អានតួអត្ថបទ
កម្ពុជា

លោក​​ទេពនីថា​៖«មាន​គណបក្ស​មិន​ដល់​១០​ទេ​ដែល​ប្រកួត​ក្នុង​ខែ​កក្កដា»​

គណៈកម្មាធិការ​​ជាតិ​​រៀបចំ​​ការ​​បោះឆ្នោត​ហៅ​​កាត់ថា​គជប​​ បាន​​ប្រកាស​អោយ​គណបក្ស​​នយោបាយ​ទាំង​អស់​​ត្រៀម​​ចុះ​​ឈ្មោះ​​ចូល​​ប្រកួត​​ក្នុង​​ការ​​បោះឆ្នោត​​ជ្រើស​តាំង​​តំណាងរាស្ត្រ​​ក្នុង​​ខែ​​កក្កដា​​ខាង​​មុខ​​នេះ។​ កាល​បរិច្ឆេទ​ផ្តើម​ចុះ​ឈ្មោះ​មិនទាន់ដល់​នៅឡើយទេ ប៉ុន្តែ​ថ្នាក់​ដឹក​នាំរបស់ គជប បាន​ព្រលយ​អោយដឹងហើយថា ចំនួន​គណបក្ស​នយោបាយ​ដែល​នឹង​ចុះ​ឈ្មោះ​​នោះទំនង​ជា​មិន​មាន​ដល់​១០​ឡើយ។

លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត
លោក អ៊ឹម សួស្តី ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត RFI
ផ្សាយពាណិជ្ជកម្ម

បើ​ទោះជា​កាល​បរិច្ឆេទ​នៃ​ការ​ចុះ​បញ្ជី​​គណបក្សនយោបាយ​ឈ​ឈ្មោះបោះឆ្នោតនិង​បញ្ជី​បេក្ខជន​​ឈ​រឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​នៅមិនទាន់មកដល់​ក៏ដោយ។ ប៉ុន្តែ បើ​តាម​ការ​ស្ទាប​ស្ទង់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត គជប​ នោះ គណបក្ស​នយោបាយ​ប្រកួត​​ប្រជែង​នៅ​ថ្ងៃ​ខាងមុខនោះ ប្រហែលជា​មានមិន​ដល់​១០​គណបក្ស​ឡើយ។

 
ការ​ចុះបញ្ជី​គណបក្ស​នយោបាយ​ឈឈ្មោះបោះឆ្នោត និង​បញ្ជី​បេក្ខជន​ឈឈ្មោះ​សម្រាប់​ការ​បោះឆ្នោតនឹង​ប្រព្រឹត្តិទៅ​ចន្លោះពី​ថ្ងៃទី​២៩​ខែមេសានេះដល់​ថ្ងៃទី​១៣​ខែឧសភា។

អគ្គ​លេខាធិការ​ គជប លោក​ទេព នីថា​បាន​បញ្ជាក់ប្រាប់វិទ្យុបារាំង​អន្តរជាតិ​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ថា ការ​ប៉ាន់​ស្មាន​ឃើញ​ចំនួន​គណបក្ស​នយោបាយ​មិន​ដល់​១០​ថា​នឹង​ចូលរួម​ក្នុង​ការ​ប្រកួត​ប្រជែង​ក្នុង​ការបោះឆ្នោត​នោះ ត្រូវបានយោងទៅលើមូលហេតុ​មួយ​ចំនួន។

លោកអគ្គលេខាធិការ​ គជប បន្តថា ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​លើក​ចុងក្រោយ​មាន​គណបក្ស​នយោបាយ​តែ​​១០​​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ក្នុង​ការបោះឆ្នោតនោះ ហើយ​ឥឡូវនេះ​មាន​គណបក្ស​មួយ​ចំនួន​បាន​រួម​បញ្ចូល​គ្នា​ធ្វើ​ជា​បក្ស​តែ​មួយ។ ម្យ៉ាង​វិញទៀត ការ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ត្រូវ​ការ​ចំណាយច្រើន ហើយ​តាមច្បាប់​បោះឆ្នោត គណបក្ស​ដែល​ចូលរួម​ក្នុង​ការ​ប្រកួតប្រជែង​នេះ​ត្រូវ​មាន​បេក្ខជន​តំណាងរាស្ត្រ​ឈរ​ឈ្មោះ​អោយ​បាន​យ៉ាងហោច​ណាស់​១ភាគ​៣​នៃ​ចំនួន​អាសនៈ​ក្នុង​រដ្ឋសភា​ដែរ។

បើតាម​ការ​អត្ថាធិប្បាយ​របស់​លោក​ទេព នីថាទំហំ​​ចំនួន​គណបក្ស​នយោបាយ​នៅ​ពេល​ខាង​មុខ​​នេះគឺ​ជា​ចំនួន​គណបក្ស​ដ៏​តិច​មិន​ធ្លាប់​មាន​នៅ​ក្នុង​ប្រវត្តិ​នៃ​ការ​បោះឆ្នោត​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​អះអាង​ថា ការ​ធ្លាក់ចុះ​នៃ​ចំនួន​គណបក្ស​នយោបាយ​នេះ មិនមែនជាសញ្ញា​នៃការ​ធ្លាក់​ចុះ​​​​នៃ​​លទ្ធិប្រជាធិបតេយ្យនិង​របប​សេរី​ពហុបក្ស​អ្វី​នោះឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ