អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អ៊ីស្រាអែល-ប៉ាឡេស្ទីន៖តើ​សង្រ្គាម​នឹង​ផ្ទុះ​ជាថ្មី​នៅ​តំបន់​ហ្គាហ្សា​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

៤ខែ ក្រោយ​សង្រ្គាម​បង្ហូរឈាម​នៅ​ក្នុង​តំបន់​ហ្គាហ្សា​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​រវាង​ទ័ពអ៊ីស្រាអែល និង​ទ័ព​ចលនា​ហាម៉ាស់​ប៉ាឡេស្ទីន​មក ការ​គំរាម​ថា​នឹង​អាច​មាន​ផ្ទុះ​សង្រ្គាម​ជា​ថ្មី​កំពុង​លេច​ឮ​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ ពិសេស​គឺ​ប្រជាជន​ប៉ាឡេស្ទីន​រស់ក្នុង​តំបន់​ហ្គាហ្សា​ដែល​ស្នាមរបួស​របស់​ពួក​គេ​នៅ​មិន​ទាន់​ជា​ដាច់​នៅ​ឡើយ​នោះ។ មួយ​វិញ​ទៀត ៤ខែ​ក្រោយ​មក លំនៅដ្ឋាន​ដែល​បាន​ខូចខាត​ខ្ទេចខ្ទីរ​ដោយ​គ្រាប់កំាភ្លើង​អ៊ីស្រាអែល ក៏​នៅ​មិន​ទាន់​បាន​សាងសង់​ឡើង​វិញ​ទំាង​អស់​ដែរ។ ទន្ទឹម​គ្នា​នេះ ការ​ហែកហួរ​គ្នា​ក៏​កំពុង​បន្ត​មាន​រវាង​ចលនា​ប៉ាឡេស្ទីន​ពីរ គឺ​ចលនា​ហាម៉ាស់​ជ្រុលនិយម និង​ចលនា​ហ្វាតា​កណ្តាលនិយម​របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាដមូត អាប៉ាស់។

គំនរបាក់បែកនៅ​តំបន់​ហ្គាហ្សា ក្រោយ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនាប៉ាឡេស្ទីន​ហាម៉ាស់
គំនរបាក់បែកនៅ​តំបន់​ហ្គាហ្សា ក្រោយ​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនាប៉ាឡេស្ទីន​ហាម៉ាស់ REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​រវាង​ទ័ព​អ៊ីស្រាអែល និង​ទ័ព​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​នៅ​តំបន់​ហ្គាហ្សា​ក្នុង​ទឹកដី​ប៉ាឡេស្ទីន​កាល​ពី​ថ្ងៃទី២៦ សីហា​កន្លង​មក គេ​មិន​សូវ​ឃើញ​មាន​អ្វី​ផ្លាស់ប្តូរ​ច្រើន​ប៉ុន្មាន​ទេ​នៅ​ក្នុង​តំបន់​ហ្គាហ្សា​ដែល​មាន​ប្រជាជន​ប៉ាឡេស្ទីន​រស់នៅ​ប្រមាណ​ជា ១លាន ៨សែន​នាក់ និង​ដែល​រចនាសម្ព័ន្ធ​ភាគច្រើន​ក្នុង​តំបន់​បាន​ខូចខាត​ដោយសារ​សង្រ្គាម។ រដូវត្រជាក់​បាន​ឈាន​មក​ដល់ តែ​មាន​ប្រជាជន​នៅ​តំបន់​ហ្គាហ្សា​ចំនួន ១០០ ០០០នាក់​កំពុង​គ្មាន​ទីជម្រក ហើយ​ដំណើរការ​សាងសង់​លំដ្ឋាន​របស់​ពួក​គេ​នៅ​មាន​ការ​យឺតយ៉ាវ​ខ្លំាង​មែនទែន។ នេះ​ក៏​ដោយសារ​ថា នៅ​ម្ខាង ភាគី​អ៊ីស្រាអែល​បាន​បន្ត​បិទខ្ទប់ ឬ​មួយ​ក៏​អនុញ្ញាត​ឲ្យ​ដឹក​ចូល​តិចតួច​នូវ​គ្រឿងសំណង់ ដោយ​ខ្លាច​ពួក​ប៉ាឡេស្ទីន​បង្វែរ​យក​ទៅ​ផលិត​អាវុធ រីឯ​នៅ​ម្ខាង​ទៀត ជម្លោះ​នយោបាយ​រវាង​ចលនា​ប៉ាឡេស្ទីន​ពីរ គឺ​ហាម៉ាស់​ដែល​កំពុង​កាន់​អំណាច​នៅ​តំបន់​ហ្គាហ្សា និង​ចលនា​ហ្វាតា​របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាដមូត អាប៉ាស់​ដែល​កំពុង​កាន់​អំណាច​នៅ​រ៉ាម៉ាឡា​ក៏​កំពុង​បន្ត​មាន​យ៉ាង​ក្តៅគគុក​ដដែល។

គឺ​ដោយ​យោង​លើ​ហេតុផល​ខាង​លើ​នេះ​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ថា បើ​គ្មាន​អ្វី​ប្រែប្រួល​ក្នុង​ទិសដៅ​វិជ្ជមាន​ចាប់​ពី​ឥឡូវ​នេះ​ទៅ​ទេ នោះ​សង្រ្គាម​នឹង​ត្រូវ​ផ្ទុះ​ជា​ថ្មី​ដោយ​ចៀស​មិន​រួច។ ការ​គំរាមព្រមាន​យ៉ាង​ដូច​នេះ​បាន​ចេញ​មក​ពី​មាត់​ថ្នាក់ដឹកនំា​ចលនា​ហាម៉ាស់។ នៅ​ក្នុង​ពិធី​រម្លឹក​ខួបគម្រប់ ២៧ឆ្នំា​នៃ​ការ​បង្កើត​ចលនា​ហាម៉ាស់ ចលនា​អ៊ីស្លាមនិយមជ្រុល​​មួយ​នេះ​បាន​បញ្ចេញ​សាច់ដុំ​នៅ​ក្នុង​ក្បួនព្យុះហយាត្រា​មួយ ដោយ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​ប្តេជ្ញាចិត្ត​របស់​យុទ្ធជន ព្រម​ទំាង​គ្រាប់រ៉ូកែត និង​គ្រឿងអាវុធ​ដទៃ​ទៀត។ ចំណែក​សាខា​យោធា​របស់​ចលនា​ហាម៉ាស់ គឺ​កាសាម​ដែល​មាន​វត្តមាន​នា​ឱកាស​នោះ​បាន​ព្រមាន​ថា បើ​គ្មាន​ការ​សាងសង់​តំបន់​ហ្គាហ្សា​ដែល​បំផ្លិចបំផ្លាញ​ដោយ​បច្ចាមិត្ត​អ៊ីស្រាអែល​ឡើង​វិញ​ទេ នោះ​ប្រជាជន និង​ថ្នាក់ដឹកនំា​បច្ចាមិត្ត​នឹង​ទទួល​ផលវិបាក​ធ្ងន់ធ្ងរ​ដោយ​ចៀស​មិនរួច។

នៅ​ចុង​សប្តាហ៍​កន្លង​ទៅ និង​ជា​លើកទី១ តំាង​ពី​ថ្ងៃ​បញ្ចប់​សង្រ្គាម​រវាង​អ៊ីស្រាអែល និង​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស់​នៅ​តំបន់​ហ្គាហ្សា​កាល​ពី​ថ្ងៃទី២៦ សីហា ទ័ពអាកាស​អ៊ីស្រាអែល​បាន​ទម្លាក់​គ្រាប់បែក​លើ​ប៉ែកខាងត្បូង​តំបន់​ហ្គាហ្សា​ដើម្បី​តប​នឹង​ការ​បាញ់​គ្រាប់រ៉ូកែត​របស់​ពួក​ហាម៉ាស់។ ឧប្បត្តិហេតុ​ថ្មី​នេះ​មិន​បាន​បង្ក​ឲ្យ​មាន​របួស ឬ​ស្លាប់​ទេ តែ​វា​ជា​តម្រុយ​មួយ​ដែល​បញ្ជាក់​ថា ស្ថានភាព​នៅ​ក្នុង​តំបន់​ហ្គាហ្សា​ធ្លាប់​រងគ្រោះ​ដោយ​សង្រ្គាម​ចំនួន ៣ដង ក្នុង​រយៈពេល ៦ឆ្នំា​ចុង​ក្រោយ​កំពុង​ផ្តើម​រំជើបរំជួល​ជា​ថ្មី។ សូម្បី​តែ​ក្រុមអ្នកវិភាគ​ក៏​បាន​សម្លឹង​ឃើញ​យ៉ាង​ដូច្នេះ​ដែរ​ដោយ​ពួក​គេ​អះអាង​ថា បើ​អ៊ីស្រាអែល​នៅ​បន្ត​នយោបាយ​បិទខ្ទប់ បើ​នៅ​តែ​ការ​បិទ​ព្រំដែន និង​បើ​គ្មាន​ការ​សាងសង់​តំបន់​ហ្គាហ្សា​ឡើង​វិញ​នៅ​រយៈពេល ៦ខែ​ខាង​មុខ​ទេ នោះ​ចលនា​ហាម៉ាស់​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​កាន់​អាវុធ​ធ្វើ​សង្រ្គាម​ជា​ថ្មី​ទេ។

ក្រៅ​ពី​ប្រឈម​មុខ​ផ្ទាល់​នឹង​ប្រទេស​អ៊ីស្រាអែល ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប៉ាឡេស្ទីន​គ្នា​ឯង​ក៏​កំពុង​បន្ត​មាន​ជាប់​ជា​ប្រចំា​ដែរ។ កាល​ពី ៨ខែ​មុន ចលនា​ហាម៉ាស់ និង​ចលនា​ហ្វាតា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្សះផ្សា​គ្នា ដោយ​ចលនា​ហាម៉ាស់​យល់ព្រម​ប្រគល់​អំណាច​ទៅ​ឲ្យ​រដ្ឋាភិបាល​ឯកភាពជាតិ​មួយ។ តែ​បញ្ហា​នៅ​ត្រង់​ថា ៨ខែ​ក្រោយ​មក រដ្ឋាភិបាល​ឯកភាពជាតិ​អាច​ដាក់ជើង​ជាន់​ទឹកដី​ហ្គាហ្សា​បាន​តែ​ម្តង​គត់ និង​ដែល​ពួក​ហាម៉ាស់​នៅ​តែ​បន្ត​ធ្វើ​ស្តេច​សោយរាជ្យ​ក្នុង​តំបន់​នោះ​ដដែល។ ៨ខែ​ក្រោយ​មក ការ​សន្យា​រៀបចំ​បោះឆ្នោត​ក៏​នៅ​មិន​បាន​រៀបចំ។ នៅ​ពេល​នេះ​ទៀត ហាម៉ាស់ និង​ហ្វាតា​បាន​ផ្តើម​ចង្អុល​មុខ​ដាក់​គ្នា​ថា មិន​បាន​គោរព​តាម​កិច្ចព្រមព្រៀង​ផ្សះផ្សា​ដែល​បាន​ចុះ​ហត្ថលេខា។

អ្វី​ជា​ការ​កត់សម្គាល់ ការ​បន្ត​ប្រេះឆា​រវាង​ចលនា​ហាម៉ាស់ និង​ហ្វាតា​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​រដ្ឋអំណាច​ប៉ាឡេស្ទីន​កំពុង​ប្រើ​យុទ្ធសាស្រ្ត​ការទូត​យ៉ាង​សកម្ម​ប្រឆំាង​នឹង​ប្រទេស​អ៊ីស្រាអែល។ កាល​ពី​ថ្ងៃទី១៧ ធ្នូ​កន្លង​ទៅ​ថ្មីៗ​នេះ ប៉ាឡេស្ទីន តាម​រយៈ​ប្រទេស​ហ្ស៊កដានី​បាន​បញ្ជូន​គម្រោង​សេចក្តីសម្រេចចិត្ត​របស់​ខ្លួន​ទៅ​កាន់​ក្រុមប្រឹក្សាសន្តិសុខអង្គការ​សហប្រជាជាតិ។ គឺ​ជា​គម្រោងសេចក្តីសម្រេចចិត្ត​មួយ​ដែល​រដ្ឋអំណាច​ប៉ាឡេស្ទីន​បាន​ទាមទារ​ឲ្យ​អ៊ីស្រាអែល​បញ្ឈប់​ការ​ធ្វើ​អាណានិគម​ក្នុង​ទឹកដី​ប៉ាឡេស្ទីន ដោយ​ទុក​ពេល​ឲ្យ​អ៊ីស្រាអែល​រយៈពេល ២ឆ្នំា។ ក្រុមអ្នកវិភាគ​បាន​យល់​ឃើញ​ថា បើ​ប៉ាឡេស្ទីន​ចង់​សម្រេច​ឲ្យ​បាន​នូវ​រាល់​ការ​ប៉ងប្រាថ្នា​របស់​ខ្លួន​នោះ ប៉ាឡេស្ទីន​ខ្លួន​ឯង​ត្រូវ​តែ​រួបរួម​គ្នា​ដោយ​ទុក​ចោល​មួយ​ឡែក​នូវ​ភាព​មិន​ចុះ​សម្រុង​គ្នា។ នៅ​ខាង​អ៊ីស្រាអែល​ឯណោះ ទីក្រុង​ហ៊្សេរុយឡាឡិម​បាន​បញ្ជាក់​ថា ខ្លួន​មិន​មើល​ស្រាល​ចំពោះ​ការ​គំរាម​របស់​ហាម៉ាស់​ទេ ទោះ​បី​ជា​ការ​គំរាម​នោះ​បាន​ធ្វើ​ឡើង​ក្រោម​រូបភាព​អ្វី​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ