អានតួអត្ថបទ
កម្ពុជា

ក្រសួង​បរិស្ថាន​រៀប​ចំ​វេទិកា​ជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​

ក្រសួង​បរិស្ថាន​នឹង​រៀបចំ​វេទិការ​ថ្នាក់ជាតិ​លើក​ទី​៣ ស្តីពី​ការ​ប្រែប្រួល​អាកាសធាតុ​ រយៈ​ពេល​៣​ថ្ងៃ​ចាប់​ពី​ថ្ងៃទី​៥ដល់​ថ្ងៃទី​៧​វិច្ឆិកា។ ជា​វេទិកា​ដែល​ត្រូវ​រៀបចំ​រៀងរាល់​២​ឆ្នាំ​ម្តង។ វេទិកាស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​ឆ្នាំ​នេះ​នឹង​ត្រូវ​ប្រព្រឹត្តិទៅ​ក្រោម​ប្រធាន​បទ «ធ្វើសកម្មភាពឆ្ពោះទៅរកការ​អភិវឌ្ឍ​ដោយ​ចីរភាព​ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ»។ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់​បាន​ថ្លែង​អោយដឹងថា ក្នុង​រយៈពេល​២​ឆ្នាំ​ចុងក្រោយ​នេះ ទឹក​ប្រាក់​ប្រមាណ​២៥០​លាន​ដុល្លារ ត្រូវបាន​ប្រើប្រាស់​ដើម្បី​អនុវត្តគម្រោង​ទប់ទល់​ការ​ប្រែប្រួល​អាកាសធាតុ។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​សាយ សំអាល់​។
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​សាយ សំអាល់​។ @RFI
ផ្សាយពាណិជ្ជកម្ម

វេទិកា​ថ្នាក់​ជាតិ​លើក​ទី​៣​ស្តី​អំពី ការ​ប្រែប្រួល​អាកាសធាតុ​នឹង​ត្រូវ​រៀបចំ​ធ្វើ​ពី​ថ្ងៃ​ទី​៥​ដល់​ថ្ងៃទី​៧​វិច្ឆិកា​នេះ​ក្រោម​ប្រធាន​បទ «ធ្វើសកម្មភាពឆ្ពោះទៅរកការ​អភិវឌ្ឍ​ដោយ​ចីរភាព​ក្នុងបរិបទនៃការប្រែប្រួល​អាកាសធាតុ»។ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​នឹង​ត្រូវ​ចូលរួម​បើក​វេទិកា​​ដែល​នឹង​ត្រូវ​​រៀបចំធ្វើ​នៅ​វិមាន​សន្តិភាព។

 
រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក​សាយ សំអាល់​បាន​ថ្លែង​ប្រាប់អ្នកសារព័ត៌មានថា នៅក្នុងវេទិកាជាតិ​ស្តីពីការប្រែប្រួលអាកាសធាតុនេះ រដ្ឋាភិបាល​នឹង​ប្រកាសដាក់ឱ្យ​ប្រើប្រាស់ផែនការ​យុទ្ធសាស្រ្ត​ឆ្លើយតប​នឹងការប្រែ​ប្រួល​អាកាសធាតុកម្ពុជា ដែលនឹងក្លាយជា​ឯកសារផែនការយោងពិស្តារមួយ សម្រាប់វិធានការរបស់​កម្ពុជា​ទៅថ្ងៃ​អនាគតដើម្បីឆ្លើយតប​នឹងការប្រែប្រួលអាកាសធាតុ។ ជា​ផែនការ​ដែលលោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ជឿជាក់ថា វា​នឹង​អាច​ទប់ទល់​នឹង​ផលវិបាក​ទាំងឡាយ​ដែល​កើត​ចេញ​ពី​ការ​ប្រែប្រួល​អាកាសធាតុ។

ទឹកជំនន់ គ្រោះរាំងស្ងួត និងខ្យល់ព្យុះ ត្រូវបានចាត់ទុក​ថា​ជា​ផល​វិបាក​នៃ​ការ​ប្រែប្រួល​អាកាសធាតុ ដែល​នឹង​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍន៍​របស់​ប្រទេស​នៅ​ក្នុង​ពិភពលោក ពិសេស​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​កម្ពុជា។

ចំពោះ​លោក​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន កម្ពុជា​ងាយ​រងគ្រោះ​ពី​ផល​ប៉ះពាល់នឹង​ការ​ប្រែប្រួល​អាកាសធាតុ​ ក៏​ដោយសារតែ សេដ្ឋកិច្ច​របស់ប្រទេស​នេះ​ពឹង​ផ្អែកលើ​កសិកម្ម ដោយសារ​ភាព​ទន់​ខ្សោយ​នៃ​ហេដ្ឋា​រចនា​សម្ព័ន្ធនានា ទាំងធនធាន​មនុស្ស និង​ហិរញ្ញវត្ថុ និង​ខ្វះ​បចេ្ចកទេស​សមស្រប​សម្រាប់​ដោះស្រាយបញ្ហា​ប្រែប្រួល​អាកាសធាតុ​។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជា​អ្នក​កាសែត នៅ​មុន​ការ​មក​ដល់​នៃ​វេទិកា​ជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នេះ លោករដ្ឋមន្ត្រី ​សាយ សំអាល់ ដែល​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិគ្រប់គ្រង​ការ​ប្រែប្រួល​អាកាសធាតុ​ បាន​រៀបរាប់​អំពី​វិធានការ​ជាច្រើន​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការងារ​ទប់ទល់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ​នេះ ជា​ពិសេស​វិធានការ​នៃ​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់។ បើ​តាម​លោក​រដ្ឋមន្ត្រី​ដដែល ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុងក្រោយ​នេះ ថវិកា​ប្រមាណ​២៥០​លាន​ដុល្លារ ត្រូវបានកៀងគរ​សម្រាប់​គាំទ្រ​គម្រោង​​មួយ​ចំនួន​ដូចជា សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា កម្មវិធីយុទ្ធសាស្ត្រ​សម្រាប់​ភាព​ធន់ទ្រាំ​នឹង​អាកាសធាតុជា​ដើម៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ