អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លោកស្រី​គ្លីនតុន​ចេញផ្សាយ​​សៀវភៅ​ បង្ហាញ​ទស្សនៈ​ដឹកនាំ​ផ្ទុយពី​លោក​អូបាម៉ា​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​អង្គារ​១០មិថុនា​នេះ លោកស្រី​ហ៊ីលឡារី ​គ្លីនតុន​ ​នឹង​ចេញផ្សាយ​ជា​សាធារណៈ នូវ​សៀវភៅ​​មួយ​ ក្រោម​ចំណង​ជើង​ថា “ជម្រើស​ដ៏​លំបាក”។​ ​សៀវភៅ​នេះ​កត់ត្រា​កិច្ចការ​ដឹកនាំ​​រយៈ​ពេល​៤ឆ្នាំ របស់​លោកស្រី​គ្លីនតុន កាលពី​ពេល​លោកស្រី​កាន់កាប់​ក្រសួង​ការបរទេស​អាមេរិក។ ​សារព័ត៌មាន​ ​CBS News ​​​​បាន​ចុះផ្សាយ​ខ្លឹមសារ​ខ្លះៗ ​​​​នៃ​សៀវភៅ​​នេះ បង្ហាញ​​ពី​ការ​យល់ឃើញ​ផ្ទុយគ្នា​​រវាង​លោកស្រី​គ្លីនតុន និង​ប្រធានាធិបតី​អូបាម៉ា ក្នុង​កិច្ចការ​អន្តរជាតិ​មួយចំនួន បែបយ៉ាង​វិបត្តិ​ស៊ីរី រឺក៏​​ទាហាន​អាមេរិក​មួយរូប នៅ​អាហ្វហ្កានីស្ថាន​ ​​ដែល​​ក្រុម​តាលីបង់​ទើប​បាន​ដោះលែង​ កាលពី​ពេល​ថ្មីៗ​នេះ។

អតីត​ប្រមុខការទូត​អាមេរិក លោកស្រី ​Hillary Clinton
អតីត​ប្រមុខការទូត​អាមេរិក លោកស្រី ​Hillary Clinton REUTERS/Yuri Gripas
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃ​អង្គារ​១០មិថុនា​នេះ សៀវភៅ​​​របស់​លោកស្រី ហ៊ីលឡារី គ្លីនតុន ​មាន​ចំណង​ជើង​ថា “ជម្រើស​ដ៏​លំបាក” នឹង​ចេញ​ផ្សាយ​ជា​សាធារណៈ បង្ហាញពី​​កិច្ចការ​ដឹកនាំរយៈ​ពេល​៤ឆ្នាំ ​​របស់​លោកស្រី​គ្លីនតុន នៅ​ក្រសួងការ​បរទេស​អាមេរិក មុន​នឹង​លោក​ចន ឃែររី ​ឡើង​មក​​កាន់កាប់​ក្រសួង​ នៅ​ឆ្នាំ​២០១៣។ ​ភរិយា​អតីត​​ប្រធានាធិបតី​គ្លីនតុន ​ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ ​​បាន​បង្ហាញ​នូវ​ទស្សនៈ​​​​ឃ្លាតឆ្ងាយ​ជាមួយ​ប្រធានាធិបតី​អូបាម៉ា​​​ ក្នុង​កិច្ចការ​អន្តរជាតិ​មួយចំនួន​ បែបយ៉ាង​ វិបត្តិ​សង្គ្រាម​ស៊ីរី។ ​

លោកស្រី​គ្លីនតុន​លើកឡើង​ក្នុង​សៀវភៅនេះថា ក្នុង​វិបត្តិ​ស៊ីរី​ តាំង​តែ​ពី​ដំបូង​ទី ​លោកស្រី​ចង់​បំពាក់​អាវុធ​អោយ​ក្រុម​ឧទ្ទាម​ស៊ីរី ​ដែល​ប្រយុទ្ធ​ប្រឆាំង​ប្រធានាធិបតី​​​អាសាដ​ ចង់​អោយ​មាន​​កា​រ​បណ្តុះបណ្តាល​​ក្រុម​ឧទ្ទាម។ ​លោកស្រី​គិតថា នេះជា​ជម្រើស​ដ៏​ប្រសើរ​បំផុត ក្នុង​ការ​ប្រយុទ្ធ​​ជាមួយ​កងទ័ព​ស៊ីរី។ ​​លោកស្រី​គ្លីនតុន​លើកឡើង​ថា លោក​អូបាម៉ា​បាន​ជំទាស់​នឹង​គំនិត​នេះ លោក​អូបាម៉ា​មិនចង់​អោយ​ស្ថានភាព​​​​​ស៊ីរី​ប្រែប្រួល​ហួសពីនេះ មិនចង់​អោយ​រហូត​ដល់​ថ្នាក់​​​​បំពាក់​អាវុធ​ក្រុម​ឧទ្ទាម​នោះទេ។

លោកស្រី​គ្លីនតុន​លើកឡើង​ទៀតថា ​គ្មាន​អ្នកណាម្នាក់​ចង់​ចាញ់ ក្នុង​ការជជែក​​​គ្នា​នោះទេ តែ​នេះ​ជាជម្រើស​របស់​ប្រធានាធិបតី ​ហើយ​លោកស្រី​ត្រូវតែ​គោរព​​ទស្សនៈ​និង​ការ​សម្រេចចិត្ត​របស់​​លោក​អូបាម៉ា។ សម្រាប់​លោកស្រីគ្លីនតុន គេ​ពិបាក​នឹង​រក​បាន​​ដំណោះស្រាយល្អ​ ​​​​ចំពោះបញ្ហា​ដ៏​លំបាក​ណាស់។ ចំពោះវិបត្តិ​សង្គ្រាម​​ស៊ីរី អាមេរិក​សម្រេច​​​នៅ​ស្ងៀម​ រឺ​ក៏​បញ្ចេញ​សកម្មភាព​ គឺ​​​អាមេរិក​មាន​ការ​​ប្រឈមខ្ពស់​​ដូចគ្នា។

ការ​បង្ហាញទស្សនៈ​ខុស​ពី​ប្រធានាធិបតី​អូបាម៉ា អាច​អោយ​យើង​គិត​​ថា លោកស្រី​​គ្លីនតុន​និង​លោក​អូបាម៉ា មិនមែន​ជា​មិត្ត​ភក្តិ​ល្អ ដូច​ដែល​លោក​អូបាម៉ា​ទើប​បាន​លើកឡើង​ កាលពី​ចុង​ខែ​ឧសភា​ទេ។ ពេលនេះ ​​នយោបាយ​ការ​បរទេស​របស់​លោក​អូបាម៉ា​កំពុង​​រង​ការរិះគន់ថា ទន់ជ្រាយ ​ប្រឈម​នឹង​រុស្ស៊ី​ ​ក្នុង​​វិបត្តិ​អ៊ុយក្រែន​ រឺ​ក៏​ប្រឈម​នឹង​ចិន​ក្នុង​​​ជម្លោះ​បូរណភាព​នៅ​សមុទ្រ​ចិន។ ដូច្នេះ​ សៀវភៅ​​របស់​លោកស្រី​គ្លីនតុន​ មិនបាន​ជួយ​លើក​ស្ទួយ​​នយោបាយ​រដ្ឋាភិបាលអូបាម៉ា​ទេ តែ​វា​​ហាក់​បាន​​រិះគន់​ជាន់​ក​​​លោក​អូបាម៉ា​​មួយ​កម្រិត​​ទៀត។
​​
លោកស្រី​គ្លីនតុនកំពុង​មាន​ប្រជាប្រិយ​ភាព​​ ជាងគេ​ ក្នុងចំណោម​បេក្ខជន​ឈរឈ្មោះ​តំណាង​បក្ស​កាន់​អំណាច​​ប្រជាធិបតេយ្យ​ សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៦។ ​ថ្មីៗ​នេះ លោក​អូបាម៉ា​ក៏​ទើបតែ​បាន​អួតថា លោកស្រី​គ្លីនតុន​និង​រូបលោក​​ ​បាន​ក្លាយ​ជា​មិត្តភក្តិ​នឹងគ្នា។ លោក​អូបាម៉ា​​​សរសើរ​ទៀត​ថា​​​​ លោកស្រីគ្លីនតុន​មាន​ប្រសិទ្ធភាព​ ​​ក្នុង​​​​កិច្ចការ​ប្រធានាធិបតី​។ តាម​រយៈសៀវភៅ​​​បង្ហាញ​ការយល់ឃើញ​ផ្សេង​ពី​លោក​អូបាម៉ា ក្នុង​កិច្ចការ​អន្តរជាតិ​ ​បង្ហាញពី​បំណង​បំពាក់​អាវុធ​ក្រុម​ឧទ្ទាម​ស៊ីរី ពីដំបូង​ទី​ដើម្បី​​ចៀសវាង​សង្គ្រាម​រ៉ាំរ៉ៃ​សម្លាប់​មនុស្ស​នៅ​ស៊ីរី លោកស្រី​គ្លីនតុន ​​ប្រហែល​​ចង់​បង្ហាញ​​​អោយ​ប្រជាជន​អាមេរិក​​​ ​ដឹង​ថា ​លោកស្រី​​​ខុសពី​លោក​អូបាម៉ា ​លោកស្រី​មិនទន់ជ្រាយ​​ទេ។

ប្រសិន​បើ​ប្រជាជន​អាមេរិក​យល់​ថា ​លោកស្រី​គ្លីនតុន​មិនទន់ជ្រាយ លោក​ស្រី​គ្លីនតុន​អាច​​ងាយ​នឹង​ទទួល​ពិន្ទុ​ខ្ពស់ក្នុង​ស្រុក ពិសេស​​អាច​​ជាប់ឈ្មោះ​​​តំណាង​បក្ស​ប្រជាធិបតេយ្យ ដើម្បី​ដណ្តើម​ជោគជ័យ​​​​​ក្នុង​ការ​បោះឆ្នោត​​ប្រធានាធិបតី​ឆ្នាំ​២០១៦​ទៀតផង។

ប្រាកដណាស់​ ក្រៅ​ពី​ភាពជោគជ័យ​ទាំងនេះ លោកស្រី គ្លីនតុន​ប្រហែល​ជា​នៅមិនទាន់​បំភ្លេច​ពី​បរាជ័យ​របស់​លោកស្រី​ កាលពី​ឆ្នាំ​​២០០៨ ​ប្រឈម​នឹង​លោក​អូបាម៉ា​នៅឡើយទេ។ កាលពី​ឆ្នាំ​២០០៨ ​លោកស្រី​និង​​លោកអូបាម៉ា​ ជាបេក្ខជន​ប្រជែង​គ្នា​តំណាង​បក្ស​ប្រជាធិបតេយ្យ ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០០៩។ ​កាលណោះ លោកអូបាម៉ា​បានជាប់ឈ្មោះ​ជា​តំណាង​បក្ស ហើយ​បន្ទាប់​មក បាន​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​​អាមេរិក។​ ដូច្នេះ លោកស្រី​គ្លីនតុន​ប្រហែល​​​មិនងាយ​បំភ្លេច​ភាព​ជូរចត់​នេះ​ទេ ទោះ​ជា​​លោក​អូបាម៉ាធ្លាប់​​បាន​ប្រគល់​តំណែង​ការទូត​សំខាន់​អោយ​លោកស្រី​កាន់កាប់ រឺ​ក៏​ប្រកាស​ថា លោកស្រី​ជា​មិត្ត​ភក្តិ​ក៏ដោយចុះ។

ដើម្បី​បង្ហាញ​ថា ខ្លួន​មាន​លក្ខណៈពិសេស​ខុស​ពី​លោក​អូបាម៉ា ក្នុង​​សៀវភៅដែល​​ចេញផ្សាយ​ថ្ងៃ​អង្គារ​នេះ លោកស្រី​គ្លីនតុន​ក៏​បាន​សរសេរ​​​ពី​ទាហាន​អាមេរិក Bowe Bergdahl ​នៅ​អាហ្វហ្កានីស្ថាន ​ដែល​​ក្រុម​តាលីបង់​ទើប​បាន​ដោះលែង​ ជាថ្នូរ​នឹង​អ្នកទោស​តាលីបង់ ​កាលពី​ពេល​ថ្មីៗ​នេះដែរ។ លោកស្រី​​សរសេរ​​ថា ពេល​​​កាន់​តំណែង​ជា​​ប្រមុខ​ការទូត​អាមេរិក លោកស្រី​​ធ្លាប់​ព្យាយាម​អោយ​មាន​ការដោះលែង​ទាហានរូបនេះ។ លោកស្រី​សរសេរ​ថា ​ប្រជាជន​អាមេរិក​​​ពិបាក​នឹងទទួល​យកបាន​ណាស់ នូវ​​ការចរចា​ជាមួយក្រុម​​តាលីបង់​។ ប៉ុន្តែ​​​បើ​តាម​​​ ​​អតីត​សមាជិក​រដ្ឋបាល​អាមេរិក​មួយចំនួន ​លោកស្រី​គ្លីនតុន​ធ្លាប់​បានជំទាស់​​នឹង​​ការ​ដោះដូរ​​​អ្នកទោស​តាលីបង់​ជាមួយ​ទាហាន​អាមេរិក កាលពី​ឆ្នាំ​២០១១ ព្រោះថា​ជា​ការ​ដោះដូរ គ្មាន​លក្ខខណ្ឌ។ ពោល​គឺ​​អ្នកទោស​តាលីបង់​ទាំងនោះ​​​​​​​ ក្រោយ​ទទួល​បាន​សេរីភាព​​ អាច​ធ្វើ​ដំណើរ​ទៅណា​មកណា​ដោយ​សេរី គ្មាន​ការ​ហាមឃាត់​អ្វីទេ។

និយាយ​រួម​មកវិញ​​​ ​​ពេល​លោក​អូបាម៉ា​កំពុង​​ក្រពុល​មុខ​​ដោះស្រាយ​បញ្ហា​អន្តរជាតិ​នានា​ ​​លោកស្រី​​គ្លីនតុន​​ហាក់​មិនបាន​ភ័យ​ខ្លាច​នឹង​រិះគន់​​រដ្ឋាភិបាល​គណបក្ស​​ខ្លួន​ឯង​ ដើម្បី​ដណ្តើម​ពិន្ទុ​ខ្ពស់​​ក្នុង​​​ក្រសែ​ភ្នែក​សាធារណជន​អាមេរិក​ទេ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ