រវាងអារ៉ាប៊ីសាអូឌីត និងអាមេរិក តើអ្នកណាចំណេញ និងអ្នកណាខាតនៅក្នុងរឿងបាត់ខ្លួនលោកហ្សាម៉ាល់ ខាស្ហូហ្ស៊ី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៧
ពីរសប្តាហ៍គត់ដែលអ្នកកាសែតអារ៉ាប៊ីសាអូឌីតលោកហ្សាម៉ាល់ ខាស្ហូហ្ស៊ីបានបាត់ខ្លួន បន្ទាប់ពីគាត់បានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីតប្រចាំទីក្រុងអ៊ីស្តង់ប៊ូលកាលពីថ្ងៃទី២ តុលា។ ទីក្រុងបានបន្តបដិសេធម្តងជាពីរដងថា ខ្លួនមិនបានដឹងរឿងអ្វីទាំងអស់។ តែជាថ្មីម្តងទៀត ក្រុមប្រទេសបស្ចិមលោក ពិសេសបារាំង អង់គ្លេស និងអាល្លឺម៉ង់បានទាមទារឲ្យទីក្រុងរីយ៉ាដបំភ្លឺ និងស៊ើបអង្កេតប្រកបដោយតម្លាភាព។ តែសង្រ្គាមពាក្យសម្តីដែលកំពុងបន្តមានយ៉ាងខ្ចរខ្ចាយពេលនេះ គឺរវាងអារ៉ាប៊ីសាអូឌីត និងអាមេរិក។ ក្រោយពីលោកដូណាល់ ត្រាំបានព្រមានដាក់ពិន័យចាស់ដៃ ទីក្រុងរីយ៉ាដក៏បានព្រមានសងសឹកវិញ។ ហេតុអ្វីបានជារឿងអាស្រូវមួយនេះកាន់តែបែកខ្ចរខ្ចាយ និងថា តើអាចមានប្រតិកម្មអ្វីខ្លះដែលបស្ចិមលោក និងអារ៉ាប៊ីសាអូឌីតអាចដាក់លើគ្នាទៅវិញ ទៅមក?
ក្នុងពេលដែលអាថ៍កំបាំងនៃការបាត់ខ្លួនរូបអ្នកកាសែតអារ៉ាប៊ីសាអូឌីតលោកហ្សាម៉ាល់ ខាស្ហូហ្ស៊ីកាន់តែអូសបន្លាយ សង្រ្គាមពាក្យសម្តីរវាងប្រទេសអារ៉ាប៊ីសាអូឌីត និងក្រុមប្រទេសបស្ចិមលោកមួយចំនួនក៏កំពុងបន្តមានកាន់តែខ្ចរខ្ចាយខ្លាំងដែរ។ តែសង្រ្គាមពាក្យសម្តីដែលបានធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ខ្លាំងជាងគេពេលនេះ គឺរវាងអារ៉ាប៊ីសាអូឌីត និងអាមេរិកដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេចរវាងគ្នា។ លោកដូណាល់ ត្រាំបានព្រមានដាក់ពិន័យចាស់ដៃ ប្រសិនបើទីក្រុងរីយ៉ាដជាអ្នកនៅពីក្រោយការបាត់ខ្លួនលោកខាស្ហូហ្ស៊ីមែននោះ។ លោកត្រាំមិនបានបញ្ជាក់ទេថា តើទណ្ឌកម្មប្រភេទណាដែលទីក្រុងវ៉ាស៊ីនតោនអាចដាក់លើទីក្រុងរីយ៉ាដនោះ។ តែទីក្រុងរីយ៉ាដមិនញញើតនឹងព្រមានបកថា ទោះបីជាទណ្ឌកម្មប្រភេទណាក៏ដោយ ជាសេដ្ឋកិច្ច ឬជានយោបាយក៏ដោយ ក៏ខ្លួនមិនអាចឈរក្រពាត់ដៃមើល និងធ្វើការសងសឹកឲ្យសក្តិសមវិញ។
ត្រង់ចំណុចនេះ អារ៉ាប៊ីសាអូឌីតក៏មិនបានលំអិតពីប្រភេទទណ្ឌកម្មដែលត្រូវសងសឹងដែរ តែគ្រាន់បញ្ជាក់ថា អារ៉ាប៊ីសាអូឌីតជាប្រទេសដើរតួនាទីយ៉ាងសំខាន់ និងជាប្រទេសដែលមានឥទ្ធិពលលើសេចដ្ឋកិច្ចពិភពលោក។ តាមរយៈឃ្លាមួយមាត់នេះនាំឲ្យគេយល់បានភ្លាមថា ទីក្រុងរីយ៉ាដក្នុងនាមជាស្តេចប្រេងកាតក្នុងលោកចង់យកមាសខ្មៅរបស់ខ្លួនធ្វើជាអាវុធដើម្បីព្រមាន។ អារ៉ាប៊ីសាអូឌីតពិតជាយល់មិនច្រឡំទេថា បើខ្លួនកាត់បន្ថយការបូមប្រេង នោះតម្លៃប្រេងនឹងស្ទុះឡើងដែលអាចនឹងជះផលវិបាកខ្លាំងដល់សកម្មភាពសេដ្ឋកិច្ចក្នុងលោក។ តែគេមិនត្រូវភ្លេចនិយាយទេថា តាំងពីតម្លៃប្រេងបានធ្លាក់ថ្លៃខ្លាំងតាំងពីដំណាច់ឆ្នាំ ២០១៤ មក ចំណូលដែលប្រទេសអារ៉ាប់មួយនេះពឹងលើការបូមប្រេងលក់បានធ្លាក់ចុះយ៉ាងខ្លាំង។
អ៊ីចឹងហើយបានជារាជទាយាទបេន សាលម៉ានមិនញញើតនឹងផ្លាស់ប្តូរសង្គមអារ៉ាប៊ីសាអូឌីតដែលជារបបអភិរក្សនិយមជាងគេមួយនៅក្នុងលោកទេ។ គឺរាជទាយាទអង្គនេះឯងដែលបានអនុញ្ញាតស្រ្តីឲ្យមានសិទ្ធិបើកបរដូចបុរស និងបានធ្វើកំណែទម្រង់សេដ្ឋកិច្ចជាតិដោយប្តូរពីសេដ្ឋកិច្ចពឹងតែលើចំណូលបានមកពីការបូមប្រេងលក់ទៅជាសេដ្ឋកិច្ចដែលចំណូលបានមកពីប្រភពផ្សេង។ មហាផែនការកំណែទម្រង់នេះត្រូវបានព្រះអង្គម្ចាស់សាលម៉ានឲ្យឈ្មោះថា “ផែនការចក្ខុវិស័យ ២០៣០”។ តែជម្រើសផ្លូវដើរមួយនេះត្រូវបានគេមើលឃើញថា មិនបានធ្វើឲ្យអារ៉ាប៊ីសាអូឌីតក្អេងក្អាងដូចការបូមប្រេងលក់នោះទេ។ មិនឲ្យក្អេងក្អាងព្រោះអារ៉ាប៊ីសាអូឌីតបានដឹងយ៉ាងច្បាស់ថា ដើម្បីអាចសម្រេច “ផែនការចក្ខុវិស័យ ២០៣០” បាន ខ្លួនគ្មានជម្រើសអ្វីផ្សេងក្រៅពីសហការណ៍ជាមួយបរទេសទេ ពិសេសក្រុមអ្នកវិនិយោគបរទេស។
ជាមួយអាមេរិកដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច ក៏អារ៉ាប៊ីសាអូឌីតពិបាកនឹងក្អកជាមួយដែរ ព្រោះចង់ឬមិនចង់ ទីក្រុងរីយ៉ាដដែលមានប្រទេសអ៊ីរ៉ង់ជាសត្រូវស៊ីសាច់ហុចឈាមនៅក្នុងតំបន់ត្រូវការ ការគាំទ្រពីទីក្រុងវ៉ាស៊ីនតោនដោយខានមិនបាន។ តែអារ៉ាប៊ីសាអូឌីតក៏ដឹងដែរថា អាមេរិកក្នុងជំនាន់លោកដូណាល់ ត្រាំដែលកំពុងតឹងសរសៃ ក ជាមួយអ៊ីរ៉ង់ និងកំពុងត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីលើអ៊ីរ៉ង់ ក៏ត្រូវការខ្លួនដែរ ពិសេសឲ្យជួយបង្កើនផលិកម្មប្រេងដើម្បីបំពេញកន្លែងរបស់អ៊ីរ៉ង់។ ម្យ៉ាងទៀត អាមេរិករបស់លោកត្រាំក៏មិនអាចមើលរំលងលើមហាកំណែទម្រង់សេដ្ឋកិច្ចរបស់រាជទាយាទបេន សាលម៉ានដែរ។ លោកត្រាំបានបញ្ជាក់ច្បាស់ៗរួចហើយ អាមេរិកមិនអាចបោះបង់កុងត្រាអាវុធដែលអាមេរិកមានជាមួយអារ៉ាប៊ីសាអូឌីតដោយប្រគល់ទៅអ្នកផ្សេង ពិសេសរុស្ស៊ី និងចិនបានទេ។
សម្រាប់លោកត្រាំ គេអាចមានវិធីសាស្រ្តផ្សេងដើម្បីដាក់ពិន័យលើអារ៉ាប៊ីសាអូឌីត ដោយមិនឲ្យខូចប្រយោជន៍សេដ្ឋកិច្ច។ តើវិធីសាស្រ្តអ្វីទៅ? លោកត្រាំបានផ្តល់ចម្លើយយ៉ាងសាមញ្ញថា គេត្រូវរង់ចាំមើលនាពេលខាងមុខ។ ចម្លើយរបៀបនេះនាំឲ្យគេសន្និដ្ឋានបានថា អាមេរិកមិនអាច ឬមិនហ៊ានធ្វើអ្វីធំដុំដាក់អារ៉ាប៊ីសាអូឌីតឡើយ ព្រោះទី១ ខ្លាចបាត់បង់សេដ្ឋកិច្ច និងទី២ ប្រទេសអារ៉ាប់មួយនេះជាសម្ព័ន្ធមិត្តដ៏មានឥទ្ធិពលតែមួយគត់របស់ខ្លួន និងដែលខ្លួនអាចពឹងពាក់បាននៅក្នុងតំបន់។ តែអាមេរិកដែលតាំងនាមជាបិតាប្រជាធិបតេយ្យក្នុងលោកពិតជាមិនអាចមិននិយាយបានទេចំពោះការបាត់ខ្លួនលោកហ្សាម៉ាល់ ខាស្ហូហ្ស៊ី ព្រោះទី១ លោកជាអ្នកកាសែត និងទី២ លោកជាអ្នករិះគន់ ទិតៀនរាជទាយាទអារ៉ាប៊ីសាអូឌីតបេន សាលម៉ាន។
លោកត្រាំហាក់បានច្បាស់ក្នុងចិត្តថា ទីក្រុងរីយ៉ាដជាអ្នកនៅពីក្រោយការបាត់ខ្លួនលោកខាស្ហូហ្ស៊ី។ តែនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោកត្រាំនាថ្ងៃចន្ទ ទី១៥ តុលា រាជទាយាទបេនសាលម៉ាននៅបន្តបដិសេធយ៉ាងដាច់អហង្ការ។ ចំណែកលោកត្រាំបានបញ្ជាក់ពីបញ្ជូនប្រមុខការទូតប៉ុមប៉េអូទៅជួបព្រះអង្គម្ចាស់បេនសាលម៉ានផ្ទាល់ក្នុងទីក្រុងរីយ៉ាដ។ យ៉ាងណាក៏ដោយ រឿងរ៉ាវមួយនេះបានធ្វើឲ្យរំជើបរំជួលយ៉ាងខ្លាំង និងបង្កក្តីបារម្ភដល់ក្រុមអ្នកវិនិយោគបរទេស និងអារ៉ាប៊ីសាអូឌីត។ ដូច្នេះគ្រប់ភាគីពាក់ព័ន្ធគួរតែត្រូវបញ្ចប់រឿងរ៉ាវមួយនេះឲ្យបានលឿនកាលណាល្អកាលនោះ ព្រោះនៅទីបញ្ចប់ គ្មានអ្នកចំណេញ មានតែអ្នកខាត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ