អានតួអត្ថបទ
កម្ពុជា

រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​នឹង​ត្រូវ​កោះ​ហៅ​ទៅ​បំភ្លឺ​រឿង​ពុទ្ធ​សាសន​បណ្ឌិត

ព្រះសង្ឃ ​ប្រជា​ពលរដ្ឋ​ ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​និស្សិត​ផង​នោះ ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​បាន​ដង្ហែរ​ញត្តិ​តវ៉ា​មួយ​ទាក់​ទង​ទៅ​នឹង​ការ​ជួល​ទីតាំង​ដី​ពុទ្ធ​សាសន​បណ្ឌិត​ទំហំ​៣០០០​ម៉ែត្រ​ការ៉េ​ទៅ​ឲ្យ​ក្រុម​ល្បែង​ណាហ្គា​វើល។​ នៅ​ក្នុង​ញត្តិ​ដែល​មាន​៥​ចំណុច​ ថ្វាយ​ព្រះ​មហាក្សត្រ​ និង​ប្រគល់​ជូន​គណៈ​កម្មការ​ទី​៧​រដ្ឋសភា ​ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​បាន​ទទួច​សុំ​អន្តរាគមន៍​ពី​ស្ថាប័ន​កំពូល​ទាំងពីរ​ជួយ​ទប់ស្កាត់​ការ​ជួល​ឬ​លក់​ពុទ្ធ​សាសន​បណ្ឌិត​ទៅ​ឲ្យ​ឯក​ជន។

ក្រុម​ព្រះ​សង្ឃ​បាន​នាំ​គ្នា​​ដង្ហែរ​​ញត្តិ​​ពី​​បញ្ហា​​ការ​​ជួល​ឬ​លក់​ពុទ្ធ​សាសន​បណ្ឌិត​ទៅ​ឲ្យ​ឯកជន​ ទៅ​​ថ្វាយ​​ព្រះ​​មហាក្សត្រ​​និង​​ទៅ​​កាន់​​រដ្ឋ​សភា​​។
ក្រុម​ព្រះ​សង្ឃ​បាន​នាំ​គ្នា​​ដង្ហែរ​​ញត្តិ​​ពី​​បញ្ហា​​ការ​​ជួល​ឬ​លក់​ពុទ្ធ​សាសន​បណ្ឌិត​ទៅ​ឲ្យ​ឯកជន​ ទៅ​​ថ្វាយ​​ព្រះ​​មហាក្សត្រ​​និង​​ទៅ​​កាន់​​រដ្ឋ​សភា​​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ព្រះសង្ឃ​និង​ប្រជាពលរដ្ឋ​ព្រមទាំង​និស្សិត​ផង​នោះ មាន​គ្នា​ប្រមាណ​ជាង២០០អង្គ/នាក់ បាន​រំសាយ​នៅវេលា​ថ្ងៃត្រង់​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​មានការ​ដាក់​ញត្តិ​នៅ​ព្រះបរមរាជវាំង និង​រដ្ឋសភាជាតិ ទាមទារ​ឲ្យ​មានការ​ការពារ​ពុទ្ធ​សាសន​បណ្ឌិត​ដែល​គេ​សង្ស័យថា បាន​ជួល​ទៅ​ឲ្យក្រុមហ៊ុន​សណ្ឋាគារ​និង​កាស៊ីណូ ណាហ្គា​វើ​ល។

ក្បួន​ធម្ម​យាត្រា​ដឹកនាំ​ដោយ​ព្រះសង្ឃ​មកពី​តាម​បណ្តា​ខេត្ត​ក្រុង​ដែលជា​សមាជិក​របស់​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម និង​ប្រជាពលរដ្ឋ រួមទាំង​សិស្ស និស្សិត បាន​ដង្ហែរ​ក្បួន​ចេញពី​មុខ​វត្ត​ឧណាឡោម នៅ​ម៉ោង៨,៣០ ព្រឹក ឆ្ពោះទៅកាន់​មុខ​ព្រះបរមរាជវាំង ទី​ដែល​អ្នក​តវ៉ា​ត្រូវដាក់​ញ្ញ​តិ​ថ្វាយ​ព្រះមហាក្សត្រ។

ទោះ​ជាមាន​ប៉ូលីស​ប្រឆាំង​បាតុកម្ម​ក្រាស់ក្រែល​ក៏ដោយ តែ​មិនមាន​ការប៉ះទង្គិច​គ្នា​ណាមួយ​កើតឡើង​នោះទេ។បន្ទាប់មក​ក្រុមព្រះ​សង្ឃ​និង​អ្នកចូលរួម​ឯទៀត​បាន​ដង្ហែរ​ញត្តិ​ទៅកាន់​រដ្ឋសភា​ដោយ​យក​ញត្តិ​ទៅ​ប្រគល់ជូន​លោក​យ៉ែម បុញ្ញ​ឬិ​ទ្ធិ ប្រធាន​គណកម្មការ​ទី៧រដ្ឋសភា។

នៅក្នុង​ញត្តិ​ដែល​បាន​ថ្វាយ​ព្រះមហាក្សត្រ ក៏ដូចជា​ជូនទៅ​រដ្ឋសភាជាតិ​ដែរ​ដោយ​ក្នុងនោះ​មាន ៥ចំណុច ក្រុមអ្នកតវ៉ា​ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ​បានសរសេរថា ការបំផ្លាញ​និង​រុះរើ​របង​និង​ខ្លោងទ្វារ​ពុទ្ធ​សាសន​បណ្ឌិត ហើយ​និង​ការជួល​ដី​ទំហំ៣០ម៉ែត្រ​និង១០០ម៉ែត្រ​ទៅ​ឲ្យ​រដ្ឋ​និង​ឯកជន​ជា​ទង្វើ​ខុសច្បាប់ ព្រោះ​ដី​ពុទ្ធ​សាសន​បណ្ឌិត​ទាំងស្រុង ជា​ទ្រព្យសម្បត្តិ​របស់​ព្រះពុទ្ធសាសនា ដែល​មិន​អាចមាន​បុគ្គល​ណា ក្រុមហ៊ុន​ឯកជន​ណា​ឬ​រដ្ឋ​យកទៅ​ប្រើប្រាស់​ជា​កម្មសិទ្ធិឯកជន​បានឡើយ។

មិនមាន​អត្ថាធិប្បាយ​ពី​មន្ត្រី​ព្រះ​មរ​ម​រាជវាំង​យ៉ាងណា​នៅឡើយ​ទេ ក៏ប៉ុន្តែ​លោក​យ៉ែម បុញ្ញ​រិ​ទ្ធិប្រធាន​គណៈកម្មការ​ទី៧នៃ​រដ្ឋសភា​បាន​ថ្លែងថា បន្ទាប់ពី​បានទទួល​ញត្តិ​កាលពី​ព្រឹក​មិញ គណៈកម្មការ​របស់លោក​នឹង​កោះហៅ​លោក​មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ​និង​សាសនា​ទៅ​ឆ្លើយបំភ្លឺ​នៅ​ចំពោះមុខ​គណៈកម្មការ​ទី៧នៅ​ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ ខាងមុខ។

សូមបញ្ជាក់ថា​ពុទ្ធ​សាសន​បណ្ឌិត​បច្ចុប្បន្ន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​ធម្មការ​និង​សាសនា ត្រូវបាន​កសាងឡើង​នៅ​ឆ្នាំ១៩៣០ ដោយ​ស្តេច​ស៊ីសុវត្ថិ មុនី​វង្ស។ឆ្លងកាត់​ជាច្រើន​សម័យ ពុទ្ធ​សាសន​បណ្ឌិត​ត្រូវបាន​ថែរក្សា​គង់វង្ស​មិនមាន​ការខូចខាត​បាត់​បង់​អ្វី​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ