អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖កងទ័ព​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ​ជំរំ​ឧទ្ទាម​តាលីបង់ ដោយ​សម្លាប់​បាន ១៨នាក់

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន កងទ័ព​បាន​បើក​ប្រតិបត្តិការ​ផ្លូវអាកាស ជាមួយ​នឹង​ជំនួយ​កំាភ្លើងធំ​ទៅ​លើ​តំបន់​ស្ថិត​ជុំវិញ​ស្រុក​មីរ៉ង់សា​ស្ថិត​ក្នុង​ខេត្ត​វ៉ាហ្ស៊ីរីស្ថាន​ប៉ែកខាងជើង​ដោយ​បាន​បណ្តាល​ឲ្យ​ស្លាប់​ពួក​ឧទ្ទាម​តាលីបង់​ចំនួន ១៨នាក់​នា​ចុង​សប្តាហ៍​កន្លង​ទៅ។ ក្នុង​ចំណោម​ពួក​ឧទ្ទាម​ដែល​ស្លាប់​នោះ មាន​មួយ​ចំនួន​បាន​ឆ្លង​ចូល​ពី​ប្រទេស​ក្រៅ ពិសេស​ពី​ប្រទេស​អាហ្វហ្កានីស្ថាន នេះ​ជា​ការ​បញ្ជាក់​របស់​អ្នក​ទទួល​ខុស​ត្រូវ​ប៉ាគីស្ថាន។

ក្រុម​ឧទ្ទាម​តាលីបង់​ក្នុង​ប្រទេស​ប៉ាគីស្ថាន
ក្រុម​ឧទ្ទាម​តាលីបង់​ក្នុង​ប្រទេស​ប៉ាគីស្ថាន (Photo : Reuters)
ផ្សាយពាណិជ្ជកម្ម

ក្រៅ​ពី​សម្លាប់​បាន​ពួក​ឧទ្ទាម ប្រតិបត្តិការ​សឹក​របស់​កម្លំាង​ទ័ព​ប៉ាគីស្ថាន​ក៏​បាន​បំផ្លាញ​ទីជម្រក​ជា​ច្រើន​របស់​ពួក​ឧទ្ទាម ព្រម​ទំាង​ឃ្លំា​ស្តុក​អាវុធ​ផង​ដែរ។ នៅ​ក្នុង​សេចក្តីជូនដំណឹង​មួយ អ្នកទទួល​ខុស​ត្រូវ​ផ្នែក​ស៊ើបអង្កេត​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​ផ្លូវអាកាស​របស់​ទ័ព​រដ្ឋាភិបាល​ពិត​ជា​បាន​សម្លាប់​ជិវិត​មនុស្ស ពិសេស​គឺ​ពួក​ឧទ្ទាម​តាលីបង់​តែ​ម្តង។ សូម​ជម្រាប​ជូន​ថា តំាង​ពី​ពាក់កណ្តាល​ខែ​មិថុនា​មក​ម្ល៉េះ​ដែល​កងទ័ព​ប៉ាគីស្ថាន​បាន​បើក​ការ​វាយប្រហារ​លើ​ខេត្ត​វ៉ាហ្ស៊ីរីស្ថាន​ប៉ែកខាងជើង។ គឺ​ជា​តំបន់​កុលសម្ព័ន្ធ និង​ជា​ទីជម្រក​របស់​ពួក​ឧទ្ទាម​តាលីបង់ និង​អាល់កៃដា​ស្ថិត​ប៉ែក​ពាយព្យ​ប្រទេស​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​អាហ្វហ្កានីស្ថាន។ យោង​តាម​តួលេខ​ផ្តល់​ដោយ​ទាហាន​ប៉ាគីស្ថាន ប្រតិបត្តិការ​សឹក​ដែល​គិត​មក​ដល់​ថ្ងៃ​នេះ​បាន​បណ្តាល​ឲ្យ​បាត់បង់​ជីវិត​ពួក​ឧទ្ទាម​ជាង ៤០០នាក់ និង​ទាហាន​រដ្ឋាភិបាល​ចំនួន ២០នាក់។ នេះ​ជា​តួលេខ​មួយ​ដែល​គេ​ពិបាក​ផ្ទៀងផ្ទាត់ ហើយ​ក៏​គេ​មិន​អាច​ដឹង​ពី​អត្តសញ្ញាណ​របស់​សព​នីមួយៗ​បាន​ដែរ ព្រោះ​តំបន់​នោះ​ត្រូវ​បាន​ហាម​មិន​ឲ្យ​អ្នកកាសែត​ចូល​ទៅ​ទេ

 
គួរ​រម្លឹក​ជូន​ថា អស់​ជា​ច្រើន​ឆ្នំា​កន្លង​មក​ហើយ​ដែល​តំបន់​កុលសម្ព័ន្ធ​វ៉ារីហ្ស៊ីស្ថាន​ប៉ែកខាងជើង​បាន​ក្លាយ​ជា​ទីតំាង​របស់​ពួក​ឧទ្ទាម​តាលីបង់ និង​ពួក​អាល់កៃដា​ក្នុង​ស្រុក និង​បរទេស​ឆ្លង​ពី​ប្រទេស​ជិត​ខាង ដូច​យ៉ាង​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​ជា​ដើម។ អំពើហិង្សា​បង្ហូរ​ឈាម​ជា​ច្រើន​ដែល​បាន​ផ្ទុះ​ឡើង​នៅ​​ក្នុង​ប្រទេស​ប៉ាគីស្ថាន​តំាង​ពី​ឆ្នំា ២០០៧ មក គឺ​ជា​ស្នាដៃ​របស់​ពួក​ឧទ្ទាម​នៅ​ក្នុង​តំបន់​កុលសម្ព័ន្ធ​វ៉ារីហ្ស៊ីស្ថាន​ប៉ែកខាងជើង​នោះ​ឯង។ ការ​វាយប្រហារ​លើ​រដ្ឋាភិបាល​របស់​ប្រទេស​អាហ្វហ្កានីស្ថាន និង​លើ​អង្គការ​អូតង់​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ក៏​បាន​បង្ក​ឡើង​ចេញ​ពី​ពួក​ឧទ្ទាម​នៅ​ក្នុង​តំបន់​នោះ​ដែរ។

អ្វី​ជា​ការ​កត់សម្គាល់ ប្រតិបត្តិការ​វាយប្រហារ​របស់​ទ័ពអាកាស​ប៉ាគីស្ថាន​នៅ​ថ្ងៃ​អាទិត្យ​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ​បន្ទាប់​ពី​ពួក​ឧទ្ទាម​ឆ្លង​ពី​ប្រទេស​អាហ្វហ្កានីស្ថាន​បាន​សម្លាប់​ទាហាន​ប៉ាគីស្ថាន ៣នាក់​នៅ​ព្រំដែន​ជាប់​ប្រទេស​អាហ្វហ្កានីស្ថាន។ ភ្លាមៗ រដ្ឋអំណាច​ប៉ាគីស្ថាន​បាន​ទម្លាក់​កំហុស​ដាក់​ក្រុមឧទ្ទាម​តាលីបង់​ប៉ាគីស្ថាន​ដែល​បាន​តស៊ូប្រឆំាង​ទីក្រុង​អ៊ីស្លាម៉ាបាត​តំាង​ពី ៧ឆ្នំា​មក​ហើយ។ ទន្ទឹម​គ្នា​នេះ ប៉ាគីស្ថាន​ក៏​បាន​ស្តី​បន្ទោស​អាហ្វហ្កានីស្ថាន​ដោយ​បាន​អំពាវនាវ​ទីក្រុង​កាប៊ូល​ឲ្យ​កំចាត់​ពួក​ឧទ្ទាម​តាលីបង់​ក្នុង​ទឹកដី​ខ្លួន​ដើម្បី​កុំ​ឲ្យ​ពួក​នេះ​ចូល​មក​ធ្វើ​សកម្មភាព​ប្រឆំាង​ប៉ាគីស្ថាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ