អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

យេម៉ែន ជា​ប្រទេស​ដែល​កំពុង​បន្ត​ហែកហួរ​គ្នា និង​ជា​ជង្រុក​នៃ​ពួក​ជីហាត​អាល់កៃដា !

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​អំពើ​ភេរវកម្ម​ប្រឆំាង​នឹង​ទីស្នាក់ការ​របស់​ទស្សនាវដ្តី​ត្លុកកំប្លែង Charlie Hebdo និង​ទង្វើ​ចាប់​មនុស្ស​ធ្វើ​ជា​ថ្នូរ​នៅ​ក្នុង​ហាងឡក់​ទំនិញ​មួយ​របស់​ជនជាតិ​ជ្វីវ​ក្នុង​ប្រទេស​បារំាង​មក គឺ​ប្រទេស​យេម៉ែន​ឯណោះ​ដែល​កំពុង​ទទួល​រង​ការ​វាយប្រហារ​យ៉ាង​ចាស់​ដៃ។ ទន្ទឹម​នឹង​វិបត្តិនយោបាយ​ដែល​យេម៉ែន​កំពុង​បន្ត​ពើប​ប្រទះ​សព្វថ្ងៃ យេម៉ែន​ក៏​ជា​ជង្រុក​របស់​អង្គការ​រដ្ឋអ៊ីស្លាម និង​របស់​សាខា​អាល់កៃដា​ក្នុង​តំបន់​ក្រោម​ឈ្មោះ​ថា អាល់កៃដា​ក្នុង​ឧបទ្វីប​អារ៉ាប់​ដែល​ហៅ​កាត់​ថា AQPA ដែរ។ សព្វថ្ងៃ AQPA កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Nasser Al-Wahashi ដែល​ជា​អតីត​លេខា​ផ្ទាល់​របស់ Oussama Ben Laden។ អាល់កៃដា​ក្នុង​ឧបទ្វីប​អារ៉ាប់​មួយ​នេះ គឺ​ជា​អង្គការ​ភេរវនិយម​មួយ​ក្នុង​ចំណោម​អង្គការ​ភេរវនិយម​ដ៏​គ្រោះថ្នាក់​បំផុត​ក្នុង​លោក។

លោក​ប្រធានាធិបតី​យេម៉ែន Mansour Hadi
លោក​ប្រធានាធិបតី​យេម៉ែន Mansour Hadi REUTERS/Mohamed al-Sayaghi
ផ្សាយពាណិជ្ជកម្ម

ផ្តើម​លេច​រូបរាង​ជា​ផ្លូវការ​ក្នុង​ខែ​មករា ឆ្នំា ២០០៩ អង្គការ​អាល់កៃដា​ក្នុង​ឧបទ្វីប​អារ៉ាប់​ហៅ​កាត់​ថា AQPA បាន​ប្រសូត្រ​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា​រវាង​សាខា​អាល់កៃដា​ក្នុង​ប្រទេស​យេម៉ែន និង​ប្រទេស​អារ៉ាប៊ីសាអូឌីត។ អង្គការ​ភេរវនិយម​មួយ​នេះ​តែងតែ​បាន​ប្តូរ​យុទ្ធសាស្រ្ត​វាយប្រហារ​របស់​ខ្លួន​ដើម្បី ប្រឈម​ទប់​នឹង​រដ្ឋអំណាច​យេម៉ែន ក៏​ដូច​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក។ តែ​នៅ​ចំពោះ​មុខ​យុទ្ធនាការ​វាយប្រហារ​ផ្លូវគោក និង​ផ្លូវអាកាស​ទៅ​លើ​ជង្រុក​របស់​ពួក​នេះ​នៅ​តំបន់​ប៉ែកខាង​ត្បូង និង​ខាង​កើត​ប្រទេស អង្គការ​អាល់កៃដា​ក្នុង​ឧបទ្វីប​អារ៉ាប់​មួយ​នេះ​បាន​ចុះ​ខ្សោយ​យ៉ាង​ខ្លំាង និង​ថែម​ទំាង​បាន​ប្តូរ​ពី​ការ​បង្ក​ភេរវកម្ម​នៅ​គ្រប់​ទីកន្លែង​ទៅ​ជា​ភេរវកម្ម​អត្តឃាត​ដោយ​ជ្រើសរើស​គោលដៅ​ច្បាស់លាស់ ពិសេស​សម្លាប់​មន្រ្តី​ទាហាន​រដ្ឋាភិបាល។

យ៉ាង​ណា​ក៏​ដោយ AQPA នៅ​តែ​អង្គការ​ភេរវនិយម​មួយ​ប្រកប​ដោយ​គ្រោះថ្នាក់​បំផុត​ចំពោះ​រដ្ឋាភិបាល​យេម៉ែន ក៏​ដូច​ជា​ចំពោះ​សហគមន៍​អន្តរជាតិ​ទំាង​មូល។ សព្វថ្ងៃ ចលនា​ភេរវនិយម​មួយ​នេះ​បាន និង​កំពុង​ពង្រឹង​កម្លំាង​របស់​ខ្លួន​នៅ​ខេត្ត Hadramaout ប៉ែក​ខាង​កើត។ អ្វី​ជា​ការ​កត់សម្គាល់ កំណើន​ឥទ្ធិពល​របស់ AQPA បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​កំពុង​បន្ត​ហែកហួរ​គ្នា​ដោយ​រឿង​នយោបាយ និង​ជម្លោះ​តានតឹង​ក្នុង​រឿង​សាសនា។ ការ​ចូល​ប្រឡូក​ក្នុង​ឆាកនយោបាយ​គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​ចលនា​អ៊ីស្លាម​និកាយ​ហ៊ូទីស​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​រដ្ឋ​យេម៉ែន​ស្គាល់​ភាព​វឹកវរ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់​ពី​ការ​ចាប់​ផ្តើម​ជម្លោះ​សាសនា​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែរ។ ពួក​ហ៊ូទីស​នេះ​បាន​ទទួល​ការ​គំាទ្រ​យ៉ាង​ពេញ​ទំហឹង​ពី​ប្រទេស​អ៊ីរ៉ង់ ពិសេស​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ។ ចាប់​ពី​ពេល​នេះ​ត​ទៅ គឺ​ពួក​ហ៊ូទីស​បាន​ក្លាយ​ជា​ផ្ទាំងស៊ីប​របស់ AQPA។

ពិត​ណាស់​ថា វិបត្តិនយោបាយ​ផ្ទៃក្នុង​ហែកហួរ​គ្នា និង​ជម្លោះ​សាសនា​ដ៏​តានតឹង​នៅ​ក្នុង​ប្រទេស​យេម៉ែន​ពេល​នេះ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ និង​ដែល​សហគមន៍​អន្តរជាតិ​មិន​អាច​បន្ត​ឈរ​ឱបដៃ​មើល​បាន​ឡើយ។ តែ​នៅ​ចំពោះ និង​អ្វី​ដែល​បាន​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ចាប់​អារម្មណ៍​ខ្លំាង​ជាង​គេ​នោះ​គឺ​ថា គឺ​ប្រទេស​យេម៉ែន​នេះ​ហើយ​ជា​សាលាបណ្តុះបណ្តាល​ពួក​ជីហាត​អាល់កៃដា​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​តំបន់។ ចូរ​កុំ​ភ្លេច​ថា មុន​នឹង​យេម៉ែន​ស្គាល់​បដិវត្តន៍​អារ៉ាប់​រហូត​ដល់​ធ្វើ​ឲ្យ​លោក​ប្រធានាធិបតី​អាប់ដាឡា សាឡេ​ខ្ទាត​ពី​អំណាច​ក្នុង​ខែ​កុម្ភៈ ឆ្នំា ២០១២ និង​ធ្វើ​ឲ្យ​ប្រទេស​ស្គាល់​អស្ថិរភាព​នយោបាយ​មក​ដល់​សព្វថ្ងៃ យេម៉ែន ជា​ជម្រើស​កន្លែង​មួយ​សម្រាប់​អ្នក​ដែល​ចង់​សិក្សា​រៀនសូត្រ​ភាសាអារ៉ាប់ និង​ទ្រឹស្តី​សាសនា​អ៊ីស្លាម។ មនុស្ស​ភាគច្រើន ពិសេស​ជនបរទេស​ដែល​ទៅ​សិក្សា​ភាសាអារ៉ាប់ និង​ទ្រឹស្តី​សាសនា​អ៊ីស្លាម​ក្នុង​ប្រទេស​យេម៉ែន គឺ​មិនមែន​ក្នុង​គោលដៅ​យក​សញ្ញាប័ត្រ​ដើម្បី​ធ្វើ​ជីហាត​ដើរ​បង្ក​ភេរវកម្ម​ទេ។

តែ​បញ្ហា​នៅ​ត្រង់​ថា មាន​កូនសិស្ស​ភាគ​ច្រើន​បាន​ឆ្លៀត​ទាក់ទង​ជាមួយ​នឹង​មន្រ្តី​សាសនាជាន់ខ្ពស់​ក្នុង​ស្រុក ដោយ​រាប់​បញ្ចូល​ទំាង​សមាជិក​របស់​គណបក្ស​អ៊ីស្លាម និង​ពួក​ជីហាត​ក្នុង​ស្រុក​ផង​ដែរ។ នៅ​ទីបំផុត ក្រុម​ភេរវជន​ដែល​បាន​បង្ក​អំពើ​ភេរវកម្ម និង​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ត្រូវ​បាន​គេ​ដឹង​ថា ភាគច្រើន​ជា​ពួក​ដែល​បាន​រៀនសូត្រ​ហ្វឹកហ្វឺន​ចេញ​ពី​សាលា​នៅ​ក្នុង​យេម៉ែន​នោះ​ឯង។ ជាក់ស្តែង​ក្នុង​ឆ្នំា ២០០៩ ការ​ប៉ុនប៉ង​កម្ទេច​យន្តហោះ​អាមេរិកំាង​ដែល​ហោះហើរ​ពី​ប្រទេស​ហូឡង់ ទៅ​រដ្ឋ​មីឈីហ្កាន​សហរដ្ឋអាមេរិក​បាន​រៀបចំ​ដោយ Omar Farouk Abdoulmoutallab ជា​ជនជាតិ​នីហ្សេរីយ៉ា​អាយុ ២៣ឆ្នំា និង​ដែល​បាន​សិក្សា​រៀនសូត្រ​ភាសា​អារ៉ាប់​ក្នុង​ប្រទេស​យេម៉ែន។ ក្នុង​ខែ​តុលា ឆ្នំា ២០១០ មាន​អីវ៉ាន់​បង្កប់​ដោយ​ជាតិផ្ទុះ​ពីរ​កញ្ចប់​ផ្ញើ​ចេញ​ពី​ប្រទេស​យេម៉ែន​ទៅ​កាន់​សហគមន៍​ជ្វីវ​នៅ​សហរដ្ឋអាមេរិក​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ទាន់ពេល​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​អេមីរ៉ាអារ៉ាប់រួម។

ថ្មីៗ​នេះ​ទៀត និង​ដែល​ជា​ភស្តុតាង​មិន​អាច​ប្រកែក​បាន​នោះ គឺ​ការ​បាញ់​ប្រហារ​សម្លាប់​អ្នកកាសែត​របស់​ទស្សនាវដ្តី​ត្លុកកប្លែង Chalie Hebdo ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារំាង​ពី​សំណាក់​បងប្អូន​ពីរនាក់ គឺ Chérif និង Saïd Kouachi។ រដ្ឋអំណាច​យេម៉ែន​បាន​បញ្ជាក់​ថា ភេរវជន​បងប្អូន​ទំាង​ពីរ​បាន​រៀនសូត្រ ហ្វឹកហ្វឺន​ពី​របៀប​ប្រើ​អាវុធ​នៅ​ក្នុង​ប្រទេស​យេម៉ែន​កាល​ពី​ឆ្នំា ២០១១។ Chérif និង Saïd Kouachi បាន​ទៅ​ដល់​ប្រទេស​អូម៉ង់​ក្នុង​ថ្ងៃទី២៥ កក្កដា ឆ្នំា ២០១១ រួច​បាន​ឆ្លង​ចូល​ក្នុង​ប្រទេស​យេម៉ែន​ដោយ​លួចលាក់។ ស្នាក់នៅ​ក្នុង​ប្រទេស​យេម៉ែន​រយៈពេល ២សប្តាហ៍ Chérif និង Saïd Kouachi បាន​ជួប​ជាមួយ Anouar al Aoulaki ដែល​ជា​គ្រូបង្វឹក​អាល់កៃដា និង​ដែល​បាន​ស្លាប់​ក្រោម​គ្រាប់បែក​អាមេរិកំាង​ក្នុង​ខែ​កញ្ញា ឆ្នំា ២០១១។ តែ Chérif និង Saïd Kouachi បាន​ចេញ​ពី​ប្រទេស​អូម៉ង់​មក​កាន់​ប្រទេស​បារំាង​តំាង​ពី ថ្ងៃទី១៥ សីហា ឆ្នំា ២០១១។ សំងំ​រៀបចំ​យុទ្ធសាស្រ្ត​ជិត ៤ឆ្នំា Chérif និង Saïd Kouachi បាន​ផ្តើម​អនុវត្តន៍​ជាក់ស្តែង ដោយ​បាញ់ប្រហារ​លើ​ទីស្នាក់ការ​របស់​ទស្សនាវដ្តី Charlie Hebdo ក្នុង​ថ្ងៃទី ៧ មករា ឆ្នំា ២០១៥ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ១២នាក់។

ពិត​ណាស់​ថា សហគមន៍​អន្តរជាតិ​បាន​ចូលរួម​រំលែកទុក្ខ និង​សម្តែង​សាមគ្គីភាព​ជាមួយ​ពលរដ្ឋ​បារំាង​ក្នុង​ន័យ​ថា ទស្សនាវដ្តី​ត្លុកកប្លែង Charlie Hebdo ដែល​ជា​និមិត្តរូប​នៃ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិសេរីភាព​សារព័ត៌មាន​បាន​រង​ការ​វាយប្រហារ។ តែ​អ្វី​ដែល​ប្រទេស​នីមួយៗ​ត្រូវ​ចាត់​វិធានការ​ជា​បន្ទាន់​នោះ គឺ​ទប់​ស្កាត់​ការ​ចេញ ចូល​របស់​ពួកជីហាត​ជនជាតិ​ខ្លួន ព្រោះ​ថា គ្មាន​អ្វី​គ្រោះថ្នាក់​ជាង​ដង្កូវ​ចេញ​ពី​សាច់​ឯង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ