អានតួអត្ថបទ
រុស្ស៊ី-កម្ពុជា

ម៉ូស្គូ​អើពើ​នឹង​លិខិតចំហ​របស់​ពលរដ្ឋ​រុស្ស៊ី​ដែល​នៅ​ជាប់​ក្នុង​គុកខ្មែរ

ក្រសួង​ការបរទេស​រុស្ស៊ី ជា​ប្រតិកម្ម​នឹង​លិខិត​ចំហ​របស់​សេដ្ឋី​ជាតិរុស្ស៊ី ឈ្មោះ Polonski ដែល​នៅ​ជាប់​ឃុំឃាំង​អស់​ជិត១ខែ​ហើយ​ក្នុង​ពន្ធនាគារ​ក្រុង​ព្រះសីហនុ ថ្ងៃទី២៨ មករា​បាន​ប្រកាស​ថា គ្រូពេទ្យ​ស្ថានទូត​រុស្ស៊ី​នៅ​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ នឹង​ទៅ​ពិនិត្យមើល​សុខភាព​គាត់​តែ​ម្តង។

លោក Polnski នៅក្នុងបន្ទប់ឃុំឃាំងក្រុងព្រះសីហនុ ផ្តល់បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍រដ្ឋរុស្ស៊ី ប៉ុស្ត "Russie-1"
លោក Polnski នៅក្នុងបន្ទប់ឃុំឃាំងក្រុងព្រះសីហនុ ផ្តល់បទសម្ភាសន៍​ឲ្យ​ទូរទស្សន៍រដ្ឋរុស្ស៊ី ប៉ុស្ត "Russie-1" Télévision canal "Russie-1"
ផ្សាយពាណិជ្ជកម្ម

ក្នុង​លិខិត​ចំហ​នោះ​ដែល​បង្ហើរ​តាម​បណ្តាញ​សង្គម ថ្ងៃទី២៧ មករា ផ្ញើ​ជូន​លោក​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី Serguei Lavrov សេដ្ឋី​ជាតិរុស្ស៊ី​ឈ្មោះ Polonski ដែល​នៅ​ជាប់​ឃុំឃាំង​អស់​ជិត១ខែ​ហើយ ក្នុង​ពន្ធនាគារ​ក្រុង​ព្រះសីហនុ​ចោទ​ពួក​អ្នក​ការទូត​រុស្ស៊ី​ថា មិន​ព្រម​ជួយ​ដោះលែង​រូប​គាត់ និង​គ្នីគ្នា​គាត់​ជាតិរុស្ស៊ី​២នាក់​ទៀត​ឲ្យ​មាន​សេរីភាព។ ជនអភ័ព្វ​នោះ​ត្អូញត្អែរ​ថា ដោយ​ជាប់​ក្នុង​ការ​ឃុំឃាំង​តាំង​ពី​ថ្ងៃ៣១ ធ្នូ​មក សុខភាព​គាត់​ស្រុត​ចុះ​អាក្រក់ មែនទែន។ តាម​រយៈ​លិខិត​នោះ គាត់​សុំ​ក្រសួង​ការបរទេស​រុស្ស៊ី​ឲ្យ​ជួយ​វែកញែក​បំភ្លឺ​បាន​ឆាប់​ឡើង អំពី​ស្ថានការណ៍​ដែល​កើត​ឡើង​ជុំវិញ​សំណុំរឿង​គាត់ និង​គ្នីគ្នា​គាត់​២នាក់​ទៀត។

ក្រសួង​ការបរទេស​រុស្ស៊ី ពី​ចំណែកខ្លួន​ជូន​ជា​ដំណឹង​ថា ពលរដ្ឋ​រុស្ស៊ី​រូប​ណា​ក៏​ដោយ ក្នុង​ករណី​ចាំបាច់​សុទ្ធ​តែ​មាន​លទ្ធភាព​ទទួល​ជំនួយ​ពេទ្យ​ប្រកប​ដោយ​គុណភាព។ ស្ថានទូត​រុស្ស៊ី​នៅ​កម្ពុជា​បន្ត​ផ្តល់​ការ​ជួយ​ជ្រោមជ្រែង តាម​ផ្លូវ​កុងស៊ុល​ដល់​ពលរដ្ឋ​រុស្ស៊ី​៣នាក់​នោះ​ដែល​កំពុង​ជាប់​ក្នុង​ការ​ឃុំឃាំង​នៅ​កម្ពុជា។ គួរ​រំលឹក​ថា ជាតិរុស្ស៊ី​៣នាក់​នោះ​ជាប់​ចោទ តាម​បទ​ប្រើ​អំពើហិង្សា​ទៅ​លើ​ពួក​អ្នកដើរ​កប៉ាល់ជាតិ​ខ្មែរ​៦នាក់។ ស្ថានទូត​រុស្ស៊ី​នៅ​កម្ពុជា​តែង​ទ្រទ្រង់​ទំនាក់ទំនង​ជាប់​ជានិច្ច ជាមួយ​អាជ្ញាធរ​កម្ពុជា​សម្រាប់​ធានា​ឲ្យ​មាន​ការ​ពិនិត្យមើល​បាន​ត្រឹមត្រូវ​ជា​សត្យានុម័ត​ទៅ​លើ​សំណុំរឿង​នោះ និង​ឲ្យ​មាន​ការ​គោរព​ចំពោះ​សិទ្ធិ​ស្របច្បាប់​របស់​ពលរដ្ឋ​រុស្ស៊ី។

ក្រសួង​ការបរទេស​រុស្ស៊ី​បញ្ចប់​សេចក្តី​ថា ការ​ទិតៀន និង​ការ​ចោទ​ប្រកាន់​មក​លើ​រដ្ឋអំណាច​រុស្ស៊ី​ដែល​មាន​លើក​ឡើង​ក្នុង​លិខិត​ចំហ​នោះ ហើយ​ដែល​ត្រូវ​លើក​យក​ទៅ​ផ្សព្វផ្សាយ​ដោយ​មធ្យោបាយ​ឃោសនាមហាជន​នៅ​រុស្ស៊ី គឺ​គ្មាន​អ្វី​ជា​សំអាង​ឡើយ។

គួរ​និយាយ​ថា ក្នុង​លិខិត​ចំហ​នោះ ពាណិជ្ជករ​រុស្ស៊ី Polonski អះអាង​ថា មាន​អ្នក​ខ្លះ​នៅ​ម៉ូស្គូ​បាន​បង់លុយ​ច្រើន​សម្បើម​ទៅ​ឲ្យ​ភាគី​កម្ពុជា ដើម្បី​ខ្ទប់​រូបគាត់​ឲ្យ​ជាប់​នៅ​ក្នុង​គុក​ខ្មែរ​សម្រាប់​រយៈពេល ៣ឆ្នាំ ទាំង​បន្ទាប់​មក អាច​ពន្យារ​ពេល​ជាប់​នេះ ត​ទៅ​ទៀត​ផង ក្នុង​គោលដៅ​បិទផ្លូវ​គាត់​ឲ្យ​លែង​មាន​លទ្ធភាព​គ្រប់គ្រង​លើ Business របស់​គាត់​នៅ​រុស្ស៊ី និង​នៅ​តាម​ប្រទេស​ឯទៀត មាន​នៅ​កម្ពុជា​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ