អានតួអត្ថបទ
ឧបទ្វីបកូរ៉េ​

សកម្មជនកូរ៉េខាងត្បូង​បង្ហោះ​ USB​ និង​ខិត្តប័ណ្ណ​​សន្ធឹកសន្ធាប់​ ចូលក្នុង​ព្រំដែន​កូរ៉េ​ខាងជើង​

នៅថ្ងៃ​ពុធ​នេះ នៅ​ព្រំដែន​​​រវាង​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង សកម្មជន​​កូរ៉េខាងត្បូង​​ ជាច្រើន​នាក់ បាន​បង្ហោះ​ប៉េងប៉ោង​ផ្ទុកទៅដោយ​ USB និង​ខិត្តប័ណ្ណ​​​សន្ធឹកសន្ធាប់​ ​ចូលទៅ​​ក្នុង​ទឹកដី​កូរ៉េខាងជើង។ USB និង​ខិត្តប័ណ្ណ​​​ទាំងនេះ ផ្ទុកទៅ​ដោយ​​ព័ត៌មាន​ ទាក់ទង​នឹង​ការរំលោភបំពាន​សិទ្ធិមនុស្ស​ នៅ​កូរ៉េខាងជើង។ ទិសដៅ​នៃ​សកម្មភាព​នេះ គឺដើម្បី​អោយ​ប្រជាជនកូរ៉េខាងជើង ​បាន​ស្គាល់​ពី​ភាព​ព្រៃផ្សៃ​​​របស់​មេដឹកនាំ​គឹម ជុងអ៊ុន។

ផ្សាយពាណិជ្ជកម្ម

ថ្ងៃពុធនេះ ​នៅ​ព្រំដែន​​​រវាង​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើងដែល​មាន​ការការពារ​សន្តិសុខ​តឹងរ៉ឹង​បំផុត​នោះ​ តាំងតែ​ពី​ក្រុង​ប៉ាជូទៅ​ គេបាន​ឃើញ​សកម្មជន​​​កូរ៉េខាងត្បូង​​ ជាច្រើន​នាក់ ​បង្ហោះ​ប៉េងប៉ោង​ជាច្រើន ផ្ទុក​នូវ​ USB និង​ខិត្តប័ណ្ណសរុប​ប្រមាណ​៥សែន​​ ​បង្ហោះ​​​ចូលទៅ​​ក្នុង​ទឹកដី​កូរ៉េខាងជើង។ ក្នុងនោះ​ ប៉េងប៉ោង​​ក៏បាន​ផ្ទុក​​កាសែត​វីដេអូDVD និង​ក្រដាសប្រាក់តំលៃ​១​ដុល្លារ​​ ជាច្រើន​សន្លឹក​ផងដែរ។

USB និង​ខិត្តប័ណ្ណ​​​ទាំងអស់​នេះ មាន​ផ្ទុក​​​​ព័ត៌មាន​ស្តីពី​ការរំលោភបំពាន​សិទ្ធិមនុស្ស​ នៅ​កូរ៉េខាងជើង។ USB មាន​ប្រមាណ​១៥០០ ពោរពេញ​ទៅដោយ​ព័ត៌មាន​ជា​ភាសា​កូរ៉េ​​​ របស់​​​Wikipedia។

ប្រតិបត្តិការ​​​បង្ហោះប៉េងប៉ោងនេះ​ ដឹកនាំ​ដោយ​​ជនភៀសខ្លួន​​កូរ៉េខាងជើង។ ពួកគេ​ចង់​​ ​​​ចង់​អោយ​​ប្រជាជនកូរ៉េខាងជើងទាំងឡាយ​ ​បានទទួលព័ត៌មាន​ទាក់ទង​នឹង​សកម្មភាព​​ព្រៃផ្សៃ​​​របស់​មេដឹកនាំ​គឹម ជុងអ៊ុន។

ថ្វីបើ​​កូរ៉េខាងជើង​ជាប្រទេស​មួយ​ស្ថិតនៅឯកា ប្រជាជន​៩៥ភាគរយ​​គ្មាន​ទូរសព្ទ​ដៃ​ទំនាក់ទំនង​គ្នា គ្មាន​អ៊ីនថឺនេត​ប្រើប្រាស់ក្តី ស្ថាប័ន​រដ្ឋ​​មិនបានរង​ការ​​ខ្វះ​ខាត​បច្ចេកទេស​ព័ត៌មាន​​​នោះទេ។ ស្ថាប័ន​​​រដ្ឋាភិបាល​មួយចំនួន​ ថែមទាំង​មាន​គេហទំព័រ​ផ្ទាល់ខ្លួន​ទៀតផង។ ទូរសព្ទ​ដៃ ត្រូវបាន​​​ដាក់​អោយប្រើ​នៅក្នុងប្រទេស នៅ​ឆ្នាំ២០០៨ តាមរយៈ​ក្រុមហ៊ុន​មួយ ​ជាក្រុមហ៊ុន​រួម​ជាមួយ​ក្រុមហ៊ុន​អេហ្ស៊ីប Orascom។

បច្ចុប្បន្ន ព្រំដែន​កូរ៉េខាងជើង​លែង​បិទជិតស្លុង​ដូចមុន​ទៀតហើយ។ ផលិតផល​ទូរសព្ទដៃ​ចិន​​ ត្រូវ​បាន​គេ​នាំចូល​ក្នុង​ទឹកដី​កូរ៉េខាងជើង ដោយ​ខុសច្បាប់។ ជនល្មើស​ក៏​បាន​បន្លំ​នាំចូល​កាសែត​DVD រឺក៏​ USBផ្សេងៗ​ ក្នុង​ប្រទេស​នេះ​ដៃរ បើទោះ​​​ជា​​ត្រូវ​ប្រឈម​នឹង​ការចាប់ខ្លួន ​ពី​អាជ្ញាធរ​ក្តី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ