អានតួអត្ថបទ
រុស្ស៊ី-កម្ពុជា

ពាណិជ្ជករ​រុស្ស៊ី​ ឈ្មោះ​ Serguei​ Polonski​ នៅ​បន្ត​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ខ្មែរ​

រឿង​នេះ​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​រុស្ស៊ី លើក​យក​មក​និយាយ​ជា​រឿយៗ អស់​ជាង​២​សប្តាហ៏​ហើយ តាំង​ពី​ថ្ងៃ​ទី​៣១ ធ្នូ​មក គឺ​តាំងពី​ពេល​ដែល​រូប​គាត់​ និង​ជាតិ​រុស្ស៊ី ២​នាក់​ទៀត​ជា​គ្នី​គ្នា​គាត់ ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​ចាប់​ខ្លួន​ តាម​បទ​ប្រើ​អំពើ​ហិង្សា​លើ​នាវិក​ខ្មែរ ៦​នាក់។ ជាតិ​រុស្ស៊ី​ទាំង​៣​នាក់​នោះ នៅ​ជាប់​គឺ​ក្នុង​បន្ទប់​ឃុំ​ឃាំង នៃ​ពន្ធនាគារ​ក្រុង​ព្រះសីហនុ។

ពាណិជ្ជករ​រុស្ស៊ី​ ឈ្មោះ​ Serguei Polonski អាយុ​ ៤០​ឆ្នាំ
ពាណិជ្ជករ​រុស្ស៊ី​ ឈ្មោះ​ Serguei Polonski អាយុ​ ៤០​ឆ្នាំ
ផ្សាយពាណិជ្ជកម្ម

តាម​អ្នក​ឆ្លើយ​ឆ្លង​នៃ​កាសែត​ក្រុង​ម៉ូស្គូ Kommersant ដែល​ថ្ងៃ​១៧ មករា ម្សិលមិញ បាន​វត្តមាន​ក្នុង​អង្គ​សវនាកា​នៃ​តុលាការ​ក្រុង​ព្រះសីហនុ យោង​ទៅ​លើ​ការ​ពន្យល់​បំភ្លឺ នៃ​ចៅក្រម តុលាការ​នេះ​គឹ​ថា ស្រប​នឹង​ច្បាប់​កម្ពុជា ដរាប​ណា​ដែល​ការ​ស៊ើប​អង្កេត​ ដោយ​តុលាការ​ជុំវិញ​សំណុំ​រឿង មិន​ទាន់​ចប់​សព្វ​គ្រប់​ទេ ទោះបី​ជន​ជាប់​ចោទ​ ដាក់​ប្រាក់​ធានា​ក្តី ក៏​ពួកគេ​មិន​អាច​ត្រូវ​ដោះ​លែង ឲ្យ​មាន​សេរីភាព​ឡើយ។ សម្រាប់​តុលាការ​ក្រុង​ព្រះ​សីហនុ គឺ​ចាំ​បាច់​ត្រូវ​តែ​ពិនិត្យ​មើល តើ​ស្រប​ច្បាប់​រឺ​ទេ ការ​ព្រមព្រៀង​គ្នា រវាង​ភាគី​ដើម​ចោទ ដែល​សុខចិត្ត​ដក​ពាក្យ​បណ្តឹង​ទៅ​វិញ ជា​ថ្នូរ​នឹង​ប្រាក់​សង​ជម្ងឺ​ចិត្ត ពី​ខាង​ភាគី​ ដែល​ជាប់​ចោទ។

តាម​ការ​ផ្សាយ​ឲ្យ​ដឹង នៃ​មធ្យោបាយ​ឃោសនា​មហាជន​ នៅ​ម៉ូស្គូ សំណុំរឿង​ដែល​មាន គឺ​បណ្តាល​មក​ពី​ឧប្បត្តិហេតុ ដែល​កើត​ឡើង​ថ្ងៃ​៣១ ធ្នូ នៅ​លើ​កាណូត​កំសាន្ត ដែល​បើក​ចេញ​ពី​កោះ​មួយ ទៅ​កាន់​ឆ្នេរ​ក្រុង​ព្រះសីហនុ។ ពេល​ជិះ​នោះ ជាតិ​រុស្ស៊ី​ទាំង​បី​នាក់ បាន​បាញ់​កាំ​ជ្រួច ដើម្បី​អបអរ​ការ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សាកល ២០១៣ ហើយ​តប​នឹង​ការ​រិះគន់​ពី​ខាង​ក្រុម​អ្នក​បើកបរ​ជាតិ​ខ្មែរ ដែល​មាន​គ្នា​៦​នាក់ ថៅកែ​រុស្ស៊ី​ឈ្មោះ​ Serguei Polonski បាន​ប្រើ​កាំបិត​កំញើញ ហើយ​ថែម​ទាំង​បង្ខំ​នាវិក​ខ្មែរ​ទាំង​នោះ ឲ្យ​ចូល​ទៅ​ក្នុង​បន្ទប់​លើ​កាណូត រួច​ចាក់​សោ​គេ ហើយ​បន្ទាប់​មក​ បញ្ជា​ឲ្យ​គេ​ទាំង​នោះ​ លោត​ទៅ​ក្នុង​ទឹក​សមុទ្រ​ទៅ​ផង។

លុះ​ក្រោយ​ពី​មាន​អន្តរាគមន៍​ពី​ខាង​យោធា​ខ្មែរ ជាតិ​រុស្ស៊ី​ទាំង​បី​នាក់ ក៏​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ពេល​ចាប់​នោះ ពួក​គេ​ថែម​ទាំង​គ្មាន​ក្រដាស​ស្នាម​អ្វី​ណា សម្គាល់​ខ្លួន​ឡើយ។

តាម​ដែល​ទូរទស្សន៍​រដ្ឋ​រុស្ស៊ី ផ្សាយ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន ប្រាក់​សង​ជម្ងឺ​ចិត្ត​នោះ គឺ​ក្នុង​ទំហំ ២០.០០០ដុល្លារ​អាមេរិក សម្រាប់​នាវិក​ខ្មែរ​ទាំង​៦​នាក់។ ប៉ុន្តែ​តាម​កាសែត​រុស្ស៊ី​ Kommersant លេខ​ថ្ងៃ​នេះ សម្រាប់​នាវិក​ខ្មែរ​ម្នាក់ៗ​ ដែល​រង​គ្រោះ​នោះ គឺ​តែ​ ១.០០០​ដុល្លារ​ប៉ុណ្ណោះ។

យោង​ទៅ​លើ​សំដី លោក​តាន់​ សារេត អនុរក្ស​ពន្ធនាគារ​ក្រុង​ព្រះសីហនុ ទី​ភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី RIA Novosty ផ្សាយ​ថា ជាតិ​រុស្ស៊ី​បី​នាក់​នោះ ជាប់​ក្នុង​បន្ទប់​ដែល​មាន​ផ្ទៃ​ក្រឡា​ ៩​ម៉ែត្រ​ការ៉េ​ គឺ​៣​ម៉ែត្រ​ គុណ​នឹង​៣ម៉ែត្រ ដោយ​រួម​ជាមួយ​ជាតិ​ខ្មែរ​ ២​នាក់​ទៀត ហើយ​ពី​ក្នុង​នោះ​ម្នាក់​ ជាប់​តាម​បទ​ជួញ​គ្រឿង​ញៀន ដែល​បាន​ទទួល​សេចក្តី​អនុញ្ញាត ឲ្យ​សាច់​ញាតិ​ខ្លួន យក​ទូរទស្សន៍​មួយ​គ្រឿង ទៅ​ដាក់​ក្នុង​បន្ទប់​ឃុំ​ឃាំង​នោះ ដើម្បី​កែ​អផ្សុក​ទៅ​ផង។

ប៉ុន្មាន​ថ្ងៃ​មុន ពាណិជ្ជករ​រុស្ស៊ី​ ឈ្មោះ​ Serguei Polonski អាយុ​ ៤០​ឆ្នាំ ថែម​ទាំង​បាន​ដាក់​ពាក្យ​ថ្វាយ​ព្រះមហាក្សត្រ​ខ្មែរ សុំ​ចូល​សញ្ជាតិ​ជា​ពលរដ្ឋ​ នៃ​រាជាណាចក្រ​កម្ពុជា​ទៅ​ផង ក្រោម​លេស​ថា ដើម្បី​ពង្រីក Business របស់​គាត់​នៅកម្ពុជា ដូចជា​សង់​សណ្ឋាគារ​ផ្កាយ​៧​ជា​ដើម។ ខុទ្ទកាល័យ​រាជវាំង បាន​បញ្ជាក់​ថា មាន​ទទួល​ពាក្យ​សុំ​ចូល​សញ្ជាតិ​បែបនេះ​មែន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ