អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គូសត្រូវ​អារ៉ាប៊ីសាអូឌីត និង​អ៊ីស្រាអែល​កំពុង​ចាប់​ដៃ​គ្នា​ដើម្បី​ប្រឆំាង​សត្រូវ​រួម​ក្នុង​តំបន់ គឺអ៊ីរ៉ង់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មិថុនា​សប្តាហ៍​កន្លង​ទៅ មាន​បែក​ធ្លាយ​ព័ត៌មាន​ឲ្យ​ដឹង​ថា អ្នកតំណាង​ប្រទេស​អ៊ីស្រាអែល និង​អ្នកតំណាង​ប្រទេស​អារ៉ាប៊ីសាអូឌីត​បាន​ជួប​ចរចា​គ្នា​ស្ងាត់ៗ​​នៅ​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ភាគី​អ៊ីស្រាអែល​តំណាង​ដោយ​អតីត​ឯកអគ្គរដ្ឋទូត រីឯ​ភាគី​អារ៉ាប៊ីសាអូឌីត​បាន​តំណាង​ដោយ​អតីត​ឧត្តមសេនីយ។ ក្រៅ​ពី​វត្តមាន​អ្នកតំណាង​នៃ​ប្រទេស​គូសត្រូវ​ទំាង​ពីរ ក៏​មាន​វត្តមាន​ពី​ភាគី​អាមរិកំាង​ដែរ។ កម្មវត្ថុ​នៃ​ជំនួប​រវាង​គូសត្រូវ​ទំាង​ពីរ អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​មិនមែន​ដើម្បី​ស្វែង​រក​ការ​ផ្សះផ្សា​គ្នា​ទេ តែ​ដើម្បី​ប្រឆំាង​នឹង​សត្រូវ​រួម​ក្នុង​តំបន់ គឺ​ប្រទេស​អ៊ីរ៉ង់។

លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី
លោក​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន រ៉ូហានី AFP PHOTO / HO / IRANIAN PRESIDENCY
ផ្សាយពាណិជ្ជកម្ម

សត្រូវ​នៅ​តែ​ជា​សត្រូវ តែ​នៅ​ពេល​ណា​ដែល​សត្រូវ​ទំាង​ពីរ​មាន​សត្រូវ​រួម​ដូច​គ្នា​ដែល​ត្រូវ​ប្រឆំាង គេ​ក៏​អាច​ចាប់​ដៃ​គ្នា​មួយ​រយៈ​ដើម្បី​ចាត់​ការ​លើ​សត្រូវ​រួម​ជា​មុន​សិន មុន​នឹង​វិល​មក​ពាក់​មុខ​យក្ស​ដាក់​គ្នា​ជា​ថ្មី។ ករណី​នេះ​បាន និង​កំពុង​អនុវត្តន៍​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អ៊ីស្រាអែល​ដែល​កំពុង​បន្ត​ជា​សត្រូវ​នឹង​គ្នា​មក​ដល់​សព្វថ្ងៃ។ អារ៉ាប៊ីសាអូឌីត ក៏​ដូច​ជា​ក្រុមប្រទេស​អារ៉ាប់​ភាគ​ច្រើន​នៅ​ក្នុង​តំបន់ បាន​បន្ត​ចេញ​មុខ​ប្រឆំាង​នឹង​អ៊ីស្រាអែល និង​មិន​ព្រម​ទទួល​ស្គាល់​រដ្ឋជ្វីហ្វ​មួយ​នេះ ដោយសារ​តែ​អ៊ីស្រាអែល​បន្ត​រារំាង​មិន​ឲ្យ​ប៉ាឡេស្ទីន​បង្កើត​រដ្ឋស្របច្បាប់ និង​ការ​ដែល​រដ្ឋាភិបាល​អ៊ីស្រាអែល​បន្ត​សាងសង់​លំនៅដ្ឋាន​ឲ្យ​ពលរដ្ឋ​ខ្លួន​នៅ​ក្នុង​ទឹកដី​ប៉ាឡេស្ទីន។

តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​កំពុង​មាន​សត្រូវ​រួម​ដូច​គ្នា​នៅ​ក្នុង​តំបន់ នោះ​គឺ​ប្រទេស​អ៊ីរ៉ង់។ អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​បាន​យល់​យ៉ាង​ច្បាស់​ថា ខ្លួន​កំពុង​ជា​សត្រូវ​នឹង​គ្នា និង​កំពុង​មិន​ចុះ​សម្រុង​គ្នា​នៅ​លើ​បញ្ហា​មួយ​ចំនួន​នៅ​ក្នុង​តំបន់ តែ​មិន​រហូត​ដល់​ចាត់​ទុក​គ្នា​ជា​សត្រូវ​ស៊ូពូជ​នោះ​ទេ។ អ៊ីស្រាអែល​បាន​ទទួល​ស្គាល់​ថា ប្រទេស​ដែល​ប្រកប​ដោយ​គ្រោះថ្នាក់ និង​កំពុង​គំរាមកំហែង​លើ​សន្តិសុខ​របស់​ខ្លួន គឺ​មិន​មែន​អារ៉ាប៊ីសាអូឌីត​ទេ តែ​ប្រទេស​អ៊ីរ៉ង់។ ចំណែក​អារ៉ាប៊ីសាអូឌីត​ក៏​បាន​គិត​ដូច​គ្នា​អ៊ីចឹង​ដែរ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​ជា​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​បាន​ព្យាយាម​ខំាមាត់ សង្កត់ចិត្ត​បំភ្លេច​មួយ​រយៈ​ភាព​ជា​សត្រូវ​រវាង​គ្នា​ដើម្បី​ពួតដៃ​វ៉ៃសត្រូវ​រួម​ក្នុង​តំបន់ គឺ​អ៊ីរ៉ង់។

តាម​ពិត​ទៅ ព័ត៌មាន​ជុំវិញ​រឿង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​បាន​លួច​ចរចា​គ្នា​ស្ងាត់ៗ​ដើម្បី​រក​មធ្យាបាយ​ប្រឆំាង​ទប់​នឹង​ឥទ្ធិពល និង​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់​មិនមែន​ទើប​តែ​កើត​មាន​នៅ​ថ្ងៃ​ម្សិលមិញ ឬ​មួយ​ក៏​ថ្ងៃ​នេះ​ឯណា តែ​ប្រហែល​ជា​បាន​កើត​មាន​តំាង​ពី​ដើម​ឆ្នំា ២០១៤ មក​ម្ល៉េះ។ ក្នុង​រយៈពេល  ១ឆ្នំា​កន្លះ​កន្លង​ទៅ ភាគី​គូសត្រូវ​ទំាង​ពីរ​បាន​ជួប​ចរចា​គ្នា​ដោយ​សម្ងាត់​យ៉ាង​តិច ៥ដង​ដើម្បី​និយាយ​ពី​អ៊ីរ៉ង់​ដែល​ជា​សត្រូវរួម​ទី១ របស់​ខ្លួន​នៅ​ក្នុង​តំបន់។ មួយ​វិញ​ទៀត កិច្ចចរចា​កាន់​តែ​បង្កើន​ល្បឿន​ទៅ​មុខ​បន្ថែម​ទៀត នៅ​ពេល​ដែល​សហគមន៍​អន្តរជាតិ មាន​អាមេរិក​ដឹកមុខ និង​អ៊ីរ៉ង់​កំពុង​បង្កើន​ល្បឿន​កិច្ចចរចា​ក្នុង​គោលដៅ​សម្រេច​ឲ្យ​បាន​នូវ​កិច្ចព្រមព្រៀង​ស្ថាពរ​មួយ​ឲ្យ​បាន​មុន​ថ្ងៃទី៣០ មិថុនា​ខាង​មុខ​ស្តីពី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​ដ៏​ចម្រូងចម្រាស។

គឺ​ទើប​តែ​នៅ​ក្រោយ​កិច្ចចរចា​ជា​ថ្មី​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋមេរិក​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៤ មិថុនា​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ​ដែល​ព័ត៌មាន​សម្ងាត់​មួយ​នេះ​ត្រូវ​បាន​បែក​ធ្លាយ​ជា​ផ្លូវការ។ អ្នក​ដែល​ទម្លាយ​ឲ្យ​ដឹង​ព័ត៌មាន​សម្ងាត់​នេះ​ជា​ផ្លូវការ គឺ​គ្មាន​នរណា​ក្រៅ​ពី​សាមីខ្លួនអ្នកចរចា​ផ្ទាល់​អ៊ីស្រាអែល​តំណាង​ដោយ​អតីត​ឯកអគ្គរដ្ឋទូត និង​អារ៉ាប៊ីសាអូឌីត​តំណាង​ដោយ​អតីត​ឧត្តមសេនីយ​នោះ​ទេ ព្រោះ​នៅ​ចុង​បញ្ចប់​នៃ​កិច្ចចរចា ឥស្សរជន​ទំាង​ពីរ​រូប​បាន​ឈរ​ថត​បង្ហាញ​មុខ​រួម​គ្នា​ជា​លើកទី១ និង​ដែល​រូបភាព​នោះ​ត្រូវ​បាន​មធ្យោបាយ​ឃោសនា​មហាជន​យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។

អ្វី​ដែល​គ្រប់​គ្នា​កំពុង​ចង់​ដឹង ចង់​ឮ​ពេល​នេះ​គឺ​ថា តើ​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​បាន​និយាយ​គ្នា​ពី​រឿង​អ្វី​ខ្លះ និង​សម្រេច​បាន​អ្វី​ខ្លះ​នៅ​ក្នុង​កិច្ចចរចា​កន្លង​មក?

បើ​គេ​ជឿ​លើ​សម្តី​របស់​ប្រតិភូ​អ៊ីស្រាអែល​ម្នាក់​ដែល​បាន​ចូលរួម​ដោយ​ផ្ទាល់​នៅ​ក្នុង​កិច្ចចរចា​ឲ្យ​ដឹង​ថា អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ស្តីពី​ភាព​ចំា​បាច់​ក្នុង​ការ​ប្រឈម​ទប់​នឹង​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់។ គេ​ពិត​ជា​មិន​អាច​ផ្ទៀងផ្ទាត់​ព័ត៌មាន​នេះ​បាន​ឡើយ តែ​បើ​ពិត​​ដូច្នោះ​មែន នេះ​ជា​ព្រឹត្តិការណ៍​ទី១ មិន​ធ្លាប់​មាន​រវាង​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​ដែល​គ្មាន​ទំនាក់ទំនង​ការ​ទូត​រវាង​គ្នា តែ​មាន​សត្រូវ​រួម​គ្នា​នៅ​ក្នុង​តំបន់។ ជា​ការ​ពិត អ្វី​ដែល​សហគមន៍​អន្តរជាតិ​កំពុង​ប្រឹងប្រែង​ស្វែង​រក​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​ពេល​នេះ គឺ​ទប់​ស្កាត់​កុំ​ឲ្យ​អ៊ីរ៉ង់​បំពាក់​អាវុធ​បរិមាណូ។

តែ​បញ្ហា​នៅ​ត្រង់​ថា អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​មិន​បាន​យល់​ឃើញ​ដូច្នោះ​ឯណា ព្រោះ​អ្វី​ដែល​គូសត្រូវ​ទំាង​ពីរ​កំពុង​បារម្ភ​ខ្លំាង​នោះ គឺ​ខ្លាច​តែ​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា​បែរ​ជា​ជួយ​បង្កើន​ឥទ្ធិពល​អ៊ីរ៉ង់​ឲ្យ​ប្រឆំាង​នឹង​ខ្លួន​ទៅ​វិញ ពិសេស​អនុញ្ញាត​ឲ្យ​របប​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់​ក្លាយ​ជា​រដ្ឋនុយក្លេអ៊ែរ និង​បង្ក​ឲ្យ​មាន​ការ​ប្រកួតប្រជែង​គ្រឿង​សព្វាវុធ​នៅ​ក្នុង​តំបន់​ទៅ​វិញ។ ក្រុមអ្នកជំនាញ​បាន​យល់​ឃើញ​ថា គឺ​ដោយសារ​តែ​មើល​ឃើញ​ពី​ប្រយោជន៍​រួម​នៅ​ក្នុង​តំបន់​ដែល​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​បង្ខំ​ចិត្ត​ជ្រលក់មាត់​រក​គ្នា ពិសេស​ទាក់ទង​នឹង​សំណុំរឿង​សំខាន់​ពីរ គឺ​ការ​គំរាមកំហែង​របស់​អ៊ីរ៉ង់ និង​អស្ថិរភាព​ក្នុង​តំបន់​បង្ក​ដោយ​ពួកអ៊ីស្លាមជ្រុលនិយម។

តែ​យ៉ាង​ណា​ក៏​ដោយ និង​បើ​ទោះ​បី​ជា​អ៊ីស្រាអែល និង​អារ៉ាប៊ីសាអូឌីត​កំពុង​សម្លឹង​ឃើញ​ប្រយោជន៍​រួម​ដូច​គ្នា ពិសេស​មាន​សត្រូវ​តែ​មួយ​ដែល​ត្រូវ​កំចាត់​រួម​គ្នា​នៅ​ក្នុង​តំបន់​ក៏​ដោយ ក៏​គ្មាន​សញ្ញា​វិជ្ជមាន​ណា​មួយ​ដែល​អាច​បញ្ជាក់​ពី​ការ​បើក​ផ្លូវ​ឲ្យ​គូសត្រូវ​ទំាង​ពីរ​ឆ្ពោះ​ទៅ​ភ្ជាប់​ទំនាក់ទំនង​ប្រក្រតី​រវាង​គ្នា​បាន​ឡើយ ល្គឹក​ណា​ជម្លោះ​រុំារ៉ៃ​អ៊ីស្រាអែល ប៉ាឡេស្ទីន​នៅ​មិន​ទាន់​ដោះស្រាយ​ចប់​សព្វ​គ្រប់​ទេ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ