អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​កំពុង​យក​សាសនា​ធ្វើ​ជា​ឈ្នាន់​ដើម្បី​ប្រយោជន៍​នយោបាយ​ក្នុង​តំបន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ប្រជែង​កម្លំាង​គ្នា​រវាង​ប្រទេស​អារ៉ាប៊ីសាអូឌីត​និកាយ​ស៊ុយនីត និង​អ៊ីរ៉ង់​និកាយ​ឈីអ៊ីត​បាន និង​កំពុង​ចិញ្ចឹម​ភាព​តានតឹង​ផ្នែក​សាសនា​យ៉ាង​ក្តៅងំ​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា។ អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​ដែល​គោរព​សាសនា​អ៊ីស្លាម​ដូច​គ្នា តែ​មាន​និកាយ​ខុស​គ្នា គឺ​ជា​តួអង្គ​ដែល​មាន​ទម្ងន់​ធ្ងន់​ជាង​គេ​នៅ​ក្នុង​តំបន់។ តែ​ការ​មិន​ចុះសម្រុង​គ្នា​ក្នុង​ផ្នែក​សាសនា​រវាង​គូប្រជែង​ទំាង​ពីរ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ដើម្បី​ប្រយោជន៍​នយោបាយ​សុទ្ធសាធ ពោល​គឺ​ប្រជែងកម្លំាង​គ្នា​ដើម្បី​ធ្វើ​តួឯក​ក្នុង​តំបន់​ដូច​ដែល​ឃ្លា​មួយ​ចែង​ថា ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ​ទេ។

ស្តេច​អារ៉ាប៊ីសាអូឌីត (រូបឆ្វេង) និង​ប្រធានាធិបតី​អ៊ីរ៉ង់
ស្តេច​អារ៉ាប៊ីសាអូឌីត (រូបឆ្វេង) និង​ប្រធានាធិបតី​អ៊ីរ៉ង់
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​ដែល​មាន​ជម្លោះ​អ្វី​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​តំបន់​មជ្ឈិមបូព៌ា គេ​តែងតែ​ឃើញ​វត្តមាន​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ប្រទេស​អ៊ីរ៉ង់​ចេញ​មុខ​ជួយ​ឈឺ​ឆ្អាល​ជានិច្ច ពិសេស​នៅ​ក្នុង​ជម្លោះ​ណា​ដែល​មាន​លក្ខណៈ​សាសនា ពោល​រវាង​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត និង​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត។ ទង្វើ​របៀប​នេះ​ពិត​ជា​មិន​បាន​ធ្វើ​ឲ្យ​គេ​ភ្ញាក់​ផ្អើល​ឡើយ ព្រោះ​ថា អារ៉ាប៊ីសាអូឌីត​ដែល​សម្បូរ​ដោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត​រស់នៅ​ត្រូវ​តែ​ចេញ​មុខ​ការពារ​ផលប្រយោជន៍​របស់​ពួក​ស៊ុយនីត ចំណែក​អ៊ីរ៉ង់​ដែល​សម្បូរ​ដោយ​អ្នកកាន់​សាសនា​អ៊ីស្លាម​និកាយ​ឈីអ៊ីត​រស់នៅ​ក៏​ត្រូវ​តែ​ចេញ​មុខ​ការពារ​ផលប្រយោជន៍​របស់​ពួក​ឈីអ៊ីត​ដែរ។

ជាក់ស្តែង​ជម្លោះ​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​យេម៉ែន អន្តរាគមន៍​វាយប្រហារ​ផ្លូវអាកាស​ដឹកនំា​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ប្រឆំាង​នឹង​ពួក​ឧទ្ទាម​ហ៊ូទី្ស​និកាយ​ឈីអ៊ីត​ត្រូវ​បាន​ទីក្រុង​រីយ៉ាដ​លើក​យក​ហេតុផល​មក​ពន្យល់​ថា ជា​យុទ្ធនាការ​ការពារ​សភាវៈ​ល្អ​ប្រឆំាង​នឹង​សភាវៈ​អាក្រក់។ ជា​ចម្លើយ​តប​វិញ​ទាន់ហន់ ប្រទេស​អ៊ីរ៉ង់​បាន​ចោទ​អារ៉ាប៊ីសាអូឌីត​ថា កំពុង​ប្រពឹត្ត​អំពើ​ប្រល័យ​ពូជសាសន៍។ ចំណែក​ជម្លោះ​ផ្ទៃក្នុង​នៅ​ក្នុង​ប្រទេស​ស៊ីរី អារ៉ាប៊ីសាអូឌីត​បាន​ចេញ​មុខ​គំាទ្រ​ក្រុមប្រឆំាង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ស៊ីរី​អាសាដ។ រីឯ​អ៊ីរ៉ង់ និង​ចលនា​ហេស្បូឡាលីបង់​បាន​ចេញ​មុខ​គំាទ្រ​លោក​អាសាដ​ដែល​បាន​ចោទ​ក្រុមប្រឆំាង​ថា ជា​ពួកភេរវជន​និកាយ​ស៊ុយនីត។

នៅ​លីបង់ ទីក្រុង​រីយ៉ាដ​ជា​សម្ព័ន្ធមិត្ត​របស់​អតីត​នាយករដ្ឋមន្រ្តី​លីបង់​និកាយ​ស៊ុយនីត​សាដ ហារីរី​ដែល​ប្រឆំាង​នឹង​ចលនា​ហេស្បូឡានិកាយ​ឈីអ៊ីត។ ជម្លោះ​ក្នុង​ប្រទេស​បារ៉ែន​ក៏​ដូច​គ្នា​អ៊ីចឹង​ដែរ ក្រុមគ្រួសារ​រាជានិយម​និកាយស៊ុយនីត​ទទួល​បាន​ការ​គំាទ្រ និង​ជួយ​ឧបត្ថម្ភ​ពី​អារ៉ាប៊ីសាអូឌីត និង​បាន​ចោទ​អ៊ីរ៉ង់​ពី​បទ​បាន​បញ្ឆេះ​ភ្លើង​ឲ្យ​ពួក​ឈីអ៊ីត​ក្រោក​ឈរ​បង្ក​ចលាចល​ក្នុង​សង្គម​បារ៉ែន។ មក​ដល់​ត្រង់​ចំណុច​នេះ និង​បើ​គេ​ពិនិត្យ​មើល​មួយ​ភ្លែត​ទៅ​ឃើញ​ថា អ្វីៗ​ហាក់​ដូច​ជា​មិន​ពិបាក​យល់​ទេ ព្រោះ​អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​បាន​ព្យាយាម​ការពារ​ផលប្រយោជន៍​សហគមន៍​និកាយ​សាសនា​របស់​គេ​រៀងៗ​ខ្លួន។

តែ​បើ​គេ​ពិនិត្យ​មើល​ឲ្យ​បាន​ស៊ីជម្រៅ​បន្តិច​ទៅ​ឃើញ​ថា ការ​ប្រជែង​កម្លំាង​គ្នា​ដើម្បី​ការពារ​និកាយ​សាសនា​ខ្លួន​មិនមែន​ទើប​តែ​កើត​មាន​នៅ​ថ្ងៃ​ម្សិលមិញ ឬ​នៅ​ថ្ងៃ​នេះ​ឯណា តែ​ជា​ជម្លោះ​ដ៏​ចាស់គំរឹល​យូរលង់​មួយ​តំាង​ពី ១ ៤០០ឆ្នំា​មក​ហើយ។ ដូច្នេះ ការ​ដែល​ទីក្រុង​រីយ៉ាដ និង​ទីក្រុង​តេហេរ៉ង់​លើក​យក​បុព្វហេតុ​សាសនា​មក​និយាយ​គ្រាន់​តែ​ជា​លេស​មួយ​ដើម្បី​បិទបំាង​មហិច្ឆតា​ពិត​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ មហិច្ឆតា​ពិត​នោះ គឺ​គ្មាន​អ្វី​ក្រៅ​ពី​នយោបាយ​នោះ​ទេ និយាយ​ឲ្យ​ស្រួល គឺ​ប្រជែង​កម្លំាង​គ្នា​ដើម្បី​ធ្វើ​ជា​មេក្លោង​នៅ​ក្នុង​តំបន់។ ចូរ​កុំ​ភ្លេច​ថា ក្នុង​នាម​ជា​ប្រទេស​ជង្រុកប្រេងកាត​​សំខាន់​ពីរ​នៅ​ក្នុង​តំបន់ ខ្លា​អារ៉ាប៊ីសាអូឌីត និង​ខ្លា​អ៊ីរ៉ង់​បាន​ប្រជែង​កម្លំាង​គ្នា​ដើម្បី​សោយរាជ្យ​នៅ​ភ្នំ​ក្នុង​តំបន់​មជ្ឈិមបូព៌ា​អស់​ជា​ច្រើន​ទសវត្ស​កន្លង​មក​ហើយ។

មាន​ការ​លើក​ឡើង​ថា ការ​ដែល​សហគមន៍​សាសនា​អ៊ីស្លាម​និកាយ​ស៊ុយនីត និង​ឈីអ៊ីត​បាន​ប្រឈម​មុខ​ដាក់​គ្នា មក​ពី​ពួក​គេ​មិន​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ឲ្យ​និយមន័យ​ពិត​លើ​ពាក្យ​អ៊ីស្លាម។ តែ​តាម​ប្រវត្តិសាស្រ្ត និង​ការ​យល់​ឃើញ​របស់​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​មួយ​ចំនួន​ឲ្យ​ដឹង​ថា ការ​ពិត​មិន​មែន​ដូច្នោះ​ទេ។ តែ​គឺ​ការ​ដណ្តើម​ប្រយោជន៍​គ្នា​ទៅ​វិញ​ទេ ព្រោះ​ថា ប្រទេស​ពីរ​ដែល​កាន់​សាសនា​តែ​មួយ​ដូច​គ្នា​មិន​ប្រាកដ​ថា​គេ​យល់ព្រម​ចែក​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ ទៅ​មក​នោះ​ទេ។ ឧទាហរណ៍​ដូច​ជា​ប្រទេស​អេហ្ស៊ីប និង​កាតា​ដែល​ប្រកាន់​និកាយ​ស៊ុយនីត​ដូច​គ្នា និង​បាន​រួម​កម្លំាង​ជាមួយ​អារ៉ាប៊ីសាអូឌីត​ដើម្បី​វាយប្រហារ​ពួកឧទ្ទាម​ហ៊ូទី្ស​ឈីអ៊ីត​នៅ​យេម៉ែន បែរ​ជា​កំពុង​មាន​ទំនាក់ទំនង​តានតឹង​រវាង​គ្នា​ដោយសារ​តែ​ទីក្រុង​ដូហា​បាន​គំាទ្រ​ចលនា​ភាតរអ៊ីស្លាម​នៅ​អេហ្ស៊ីប​ដែល​ទីក្រុង​គែរ​កំពុង​ព្យាយាម​កំចាត់ចោល។

ទន្ទឹម​គ្នា​នេះ គេ​ក៏​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ជម្លោះ​រវាង​សហគមន៍​និកាយ​ស៊ុយនីត និង​ឈីអ៊ីត​នៅ​ក្នុង​តំបន់​ពិត​ជា​កំពុង​កើត​មាន​ប្រាកដ​មែន។ ក៏​ប៉ុន្តែ ជម្លោះ​សាសនា​នេះ​នឹង​កាន់​តែ​ធ្ងន់ធ្ងរ​ដុនដាប​មិន​អាច​គ្រប់គ្រង​បាន នៅ​ពេល​ដែល​ភាគី​នីមួយៗ​ក្នុង​តំបន់​បាន​ឆ្លៀត​យក​រឿង​សាសនា​មក​ធ្វើ​ជា​លេស​ដើម្បី​ប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន​នោះ។ ជាក់ស្តែង​មិន​អាច​ប្រកែក​បាន គឺ​អំពើហិង្សា​សងសឹក​សម្លាប់​គ្នា​យ៉ាង​រវាង​ក្រុមនិកាយ​ស៊ុយនីត និង​ឈីអ៊ីត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ អារ៉ាប៊ីសាអូឌីត និង​អ៊ីរ៉ង់​បាន​គិត​ដូច​គ្នា​ថា ភ្នំ​មួយ​មិន​អាច​មាន​ខ្លា​ពីរ​ទេ​នៅ​តំបន់​មជ្ឈិមបូព៌ា តែ​ការ​ដែល​ពួក​គេ​យក​សាសនា​មក​ធ្វើ​ជា​ឈ្នាន់​ពេល​នេះ គឺ​ជា​រឿង​គ្រោះថ្នាក់​ខ្លំាង​ណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ