អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល-ប៉ាឡេស្ទីន ៖ គួរ​មាន​សន្តិភាព​ដើម្បី​ប្រយោជន៍​សេដ្ឋកិច្ចរួម

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ខិតខំ​ប្រឹង​ប្រែង​រក​សន្តិភាព​ឱ្យ​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន តែង​តែ​ជួប​បរាជ័យ​ម្តង​ជា​ពីរ​ដង។ ការ​​ផ្តួច​ផ្តើមរបស់​អាមេរិក កាលពី​ពីរ​ឆ្នាំ​​ក៏​មិន​បាន​សម្រេច​ ​សន្និសីទ​ក្រុង​ប៉ារីស កាលពីចុង​សប្តាហ៍​មុន​ក៏​គ្មានលទ្ធផល។ ឯ​ស្ថានភាព​សេដ្ឋកិច្ច​វិញ មិន​ថាចំពោះ​​អ៊ីស្រាអែល​ ឬ​ប៉ាឡេស្ទីន​ទេ សុទ្ធ​តែ​ ​ផុយស្រួយ​ដូច​គ្នា។ តាមការពិត តាំង​ពី​មាន​កិ​ច្ចព្រមព្រៀង​ក្រុង​អូស្លូ​ឆ្នាំ​១៩៩៣​មក សេដ្ឋកិច្ច​តំបន់​ស្ថិត​ក្នុង​ស្ថានភាព​រង់ចាំ​រហូត ៖ គ្មាន​ដំណើរការ​សន្តិភាព គ្មាន​ការ​ចរចាអ៊ីស្រាអែល-ប៉ាឡេស្ទីន... ២៣​ឆ្នាំ​ក្រោយ​ គ្មាន​អ្វីជា​អំណោយ​ផលល្អ​​ដល់​​​សេដ្ឋកិច្ច​សោះ​សម្រាប់​អ្នក​ជិត​ខាង​គ្នា​ពីរ​នេះ។

រូបថត​ក្រុម​ប្រទេស​ដែល​មក​ចូល​រួម​សន្និសីទក្រុង​ប៉ារីស​​ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ីស្រាអែល ប៉ាឡេស្ទីន ថ្ងៃទី ៣ មិថុនា ២០១៦
រូបថត​ក្រុម​ប្រទេស​ដែល​មក​ចូល​រួម​សន្និសីទក្រុង​ប៉ារីស​​ដើម្បី​ដោះស្រាយ​វិបត្តិ​អ៊ីស្រាអែល ប៉ាឡេស្ទីន ថ្ងៃទី ៣ មិថុនា ២០១៦ Foto: Reuters
ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្វី​ល្អ​សោះ​សម្រាប់​ប៉ាឡេស្ទីន​ គ្មាន​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច គ្មាន​ទេ​ភាព​ប្រសើរ​ឡើង​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ ... ហើយ​ក៏​គ្មាន​អ្វីដែល​ល្អ​សោះ​ដែរ​សម្រាប់​អ៊ីស្រាអែល ស្ថានភាព​បច្ចុប្បន្ន​ បាន​ធ្វើ​​រដ្ឋ​ចំណាយ​ថវិកា​ច្រើន និង​បាន​ធ្វើ​ឱ្យមាន​​គម្លាត​សង្គមខ្លាំង ដោយ​សារ​តែ​ចំណាយ​លុយ​ខ្លាំង​លើ​វិស័យ​យោធា។ ប៉ុន្តែ​ប្រសិន​បើ​ពលរដ្ឋពីរ​​សាសន៍​នេះ​​រួម​រស់​នឹង​គ្នា​ដោយ​សន្តិភាព​វិញ នោះ​ពួក​គេ​នឹង​បាន​ទទួល​ប្រយោជន៍​សេដ្ឋកិច្ចរួម និង​​ពី​គ្នា​ទៅ​វិញ​ទៅ​មក។

តាំង​ពី​ឆ្នាំ​១៩៩៣ ឆ្នាំ​ដែល​មាន​ចុះ​កិច្ចព្រមព្រៀង​ផ្តល់​ស្វយ័តភាព​ដល់​តំបន់​ហ្កាហ្សា និង​ស៊ីហ្ស័កដានី​មក ជីវិត​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​ជាង​បួនលាន​នាក់​ នៅ​ស៊ីហ្ស័កដានី និង​តំបន់​ហ្កាហ្សា​ មិន​បាន​ប្រសើរ​ទេ។ ថ្វី​បើ​ក្នុង​រយៈ​ពេល​ជាង​២០​ឆ្នាំ​នេះ កំរិត​ជីវភាព​ពលរដ្ឋ​ប៉ាឡេស្ទីន បាន​កើន​ទ្វេ​ដង​មែន តែ​ស្ថិត​នៅ​ទាប​ជាង​ពលរដ្ឋ​អ៊ីស្រាអែល​ឆ្ងាយ​ណាស់។ កាលពី​ឆ្នាំ​ទៅ ផលិតផល​សរុប​ក្នុង​ស្រុក​ប៉ាឡេស្ទីន​បាន​កើន​ឡើង​២,៥% តែ​​កំណើន​ប៉ុណ្ណេះ​មិន​អាច​ធ្វើ​ជីវភាព​ប្រជាជន​ម្នាក់​បាន​ប្រសើរ​ឡើង​ទេ ម្យ៉ាង​ទៀតក្នុង​ឆ្នាំ​ដដែល​នេះ​ ចំនួន​ប្រជាជន​​បាន​កើន​ឡើង​៣%។

ក្នុង​តថភាព​ជាក់ស្តែង សេដ្ឋកិច្ច​ប៉ាឡេស្ទីន​ គឺ​ជា​ប៉េងប៉ោង​​ ដែល​ផ្លុំ​ឱ្យ​ប៉ោង​ឡើង​ដោយ​ជំនួយបរទេស ឬ​ជំនួយ​មនុស្សធម៌ និង​​កម្ចី​ ដើម្បី​ល្អ​មើល​តែ​ប៉ុណ្ណោះ។
ស្ថិត​ក្រោម​អាណានិគម​អ៊ីស្រាអែល ប៉ាឡេស្ទីន​នៅ​តែ​ក្រ ២៥,៨%​នៃ​ជនជាតិ​ប៉ាឡេស្ទីន រស់​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ ភាព​អត់ការងារ​ធ្វើ​បាន​ឡើង​ដល់ ៣៨% នៅ​តំបន់​ហ្កាហ្សា ដែល​ជា​អត្រា​ខ្ពស់​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក។ ពលរដ្ឋ​ប៉ាឡេស្ទីន​នៅ​ស៊ីហ្ស័កដានី មាន​ជីវភាព​គ្រាន់​បើ​បន្តិច ព្រោះ​អាច​ធ្វើការ​ឱ្យ​អ៊ីស្រាអែល តែ​មិន​បានចូល​រួម​ចំណែក​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​ដល់​ប៉ាឡេស្ទីន​ទេ។

៥​ទសវត្សរ៍​មក​ហើយ​ដែល​ការ​ធ្វើ​អាណានិគមកិច្ច​អ៊ីស្រាអែល និង​​បំបែក​ខ្លួន​ជា​ឯកតោភាគី បាន​រាំង​ស្ទះរាល់​ទស្សនវិស័យ​នៃ​កំណើន​សេដ្ឋកិច្ច​និង​ការងារ​​របស់​ប៉ាឡេស្ទីន។ ដី​មាន​ជីរជាតិ មាន​ធនធាន​ធម្មជាតិ និង​វត្ថុធាតុ​ដើម​ ស្ថិត​នៅក្នុង​​តំបន់​ស៊ីហ្ស័កដានី តែ​ប៉ាឡេស្ទីន​គ្មាន​សិទ្ធិ​​ធ្វើ​ផលិតកម្ម​ពេញ​លេញ​ឡើយ​។ ហើយ​គឺ​ដែន​ដី​នេះ​ជា​ដើម​ហេតុ​បង្ឃាំង​ប៉ាឡេស្ទីន​មិន​ឱ្យ​បង្កើត​ជា​រដ្ឋ​ឯករាជ្យ​មួយ​នឹង​គេ​បាន ព្រោះ​អ៊ីស្រាអែល​បាន​គ្រប់គ្រង​ដែនដី​នេះ ចំនួន​៦០%។
ដូច្នេះ​បើ​គ្មាន​សន្តិភាព​ទេ ប៉ាឡេស្ទីន​ត្រូវ​រស់​ពឹង​ផ្អែក​លើ​​អ៊ីស្រាអែល​ កាន់​តែ​ខ្លាំង និង​ក្នុងវិស័យ​ជា​ច្រើន​ដូច​ជា ការងារ​ ពាណិជ្ជកម្ម ហេដ្ឋារចនា​សម្ព័ន្ធ​ ទូរគមនាគមន៍ អគ្គិសនី ... ដំណោះស្រាយ​នយោបាយជាប់​គាំង ត​ភ្ជាប់​ដោយ​កា​រកាត់​បន្ថយ​ជំនួយ​ អាជ្ញាធរ​ប៉ាឡេស្ទីន​អាច​នឹង​រំសាយ​ និង​ធ្លាក់​ក្នុង​មហន្តរាយ​ ទាំង​ប៉ាឡេស្ទីន​ខ្លួន​ឯង និង​អ៊ីស្រាអែល​ទៀត។

ផ្ទុយ​ទៅ​វិញ ប្រសិនបើ​ជាតិ​ពីរនេះ​អាច​ក្លាយ​ជា​រដ្ឋ​ពីរ​ នោះ​នឹង​មាន​ដំណើរ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជា​និរន្ត​ព្រមទាំង​អាច​ប្រមូល​ចំណេញ​បាន​ពី​ការ​បិទ​បញ្ចប់​អំពើ​ហិង្សាទៀត។ ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា បើ​អ្នក​ជិត​ខាង​គ្នា​ពីរ​នេះ​មាន​សន្តិភាព​នឹង​គ្នា នោះ​ប៉ាឡេស្ទីន​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ៥០ពាន់​លាន​ក្នុង​រយៈ​ពេល​១០​ឆ្នាំ ពោល​គឺ​ប្រជាជន​មាន​ចំណូល​កើន​ឡើង​៣៦%។ ឯ​ខាងអ៊ីស្រាអែល​ក៏​ដូចគ្នា បើ​តាមការសិក្សា​ដដែល​នោះ អ៊ីស្រាអែល​នឹង​បាន​ចំណេញ​ពីរ​​ដង​យ៉ាង​តិច​លើស​ប៉ាឡេស្ទីន បើ​មាន​សន្តិភាព។

ផ្ទុយ​ទៅ​វិញ​ ដោយ​ជម្លោះ​ជាមួយ​ប៉ាឡេស្ទីន អ៊ីស្រាអែល​បាន​បន្ត​​បាត់បង់​​អ្នក​ចេះ​ដឹង និង​​បញ្ញាជន ដែល​ជា​ធនធាន​មនុស្ស​ដ៏​មាន​តម្លៃ​របស់​ប្រទេស​ទេ។ បច្ចុប្បន្ន​នេះ ដោយ​សារ​សង្គ្រាម​ អ៊ីស្រាអែល​ចំណាយ​ច្រើន​លើ​វិស័យ​យោធា បន្ថយ​កញ្ចប់​ថវិកា​លើ​វិស័យ​អប់រំ​និងការងារ។ ជា​ហេតុ​បង្ក​ឱ្យ​មាន​គម្លាត​សង្គម​ខ្លាំង ក្មេង​ម្នាក់​ក្នុង​ចំណោម​បី​នាក់​ រស់​ក្នុង​ភាព​ក្រីក្រ និង​កំរិត​​ជីវភាព​មានក្រ​ឆ្ងាយ​ដាច់ពី​​គ្នាខ្លាំង។

ឯករាជភាព​ប៉ាឡេស្ទីន​ មិន​បាន​រំខាន​ ឬ​បង្កការ​ព្រួយ​បារម្ភ​​នាំ​​ប៉ាឡេស្ទីនឱ្យ​ក្លាយ​​​ជា​​គូប្រជែង​សេដ្ឋកិច្ច​របស់​អ៊ីស្រាអែល​ឡើយ​ ព្រោះ​កំរិត​នៃ​ការ​អភិវឌ្ឍន៍​ក្នុង​ប្រទេស​ទាំង​ពីរខុស​គ្នា។ ភាព​ខុសគ្នា ដែល​អាចបំពេញ​ឱ្យ​គ្នា​ទៅវិញ​ទៅ​មក ដើម្បី​ម្នាក់ៗ​អាច​​ទាញ​យកផល​​ចំណេញប៉ុណ្ណោះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ