អានតួអត្ថបទ
កម្ពុជា

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ចូល​បំភ្លឺ​សភា​អំពី​រឿង​កម្មករ

រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​លោក​អ៊ិត សំហេង ​នៅ​ថ្ងៃ​អង្គារ​ទី​១៤​ តុលា​នេះ​បាន​ដឹកនាំ​គណៈ​ប្រតិភូ​ក្រសួង​ចំនួន​៧​រូប​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​មុខ​គណៈ​ទី៨​រដ្ឋសភា​ជាតិ​ដែល​ជា​គណៈ​កម្មការ​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ។ ​មាន​ប្រធាន​បទ​ជា​ច្រើន​ក្នុង​វិស័យ​កាត់​ដេរ​ត្រូវ​បាន​សាក​សួរ​ក្នុង​រយៈពេល​ពីរ​ម៉ោង​រវាង​ប្រធាន​គណៈ​កម្មការ​ទី​៨​របស់​រដ្ឋ​សភា​និង​គណៈ​ប្រតិភូ​ចំនួន​៧​រូប​របស់​ក្រសួង​ការងារ។

កម្មករកម្មការិនីកម្ពុជា
កម្មករកម្មការិនីកម្ពុជា RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

មាន​ចំណុច​សំខាន់​ចំនួន៤ត្រូវបាន​សួរដេញដោល​ក្នុងការ​ឆ្លើយបំភ្លឺ​របស់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​អ៊ិត សំហេង នៅ​ចំពោះមុខ​គណៈកម្មការ​ទី៨របស់​រដ្ឋសភាជាតិ។ ទី១ បញ្ហា​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ​កម្ម​ការ​នី​រោងចក្រ​ដែល​នៅ​ចម្រូង​ចម្រាស់​រវាង​ថៅកែ​រោងចក្រ និង​កម្មករ ទី២ បញ្ហា​ប្រាក់​អតីតភាព​ការងារ​របស់​កម្មករ​រោង​ចក្រ​ហ៊ុយ​ចៀន និង​ការទាមទា​ឱ្យ​តំណាង​កម្មករ​ចូលធ្វើការ​វិញ ទី៣ បញ្ហា​រំលោភ​សិទ្ធ និង​ការបណ្តេញចេញ​នៅ​ក្រុមហ៊ុន CWKH និង​ទី៤គឺ បញ្ហា​សិទ្ធ​សេរីភាព​ក្នុងការ​ចុះបញ្ជី​ជា​សហជីព​ និង​សេរីភាព​របស់​មេដឹកនាំ​សហជីព​ដែល​កំពុង​ត្រូវបាន​គម្រាម​ពី​តុលាការ​ជា​ដើម។នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី​កែ សុវណ្ណ​រតន៍ ប្រធាន​គណៈកម្មការ​ទី៨របស់​រដ្ឋសភា​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង។

លោកស្រី​បាន​បញ្ជាក់ថា លោកស្រី​បានស្នើ​ឱ្យ​ក្រសួង​ពិនិត្យ​លទ្ធភាព​វិសោធនកម្ម​មាត្រា​ទី១០៤ដែល​បានចែង​ចេញពី​ប្រាក់​គោល​ដែល​មិនទាន​ច្បាស់លាស់​នៅឡើយ។

ឆ្លើយ​ទៅកាន​កម្មករ​រោងចក្រ​ហ៊ុយ​ចៀន​ដែល​កំពុង​អង្គុយ​ប្រមូល​ផ្តុំគ្នា​នៅក្រៅ​របង​សភា លោក​រដ្ឋមន្ត្រី​បាន​សន្យា​ក្តែងៗថា ក្រសួង​នឹង​តម្រូវឱ្យ​រោងចក្រ​ផ្តល់ប្រាក់​អតីតភាព​ការងារ​ដល់ក​ម្មករ​រោងចក្រ​ទាំងមូល និង​ការចូល​ធ្វើការ​វិញ​រប​ស់​ថ្នាក់ដឹកនាំ​ជាដើម។ បញ្ហា​ប្រាក់ខែ​គោល​របស់​ក​ម្មកវិញ លោក​រដ្ឋមន្ត្រី​បាន​សន្យា​ព្យាយាម​ឱ្យអស់​លទ្ធភាព​ដើម្បី​ស្វែងរក​ចំណុច​ទទួលយកបាន​ទាំង​ភាគី​រោងចក្រ និង​សហជីព។

ក្រៅពីនេះ រដ្ឋាភិបាល​នឹង​បង្កើត​យន្តការ​ផ្តើម​ការ​ចរចា​ចាប់ពី​ថ្ងៃទី២០តុលា​ខាងមុខ ដែល​មាន​សមាសភាព​គ​ណៈ​កម្ម​ការ​ត្រីភាគី ៩-៩-។ ពោលគឺ​រដ្ឋាភិបាល៩ សហជីព​សកម្ម​ចំនួន៩ និង​ក្រុម​ថៅកែ​រោងចក្រ​ចំនួន៩ដែរ។ យន្តការ​នេះ​នឹង​ចាប់ផ្តើម​ចរចា​ពីថ្ងៃ​ទី២០ តុលា​ខាង​មុខនេះ​តទៅ ដើម្បី​ស្វែងរក​ចំណុចរួម​មុនពេល​សម្រេច​ប្រាក់ខែ​គោល​របស់​កម្មករ​សម្រាប់​ឆ្នាំ២០១៥ ។

សូមបញ្ជាក់ថា រហូតមកដល់​ពេលនេះ ជំហរ​ប្រាក់​ឈ្នួល​គោល​រវាង​សមាគម​រោងចក្រ និង​កម្មករ បាន​នៅ​ឆ្ងាយ​ពីគ្នា​នៅឡើយ។ កម្មករ​ទាមទារ១៥០ដុល្លារ ប៉ុន្តែ​សមាគម​រោងចក្រ​គឺ១១០ដុល្លារ។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី​បញ្ជា​ក់នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ។

ដោយឡែក​បញ្ហា​គម្រាម​គំហែង​សហជីព​ពី​ប្រព័ន្ធតុលាការ​នោះ លោក​រដ្ឋមន្ត្រី បាន​អះអាង​នៅមុខ​សភា​ថា នឹង​សម្របសម្រួល​ជាមួយ​ក្រសួងយុត្តិធម៌ និង​ក្រុម​ថៅកែ​រោងចក្រ​ដើម្បី​អាចឈាន​ទៅ​បិទ​បញ្ចប់​បណ្តឹង​ដែល​ប្តឹង​មកកាន់​សហជីព។

យ៉ាងណាក៏ដោយ​ទន្ទឹមនឹង​ការប្រកាស​ដោះស្រាយ​របស់​ក្រសួង​ការងារ​ក្តែងៗ រដ្ឋ​ភា​បាន​សង្កត់ធ្ងន់ថា ការសន្យា​របស់​រដ្ឋាភិបាល​ជា​រឿង​មួយ ប៉ុន្តែ​លទ្ធផល​ដែល​ទទួលយកបាន​មិនបាន​នោះ​គឺ​អាស្រ័យ​លើ​លទ្ធផល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ