អានតួអត្ថបទ
ឡាវ

ផ្សារ​មូលបត្រ​ឡាវ​ចាប់​បើកទ្វារ​លក់ដូរ​នៅ​ដើម​សប្តាហ៍​ក្រោយ

នៅដើម​សប្តាហ៍ក្រោយនេះ ទីផ្សារ​មូលបត្រ​​ដ៏​ថ្មី​ស្រឡាង​មួយ​នឹង​ចាប់​ដំណើរការ នៅ​ប្រទេស​ឡាវ។ សម្រាប់​​​ប្រទេស​ប្រកាន់​យក​របបដឹកនាំ​បែប​កុម្មុយនិស្ត​មួយនេះ ការ​បើក​ ផ្សារ​មូលបត្រ​​ គឺ​ជា​ការ​បោះជំហាន​ដ៏​សំខាន់​ចូល​ទៅក្នុង​ពិភព​មូលធន​និយម។ ក៏ប៉ុន្តែ ឡាវ​ទំនង​ជា​ត្រូវការ​ពេលវេលា​ច្រើន ដើម្បី​ស្វែងរកទំនុកចិត្ត​ពី​​អ្នកវិនិយោគ។

អគារ​ទីស្នាក់ការ​គណៈកម្មការ​ផ្សារ​មូលបត្រ​ឡាវ
អគារ​ទីស្នាក់ការ​គណៈកម្មការ​ផ្សារ​មូលបត្រ​ឡាវ
ផ្សាយពាណិជ្ជកម្ម

02:00

សេចក្តីរាយការណ៍​របស់ សេង ឌីណា

ទីផ្សារ​មូលបត្រឡាវ (ឬ​ផ្សារ​ភាគហ៊ុន) នឹង​ចាប់បើក​ទ្វារ​លក់​ដូរ​​ជាផ្លូវការ នៅថ្ងៃ​អង្គារ ១១ មករា ២០១១​នេះ។ 

រដ្ឋាភិបាល​កុម្មុយនិស្ត​ឡាវ កំពុង​តែ​ព្យាយាម​ស្វែងរក​មធ្យោបាយ​ធ្វើ​យ៉ាងណា​ឲ្យ​ប្រជាជន​ទាំង ៦លាន​នាក់ អាច​​កាត់បន្ថយ​ការពឹងផ្អែក​​តែ​លើ​វិស័យ​កសិកម្ម និង​ជំនួយ​បរទេស ដោយ​ងាក​ទៅអភិវឌ្ឍ​​វិស័យ​ផ្សេងវិញ ជាពិសេស ការ​ធ្វើ​អាជីវកម្ម​រ៉ែ និង​ការផលិត​ថាមពល​អគ្គិសនី។ ឡាវ​រំពឹង​ថា ទីផ្សារ​មូលបត្រ​នឹង​អាច​ជួយ​ប្រមូល​ទុន ដើម្បី​យក​ទៅ​​អភិវឌ្ឍ​វិស័យ​ទាំងនេះ។

នៅ​ក្នុង​ចំណោម​ក្រុមហ៊ុន​ ដែល​ចុះឈ្មោះ​លក់​ភាគហ៊ុន គេ​ឃើញ​មាន​​​ក្រុមហ៊ុន​អគ្គិសនី​​​ដ៏ធំ​​មួយ​របស់​រដ្ឋឡាវ គឺ​ក្រុមហ៊ុន​ EDL ។ EDL បាន​សម្រេច​យក​ភាគហ៊ុ​ន​មួយ​ផ្នែក ទៅលក់​នៅ​ផ្សារ​ភាគហ៊ុន ដើម្បី​ប្រមូល​ដើម​ទុន​ទៅ​វិនិយោគ ក្នុង​ការ​សាងសង់​រោងចក្រ​អគ្គិសនី នៅតាម​ទី​ជនបទ។

អគ្គនាយក​ផ្សារ​មូលបត្រ​ឡាវ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា ផ្សារ​មូលបត្រ​ គឺ​ជា​មធ្យោបាយ​ប្រមូលទុន​វិនិយោគ​បាន​លឿន​បំផុត។ ការបើក​ផ្សារ​មូលបត្រ​នឹង​អាច​ជា​កម្លាំង​ចលករ​ដ៏សំខាន់​មួយ សម្រាប់​សេដ្ឋកិច្ចឡាវ ដើម្បី​​​ចូលរួម​ចំណែក​ដ៏សំខាន់​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ។

គួរ​បញ្ជាក់ថា ឡាវ គឺ​ជា​ប្រទេស​កុម្មុយនិស្ត​ ប្រកាន់​យក​របបដឹកនាំ​បែប​ឯកបក្ស ក៏ប៉ុន្តែ អនុវត្ត​នយោបាយ​សេដ្ឋកិច្ច​ទីផ្សារ​សេរី ដោយ​យក​គំរូ​តាម​ចិន និង​វៀតណាម ដែល​ជា​ប្រទេស​ជិតខាង និង​ជា​ប្រទេស​កុម្មុយនិស្ត​ដូចគ្នា។

គួររំឭកថា វៀតណាម​បាន​ចាប់​បើក​ផ្សារ​មូលបត្រ កាល​ពី​ឆ្នាំ​២០០០។ នៅ​ពេល​បើក​លក់​ដំបូង មូលបត្រ​ ដែល​ចរាចរ​លើ​ទីផ្សារ​វៀតណាម មាន​តម្លៃ​តែ​ប្រមាណ ៤៣​លាន​ដុល្លារ​ប៉ុណ្ណោះ ហើយ​ពោរពេញ​ទៅ​ដោយ​រឿងចម្រូងចម្រាស ដោយ​គេ​សង្ស័យ​អំពី​ការ​លក់​ដូរ​ដោយ​ខុសច្បាប់ ជាហេតុ​ធ្វើ​ឲ្យ​អ្នកវិនិយោគ​គ្មាន​ទំនុកចិត្ត។ នៅពេលនេះ ១១​ឆ្នាំ​ក្រោយ​​​ពី​ការ​ចាប់ដំណើរការ​​តម្លៃ​មូលបត្រ​នៅលើ​ទីផ្សារ​​វៀតណាម​​បាន​​​កើន​ឡើង​ជិត​១ពាន់​ដង ពោល​គឺ​ រហូតដល់​ ៣៣​ពាន់​លាន​ដុល្លារ​ឯណោះ។

សម្រាប់ឡាវ ដើម្បី​ឲ្យ​ទុន​វិនិយោគ​ហូរចូល​មក​បាន ផ្សារ​មូលបត្រ​ឡាវ​​​ត្រូវតែ​​​ធានា​ឲ្យ​បាន​នូវ​ការ​គោរពច្បាប់ និង​តម្លាភាព ក្នុង​ការ​ទិញដូរ​មូលបត្រ ដើម្បី​ឲ្យ​​អ្នក​វិនិយោគទុកចិត្ត​ ហ៊ាន​​ប្រថុយប្រថាន​បោះទុន​មក​វិនិយោគ។ ​ផ្សារ​មូលបត្រ​ឡាវ​ទំនង​ជា​នឹង​ត្រូវ​ការ​ពេលវេលា​ច្រើន ដើម្បី​បង្កើត​ទំនុកចិត្ត​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ