អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រទេសបាល់ទិកកាន់តែខ្លាចរុស្ស៊ី ក្រោយពីលោកត្រាំ ជាប់ជាប្រធានាធិបតីថ្មីនៅ ស.រ.អា.

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ចំណោម​១៥​សាធារណរដ្ឋ​នៃ​សហភាព​សូវៀត​ដែល​រលំរលាយ​បាត់​ទៅ​កាលពី​ឆ្នាំ​១៩៩១ មាន​តែ​៣​ប៉ុណ្ណោះ គឺ លីទុយអានី ឡេតូនី អេស្តូនី ដែល​ក្នុងឋានៈ​ជា​រដ្ឋ​ឯករាជ្យ​ថ្មី ត្រូវ​បាន​ទទួល​ឲ្យ​ចូល​ជា​សមាជិក​នៃ​បក្ស​សម្ព័ន្ធ​អូតង់ ក្នុង​ឆ្នាំ២០០៤ ហើយ​តាំង​ពី​ពេល​នោះ​មក គេ​តែង​ស្ថិត​នៅ​ក្រោម​ឆ័ត្រ​ការពារ​យ៉ាង​កក់ក្តៅ​របស់​ស.រ.អា. ដែល​នាំ​មុខ​បក្ស​សម្ព័ន្ធ​នេះ ប៉ុន្តែ​ក្រោយពី​លោក​ដូណាល់​ត្រាំ​ឈ្នះឆ្នោត​ជា​ប្រធានាធិបតី​ថ្មី​នៃ​មហា​អំណាច​នេះ គេ​នាំ​គ្នា​នឹកឃើញ​សម្តី​គាត់​ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​ដែល​ថា ស.រ.អា.​គប្បី​ឈប់​រែកលើ​ស្មា​ខ្លួន​ទៅ​បន្ទុក​ចំណាយ​ច្រើន​ហួស​សម្រាប់​ធានា​សន្តិសុខ​គ្រប់​តែ​ប្រទេសសមាជិក​អូតង់។

Donald Trump abre caminho para China para redesenhar mapa do comércio mundial.
Donald Trump abre caminho para China para redesenhar mapa do comércio mundial. REUTERS/Jonathan Ernst/File Photo
ផ្សាយពាណិជ្ជកម្ម

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី​ចងក្រង​បរិយាកាស​ថ្មី​នៅ​តាម​ប្រទេស​បាល់ទិក​ទាំង​បី​នោះ​ដោយ​យោង​ទៅ​លើ​ប្រភព​បស្ចិម​លោក​ផ្ទាល់។ មូលហេតុ​មួយ​ដែល​ញ៉ាំង​ឲ្យ​កើត​ឡើង​ជា​បរិយាកាស​ព្រួយបារម្ភ​មែនទែន​នៅតាម​ប្រទេស​ទាំង​នោះ​គឺ​មក​ពី​ក្នុង​ចំណោម​ឥស្សរជន​ដែល​លោក​ត្រាំ​កំពុង ផ្ស​ឡើង​ជា​រដ្ឋបាល​របស់​គាត់​មុន​នឹង​គាត់​ទទួល​ពាក្យ​សម្បថ​ នៅ​ថ្ងៃ​២០​មករា​ខាង​មុខ​ដើម្បី​ឡើង​ជា​ប្រធានាធិបតី​ថ្មី​នៃ​ស.រ.អា. អាច​មាន​រូប​លោក Newt Gingrich ដែល​ធ្លាប់​ធ្វើ​ជា​ប្រធាន​សភា​តំណាង​អស់​៤​ឆ្នាំ​ជំនាន់​រដ្ឋបាល​លោកប្រធានាធិបតី Bill Clinton។

លោក  Gingrich ដែល​ជា​បេក្ខជន​ម្នាក់​ដែរ​សម្រាប់​កាន់់​តំណែង​ជា​រដ្ឋមន្ត្រីការ​បរទេស​អាមេរិក​កាលពី​ខែ​កក្កដា​ឆ្នាំ​នេះ បាន​ថ្លែង​ថា គាត់​មិន​ប្រថុយ​ប្រឈម​មុខ​ទល់​នឹង​រុស្ស៊ី​ឡើយ​ដើម្បី​ការពារ​ឯករាជ្យលីទុយអានី ឡេតូនី អេស្តូនី ។ ក្នុងបទសម្ភាសន៍​ទៅ​កាណាល់​ទូរទស្សន៍ CBS គាត់​មាន​ប្រសាសន៍៖
អេស្តូនី ប្រៀប​បាន​ជា​ជាយ​ក្រុង​រុស្ស៊ី Saint-Petersbourg ដ្បិត​៤០% នៃ​បណ្តាជន​អេស្តូនី​ជា​ជាតិ​រុស្ស៊ី។ ខ្ញុំ​មិន​ប្រាកដ​ក្នុង​ចិត្ត​ឡើយ​ថា ខ្ញុំ​នឹង​ប្រថុយ​បញ្ឆេះ​សង្គ្រាម​បរមាណូ​ដើម្បី​ការពារ​ទីកន្លែង​មួយ​ដែល​ជា​ជាយ​អតីត​រាជធានី​រុស្ស៊ី​នោះ។

ក្នុង​នាម​នៃ​យុត្តិធម៌​គួរ​កត់​សម្គាល់​ថា​តាម​មតិ​លោក Gingrich រុស្ស៊ី​មុខ​ជា​មិន​ធ្វើអន្តរាគមន៍​យោធា​ដោយ​ត្រង់​ផ្ទាល់​ចូល​ក្នុង​ប្រទេស​អេស្តូនី​ឡើយ។ តាម​មើលទៅ​សេណារីយ៉ូ​អាច​ប្រព្រឹត្ត​ទៅ​ក្នុង​ទម្រង់​ដូច​នៅ​ទឹកដី​គ្រីមេ​អញ្ចឹង​កាលដែល​ម៉ូស្គូ​អាច​ឆ្លើយតប​នឹង​សេចក្តី​អំពាវនាវ​របស់​អ្នកស្រុក​អេស្តូនី​ដែល​និយាយ​ភាសារុស្ស៊ី​សុំ​ឲ្យ​រុស្ស៊ី​រត់​ទៅ​ជួយ​សង្គ្រោះ​គេ។ ពិតជា​សេណារីយ៉ូ​នេះ​ឯង​ដែល​នាំ​ឲ្យប្រទេស​បាល់ទិក​ទាំង​បី​ព្រួយ​កង្វល់។

ជាការរំលឹក ថ្ងៃ​២៧​កុម្ភៈ​ឆ្នាំ​២០១៤ ពួក​ទាហាន​ក្នុង​ឯកសណ្ឋាន​ត្រីយី គ្មាន​សញ្ញា​សម្គាល់​ដែល​គេ​វិនិច្ឆ័យ​ថា​ជា​ទាហាន​រុស្ស៊ី បាន​ចាប់​យក​អគារ​រដ្ឋសភា​នៅ​គ្រីមេហើយ​បន្ទាប់​មក​នៅ​គ្រីមេ​ក៏​មាន​ប្រព្រឹត្ត​ទៅ​ការបោះ​ឆ្នោត​ប្រជាមតិ​ជាទី​ដែល​អ្នកស្រុក​ភាគ​ច្រើន​លើស​លុប​បាន​គាំទ្រ​ដល់​លក្ខន្តិកៈ​ទៀបកោះ​នេះ ដែល​១​ខែ​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​ដែនដី​របស់​រុស្ស៊ី​ទៅ។

លីទុយអានី ឡេតូនី អេស្តូនី  ដែល​ស្រប​នឹង​កតិកាសញ្ញា​សូវៀត-អាល្លឺម៉ង់​ចុះឆ្នាំ​១៩៣៩ ធ្លាប់​បាន​ស្ថិត​នៅ​ក្រោម​អំណាច​សូវៀត​អស់​កន្លះ​សតវត្សរ៍ ពី​ឆ្នាំ១៩៤០​ដល់​១៩៩០​បច្ចុប្បន្ន ជា​សមាជិក​សហភាព​អឺរ៉ុប​ផង បក្ស​សម្ព័ន្ធ​អូតង់ផង តាំងពី​ឆ្នាំ​២០០៤​មក​គឺ​១២​ឆ្នាំ​ហើយ។

ស្រប​នឹង​មាត្រា​ទី​៥​នៃ​ធម្មនុញ្ញ​អូតង់​ក្នុង​ករណី​បើ​ប្រទេស​ណា​មួយ​របស់​បក្ស​សម្ព័ន្ធ​នេះ​រង​ការ​វាយ​លុក នោះ​ប្រទេស​ឯទៀត​ជា​សមាជិក មាន​កាតព្វកិច្ច​រត់​ទៅជួយ​ជា​បន្ទាន់។ ប៉ុន្តែ​ដោយហេតុ​ថា​ដែនដី​ប្រទេស​ទាំង​បី​នេះ មាន​ទ្រង់ទ្រាយជា​ដីរាប​ស្មើ​គឺ​ពិបាក​ការពារ​ណាស់។ សូម្បី​កង​យន្តហោះ​អូតង់​វាយ​ប្រហារ​ពីអាកាស​ក្តី​ក៏​តាម​មតិ​ពួក​អ្នក​ជំនាញ​យោធា​សម្រាប់​កងទ័ព​រុស្ស៊ី មិន​ជា​ឧបសគ្គធំ​ដុំ​ឡើយ​ដើម្បី​បោះ​ពួយ​ឆ្លង​កាត់​ខ្សែ​ព្រំដែន​ទៅ​សង្គ្រប់​ចាប់​យក​រដ្ឋធានី​អេស្តូនី តែ​ក្នុង​រយៈពេល​៣៦​ម៉ោង​សោះ។

ក្នុង​ឆ្នាំ​១៩៦១ លោក​ប្រធានាធិបតី​អាមរិកាំង John Kennedy បាន​ចាត់​ទុក​ជា “ ភារកិច្ច​សែន​សំខាន់​សម្រាប់​អូតង់“គឺ​ភាព​ប្តេជ្ញា​របស់​ស.រ.អា. ការពារ​បណ្តាប្រទេស​អឺរ៉ុប​ដែល​ស្ថិត​នៅ​ក្រោម​គ្រោះថ្នាក់​វាយលុក​ពី​ខាង​មហាយក្ស​សូវៀត។

ប៉ុន្តែ លោក ដូណាល់ ត្រាំ អាច​ប្រកាន់​យក​ទស្សនៈ​ផ្សេង​ពី​នេះ។ តាំងពី​ក្នុង​ឆ្នាំ២០០០​ម៉្លេះ​ក្នុង​សៀវភៅ​គាត់​ក្រោម​ចំណង​ជើង​ថា “ អាមេរិក​ដែល​យើង​ស័ក្តិសម​នឹង​មាន “ គាត់​បញ្ចេញ​មតិថា ស.រ.អា.គប្បី​ដក​ខ្លួន​ចេញ​ពី​អឺរ៉ុប​ទៅ​ដ្បិត“ ទំនាស់​រវាង​អឺរ៉ុប​និង​សូវៀត​មិន​សម​នឹង​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​ពលី​ជីវិត​ខ្លួន​ឡើយ”។

ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឆ្នាំ​២០១៦​នេះ លោក​ត្រាំ និយាយ​អំពី​បក្សសម្អ័ន្ធ​អួតង់​ដោយ​គ្មាន​ទឹកចិត្ត​ក្លៀវក្លា​ទេ។ រំលេច​ឲ្យ​ឃើញ​ពី​គោលជំហរ​លោកត្រាំ គឺ​យោបល់​អតីត​នាយ​អគ្គ​សេនាធិការដ្ឋាន​កងទ័ព​អង់គ្លេស​លោក ឧត្តមសេនីយ David Richards ដែល​ក្នុង​សម្ភាសន៍​ទៅ​ BBC ហៅ​លោក ត្រាំ ថា​ជា មនុស្ស​លើក​ផលប្រយោជន៍​ជាតិ​ខ្ពស់​ជាង​អ្វីៗ​ទាំង​អស់ ដែល​ចង់​មាន​ទំនាក់ទំនង​ស្ថិត​ស្ថិរ​ជាមួយ​រុស្ស៊ី​និង​ជាមួយ​ពូទីន
នៅពី​មុខ​ស្ថានភាព​នេះ  លីទុយអានី ឡេតូនី អេស្តូនី  នាំគ្នា “ ប្រុង​ជើង​ព្រួល “ជា​មុន។

ករណី​លីទុយអានី ៖  ប្រទេស​នេះ  អនុវត្ត​ឡើង​វិញ​របប​កោះ​ហៅ​យុវជន​អោយ​ចូល​បម្រើ​កងទ័ព​មិនមែន​ពឹងតែ​លើ​ទាហាន​ដែល​បម្រើ​កងទ័ព​តាម​វិធី​ចុះ​កុងត្រា​ជា​ទាហាន​អាជីព​ឡើយ។

ករណីឡេតូនី ៖ ឡេតូនី​ប្តេជ្ញា​ការពារ​អគារ​ក្រសួង​យោធា​របស់​ខ្លួន “រហូត​ដល់ទី​អវសាន” ។ កាសែត “ The Washington Post កត់​សម្គាល់​ថា ដោយ​មក​ពីជ័យ​ជំនះ​លោក​ត្រាំ អាជ្ញាធរ​ឡេតូនី បង្កើន​ចំនួន​កងឆ្មាំ​ជាតិ​រហូត​ដល់ ៨.០០០នាក់។ តាម​សម្តី​អតីត​រដ្ឋមន្ត្រី​ការពារជាតិ​ឡេតូនី លោក Andris Pabliks ដែលសព្វ​ថ្ងៃ​ជា​តំណាងរាស្ត្រ​សភា​អឺរ៉ុប​“ ឥឡូវ ឡេតូនី​លែង​អាច​សង្ឃឹម​ថា ពួក​អាមេរិកាំង​នឹង​មក​ជួយ​យើង​ដូច​មុន​ទៀត​ឡើយ”។

ករណីអេស្តូនី ៖ ប្រទេស​នេះ​សម្រេច​ប្រើ​អំណាច​ស្រទន់។ នៅ​អេស្តូនី ពេល​ថ្មីៗ មាន​បង្កើត​ឡើង​ជា​រដ្ឋាភិបាល​ចម្រុះ​ថ្មី​ដែល​ដឹកនាំ​ដោយ​បក្ស​កណ្តាល​និយម​ដែល​បាន​ទទួល​សម្លេង​គាំទ្រ​ភាគ​ច្រើន​ពី​បណ្តា​ជន​និយាយ​ភាសា​រុស្ស៊ី។ លោក​ស្រី Jana Toom ជា​តំណាង​រាស្ត្រ​នៃ​សភា​អឺរ៉ុប​ដែល​បាន​ចូល​រួម​ក្នុង​កិច្ចចរចា​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​នោះ បាន​ថ្លែង​ទៅ BBC ថា អេស្តូនី​ចង់​កែឲ្យល្អ​ឡើង​ទំនាក់​ទំនង​ជា​មួយ​រុស្ស៊ី ហើយ​មិន​ត្រូវ​អាស្រ័យ​ណាស់​ណា​ទេ​នឹងអូតង់​ពីព្រោះ​យើង​មិន​ត្រូវ​គិត​ឡើយ​ថា​កម្លាំង​នៅ​ក្រៅ​អាច​ធានា​ដល់​ឯករាជ្យរបស់​យើង៕  
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ