាស់​ទី​លំនៅ​ដោយ​បង្ខំ ដែល​ករណី​ទាំង​៤​នេះ កើត​ឡើង​នៅ​ក្នុង​ខេត្ត​ព្រះ​វិហារ​។ ក្រៅ​ពី​ចំនួន​វិវាទ​ដី​ធ្លី​ថ្មី​មាន​កម្រិត​ទាប​ជាង​មុន ចំនួន​ករណី​​ដែល​មិន​ទាន់​ដោះ​ស្រាយ ក៏​បាន​ថយ​ចុះ​ពី​ចំនួន​១០៨​ករណី​ក្នុង​ឆ្នាំ​២០១២ មក​ត្រឹម​៨១​ករណី ក្នុង​ឆ្នាំ​២០១៣​ផង​ដែរ​។

របាយការណ៍​ដែល​រៀបចំ​ធ្វើ​ដោយ​វេទិកា​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល ស្ដី​ពី​កម្ពុជា សហការ​ជាមួយ​បណ្ដាញ​សិទ្ធិ​ដី​ធ្លី​និង​លំនៅដ្ឋាន​នេះ ឲ្យ​ដឹង​ទៀត​ថា សម្បទាន​ដី​សេដ្ឋកិច្ច គឺ​ជា​មូលហេតុ​ចម្បង​នៃ​វិវាទ​ដី​ធ្លី​។ ៨០​វិវាទ ឬ​២៥​ភាគរយ នៃ​វិវាទ​ដី​ធ្លី​សរុប គឺ មាន​ពាក់ព័ន្ធ​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​។ វិវាទ​ទាំង​នោះ បើ​ផ្អែក​តាម​ការ​រក​ឃើញ គឺ​ពាក់ព័ន្ធ​ជាមួយ​គ្រួសារ​ចំនួន​១​ម៉ឺន​៩​ពាន់​៧៤០ ស្មើ​នឹង​ប្រជាជន​ចំនួន ៩​ម៉ឺន​២​ពាន់​៧៧៨​នាក់​។

គួរ​ជម្រាប​ជូន​ថា កន្លង​មក រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ចំនួន​១១១ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ទទួល​ខុស​ត្រូវ​ពី​ក្រសួង​បរិស្ថាន​។ នៅ​ចំពោះ​មុខ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​រសើប​នេះ​ រដ្ឋ​មន្ដ្រី​ក្រសួង​បរិស្ថាន​ថ្មីដែល​ទើប​តែ​ឡើង​កាន់​តំណែង​កាល​ពី​ឆ្នាំ​២០១៣ បាន​ដក​ហូត​ដី​សម្បទាន​ពី​ក្រុមហ៊ុន​មួយ​ចំនួន​ជា​បន្ត​បន្ទាប់។ ចំណាត់​ការ​ថ្មីៗទាំង​នេះ បាន​ទទួល​ការ​សាទរ​ពី​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ធ្លី ប៉ុន្តែ​សង្គម​ស៊ីវិល​ខ្លះ​ថា វា​ហាក់​ដូច​ជា​យឺត​ពេល​បន្តិច​ទៅ​ហើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ