អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សង្រ្គាម​ក្នុង​ប្រទេស​ស៊ីរី​កំពុង​បង្ក​ចេញ​ជា​ដំបៅរលួយ​បន្តិចម្តងៗ​នៅ​ក្នុង​ប្រទេស​លីបង់!

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​រយៈពេល​ជាង ៣ឆ្នំា​មក​ហើយ​ដែល​ប្រទេស​ស៊ីរី​បាន​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល និង​ដែល​វិបត្តិ​មួយ​នេះ​បាន និង​កំពុង​អូសបន្លាយ​គ្មាន​ច្រក​ចេញ។ ទន្ទឹម​គ្នា​នេះ ប្រជាជន​ស៊ីវិល​ស្លូតត្រង់​ក៏​កំពុង​ធ្វើ​ដំណើរ​ចាកចេញ​ពី​តំបន់​ជម្លោះ​ទៅ​កាន់​កន្លែង​ផ្សេង និង​ដែល​មាន​អ្នក​ខ្លះ​បាន​សម្រេច​ចាកចេញ​ពី​ប្រទេស​កំណើត​ទៅ​កាន់​ប្រទេស​ជិត​ខាង​តែ​ម្តង។ ប្រទេស​ដែល​បាន​ទទួល​ជនភៀសខ្លួន​ស៊ីរី​ឲ្យ​ជ្រកកោន​​ច្រើន​ជាង​គេ ច្រើន​ជា​ប្រទេស​ក្នុង​តំបន់ មាន​ដូច​ជា​ហ៊្សកដានី តួកគី អ៊ីរ៉ាក់ អេហ្ស៊ីប ឬ​មួយ​ក៏​ប្រទេស​លីបង់​ជា​ដើម។ ប្រទេស​លីបង់​តែ​មួយ​បាន​ទទួល​ជនភៀសខ្លួន​ស៊ីរី​ឲ្យ​ជ្រកកោន​ជាង ១លាននាក់។ តែ​សព្វថ្ងៃ រដ្ឋអំណាច​លីបង់​នៅ​តាម​ព្រំដែន​ជាមួយ​ស៊ីរី​កំពុង​ក្រពុលមុខ​នឹង​ទង្វើ​លួចប្លន់ និង​បទឧក្រិដ្ឋ​ផ្សេងៗ​ដែល​បង្ក​ឲ្យ​ជនភៀសខ្លួន​ស៊ីរី។ តើ​លីបង់​មិនមែន​កំពុង​ទទួល​ថ្ម​បាក់​ដោយសារ​ចិត្ត​មនុស្សធម៌​របស់​ខ្លួន​ទេ ឬ​យ៉ាង​ណា?

ជំរំ​ជនភៀសខ្លួន​ស៊ីរី​ក្នុង​ទឹកដី​លីបង់
ជំរំ​ជនភៀសខ្លួន​ស៊ីរី​ក្នុង​ទឹកដី​លីបង់ REUTERS/Mohamed Azakir
ផ្សាយពាណិជ្ជកម្ម

« គេ​ត្រូវ​ចេះ​ជួយ​គ្នា​ទៅ​វិញ ទៅ​មក​នៅ​ពេល​មាន​អាសន្ន​អន់​ក្រ » នេះ​ជា​សុភាសិត​មួយ​ដែល​មនុស្ស​លោក​ម្នាក់ៗ​ត្រូវ​ប្រកាន់​យក និង​ដែល​ប្រទេស​លីបង់​បាន​អនុវត្តន៍​ជាក់ស្តែង​ក្នុង​ការ​ជួយ​ស្រោចស្រង់​ជីវិត​ប្រជាជន​ស៊ីរី​ដែល​បាន​នំា​គ្នា​រត់​គេច​ពី​សង្រ្គាមស៊ីវិល។ បច្ចុប្បន្ន​នេះ គ្រាន់​តែ​ប្រទេស​លីបង់​ម្នាក់​ឯង​បាន​ទទួល​យក​ជនភៀសខ្លួន​ស៊ីរី​យ៉ាង​តិច ១លាន ៥សែន​នាក់ ពោល​ស្មើ​នឹង ១ភាគ៤​នៃ​ប្រជាជន​សរុប​របស់​ខ្លួន​ទៅ​ហើយ។ តើ​ទង្វើ​មួយ​នេះ មិនមែន​ជា​ទង្វើ​មនុស្សធម៌​ទេ ឬ​យ៉ាង​ណា។ វា​ពិត​ជា​ទង្វើ​ល្អ​មួយ​ដែល​គ្មាន​នរណា​ម្នាក់​ហ៊ាន​និយាយ​ផ្ទុយ​បាន​ទេ តែ​បញ្ហា​នៅ​ត្រង់​ថា បន្តិច​ម្តងៗ រដ្ឋអំណាច​ក្នុង​ស្រុក​លីបង់​នៅ​តាម​ព្រំដែន​ដែល​ទទួល​ជនភៀសខ្លួន​ស៊ីរី​ឲ្យ​ជ្រកកោន​បែរ​ជា​កំពុង​ទទួល​ផលវិបាក​បង្ក​ឡើង​ដោយ​ជនភៀសខ្លួន​ទំាង​នោះ​ទៅ​វិញ ដូច​យ៉ាង​អំពើ​លួច ប្លន់ និង​បទឧក្រិដ្ឋ​ផ្សេងៗ។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ពេល​នេះ រដ្ឋអំណាច​បាន​សម្រេច​ចាត់វិធានការ​មួយ​ចំនួន​ដោយ​ផ្តើម​ដំបូង ដាក់​បម្រាមគោចរ​ហាម​មិន​ឲ្យ​មាន​ការ​ដើរហើរ​ចម្លោះ​ពី​ម៉ោង ១០យប់​ទៅ​ទល់​នឹង​ម៉ោង ៦ភ្លឺ។ ទោះ​បី​ជា​បម្រាមគោចរ​នោះ​មិន​បាន​ដាក់​សំដៅ​លើ​ក្រុម​ណា​ក៏​ដោយ ក៏​ប្រជាជន​លីបង់​ក្នុង​ស្រុក​យល់​ភ្លាម​ថា គឺ​សំដៅ​លើ​ជនភៀសខ្លួន​ស៊ីរី​នោះ​ឯង។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ថា នេះ​ជា​ទង្វើ​ប្រកាន់​ពូជសាសន៍។ វា​ដូច​ជា​ប្រកាន់​ពូជសាសន៍​បន្តិច​មែន នេះ​ជា​ការ​ប្រកាស​ទទួល​ស្គាល់​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួងការងារ​លីបង់។ តែ​លោក​រដ្ឋមន្រ្តី​ក៏​បាន​បញ្ជាក់​ថា បើ​គ្មាន​ទង្វើ​លួច ប្លន់ និង​បទឧក្រិដ្ឋ​ផ្សេងៗ​ទេ ក៏​គ្មាន​វិធានការ​បម្រាមគោចរ​នេះ​ដែរ។

តាម​ពិត​ទៅ កាយវិការ​ប្រឆំាង​ជនភៀសខ្លួន​ស៊ីរី​ដោយ​ប្រយោល​នៅ​លីបង់​ពេល​នេះ​បាន​ផ្តើម​កើត​មាន​ឡើង ក្រោយ​ពី​មាន​ឃាតកម្ម​សម្លាប់​ទាហាន​លីបង់​ចំនួន ១៨នាក់​ដោយ​ពួកជីហាត​ស៊ីរី​ដែល​បន្លំខ្លួន​ឆ្លង​ចូល​ក្នុង​តំបន់​ជនភៀសខ្លួន​ស៊ីរី​ក្នុង​ទឹកដី​លីបង់។ ភាព​តានតឹង​បាន​កើន​ឡើង​មួយ​កម្រិត​ទៀត នៅ​ពេល​ដែល​ក្រុមជីហាត​របស់​ចលនា​រណសិរ្យ​អាល់ណូស្រា និង​អង្គការ​រដ្ឋអ៊ីស្លាម​បាន​សម្លាប់​ទាហាន​លីបង់​ទំាង ២៩នាក់​ដែល​ពួក​គេ​បាន​ចាប់​ជា​ចំណាប់ខ្មំាង។ អ្វី​ដែល​ពួកជីហាត​បាន​ទាមទារ គឺ​សុំ​ឲ្យ​រដ្ឋាភិបាល​លីបង់​ដោះលែង​គ្នីគ្នា​គេ​ដែល​កំពុង​ជាប់​ក្នុង​គុក​លីបង់ និង​ដែល​ទីក្រុង​បេរូត​ធ្លាប់​បាន​បដិសេធ​មិន​ដោះលែង​ជា​ដាច់​ខាត​ដោយ​លើក​យក​ហេតុផល​ថា ពួក​គេ​ជា​ភេរវជន។ ដោយឡែក ក្រៅ​ពី​ឈឺក្បាល​ដោយសារ​រឿង​ជនភៀសខ្លួន​ស៊ីរី លីបង់​ក៏​កំពុង​បែកបាក់​ផ្ទៃក្នុង​ដោយសារ​វិបត្តិ​នៅ​ស៊ីរី​ដែរ។

នៅ​ម្ខាង គឺ​ក្រុមអ្នក​កំពុង​គំាទ្រ​ពួកឧទ្ទាម​ស៊ីរី​ដែល​ប្រឆំាង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ និង​នៅ​ម្ខាង​ទៀត គឺ​ក្រុមអ្នក​ដែល​កំពុង​កាន់ជើង​លោក​អាសាដ​ប្រឆំាង​នឹង​ពួក​បះបោរ ដូច​យ៉ាង​ពួក​ហេបូឡា​លីបង់​ជា​ដើម។ ផ្តើម​ចេញ​ពី​ចំណុច​នេះ​នំា​ឲ្យ​មាន​សំណួរ​ចោទ​ឡើង​ថា តើ​លីបង់​ខ្លួន​ឯង​មិនមែន​កំពុង​ធ្វើ​ដំណើរ​ទៅ​រក​សង្រ្គាមស៊ីវិល​ជា​ថ្មី ដោយសារ​វិបត្តិផ្ទៃក្នុង​នៅ​ស៊ីរី​ទេ ឬ​យ៉ាង​ណា ឬ​មួយ​ក៏​ថា តើ​លីបង់​មិនមែន​កំពុង​ទទួល​ថ្ម​បាក់​ដោយសារ​ចិត្ត​មនុស្សធម៌​របស់​ខ្លួន​ទេ​ដឹង?។ សម្រាប់​លោក​ដាណា ស្លេម៉ាន់ អ្នកនំាពាក្យ​របស់​ឧត្តមស្នងការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន​នៅ​លីបង់​បាន​យល់​ឃើញ​ថា វិបត្តិ​ផ្ទៃក្នុង​នៅ​ស៊ីរី​ពិត​ជា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​នយោបាយ​ផ្ទៃក្នុង​លីបង់ តែ​មិន​ទាន់​នំា​លីបង់​ឲ្យ​ធ្លាក់​ក្នុង​សង្រ្គាមស៊ីវិល​ជា​ថ្មី​ទេ។

គួរ​ជម្រាប​ជូន​ថា ប្រឈម​មុខ​នឹង​ការ​ហូរ​ជនភៀស​ស៊ីរី​ចូល​ក្នុង​ទឹកដី​ខ្លួន រដ្ឋាភិបាល​លីបង់​បាន​សម្រេច​បិទ​ព្រំដែន​តំាង​ពី​ដើម​ខែ​កញ្ញា ឆ្នំា ២០១៤ មក​ម្ល៉េះ។ តែ​ក្តី​កង្វល់​របស់​រដ្ឋាភិបាល​លីបង់​ពេល​នេះ គឺ​ចំនួន​ជនភៀសខ្លួន​ស៊ីរី​ពី ១លាន ៥សែន ទៅ ១លាន ៨សែននាក់​ដែល​កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី​លីបង់​សព្វថ្ងៃ ព្រោះ​ថា​ចង់ ឬ​មិន​ចង់ គឺ​ពួក​ជនភៀសខ្លួន​ស៊ីរី​នេះ​ហើយ​ដែល​នឹង​អាច​ក្លាយ​ជា​ជនអន្តោប្រវេសន៍​រស់នៅ​ស្របច្បាប់​ក្នុង​ទឹកដី​លីបង់ និង​វាយលុក​ចូល​ដណ្តើម​ទីផ្សារការងារ​ពី​ប្រជាជន​លីបង់។ រដ្ឋាភិបាល​ទីក្រុង​បេរូត​ធ្លាប់​បាន​ទាញ​សញ្ញា​អាសន្ន​រួច​ហើយ​ថា វិបត្តិស៊ីរី និង​វត្តមាន​ជនភៀសខ្លួន​ស៊ីរី​ក្នុង​ទឹកដី​ខ្លួន​បាន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​លីបង់​ធ្លាក់​ចុះ​យ៉ាង​ខ្លំាង។ តំាង​ពី​ឆ្នំា ២០១១ មក លីបង់​បាន​បាត់បង់​កំណើន​សេដ្ឋកិច្ច​ចំនួន ១០ពិន្ទុ ចំនួន​អ្នក​អត់ការងារ​ធ្វើ​បាន​កើន​បន្ថែម ៣៤ម៉ឺននាក់ និង​រដ្ឋ​បាត់បង់​ចំណូល ៧ ៥០០លានដុល្លារ​ដោយសារ​តែ​វិស័យ​ទេសចរណ៍​ដំាក្បាល​ចុះ​ខ្លំាង។

វា​ពិត​ណាស់​ថា គឺ​លុយ​របស់​បរទេស​ទេ​ដែល​កំពុង​ចិញ្ចឹម​ជនភៀសខ្លួន​ស៊ីរី​រស់​ក្នុង​ទឹកដី​លីបង់​សព្វថ្ងៃ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្រុម​ប្រទេស​ផ្តល់ជំនួយ​ក៏​ហាក់ដូច​ជា​ធុនទ្រាន់ និង​កំពុង​ប្រឈម​ទប់​នឹង​វិបត្តិផ្ទៃក្នុង​របស់​ខ្លួន​ដែរ ពោល​គឺ​វិបត្តិ​សេដ្ឋកិច្ច។ ទន្ទឹម​គ្នា​នេះ ក្រុមប្រទេស​ផ្តល់​ជំនួយ​ក៏​កំពុង​ប្រឈម​នឹង​វិបត្តិអន្តរជាតិ​ផ្សេង​ទៀត ដូច​យ៉ាង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ ឬ​មួយ​ក៏​នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល។ ក្នុង​ឆ្នំា ២០១៤ អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​រក​ជំនួយ​ចំនួន ១ ៨៩០លានដុល្លារ​សម្រាប់​ជនភៀសខ្លួន​ស៊ីរី​នៅ​លីបង់ តែ​មាន​មិន​ដល់​ពាក់កណ្តាល​ផង​ដែល​ទទួល​បាន​ជាក់ស្តែង។ សម្រាប់​ឆ្នំា ២០១៥ អ.ស.ប.ត្រូវ​ការ​ជំនួយ​ដល់​ទៅ ២ ១៤០លានដុល្លារ​ឯណោះ តែ​គេ​នៅ​មិន​ដឹង​ថា តើ​នឹង​មាន​ការ​ផ្តល់​ឲ្យ​ជាក់ស្តែង​ចំនួន​ប៉ុន្មាន​ទេ។

សម្រាប់​លីបង់​ក្នុង​នាម​ជា​ប្រទេស​ម្ចាស់ផ្ទះ គឺ​មាន​តែ​បន្ត​ការងារ​មនុស្សធម៌​របស់​ខ្លួន​ជា​បន្ត តែ​អ្វី​ដែល​លីបង់​ចង់​បាន​ត្រឡប់​វិញ​នោះ គឺ​សុំ​ឲ្យ​អ្នក​ជ្រកកោន​គោរព​សិទ្ធិ និង​ច្បាប់​របស់​ប្រទេស​ម្ចាស់ផ្ទះ​ផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ