អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ្វីទៅ​ជា​សិទ្ធិ​នៃ​ការ​វិល​ត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​កំពុង​បន្ត​ទាមទារ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី២ មេសា ស្ថានការណ៍​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ខណ្ឌចែក​ទឹកដី​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា និង​ទឹកដី​អ៊ីស្រាអែល​ហាក់​បាន​ស្ងប់ស្ងាត់​បន្តិច។ ស្ងប់ស្ងាត់​បន្ទាប់​ពី​មាន​អំពើហិង្សា​យ៉ាង​ពុះកញ្ជ្រោល​រវាង​បាតុករ​ប៉ាឡេស្ទីន និង​ទាហាន​អ៊ីស្រាអែល​ក្នុង​ថ្ងៃ​សុក្រ ទី៣០ មីនា​ដែល​បាន​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​យ៉ាង​តិច ១៧នាក់ និង​របួស​ជាង ១ ៤០០នាក់។ ទោះ​ជា​យ៉ាង​នេះ​ក្តី ចលនា​ទាមទារ​សិទ្ធិ​នៃ​ការ​វិលត្រឡប់​វិញ​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​នឹង​បន្ត​មាន​រហូត​ដល់​ថ្ងៃ​ទី១៥ ឧសភា​ខាង​មុខ។ ហេតុអ្វី​បាន​ជា​ពលរដ្ឋ​ប៉ាឡេស្ទីន​បន្ត​ទាមទារ​សិទ្ធិ​នៃ​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន?

អ្វីទៅ​ជា​សិទ្ធិ​នៃ​ការ​វិល​ត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​កំពុង​បន្ត​ទាមទារ?
អ្វីទៅ​ជា​សិទ្ធិ​នៃ​ការ​វិល​ត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​ពលរដ្ឋ​ប៉ាឡេស្ទីន​កំពុង​បន្ត​ទាមទារ? REUTERS/Ibraheem Abu Mustafa
ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ថ្ងៃ​សៅរ៍ ទី៣១ មីនា​មក​ម្ល៉េះ​ដែល​បាតុករ​ប៉ាឡេស្ទីន​រស់​ក្នុង​តំបន់​ហ្កាហ្សា​គ្រប់គ្រង​ដោយ​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​បាន​នាំ​គ្នា​ទៅ​បោះ​ទីតាំង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ខណ្ឌចែក​តំបន់​ហ្កាហ្សា និង​ទឹកដី​អ៊ីស្រាអែល។ កម្មវត្ថុ​របស់​ពួក​គេ គឺ​រៀបចំ​ចលនា​ទាមទារ​សិទ្ធិ​នៃ​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​សម្រាប់​រយៈពេល ៦សប្តាហ៍ ពោល​រហូត​ដល់​ថ្ងៃទី១៥ ឧសភា​ខាង​មុខ។ ជម្រើស​យក​ថ្ងៃទី១៥ ឧសភា​ជា​ថ្ងៃ​បិទបញ្ចប់​ចលនា​ទាមទារ​របស់​ខ្លួន​មិនមែន​ជា​ជម្រើស​ចៃដន្យ​ទេ ព្រោះ​ជា​ខួប​គម្រប់ ៧០ឆ្នាំ​នៃ​សោកនាដកម្ម​នៃ​ការ​រត់ភៀសខ្លួន​របស់​ប្រជាជន​ប៉ាឡេស្ទីន និង​ការ​ប្រសូត្រ​រដ្ឋអ៊ីស្រាអែល​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៤៨។

តែ​គួរ​ឲ្យ​សោកស្តាយ ថ្ងៃទី១ នៃ​ការ​ផ្តើម​ចលនា​មួយ​នេះ​ត្រូវ​បាន​បញ្ចប់​ដោយ​បណ្តាល​ឲ្យ​ស្លាប់​បាតុករ​ប៉ាឡេស្ទីន​ស្លូតត្រង់​យ៉ាង​តិច ១៧នាក់ និង​របួស​ជាង ១ ៤០០នាក់​នៅ​ក្រោម​គ្រាប់​កំាំភ្លើង​របស់​ទាហាន​អ៊ីស្រាអែល។ មក​ដល់​ថ្ងៃ​នេះ ស្ថានការណ៍​ហាក់​ដូច​ជា​ស្ងប់ស្ងាត់​បន្តិច​មែន តែ​ប្រជាជន​ប៉ាឡេស្ទីន​មិន​បាន​បោះបង់​ចោល​ការ​ទាមទារ​របស់​ខ្លួន​ទេ។ ក្រៅ​ពី​ភាព​តានតឹង​ដែល​កំពុង​ឡើង​ខ្លាំង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ជាមួយ​អ៊ីស្រាអែល សង្រ្គាម​ពាក្យ​សម្តី​ក៏​កំពុង​លេច​ឡើង​យ៉ាង​ផុសផុល​រវាង​រដ្ឋាភិបាល​អ៊ីស្រាអែល និង​សហគមន៍​អន្តរជាតិ រួម​ទាំង​រវាង​រដ្ឋអំណាច​ប៉ាឡេស្ទីន និង​រដ្ឋបាល​អាមេរិកាំង​របស់​លោក​ដូណាល់ ត្រាំ។

ក្រោម​ភ្នែក​ច្រមុះ​របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់ អ៊ីស្រាអែល​ជា​អ្នក​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង​គត់​លើ​ការ​ស្លាប់ និង​របួស​ប្រជាជន​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃ​សុក្រ ទី៣០ មីនា និង​បាន​ទាមទារ​ឲ្យ​មាន​ការ​គាំពារ​ពី​សហគមន៍​អន្តរជាតិ។ ចំណែក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ប្រទេស​លោកខាងលិច​ជា​ច្រើន រួម​ទាំង​ក្រុម​ប្រទេស​អារ៉ាប់​ផង​បាន​ទាមទារ​ឲ្យ​បើក​ការ​ស៊ើបអង្កេត​ឯករាជ្យ​មួយ​ដើម្បី​ស្វែង​រក​ការ​ពិត។ តែ​គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល សំណើ​នេះ​ត្រូវ​បាន​លោក​នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​នេតាន់យ៉ាហ៊ូ និង​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ លោក​នេតាន់យ៉ាហ៊ូ​ថែម​ទាំង​សរសើ​លើ​ទង្វើ​របស់​ទាហាន​អ៊ីស្រាអែល​ពេញ​មាត់​ដោយ​ចាត់​ទុក​ជា​ទាហាន​ដែល​មាន​សីលធម៌​ជាង​គេ​នៅ​ក្នុង​លោក។

គិត​តាំង​ពី​ក្រោយ​ការ​បិទ​បញ្ចប់​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​កម្លាំងប្រដាប់អាវុធ​ប៉ាឡេស្ទីន​ហាម៉ាស់​នា​រដូវ​ក្តៅ​ឆ្នាំ ២០១៤ មក នេះ​ជា​លើកទី១ ដែល​អំពើហិង្សា​រវាង​ភាគី​ជម្លោះ​ទាំង​ពីរ​បាន​សម្លាប់​មនុស្ស​ជា​ច្រើន​នាក់។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ព្រឹត្តិការណ៍​មួយ​នេះ​មិន​ដូច​គ្នា​នឹង​ព្រឹត្តិការណ៍​កាល​ពី ៤ឆ្នាំ​មុន​ទេ។ មិន​ដូច​គ្នា​ព្រោះ​លើក​នេះ ប្រជាជន​ប៉ាឡេស្ទីន​បាន​ផ្តើម​ចលនា​ទាមទារ​សិទ្ធិ​នៃ​ការ​វិល​ត្រឡប់​វិញ​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​ទី៣។ ប្រភេទ​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​គេ​ចង់​និយាយ​នេះ គឺ​ពលរដ្ឋ​ប៉ាឡេស្ទីន​ប្រមាណ​ជា ៧២០ ០០០នាក់​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ ឬ​បង្ខំ​ចិត្ត​ចាកចេញ​ដោយ​ខ្លួន​ឯង​ពី​ទឹកដី​កំណើត​ក្នុង​សម័យ​សង្រ្គាម​ប្រកាស​ដោយ​អ៊ីស្រាអែល​ក្នុង​ឆ្នាំ ១៩៤៨ និង​ដែល​ក្នុង​ឆ្នាំ​ដដែល​នេះ រដ្ឋ​អ៊ីស្រាអែល​មួយ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវការ។

គឺ​ចាប់​តាំង​ពី​ពេល​នោះ​ឯង​ដែល​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​បាន​ចាប់​ផ្តើម និង​បន្ត​មាន​មក​ដល់​សព្វថ្ងៃ។ ពិត​ណាស់​ថា ការ​ទាមទារ​ចង់​បាន​រដ្ឋ​ឯករាជ្យ​មួយ​នៅ​ជា​បុព្វហេតុ​ចម្បង​របស់​ប្រជាជន​ប៉ាឡេស្ទីន តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា សិទ្ធិ​នៃ​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ចូល​ក្នុង​អតីត​ដីកំណើត​របស់​ខ្លួន​ដែល​ជា​របស់​អ៊ីស្រាអែល​បច្ចុប្បន្ន​នៅ​បន្ត​ជា​ប្រធានបទ​ដ៏​ស្មុគស្មាញ និង​ចម្រូងចម្រាស។ ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​បាន​យល់​ឃើញ​ដូច​គ្នា​ថា រឿងរ៉ាវ​មួយ​នេះ​កំពុង​បន្ត​ជា​ឧបសគ្គ​នៃ​ដំណើរ​ស្វែង​រក​សន្តិភាព​រវាង​គ្នា។ ប្រជាជន​ប៉ាឡេស្ទីន ៣ជំនាន់​មក​ហើយ​ដែល​បាន​ទាមទារ​សិទ្ធិ​មួយ​នេះ។

តាម​ពិត​ទៅ អង្គការសហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​បាន​ចូលរួម​ជួយ​ឈឺ​ឆ្អាល​ឲ្យ​មាន​កម្មវិធី​គាំពារ និង​ឧបត្ថម្ភ​លើ​ជនភៀសខ្លួន​ប៉ាឡេស្ទីន រួម​ទាំង​បង្ក​លក្ខណៈ​ងាយស្រួល​នៃ​ការ​ត្រឡប់​ចូល​ដីកំណើត និង​ទទួល​បាន​វិញ​នូវ​ទ្រព្យសម្បត្តិ​របស់​ខ្លួន ពិសេស​ជនភៀសខ្លួន​ណា​ដែល​ចង់​ត្រឡប់​ដោយ​ស្ម័គ្រចិត្ត។ ម្យ៉ាង​ទៀត សិទ្ធិ​នៃ​ការ​វិលត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ក៏​ជា​លក្ខខណ្ឌ​មួយ​ក្នុង​ចំណោម​លក្ខខណ្ឌ​ជា​ច្រើន​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​អ៊ីស្រាអែល និង​ក្រុម​ប្រទេស​អារ៉ាប់។ តែ​អ្វីៗ​ហាក់​បាន​ជាប់គាំង និង​ផ្ទុះ​ជា​រឿងអាស្រូវ​ក្នុង​ពេល​ដែល​អ៊ីស្រាអែល​បាន​សម្រេច​បិទទ្វារ​មិន​ទទួល​យក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ជា​ដាច់ខាត។ អ្វី​ដែល​ទីក្រុង​តេឡាវី​បារម្ភ គឺ​ខ្លាច​លំហូរ​ត្រឡប់​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​នឹង​ធ្វើ​ឲ្យ​ជនជាតិ​ជ្វីហ្វ​ក្លាយ​ជា​ជនជាតិ​ភាគ​តិច​នៅ​ក្នុង​រដ្ឋ​អ៊ីស្រាអែល​ដែល​ទើប​បង្កើត​ថ្មីថ្មោង។

បន្ទាប់​មក​ទៀត រដ្ឋាភិបាល​អ៊ីស្រាអែល​ក៏​បាន​បង្កើត​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​រដ្ឋ​មាន​សិទ្ធិ​រឹបអូស​ដីធ្លី ផ្ទះសម្បែង​ដែល​ប្រជាជន​ប៉ាឡេស្ទីន​បាន​ទុក​ចោល។ សព្វថ្ងៃ​នេះ ដីធ្លី និង​ផ្ទះសម្បែង​មួយ​ភាគ​ធំ​របស់​ជនភៀសខ្លួន​ប៉ាឡេស្ទីន​នៅ​បរទេស​ត្រូវ​បាន​រដ្ឋ​អ៊ីស្រាអែល​រក្សា​ទក​ជា​កម្មសិទ្ធិ​របស់​រដ្ឋ និង​មាន​ដីធ្លី​មួយ​ភាគ​តូច​ត្រូវ​ឈូសឆាយ រួច​ប្រគល់​ទៅ​ឲ្យ​សហគមន៍​ជ្វីហ្វ​កាន់កាប់។ ចំណែក​ជនភៀសខ្លួន​ប៉ាឡេស្ទីន​ដែល​ជា​ម្ចាស់ដើម​បាន​ឲ្យ​ទុក​​ត្រឹម​សន្លឹក​ប័ណ្ណកម្មសិទ្ធិ និង​ប្លង់រឹង​ដោយ​នៅ​តែ​សង្ឃឹម​ថា នឹង​យក​បាន​វិញ​នូវ​ដីធ្លី ឬ​ផ្ទះសម្បែង​របស់​ខ្លួន​នៅ​ថ្ងៃ​ណា​មួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ