អានតួអត្ថបទ
កម្ពុជា

មន្ត្រី​កម្ពុជា​កំពុង​សាកសួរ​ជនជាតិ​ម៉ុងតាញ៉ា​ទាំង​១៣​នាក់

ជន​ភៀស​ខ្លួន​ម៉ុង​តា​ញ៉ា​ទាំង​១៣​នាក់​ដែល​កំពុង​ស្នាក់​នៅ​កម្ពុជា នៅ​ពេល​នេះ​ត្រូវ​បាន​នាយកដ្ឋាន​ជំនាញ​ជន​ភៀស​ខ្លួន​នៃ​ក្រសួង​មហា​ផ្ទៃ​កំពុង​បន្ត​ការ​សាកសួរ​បន្ទាប់​ពី​ពួកគេ​មកដល់​ទីក្រុង​ភ្នំពេញ។ ការ​សាកសួរ​នេះ​គឺ​ដើម្បី​ឈាន​ទៅ​ដល់​ការ​វាយ​តម្លៃ​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន​ស្រប​ច្បាប់​ពី​រដ្ឋាភិបាល​កម្ពុជា។

ប្រជាជនភាគតិចម៉ុងតាញ៉ា​ចំនួន ១៣ ​នាក់ ​ដែល​កំពុង​តែ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ប្រទេស​កម្ពុជា​។
ប្រជាជនភាគតិចម៉ុងតាញ៉ា​ចំនួន ១៣ ​នាក់ ​ដែល​កំពុង​តែ​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ប្រទេស​កម្ពុជា​។ @ទំព័រហ្វេសប៊ុកមន្ត្រីអង្គការអាដហុក លោក ឆាយ ទី
ផ្សាយពាណិជ្ជកម្ម

ប្រធាន​នាយកដ្ឋាន​ជនភៀសខ្លួន​ក្រសួង​មហា​ផ្ទែ បាន​ឱ្យ​ដឹង​ថា​មន្ត្រី​ជំនាញ​បាន​ចាប់​ផ្តើម​សាកសួរ និង​ស្រាវ​ជ្រាវ​សាវដា​នៃ​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​ទាំង​១៣​ជា​ជំហ៊ាន​បឋម​ហើយ។ ជា​ការ​ស្រាវជ្រាវ​ដើម្បី​វាយ​តម្លៃ​លើ​លក្ខខ័ន្តិកៈ​នៃ​ការ​ទទួល​បាន​សិទ្ធជន​ភៀសខ្លួន​ពី​កម្ពុជា​ស្រប​ច្បាប់ ហើយ​ការ​សាកសួរ​នេះ​គឺ​ធ្វើ​ឡើង​ជា​ក្រុម​តែ​ម្តង។ លោក​បន្តថា នៅ​ពេល​នេះ​អាជ្ញាធរ​មិន​អាច​កំណត់​លំអិត និង​វាយ​តម្លៃ​ជនភៀសខ្លួន​ពី​វៀតណាម​ទាំង​នេះ​ព្រោះ​ថា​រដ្ឋាភិបាល​កម្ពុជា​យ៉ាង​ហោច​ណាស់​ត្រូវ​ការ​ពេល​វេលា​ប្រមាណ​៩០​ថ្ងៃ​ក្រោយ​ការ​ទទួល​បាន​ពាក្យ​សុំ​សិទ្ធជន​ភៀសខ្លួន ទើប​អាច​ផ្តល់​ចម្លើយ​បាន។ ហើយ​និតិ​វិធី​នេះ គឺ​ធ្វើ​ឡើង​តាម​អនុ​ក្រិត្យ ២២៤ របស់​រដ្ឋាភិបាល ស្តីពី​នីតិវិធី ក្នុង​ការ​ពិនិត្យ និង​ទទួល​ស្គាល់​ឋានៈ​ជន​ភៀស​ខ្លួន​ឬ​សិទ្ធិ​ជ្រកកោន​ដល់​ជនបរទេស​នៅ​ក្នុង ព្រះ​រាជា​ណាចក្រ​កម្ពុជា។ នេះ​បើតាម​លោក កែម សារិទ្ធ​ដដែល។

 

សូម​រំលឹកថា កាលពី​ចុង​សប្តាហ៍​មុន ជនជាតិ​ភ្នំ​ម៉ុង​តា​ញ៉ា​ក្នុង​ទឹកដី​វៀតណាម​ចំនួន​១៣​នាក់​ដែល​រួមមាន​ស្ត្រី​ម្នាក់​ផង បាន​មក​ជួប​ជាមួយ​មន្ត្រី​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធមនុស្ស​ដើម្បី​សុំ​សិទ្ធ​ជ្រកកោណ​ស្រប​ច្បាប់​បន្ទាប់​ពី​ពួន​សំងំ​លាក់ខ្លួន​ក្នុងព្រៃ​ខេត្ត​រតនៈគីរី​របស់​កម្ពុជា​ដើម្បី​គេច​វេស​ពី​ការធ្វើ​ទុក​បុក្ខម្នេញ​ផ្នែក​សាសនា​ពី​រដ្ឋាភិបាល​វៀតណាម។ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ លោក ខៀវ សុភ័គ​បាន​បញ្ជាក់​ថា ជន​ជាតិ​ភ្នំ​ម៉ុង​តា​ញ៉ា​នៅ​ប្រទេស​វៀតណាម​ចំនួន​១៣​នាក់​បច្ចុប្បន្ន​កំពុង​ស្នាក់​ទី​តាំង​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ដើម្បី​បន្ត​និតិ​វិធី​ផ្លូវច្បាប់​ជាមួយ​មន្ត្រី​ជំនាញ។

នៅ​ឆ្នាំ​១៩៥១ កម្ពុជា​បានក្លាយ​ជា​ភាគី​ហត្ថលេខី​នៃ​អនុសញ្ញា​ស្តីពី​ជនភៀសខ្លួន និង​ពិធីសារ​ឆ្នាំ​១៩៦៧ ស្តីពី​ឋានៈ​ជនភៀសខ្លួន ហើយ​កម្ពុ​ជាមាន​អនុ​ក្រិត្យ២២៤ ដែល​តម្រូវឱ្យ​កម្ពុជា​មិនអាច​បណ្តេញ​ចេញពី​ជនភៀសខ្លួន​ណា​ដែល​ទទួល​ទុក​បុក្ខម្នេញ​ខាង​ផ្លូវ​នយោបាយ ឬ​ដោយសារ​ជាប់​និន្នាការ​ក្រុម​ប្រឆាំង​ពី​ប្រទេស​ដែល​ខ្លួន​រស់នៅ​ដើម​នោះទេ។ ដូចនេះ​កម្ពុជា​ត្រូវ​ផ្តល់​ការ​ស្នាក់​អាស្រ័យ​បណ្តោះអាសន្ន​ដល់​ជន​ទាំង​ឡាយ​ណា​ដែល​បាន​ដាក់​ពាក្យ​សុំ​សិទ្ធ​ជ្រក​កោណ ឬ​សុំសិទ្ធ​ជា​ជន​ភៀស​ខ្លួន​ស្រប​ច្បាប់​។

ប្រធាន​នាយកដ្ឋាន​ជនអន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​លោក កែម សារិទ្ធ បាន​បញ្ជាក់​ថា កម្ពុជា​នឹង​សម្រេច​ផ្តល់​ឋានៈ​ជា​ជនភៀសខ្លួន​ដល់​ជនជាតិ​ម៉ុង​តា​ញ៉ា​ទាំងនោះ​ប្រសិនបើ​ពួកគេ​អាច​ផ្តល់ព័ត៌មាន​តាម​លក្ខ​ខ័ណ្ឌ​កំណត់​ដែល​មានចែង​ក្នុង​ច្បាប់​របស់​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ