អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​សង្រ្គាម ៦ថ្ងៃ​រវាង​ក្រុម​ប្រទេស​អារ៉ាប់ និង​អ៊ីស្រាអែល​កាល​ពី ៥០ឆ្នាំ​មុន​បាន​បន្សល់​ទុក​អ្វី​ខ្លះ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ចន្ទ ទី៥ មិថុនា ឆ្នាំ ២០១៧ គឺ​ជា​ខួប​គម្រប់ ៥០ឆ្នាំ​គត់​នៃ​សង្រ្គាម​ផ្លូវអាវុធ​ត​ទល់​គ្នា​យ៉ាង​ហិង្សា​រយៈពេល ៦ថ្ងៃ​រវាង​ប្រទេស​អ៊ីស្រាអែល​ម្នាក់​ឯង​ទល់​នឹង​ក្រុម​ប្រទេស​អារ៉ាប់​ដែល​ចូលរួម​ដោយ​ប្រទេស​អេហ្ស៊ីប ស៊ីរី និង​ហ្សកដានី រួម​ទាំង​មាន​ការ​ជួយ​គាំទ្រ​ពី​បណ្តា​ប្រទេស​អារ៉ាប់​ក្នុង​តំបន់​មួយ​ចំនួន​ទៀត។ សង្រ្គាម​តែ​ក្នុង​រយៈពេល ៦ថ្ងៃ​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​មនុស្ស​ជិត ១៧ ០០០នាក់ និង​បាន​ធ្វើ​ឲ្យ​ជម្លោះ​រវាង​អ៊ីស្រាអែល ប៉ាឡេស្ទីន​អូសបន្លាយ​មក​ដល់​សព្វថ្ងៃ។ តើ​អ្វី​ទៅ​ជា​ដើមចម និង​លទ្ធផល​បាន​មក​ពី​សង្រ្គាម ៦ថ្ងៃ​រវាង​ក្រុម​ប្រទេស​អារ៉ាប់ និង​អ៊ីស្រាអែល​កាល​ពី ៥០ឆ្នាំ​មុន?

តើ​សង្រ្គាម ៦ថ្ងៃ​រវាង​ក្រុម​ប្រទេស​អារ៉ាប់ និង​អ៊ីស្រាអែល​កាល​ពី ៥០ឆ្នាំ​មុន​បាន​បន្សល់​ទុក​អ្វី​ខ្លះ​?
តើ​សង្រ្គាម ៦ថ្ងៃ​រវាង​ក្រុម​ប្រទេស​អារ៉ាប់ និង​អ៊ីស្រាអែល​កាល​ពី ៥០ឆ្នាំ​មុន​បាន​បន្សល់​ទុក​អ្វី​ខ្លះ​? AFP
ផ្សាយពាណិជ្ជកម្ម

កាល​ពី ៥០ឆ្នាំ​មុន ពោល​ក្នុង​ថ្ងៃទី៥ មិថុនា ឆ្នាំ ១៩៦៧ កងទ័ព​អ៊ីស្រាអែល​បាន​បើក​ការ​វាយប្រហារ​ដូច​ផ្លេកបន្ទោរ និង​យ៉ាង​ភ្ញាក់ផ្អើល​លើ​មូលដ្ឋាន​កងទ័ព​អេហ្ស៊ីប​នៅ​តំបន់​ស៊ីណៃ។ ភ្លាមៗ​ក្រោយ​ការ​ផ្ទុះ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​អេហ្ស៊ីប ក្រុម​ប្រទេស​អារ៉ាប់​ដែល​គាំទ្រ​អេហ្ស៊ីប និង​កំពុង​ស្អប់​អ៊ីស្រាអែល​ស្រាប់​ក៏​បាន​លូកដៃ​ចូល​ប្រឡូក​ដែល​គ្រប់​គ្នា​ហ៊ាន​ទាំង​និយាយ​ដោយ​ចោទ​ជា​សំណួរ​ថា តើ​សង្រ្គាមលោក​លើកទី៣ បាន​ចាប់​ផ្តើម​ក្នុង​ថ្ងៃទី៥ មិថុនា ឆ្នាំ ១៩៦៧ ហើយ ឬ?។ ក្រុម​ប្រទេស​អារ៉ាប់​ដែល​បាន​ចេញ​មុខ​ប្រកាស​សង្រ្គាម​ទល់​នឹង​អ៊ីស្រាអែល​កាល​ណោះ​មាន​ស៊ីរី អ៊ីរ៉ាក់ ហ្សកដានី អាល់ហ្សេរី ស៊ូដង់ និង​អារ៉ាប៊ីសាអូឌីត។

គួរ​រម្លឹក​ជូន​ថា អ្វីៗ​បាន​ចាប់​ផ្តើម​ឡើង​ដោយ​អេហ្ស៊ីប​របស់​លោក​ប្រធានាធិបតី Nasser ជំនាន់​នោះ ឬ​និយាយ​ឲ្យ​ស្រួល​យល់ លោក Nasser ជា​ជា​អ្នក​បង្កាត់​ភ្លើង​សង្រ្គាម​ដោយ​បាន​បិទច្រក​ដៃសមុទ្រ Tiran ​ដែល​នាំ​ទៅ​កាន់​កំពង់ផែ Eilat របស់​អ៊ីស្រាអែល។ ទន្ទឹម​គ្នា​នេះ លោក Nasser ក៏​បាន​បញ្ជា​ឲ្យ​កងទ័ព​ត្រៀម​វាយ​ដណ្តើម​យក​ត្រឡប់​វិញ​នូវ​តំបន់​ស៊ីណៃ​ដែល​គ្មាន​កងទ័ព និង​ទាមទារ​ឲ្យ​មាន​ការ​ដក​កម្លាំងទ័ព​អន្តរជាតិ​ទាំង​អស់​ចេញ​ពី​នោះ។ ទង្វើ​ទាំង​នេះ​របស់​លោក Nasser បាន​ធ្វើ​ឲ្យ​អ៊ីស្រាអែល​ក្តៅស្លឹកត្រចៀក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រើ​កម្លាំង​បាយ​ទេ។

គ្រាន់​តែ​នៅ​ថ្ងៃ​ទី១ នៃ​ការ​វាយប្រហារ​ផ្លូវអាកាស​ដូច​ផ្លេកបន្ទោរ និង​យ៉ាង​ភ្ញាក់ផ្អើល​លើ​មូលដ្ឋាន​កងទ័ព​អេហ្ស៊ីប​នៅ​តំបន់​ស៊ីណៃ​នា​ព្រឹក​ទៀប​ភ្លឺ​ក្នុង​ថ្ងៃទី៥ មិថុនា ឆ្នាំ ១៩៦៧ កងទ័ព​អ៊ីស្រាអែល​កម្ទេច​បាន​យន្តហោះ​ចម្បាំង​អេហ្ស៊ីប​អស់​ចំនួន ៣ភាគ៤។ បន្ទាប់​ពី​បាន​ដណ្តើម​កាន់កាប់​តំបន់​ស៊ីណៃ និង​តំបន់​ហ្កាហ្សា​ពី​អេហហ្ស៊ីប កងទ័ព​អ៊ីស្រាអែល​ក៏​បាន​បន្ត​ដណ្តើម​កាន់កាប់​តំបន់​ស៊ីហ្សកដានី និង​ទីក្រុង​យេរ៉ុយសាឡឹមខាងកើត​ពី​ដៃ​ប្រទេស​ហ្សកដានី រួម​ទាំង​តំបន់​ខ្ពង់រាប​ពី​ដៃ​ប្រទេស​ស៊ីរី។ គ្រាន់​តែ​សង្រ្គាម​រយៈពេល ៦ថ្ងៃ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៧ ០០០នាក់​ក្នុង​នោះ ខាង​អេហ្ស៊ីប ១០ ០០០នាក់ ខាង​ហ្សកដានី​ជាង ៦ ០០០នាក់ និង​ជិត ៧០០ នៅ​ខាង​អ៊ីស្រាអែល។

គឺ​ជាមួយ​នឹង​ឧត្តមភាព យុទ្ធសាស្រ្ត ការ​ប្តេជ្ញាចិត្ត និង​គុណភាព​ព័ត៌មាន​សម្ងាត់​ដែល​បាន​អនុញ្ញាត​ឲ្យ​អ៊ីស្រាអែល​ទទួល​បាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​លើ​ក្រុម​ប្រទេស​អារ៉ាប់​តែ​ក្នុង​រយៈពេល​ដ៏​ខ្លី។ ពិត​ណាស់ បរាជ័យ​របស់​ក្រុម​ប្រទេស​អារ៉ាប់​ទល់​នឹង​អ៊ីស្រាអែល​តែ​ម្នាក់​ឯង​កាល​ណោះ គឺ​ជា​ព្រឹត្តិការណ៍​រន្ធត់​ខ្លាំង​ណាស់​នៅ​ក្នុង​តំបន់ ពិសេស​នៅ​ក្នុង​ពិភពអារ៉ាប់។ តែ​អ្វី​ដែល​រឹត​តែ​រន្ធត់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​ការ​ដែល​អ៊ីស្រាអែល​ក្រសោប​យក​បាន​ដែនដី​បន្ថែម​ហួស​ពី​ព្រំដែន​ស្របច្បាប់​ដែល​ខ្លួន​ធ្លាប់​មាន​ក្នុង​ឆ្នាំ ១៩៦៧ នោះ​បើ​ទោះ​បី​ជា​ដែនដី​ទាំង​នោះ​នៅ​បន្ត​ក្លាយ​ជា​បច្ចុប្បន្នភាព​ក្តៅ​គគុក​នៅ​តំបន់​ដើមបូព៌ា​ក៏​ដោយ ពិសេស​តំបន់​ស៊ីហ្សកដានី ទីក្រុង​យេរ៉ុយសាឡឹមខាងកើត និង​តំបន់​ហ្កាហ្សា​ដែល​កំពុង​បន្ត​ជា​បញ្ហា​ប្រឈម​ដ៏​ចម្រូងចម្រាស​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​សព្វថ្ងៃ។

គឺ​នៅ​លើ​តំបន់​ជម្លោះ​ទាំង ៣ រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​នេះ​ឯង​ដែល​តាំង​ពី​ឆ្នាំ ១៩៦៨ មក រដ្ឋាភិបាល​អ៊ីស្រាអែល​គ្រប់​ជំនាន់​តែងតែ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្លួន​ធ្វើ​ការ​សាងសង់​ផ្ទះសម្បែង​នៅ​ទីនោះ។ គិត​មក​ដល់​ថ្ងៃ​នេះ មាន​ប្រមាណ​ជា ៦០០ ០០០ខ្នង​នៅ​តំបន់​ស៊ីហ្សកដានី និង​ទីក្រុង​យេរ៉ុយសាឡឹមខាងកើត។ ក្រៅ​ពី​ចំណោត​រឿង​អាណានិគមជន​អ៊ីស្រាអែល​លើ​ទឹកដី​ប៉ាឡេស្ទីន​កាន់កាប់​ដោយ​អ៊ីស្រាអែល ចំណោត​ក៏​កំពុង​កើត​មាន​ឡើង​ជុំវិញ​ការ​វាស់វែង​ខ្សែបន្ទាត់​ព្រំដែន​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​ដែរ។ ៥០ឆ្នាំ ក្រោយ​សង្រ្គាម ៦ថ្ងៃ​រវាង​ក្រុម​ប្រទេស​អារ៉ាប់​ទល់​នឹង​អ៊ីស្រាអែល​មក
« ខ្សែបន្ទាត់​ព្រំដែន​ឆ្នាំ ១៩៦៧ » ត្រូវ​បាន​គេ​បន្ត​យក​ធ្វើ​មូលដ្ឋាន​គ្រឹះ​ដើម្បី​ស្វែង​រក​សន្តិភាព​ឲ្យ​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។

តែ​គេ​សង្កេត​ឃើញ​ជា​រួម​ថា ៥០ឆ្នាំ ក្រោយ​មក សន្តិភាព​ហាក់​នៅ​ឆ្ងាយ​សែន​ឆ្ងាយ​នៅ​ឡើយ​រវាង​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល។ យន្តការ « រដ្ឋ​ពីរ​ដើម្បី​ពលរដ្ឋ​ពីរ » ដែល​ជា​ការ​ចង់​បាន​របស់​សហគមន៍​អន្តរជាតិ និង​ជា​សុបិន្ត​របស់​ពលរដ្ឋ​ប៉ាឡេស្ទីន​គ្រប់​រូប​មិន​ដឹង​ជា​អាច​លេច​រូបរៀង​ពិត​នៅ​ថ្ងៃ​ណា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ