អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​បាន​ជា​អ៊ីស្រាអែល​ក្តៅក្រហាយ កើត​ទុក្ខ​មិន​សុខ​ចិត្ត​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្រ្តី​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ​កំពុង​បន្ត​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃ​សុក្រ ទី២៣ ធ្នូ។ ក្រៅ​ពី​កោះហៅ​ក្រុមប្រទេស​ដែល​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​នោះ​ទៅ​សួរ អ៊ីស្រាអែល​ក៏​បាន​ចេញ​មុខ​វ៉ៃប្រហារ​លើ​រដ្ឋបាល​អាមេរិក​របស់​លោក​អូបាម៉ា​ដែរ។ ហេតុអ្វី​បាន​ជា​អ៊ីស្រាអែល​ក្តៅក្រហាយ​នឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​ខ្លាំង​ម្ល៉េះ?

លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បិនយ៉ាមីន នេតាន់យ៉ាហ៊ូ
លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល បិនយ៉ាមីន នេតាន់យ៉ាហ៊ូ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

តាំង​ពី ២ថ្ងៃ​មក​ហើយ​ដែល​អ៊ីស្រាអែល​ដេក​មិន​លក់ បក់​មិន​ល្ហើយ និង​បន្ត​បរិហារ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​អនុម័ត​ក្នុង​ថ្ងៃ​សុក្រ ទី២៣ ធ្នូ។ ដេក​មិន​លក់ បក់​មិន​ល្ហើយ ព្រោះ​​ជា​សេចក្តីសម្រេចចិត្ត​ដែល​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បន្ត​សាងសង់ និង​ការ​តាំងលំនៅឋាន​នៅ​ក្នុង​ដែនដី​របស់​ប៉ាឡេស្ទីន។ នៅ​យប់​ថ្ងៃ​អាទិត្យ ទី២៥ ធ្នូ​ចំ​ថ្ងៃ​បុណ្យណូអែល ក្រសួង​ការបរទេស​អ៊ីស្រាអែល​បាន​កោះ​ហៅ​ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​បរទេស​ប្រចាំ​អ៊ីស្រាអែល​ចំនួន ១០នាក់​ឲ្យ​ចូលជួប សួរនាំ។

នៅ​ចំពោះ​មុខ​ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​បរទេស​ទាំង ១០នាក់ ក្រសួង​ការបរទេស​អ៊ីស្រាអែល​បាន​សម្តែង​ការ​មិន​សប្បាយចិត្ត​ចំពោះ​ទង្វើ​របស់​ប្រទេស​គេ​ដែល​បាន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីសម្រេចចិត្ត និង​ចង់​ដឹង​ថា ហេតុអ្វី​បាន​ជា​ពួក​គេ​បាន​បោះឆ្នោត​គាំទ្រ។ សូម​រម្លឹក​ជូន​ថា សេចក្តីសម្រេចចិត្ត​នោះ​ត្រូវ​បាន​បោះឆ្នោត​គាំទ្រ​ដោយ​១៤ប្រទេស​ជា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ តែ​ការ​ដែល​អ៊ីស្រាអែល​បាន​កោះហៅ​អ្នកតំណាង​តែ ១០ប្រទេស​ក៏​ដោយ​សារ​ថា មាន​៤ប្រទេស​មិន​មាន​ទំនាក់ទំនង​ផ្លូវទូត​ជាមួយ​អ៊ីស្រាអែល ឬ​មួយ​ក៏​មាន​អ្នកតំណាង​ប្រចាំ​នៅ​អ៊ីសា្រអែល​ទេ។

អ្វី​ជា​ការ​កត់សម្គាល់ នៅ​ក្នុង​ចំណោម​ឯកអគ្គរដ្ឋទូត និង​ឯកអគ្គរាជទូត​បរទេស​ដែល​អ៊ីស្រាអែល​កោះ​ហៅ​ឲ្យ​ចូល​ជួប មាន​តែ​ឯកអគ្គរដ្ឋទូត​អាមេរិក​ម្នាក់​គត់​ដែល​បាន​ជួប​សន្ទនា​ផ្ទាល់​ជាមួយ​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បិនយ៉ាមីន នេតាន់យ៉ាហ៊ូ។ បន្ទាប់​នៅ​ថ្ងៃ​ចន្ទ ទី២៦ ធ្នូ​នា​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី លោក​នេតាន់យ៉ាហ៊ូ​បាន​បន្ត​ចេញ​មុខ​បរិហារ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​ជា​ថ្មី​ម្តង​ទៀត ដោយ​ធ្វើ​ការ​វាយប្រហារ​ពាក្យ​សម្តី​ត្រង់​លើ​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​តែ​ម្តង។

តាម​លោក​នេតាន់យ៉ាហ៊ូ រដ្ឋបាល​អាមេរិក​របស់​លោក​អូបាម៉ា​ជា​អ្នក​ផ្តួចផ្តើម​គំនិត​ឲ្យ​មាន​សំណើ​ប្រឆាំង​អ៊ីស្រាអែល ជា​អ្នក​គាំទ្រ​ចេញ​មុខ និង​ជា​អ្នក​ដែល​បាន​ជំរុញ​ប្រទេស​សមាជិក​ផ្សេង​ឲ្យ​បោះឆ្នោត​​គាំទ្រ​លើ​សេចក្តីសម្រេចចិត្ត​នោះ។ ថ្លែង​ជា​ភាសា​កំណើត និង​ភាសា​អង់គ្លេស លោក​នេតាន់យ៉ាហ៊ូ​ចង់​បញ្ជូន​សារ​ទៅ​កាន់​ពលរដ្ឋ​អាមរិក និង​ប្រទេស​ដៃគូ​របស់​អាមេរិក​ឲ្យ​ដឹង​ពី​កំហឹង​របស់​អ៊ីស្រាអែល​ដោយ​បញ្ជាក់​ថា មិនមែន​ទង្វើ​របៀប​នេះ​ទេ​ដែល​គេ​ត្រូវ​ធ្វើ​ជាមួយ​សម្ព័ន្ធមិត្ត និង​ថា គេ​មិន​ដែល​ចាប់​បញ្ជូន​មិត្តភក្តិ​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខ​ដូច​ដែល​អាមេរិក​បាន​ធ្វើ​ចំពោះ​អ៊ីស្រាអែល​ពេល​នេះ​ទេ។

សូម​ជម្រាប​ជូន​ថា នេះ​ជា​លើកទី១ គិត​តាំង​ពី​ឆ្នាំ ១៩៧៩ ដែល​ក្រុមប្រឹក្សាសន្តិសុខ​បាន​អនុម័ត​លើ​សេចក្តីសម្រេចចិត្ត​មួយ​ដែល​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ជា​បន្ទាន់​នូវ​ការ​បន្ត​សាងសង់ និង​ការ​តាំងលំនៅឋាន​នៅ​ក្នុង​ដែនដី​របស់​ប៉ាឡេស្ទីន។ ការ​ដែល​លោក​នេតាន់យ៉ាហ៊ូ​បាន​ខឹងច្រឡោត​ខ្លាំង និង​ចង្អុល​មុខ​ដាក់​រដ្ឋបាល​អាមេរិក​របស់​លោក​អូបាម៉ា​ក៏​ដោយសារ​ថា អាមេរិក​មិន​បាន​ប្រើ​សិទ្ធិវ៉េតូ​ប្រឆាំង​នឹង​សេចក្តីសម្រេចចិត្ត​នោះ​ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ចេញ​មុខ​ការពារ​អ៊ីស្រាអែល​រហូត​មក​ដល់​សព្វថ្ងៃ​ទេ។ តើ​អាមេរិក​មិនមែន​កំពុង​ដោះដៃ​ចោល​សម្ព័ន្ធមិត្ត​មួយ​នេះ​របស់​ខ្លួន​ទេ ឬ​យ៉ាង​ណា?។

មិន​បាច់​ផ្តល់​ចម្លើយ​ក៏​គេ​ដឹង​ដែរ​ថា គ្មាន​ថ្ងៃ​ដែល​អាមេរិក​បោះបង់​ចោល​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធមិត្តប្រពៃណី និង​ចាក់ទឹកមិនលេច​មួយ​នេះ​របស់​ខ្លួន​ទេ ហើយ​អ៊ីស្រាអែល​ក៏​បាន​ដឹង​ច្បាស់ណាស់​ចំពោះ​រឿង​នេះ។ តែ​បញ្ហា​នៅ​ត្រង់​ថា រដ្ឋបាល​អាមេរិក​របស់​លោក​អូបាម៉ា​កំពុង​ទើសទាល់​ចិត្ត​ខ្លាំង​ក្នុង​រឿង​ដែល​អ៊ីស្រាអែល​បន្ត​ធ្វើ​អាណានិគម​លើ​ទឹកដី​ប៉ាឡេស្ទីន។ គឺ​ទង្វើ​របស់​អ៊ីស្រាអែល​មួយ​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ផែនការ​ស្វែង​រក​សន្តិភាព​ឲ្យ​គូបដិបក្ខ​អ៊ីស្រាអែល ប៉ាឡេស្ទីន​របស់​លោក​អូបាម៉ា​ទទួល​បរាជ័យ។ តាំង​ពី​ចូល​កាន់​​តំណែង​ក្នុង​ឆ្នាំ ២០០៩ លោក​អូបាម៉ា​បាន​សន្យា​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​សន្តិភាព​មួយ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន តែ​កាន់​តំណែង​ជិត​ចប់​អាណត្តិ​ទី២ ទៀត​ទៅ​ហើយ សូម្បី​តែ​ស្រមោល​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក៏​លែង​មាន​ដែរ។

ជា​ការ​ពិត សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​កាល​ពី​ថ្ងៃ​សុក្រ ទី២៣ ធ្នូ មិន​បាន​ចែង​ពី​ការ​ដាក់​ទ័ណ្ឌកម្ម​អ្វី​ទេ ប្រសិន​បើ​អ៊ីស្រាអែល​មិន​គោរព​តាម​នោះ។ តែ​គេ​ត្រូវ​ហ៊ាន​និយាយ​ថា សេចក្តីសម្រេចចិត្ត​មួយ​នេះ​ជា​សម្ពាធ​នយោបាយ​មួយ​យ៉ាង​ធ្ងន់​ចំពោះ​រដ្ឋាភិបាល​អ៊ីស្រាអែល​របស់​លោក​នេតាន់យ៉ាហ៊ូ ពិសេស​នឹង​អាច​បើក​ផ្លូវ​ឲ្យ​មាន​ការ​អូស ក ថ្នាក់ដឹកនាំ​អ៊ីសា្រអែល​ទៅ​កាត់ទោស​នៅ​តុលាការព្រហ្មទ័ណ្ឌ​អន្តរជាតិ និង​ការ​ធ្វើ​ពហិការ​លើ​ផលិតផល​របស់​អាណានិគមជន​អ៊ីស្រាអែល​ដែល​រស់លើ​ទឹកដី​ប៉ាឡេស្ទីន​ដោយ​ខុស​ច្បាប់។

គឺ​ការ​បន្ត​អនុវត្តន៍​នយោបាយ​អាណានិគម​លើ​ទឹកដី​ប៉ាឡេស្ទីន​របស់​លោក​នេតាន់យ៉ាហ៊ូ​នេះ​ឯង​ដែល​បាន​បំផុស​ឲ្យ​មាន​មន្ទិល​សង្ស័យ​លើ​ឆន្ទៈ​ស្វែង​រក​សន្តិភាព​របស់​ភាគី​អ៊ីស្រាអែល​ជាមួយ​ភាគី​ប៉ាឡេស្ទីន។ ដូច្នេះ​ចង់ ឬ​មិន​ចង់ សេចក្តីសម្រេចចិត្ត​នេះ​អាច​ជា​ការ​ដាស់​សតិ​អ៊ីស្រាអែល​ឲ្យ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​នយោបាយ​អាណានិគម​របស់​ខ្លួន ហើយ​ក៏​ជា​បច្ច័យ​ថ្មី​ជួយ​លើក​ទឹកចិត្ត​ដល់​ក្រុមប្រទេស​ដែល​តស៊ូ​ដើម្បី​បុព្វហេតុ​ប្រជាជន​ប៉ាឡេស្ទីន​ដែរ។ ប៉ាឡេស្ទីន​ដែល​បន្តិច​ម្តងៗ បាន​បង្វែរ​សង្រ្គាម​ប្រឆាំង​អ៊ីស្រាអែល​នៅ​លើ​សមរភូមិ និង​នៅ​តុចរចា​មួយ​ទល់​មួយ​ទៅ​ជា​សង្រ្គាមការទូត​នៅ​លើ​ឆាកអន្តរជាតិ​វិញ​ម្តង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ