អានតួអត្ថបទ
ស៊ីរី-រុស្ស៊ី

មីទ្ទិញ​ប្រឆាំង​ទល់​នឹង​រុស្ស៊ី​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋធានី​​លីបង់

ពេល​ដែល​មីទ្ទិញនេះ ប្រព្រឹត្ត​ទៅ​នៅ​ពី​មុខស្ថានទូត​រុស្ស៊ី ក្នុង​ក្រុង Beyrouth ប្រឆាំង​នឹង​ការ​គាំទ្រ​របស់​ម៉ូស្គូ ដល់​របប​លោក​ប្រធានាធិបតី​ស៊ីរី Bachar-al-Assad នាវា​ចម្បាំង​រុស្ស៊ី​មួយ​ក្រុម បាន​បើក​​​ចូល​ដល់​សមុទ្រ Méditerranée ទៅ​ហើយ តាម​មើល​ទៅ គឺ​តម្រង់​ទៅ​កាន់​ឆ្នេរ​ប្រទេស​ស៊ីរី​តែ​ម្តង។

ជន​ស៊ីវិល​ស៊ីរី​ម្នាក់​កុំពុង​ឈរ​ពិនិត្យ​មើល​រថក្រោះ​កងទ័ព​ស៊ីរី​នៅ​លើ​ផ្លូវ​សំខាន់​នៅ​ Azaz​ ប៉ែក​ខាង​ជើង​ស៊ីរី ​ថ្ងៃ​២៥​កក្កដា​២០១២​
ជន​ស៊ីវិល​ស៊ីរី​ម្នាក់​កុំពុង​ឈរ​ពិនិត្យ​មើល​រថក្រោះ​កងទ័ព​ស៊ីរី​នៅ​លើ​ផ្លូវ​សំខាន់​នៅ​ Azaz​ ប៉ែក​ខាង​ជើង​ស៊ីរី ​ថ្ងៃ​២៥​កក្កដា​២០១២​ REUTERS/Umit Bektas
ផ្សាយពាណិជ្ជកម្ម

យុវជន​ជាតិ​លីបង់ និង​ជាតិ​ស៊ីរី រាប់​សិប​នាក់ ដែល​តាម​ការ​ប្រកូក​ប្រកាស​លើ​ទំព័រ Facebook បាន​ទៅ​ប្រមូល​ផ្តុំ ជួប​ជុំគ្នា​នៅ​ពី​មុខ​ស្ថានទូត​រុស្ស៊ី ​ក្នុង​ក្រុង Beyrouth ហើយ​នាំ​គ្នា គប់ ទៅ​លើ​អគារ​ស្ថានទូត​នោះ គឺ​យន្តហោះ​តូចៗ​ធ្វើ​ពី​ក្រដាស សរសេរ​ទៅ​ដោយ​ឈ្មោះ​ពលរដ្ឋ ស៊ីរី​ណា ធ្លាក់​ខ្លួន​ស្លាប់​ ដោយ​មក​ពី​ការ​បាញ់​បង្ក្រាប ពី​ខាង​កង​កម្លាំង​អាជ្ញាធរ​ស៊ីរី លើ​ចលនា​ងើប​ឡើង​បះបោរ របស់​ពួក​គេ ប្រឆាំង​នឹង​របប​ផ្តាច់ការ​នៃ​ប្រធានាធិបតី​ស៊ីរី​ Bachar-al-Assad របប​ដែល​តែង​ទទួល​ការ​គាំទ្រ​ពី​សម្ព័ន្ធ​មិត្ត​រុស្ស៊ី​របស់​ខ្លួន។

មកពី​មូលហេតុ​នេះ បាន​ជា លើ​ផ្ទាំង​បដា ជ្រោង​លើក​ឡើង​ដោយ​បាតុករ​ទាំង​នោះ មាន​រំលេច ចេញ​មក​នូវ​ឃ្លា​ ទាមទារ​ពី​រុស្ស៊ី ៖” ឲ្យ​ឈប់​បំពាក់​អាវុធ​ដល់​របប​ស៊ីរី​នោះ “,”ឲ្យ​ឈប់​ជួយ​ចូក​ចែវ ដល់​ឃាតកម្ម​រង្គាល​នៅ​ស៊ីរី “។ បដា​មួយ​ថែម​ទាំង​មាន​ន័យ​ផ្គើន​ឲ្យ​រុស្ស៊ី​ទៅ​ផង ថា៖
“ រដូវ​​​ធ្លាក់​ទឹក​កក​នៅ​រុស្ស៊ី មិន​អាច​បញ្ឈប់​ដំណើរ​ទៅ​មុខ នៃ​រដូវ​ស្លឹកឈើ​លាស់​នៅ​ស៊ីរី​ឡើយ”។

សេចក្តី​សម្រេច​អនុម័ត​យក ដោយ​មីទ្ទិញ​នោះ អំពាវនាវ​រដ្ឋាភិបាល​រុស្ស៊ី ឲ្យ​ឈប់​ផ្តល់ រាល់​ជំនួយ​ផ្លូវ​នយោបាយ ផ្លូវ​ការ​ទូត ផ្លូវ​យោធា ដល់​របប​គ្រប់គ្រង​នៅ​ស៊ីរី។

គួរ​រំលឹក​ថា ប៉ុន្មាន​ថ្ងៃ​មុន ដោយ​រួម​ជា​មួយ​ចិន រុស្ស៊ី ក្នុង​ឋានៈ​ជា​បង្អែក​យូរ​ឆ្នាំ​មក​ហើយ ខាង​ ផ្តល់​អាវុធ​ដល់​ស៊ីរី បាន​ប្រើ​ជា​លើក​ទី​៣​សិទ្ធិ​វេតូ​ ខ្ទប់​មិន​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប. ចេញ​ទៅ​កើត​សេចក្តី​សម្រេច​ដែល​គម្រាម​មួល​ខ្ចៅ​បន្តឹង​ទណ្ឌកម្ម​
ទល់​នឹង​ក្រុង​ដាម៉ាស។

ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ តាម​ដែល​ក្រសួង​ការពារជាតិ​រុស្ស៊ី ប្រកាស​ឲ្យ​ដឹង ថ្ងៃ​២៤​កក្កដា មាន​នាវា​ចម្បាំង​រុស្ស៊ី​មួយ​ក្រុម បាន​បើក​ឆ្លង​កាត់​ដៃ​សមុទ្រ​ Gibraltar រួច​ចូល​ដល់​ផ្ទៃ​ទឹក​សមុទ្រ Méditerranée ទៅ​ហើយ។ ស្រប​នឹង​ប្រភព​យោធា-ការទូត​មិន​បញ្ចេញ​ឈ្មោះ​ នាវា​រុស្ស៊ី​ទាំង​នេះ ដែល​ចេញ​ពី​សមាសភាព នៃ​កង​នាវា​រុស្ស៊ី​ប្រចាំ​សមុទ្រ​ឧត្តរ សមុទ្រ​បាល់ទិក និង សមុទ្រ​ខ្មៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​លំហាត់​សឹក​ដែល​មាន​គ្រោង​ទុក ក្នុង​ខែ​នេះ​តែម្តង​ ត្រូវ​បើក​ទៅ​ដល់​ផែស៊ីរី Tartous ជា​មូលដ្ឋាន​តែ​មួយ​គត់​របស់​រុស្ស៊ី នៅ​មាត់​សមុទ្រ Méditerranée ដើម្បី បំពេញ​បន្ថែម នូវ ស្បៀង​ឥន្ធនៈ ស្បៀងទឹក​ ស្បៀង​អាហារ​ជាដើម។

 
ជា​ការ​កត់​សម្គាល់ គឺ​ក្នុង​ឆ្នាំ​១៩៧១ ដែល​រវាង​ស៊ីរី​និង​សហភាព​សូវៀត មាន​ចុះ​ជា សន្ធិសញ្ញា អនុញ្ញាត ឲ្យ​នាវា​រុស្ស៊ី​ចូល​ទៅ​សំចត នៅ​ផែ​Tartous ជា​ថ្នូរ​នឹង ការ​ផ្គត់ផ្គង់​ឲ្យ​ទៅ​ស៊ីរី គឺ ប្រព័ន្ធ​ការពារ​ដែន​អាកាស និង យន្តហោះ​ប្រដេញ​ធុន Mig-21 ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ