អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

អាហ្រ្វិកកណ្តាល៖ទាហាន​បារំាង​កំពុង​ផុងខ្លួន​នៅ​ក្នុង​អំពើហិង្សា​រវាង​សហគមន៍​សាសនា !

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល តំាង​ពី​ខែ​ធ្នូ ឆ្នំា ២០១៣ មក​ម្ល៉េះ​ដែល​បារំាង​បាន​បញ្ជូន​កម្លំាង​ទាហាន​របស់​ខ្លួន​ចំនួន ១ ៦០០នាក់​ទៅ​អាហ្រ្វិកកណ្តាល​ដើម្បី​ជួយ​ការពារ​សណ្តាប់ធ្នាប់សង្គម តាម​រយៈ​បេសកកម្ម​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា « Sangaris »។ បេសកកម្ម « Sangaris » ដែល​ផ្តោត​សំខាន់​លើក​ការ​រំសាយ​អាវុធ​ពី​ភាគី​ជម្លោះ​ទំាង​ពីរ គឺ​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​សេលេកា និង​ក្រុមប្រដាប់អាវុធ​អង់ទីបាឡាកា។ តែ​ជិត ២ខែ​កន្លង​ទៅ​នេះ អំពើហិង្សា​រវាង​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​ទំាង​ពីរ​ហាក់​ដូច​ជា​មិន​បាន​ចុះ​ថយ​ទេ ផ្ទុយ​ទៅ​វិញ ហាក់​ដូច​ជា​បាន និង​កំពុង​ពុះកញ្ជ្រោល​កាន់​តែ​ខ្លំាង​ឡើងៗ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​ទៅ​វិញ។ តើ​បារំាង​កំពុង​ផុងខ្លួន​នៅ​ក្នុង​អំពើហិង្សា​សាសនា​នៅ​អាហ្រ្វិកកណ្តាល ដូច​ដែល​ខ្លួន​ធ្លាប់​ជួប​ប្រទះ​នៅ​ក្នុង​សោកនាដកម្ម​ប្រទេស​រវ៉ាន់ដា​កាល​ពី​ឆ្នំា ១៩៩៤ ឬ​យ៉ាង​ណា?

អាហ្រ្វិកកណ្តាល៖ទាហាន​បារំាង​កំពុង​ផុងខ្លួន​នៅ​ក្នុង​អំពើហិង្សា​រវាង​សហគមន៍​សាសនា !
អាហ្រ្វិកកណ្តាល៖ទាហាន​បារំាង​កំពុង​ផុងខ្លួន​នៅ​ក្នុង​អំពើហិង្សា​រវាង​សហគមន៍​សាសនា ! AFP PHOTO / ERIC FEFERBERG
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ទាហាន​បារំាង​ចំនួន ១ ៦០០នាក់​បាន​ដាក់​ជើង​ជាន់​លើ​ទឹកដី​អាហ្រ្វិកកណ្តាល​ក្នុង​ដើម​ខែ​ធ្នូ ឆ្នំា ២០១៣ មក មាន​ឧត្តមសេនីយ​បារំាង​ម្នាក់​ហ៊ាន​ចេញ​មុខ​សារភាព​ថា បេសកកម្ម « Sangaris » បាន និង​កំពុង​ប្រឈម​មុខ​នឹង​ស្ថានការណ៍​ផុយស្រួយ​មួយ​ដែល​ខ្លួន​មិន​បាន​រង់ចំា​ទាល់​តែ​សោះ និយាយ​ឲ្យ​ស្រួល​យល់ ទាហាន​បារំាង​ហាក់​ដូច​ជា​ទាល់គំនិត​មិន​ដឹង​ចាត់វិធានការ​អ្វី​ផ្សេង​ទេ​ក្នុង​ការ​បង្រ្កាប ទប់ស្កាត់​ចង្វាក់​ហិង្សា​យ៉ាង​ក្តៅគគុក​រវាង​ក្រុមឧទ្ទាម​ប្រដាប់​អាវុធ​សេលេកា និង​ក្រុមប្រដាប់អាវុធ​អង់ទីបាឡាកា​នោះ។ លើស​ពី​នេះ​ទៅ​ទៀត និង​អ្វី​ដែល​ជា​ក្តីបារម្ភ​ខ្លំាង​ជាង​គេ​ចំពោះ​ទាហាន​បារំាង​នោះ គឺ​ការ​ចោទប្រកាន់​លើ​ខ្លួន​ពី​បទ​មិន​បាន​ធ្វើ​អ្វី​ទំាង​អស់ និង​ព្រម​ទំាង​ទុកបណ្តោយ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ធ្លាក់​ដុនដាប​ទៅៗ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ។

ការ​ព្រួយបារម្ភ​របស់​រូបឧត្តមសេនីយ​បារំាង​រូប​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​បារំាង Jean-Yves Le Drian កំពុង​បំពេញ​ទស្សនកិច្ច​ជា​ថ្មី​នៅ​ក្នុង​ទីក្រុង​បង់ហ្គី សាធារណរដ្ឋ​អាហ្រ្វិកកណ្តាល។ សូម​ជម្រាប​ជូន​ថា ខុស​ពី​បេសកកម្ម « Serval » នៅ​ក្នុង​ប្រទេស​ម៉ាលី​ប្រកប​ដោយ​ជោគជ័យ និង​ដែល​ទទួល​បាន​ការ​កោតសរសើរ​ពី​មជ្ឈដ្ឋាន​ទូទៅ​នោះ បេសកកម្ម « Sangaris » របស់​បារំាង​នៅ​អាហ្រ្វិកកណ្តាល​បែរ​ជា​បាន និង​កំពុង​ទទួល​ការ​រិះគន់​យ៉ាង​ចាស់ដៃ​ទៅ​វិញ។ រិះគន់​ពី​ភាព​អសមត្ថភាព​ក្នុង​ការ​បិទបញ្ចប់​អំពើ​កាប់សម្លាប់​គ្នា​រវាង​សហគមន៍​អ្នកកាន់សាសនា​អ៊ីស្លាម និង​សហគមន៍​អ្នកកាន់សាសនាគ្រិស្ត។ ជម្លោះ​ដែល​មក​ដល់​ពេល​នេះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ២ ០០០នាក់ និង​អ្នករត់ចោល​ផ្ទះសម្បែង​ជាង ១លាននាក់។

គួរ​បញ្ជាក់​ជូន​ថា ក្រៅ​ពី​បេសកកម្ម « Sangaris » របស់​ទាហាន​បារំាង​ដែល​មាន​ចំនួន ១ ៦០០នាក់ ក៏​នៅ​មាន​បេសកកម្ម « Misca » របស់​កម្លំាង​ទាហាន​អាហ្រ្វិក​ចំនួន ៥ ៤០០នាក់​ផង​ដែរ។ នៅ​ថ្ងៃទី១១ កុម្ភៈ​ថ្មីៗ​នេះ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​បាន គីមូន​បាន​អំពាវនាវ​ឲ្យ​បារំាង​បញ្ជូល​ទ័ពបន្ថែម​ទៅ​កាន់​អាហ្រ្វិកកណ្តាល ព្រម​ទំាង​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ចូលរួម។ តែ​ក្រសួង​ការបរទេស​បារំាង​បាន​ឆ្លើយ​បក​វិញ​ថា កម្លំាង​ដែល​ត្រូវ​បញ្ជូន​បន្ថែម​ទៅ​កាន់​អាហ្រ្វិកកណ្តាល​មិន​មែន​បារំាង​ទេ តែ​គឺ​កម្លំាង​របស់​សហភាព​អឺរ៉ុប និង​កម្លំាង​មួកខៀវ​របស់​អង្គការសហប្រជាជាតិ​ឯណោះ។

តាម​រយៈ​បេសកកម្ម « Sangaris » នៅ​ក្នុង​អាហ្រ្វិកកណ្តាល​នា​ពេល​នេះ ទីក្រុង​ប៉ារីស​ចង់​បង្ហាញ​ពិភពលោក​អំពី​ការ​មិន​ព្រងើយកន្តើយ​ចំពោះ​អតីតដែនដី​អាណានិគម​របស់​ខ្លួន​ដែល​ទទួល​បាន​ឯករាជ្យ​ក្នុង​ឆ្នំា ១៩៦០។ តែ​អ្វី​ដែល​បារំាង​មិន​បាន​គិត​ដល់​នោះ​នៅ​ត្រង់​ថា ប្រទេស​អតីតកូនចៅ​របស់​ខ្លួន​មួយ​នេះ​បាន និង​កំពុង​ឆ្លង​កាត់​វិបត្តិហែកហួរ​គ្នា​មួយ​ហួស​ពី​ព្រំដែន​ដែល​ខ្លួន​បាន​កំណត់។ វា​ពិតណាស់​ថា បេសកកម្ម​ចម្បង​របស់​ទាហាន​បារំាង​គឺ​បញ្ឈប់​អំពើហិង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុមអតីត​ឧទ្ទាម​សេលេកា​ដែល​បាន​ចូលកាន់​អំណាច​ក្នុង​ខែ​មីនា ឆ្នំា ២០១៣ តាម​រយៈ​រដ្ឋប្រហារ​យោធា​ទម្លាក់​លោក​ប្រធានាធិបតី​ហ្រ្វង់ស័រ បូហ្ស៊ីហ្សេ។ តែ​តំាង​ពី​ក្រោយ​ការ​ឡើង​កាន់​តំណែង​ប្រធានាធិបតី​របស់​លោកស្រី កាទ្រីន សំបា ប៉ង់ហ្សា​កាល​ពី​ថ្ងៃទី២៣ មករា​កន្លង​ទៅ​ថ្មីៗ​នេះ​មក ស្រាប់​តែ​មាន​ផ្ទុះ​ឡើង​នូវ​អំពើហិង្សា​កាប់សម្លាប់​គ្នា​យ៉ាង​សាហាវ​រវាង​ក្រុមអតីត​ឧទ្ទាម​សេលេកា អ្នកកាន់សាសនា​អ៊ីស្លាម និង​ក្រុម​អង់ទីបាឡាកា​ដែល​ជា​ក្រុមប្រដាប់អាវុធ​ការពារ​ខ្លួន​ចេញ​ពី​អ្នកគំាទ្រ​លោក​ហ្រ្វង់ស័រ បូហ្ស៊ីហ្សេ និង​ក្រុមប្រជាជន​អ្នកកាន់សាសនាគ្រិស្ត។

តើ​រូបភាព​ទំាង​នេះ មិន​មែន​ជា​រូបភាព​នៃ​ជម្លោះ​រវាង​សហគមន៍​សាសនា​ទេ ឬ​យ៉ាង​ណា?

អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នៅ​ពេល​នេះ​គឺ​ថា គ្មាន​ប្រទេស​លោកខាងលិច​ណា​មួយ​ហ៊ាន​ចេញ​មុខ​ដូច​បារំាង​ដើម្បី​ជួយ​បិទបញ្ចប់​សោកនាដកម្ម​នៅ​អាហ្រ្វិកកណ្តាល​ឡើយ នោះ​បើ​ទោះ​បី​ជា​ពួក​គេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា វិបត្តិ​នៅ​អាហ្រ្វិកកណ្តាល​បាន និង​កំពុង​ឆ្លង​រាលដាល​ចូល​ក្នុង​ប្រទេស​អាហ្រ្វិក​ផ្សេង​ទៀត​ដែល​កំពុង​មាន​អស្ថិរភាព​នយោបាយ​ស្រាប់ ដូច​យ៉ាង​ឆាដ ស៊ូដង់ ស៊ូដង់ខាងត្បូង ឬមួយ​ក៏​សាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ​ក៏​ដោយ។ អ៊ីចឹង​ឃើញ​ថា វត្តមាន​ទាហាន​បារំាង​ចំនួន ១ ៦០០នាក់ ពិត​ជា​មិន​គ្រប់គ្រាន់​សម្រាប់​ទប់ស្កាត់​អំពើហិង្សា​នៅ​ទូទំាង​អាហ្រ្វិកកណ្តាល​បាន​ឡើយ។

សេណារីយ៉ូ​នៃ​ការ​បោសសំអាត​ជាតិពិន្ធុ​នៅ​អាហ្រ្វិកកណ្តាល​ពេល​នេះ បាន​ធ្វើ​គេ​ឲ្យ​គេ​នឹក​ឃើញ​ដល់​សេណារីយ៉ូ​នៃ​ការ​សម្លាប់​រង្គាល​នៅ​ក្នុង​ប្រទេស​រវ៉ាន់ដា​កាល​ពី ២០ឆ្នំា​មុន​នៅ​ចំពោះ​មុខ​បេសកកម្ម​របស់​ទាហាន​បារំាង។ កាល​ណោះ ទាហាន​បារំាង​បាន​ទទួល​ការ​ចោទ​ប្រកាន់​ពី​បទ​អសមត្ថភាព​ក្នុង​ការ​ទប់ស្កាត់។ ដូច្នេះ​ចង់ ឬ​មិន​ចង់ សេណារីយ៉ូ​ច្រំដែល​មួយ​នេះ​ហាក់​ដូច​ជា​បាន និង​កំពុង​លេច​រូបរាង​ជា​ថ្មី​ទៀត​នៅ​អាហ្រ្វិកកណ្តាល និង​ដែល​ទីក្រុង​ប៉ារីស​កំពុង​ទទួល​ការ​ចោទ​ប្រកាន់​រួច​ហើយ នោះ​បើ​ទោះ​បី​ជា​ខ្លួន​កំពុង​ព្យាយាម​ចៀសវាង​ក៏​ដោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ