អានតួអត្ថបទ
ប៉ាគីស្ថាន

ប៉ាគីស្ថាន៖ចលនាឧទ្ទាម​តាលីបង់ និង​រដ្ឋាភិបាល​បានផ្តើម​កិច្ចចរចាសន្តិភាព​ឡើងវិញ

នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន កិច្ចចរចា​សន្តិភាព​រវាង​ក្រុមឧទ្ទាម​តាលីបង់ និង​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​ជាថ្មី​នា​ថ្ងៃ​ពុធ ទី៥ មីនា​ក្នុង​ស្រុក​ខាតតាក ស្ថិត​ប៉ែក​ពាយ័ព្យ​ប្រទេស។ កម្មវត្ថុ​នៃ​កិច្ចចរចា​ជា​ប្រវត្តិសាស្រ្ត​រវាង​គូបដិបក្ខ​ទំាង​ពីរ គឺ​ដើម្បី​បិទបញ្ចប់​ជម្លោះ​បង្ហូរ​ឈាម​រវាង​គ្នា​ដែល​បាន​អូសបន្លាយ​តំាង​ពី ៧ឆ្នំា​កន្លង​មក។ គួរ​ជម្រាប​ជូន​ថា កិច្ចចរចា​រវាង​ភាគី​ទំាង​ពីរ​បាន​ចាប់​ផ្តើម​តំាង​តែ​ពី​ដើម​ខែ​កុម្ភៈ​មក​ម្ល៉េះ តែ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​ផ្អាក​ទៅ​វិញ បន្ទាប់​ពី​ចលនា​ឧទ្ទាម​បាន​ប្រកាស​ពី​ការ​បរិហារ​ជីវិត​ទាហាន​ប៉ាគីស្ថាន​ចំនួន ២៣នាក់។ ជា​ចម្លើយ​តប​វិញ​នៅ​ពេល​នេះ កងទ័ព​រដ្ឋាភិបាល​បាន​ធ្វើ​ការ​ទម្លាក់​គ្រាប់បែក​លើ​មូលដ្ឋាន​របស់​ពួក​ឧទ្ទាម។

ប៉ាគីស្ថាន៖ចលនាឧទ្ទាម​តាលីបង់ និង​រដ្ឋាភិបាល​បានផ្តើម​កិច្ចចរចាសន្តិភាព​ឡើងវិញ
ប៉ាគីស្ថាន៖ចលនាឧទ្ទាម​តាលីបង់ និង​រដ្ឋាភិបាល​បានផ្តើម​កិច្ចចរចាសន្តិភាព​ឡើងវិញ AFP PHOTO/KARIM ULLAH
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​ជា​ថ្មី នៅ​ក្រោយ​ការ​សម្រេចចិត្ត​របស់​ក្រុម​ឧទ្ទាម​តាលីបង់​ក្នុង​ការ​ផ្អាក​ឈប់​បាញ់​រយៈពេល ១ខែ កាល​ពី​សប្តាហ៍​កន្លង​ទៅ។ គឺ​តាម​រយៈ​ការ​សម្រេច​ចិត្ត​នេះ​ហើយ​ដែល​បាន​ជម្រុញ​ឲ្យ​ភាគី​ជម្លោះ​ទំាង​ពីរ​ផ្តើម​កិច្ចចរចា​សន្តិភាព​ជា​ថ្មី​រវាង​គ្នា​នា​ពេល​នេះ។ កិច្ចចរចា​ជា​ថ្មី​ដែល​ត្រូវ​បាន​ក្រុម​អ្នក​វិភាគ​មើល​ឃើញ​ថា ហាក់​ដូច​ជា​មិន​សូវ​មាន​ដំណើរ​ល្អ​ប៉ុន្មាន​ទេ។ មិន​សូវ​មាន​ដំណើរការ​រលូន​ល្អ​ក៏​ដោយសារ​ថា ក្រុមឧទ្ទាម​បាន​ព្យាយាម​អូសបន្លាយ​ពេល​វេលា​ដើម្បី​កែនប្រមូល​គី្នគ្នា​របស់​ពួក​គេ នៅ​ក្រោយ​ការ​វាយប្រហារ​ផ្លូវអាកាស​ពី​សំណាក់​កម្លំាង​រដ្ឋាភិបាល។

ការ​កត់សម្គាល់​មួយ​ទៀត កិច្ចចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះ​ទំាង​ពីរ​កាល​ពី​ថ្ងៃពុធ ទី៥ មីនា​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ក្នុង​ដែនអំណាច​របស់​ចលនា​ឧទ្ទាម​តាលីបង់ ពោល​គឺ​ខុស​ពី​ជំនួប​លើក​ទី១ ដែល​បាន​រៀបចំ​ឡើង​នៅ​ទីស្នាក់ការកណ្តាល​នៃ​សាលាអ៊ីស្លាម​របស់​ប្រមុខ​ចលនា Tehreek-e-Taliban ដែល​ជា​ចលនា​ប្រមូលផ្តុំ​ដោយ​ក្រុមប្រឆំាង​ជា​ច្រើន​ទៀត​ស្ថិត​ក្នុង​ស្រុក​អាកូរ៉ា ខាតតាក់​ប៉ែក​ពាយ័ព្យ។ កិច្ចចរចា​សន្តិភាព​លើកទី២ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ដំណាក់កាល​យុទ្ធសាស្រ្ត​ដែល​ភាគី​ទំាង​ពីរ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​ជាក់ស្តែង​មួយ។

យ៉ាង​ណា​ក៏​ដោយ និង​បើ​ទោះ​បី​ជា​ភាគី​នីមួយៗ​បាន​ព្យាយាម​បង្ហាញ​ចេញ​នូវ​ឆន្ទៈ​ចង់​បិទបញ្ចប់​ការ​បង្ហូរ​ឈាម​រវាង​គ្នា​ក៏​ដោយ ក៏​អំពើហិង្សា​នៅ​តែ​បន្ត​កើត​មាន​ជា​ហូរហែរ​ចេញ​មក​ពី​ភាគី​ទំាង​សងខាង។ ជាក់ស្តែង​កាល​ពី​ថ្ងៃ​ចន្ទ ដើម​សប្តាហ៍​នេះ អំពើភេរវកម្ម​ប្រឆំាង​នឹង​តុលាការ​ក្នុង​ទីក្រុង​អ៊ីស្លាម៉ាបាត​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​១១នាក់ និង​របួស​ជាង ២០នាក់​ផ្សេង​ទៀត។ គឺ​ជា​សោកនាដកម្ម​លើកទី១ ដែល​មិន​ធ្លាប់​មាន​នៅ​ចំ​កណ្តាល​បេះដូង​ប៉ាគីស្ថាន​ទេ គិត​តំាង​ពី​ឆ្នំា ២០០៨ មក។ ទង្វើ​ហិង្សា​នេះ​ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ដោយ​ចលនា​ឧទ្ទាម​មួយ​ទៀត គឺ Ahrar ul-Hind ដែល​បាន​ផ្តាច់​ខ្លួន​ចេញ​ពី​ចលនា Tehreek-e-Taliban និង​ដែល​បាន​ប្រឆំាង​នឹង​កិច្ចចរចា​សន្តិភាព​នា​ពេល​នេះ។

រហូត​មក​ដល់​ពេល​នេះ ប្រមុខដឹកនំា​ចរចា​ខាង​តាលីបង់​បាន​បញ្ជាក់​ថា គេ​មិន​គួរ​ទម្លាក់​កំហុស​លើ​ពួក​តាលីបង់​នៅ​រាល់​អំពើហិង្សា​ទំាង​អស់​ទេ និង​បាន​ចោទ​អាមេរិក អាហ្វហ្កានីស្ថាន និង​ឥណ្ឌា​ថា​បាន​ព្យាយាម​រារំាង​មិន​ឲ្យ​កិច្ចចរចាសន្តិភាព​ទទួល​បាន​ជោគជ័យ។ តែ​អតីត​មេទាហាន​ប៉ាគីស្ថាន​បាន​អះអាង​ថា ពួកឧទ្ទាម​តាលីបង់​ក៏​មិន​អាច​បដិសេធ​ពី​ការ​ជាប់ពាក់ព័ន្ធ​ក្នុង​ទង្វើ​ភេរវកម្ម​របស់​ខ្លួន​បាន​ដែរ។ សម្រាប់​ក្រុមអ្នកវិភាគ​វិញ ភាគីជម្លោះ​ទំាង​ពីរ​ត្រូវ​តែ​សម្រេច​ឲ្យ​បាន​នូវ​លទ្ធផល​ជាក់ស្តែង​មួយ​ចាប់​ពី​ពេល​នេះ​ទៅ ៣ ឬ ៤សប្តាហ៍​ខាង​មុខ។ បើ​ពុំ​នោះ​សោត​ទេ វា​ជា​បរាជ័យ​មួយ​ធំណាស់​សម្រាប់​ទំាង​អស់​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ