អានតួអត្ថបទ
កម្ពុជា

ចូល​ឆ្នាំ​ខ្មែរ​៖​ពលរដ្ឋ​សម្រុក​​ទៅ​លេង​ខេត្ត​​សៀមរាប​​ច្រើន​​ជាង​ខេត្ត​​ទេសចរណ៍​ផ្សេង​ៗ​

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ រយៈ​ពេល ៤​ថ្ងៃ នៅ​ឆ្នាំ ២០១៦​នេះ ប្រជាពលរដ្ឋ​កម្ពុជា បាន​សម្រុក​ទៅ​ទស្សនា​កម្សាន្ត នៅ​ក្នុង​ខេត្ត​សៀមរាប​ ច្រើន​ជាង​នៅ​តាម​បណ្តា​ខេត្ត​ទេសចរណ៍​ដទៃ​ទៀត​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន​។ យ៉ាង​ណា​ក៏​ដោយ ខេត្ត​ព្រះសីហនុ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង​ក្រចេះ ដែល​ស្ថិត​នៅ​ភាគ​ឦសាន​នៃ​ប្រទេស ក៏​ជា​គោលដៅ​ទេសចរណ៍​របស់​ពលរដ្ឋ​កម្ពុជា នា​ឱកាស​នេះ​ផងដែរ​។

រូបសត្វស្វា តំណាងឆ្នាំវក នៅមុខខ្លោងទ្វារអង្គរសង្ក្រាន្ត ខេត្ត​សៀមរាប។
រូបសត្វស្វា តំណាងឆ្នាំវក នៅមុខខ្លោងទ្វារអង្គរសង្ក្រាន្ត ខេត្ត​សៀមរាប។ @Agnkor Sankrata Page
ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​អូស​ទាញ​ពលរដ្ឋ​ខ្មែរ​ក្នុង​ស្រុក​ជា​ច្រើន​នាក់​ ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្តសៀមរាប​។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក​ហូ វណ្ឌី ​ សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន​។ ទោះ​បី​ជា​ពេល​នេះ គេ​មិន​ទាន់​អាច​បង្ហាញ​តួលេខ​នៃ​ចំនួន​អ្នក​ទេសចរ ទៅ​កាន់​តំបន់​ប្រវត្តិសាស្ត្រ​ទេសចរណ៍​មួយ​នេះ​ក៏​ដោយ ប៉ុន្តែ​តាម​ការ​សង្កេត​លោក​ហូ វណ្ឌី ទទួល​ស្គាល់​ថា ពិត​ជា​មាន​ពលរដ្ឋជា​ច្រើន ជា​ពិសេស​គឺ​ប្រជាជន​ក្នុង​រាជធានីភ្នំពេញ បាន​សម្រុក​ចេញ​ទៅ​កាន់​ខេត្ត​សៀមរាប​ជា​បន្ត​បន្ទាប់ ដើម្បី​រីករាយ​ជាមួយ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​ អបអរ​ឆ្នាំថ្មី ប្រពៃណី​ជាតិ​ខ្មែរ​។

ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ នា​ពេល​កន្លង​មក​ ​អភិបាល​ខេត្ត​សៀមរាប លោក​ឃឹម ប៊ុនសុង បាន​បង្ហាញ​ក្តី​រំពឹង​ថា ខេត្ត​សៀមរាប នឹង​ទទួល​បាន​អ្នក​ទេសចរ ប្រមាណ​ជាង ១​លាន​នាក់ ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ នា​រយៈពេល ៤​ថ្ងៃ​នេះ​។ លោក​អភិបាល​ខេត្ត​ បញ្ជាក់​ថា អ្នក​ទេសចរ ដែល​ទៅ​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ភាគ​ច្រើន​ជា​ពលរដ្ឋ​ខ្មែរ ដែល​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ ហើយ​ភ្ញៀវ​ទេសចរ​បរទេស គឺ​មាន​ចំនួន​ត្រឹម​តែ​តិចតួច​ប៉ុណ្ណោះ ដោយ​សារ​ឱកាស​នេះ គឺ​ជា​ពេល​វេលា​​ឈប់​សម្រាក​របស់​ពលរដ្ឋ​ខ្មែរ​ប្រចាំ​ឆ្នាំ​។

យ៉ាង​ណា​ក៏​ដោយ លោក​ហូ វណ្ឌី បាន​បន្ថែម​ថា ក្រៅ​ពី​ខេត្ត​សៀមរាប ពលរដ្ឋ​ខ្មែរ បាន​ចាប់​អារម្មណ៍​ចំណាយ​ពេល​សម្រាក​លំហែ​កាយ​ នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្ត​នៅ​តំបន់​ភូមិ​ភាគ​ឦសាន រួម​មាន​មណ្ឌល​គិរី រតន​គិរី ស្ទឹង​ត្រែង និង​ខេត្ត​ក្រចេះ​។ ហើយ​ជា​ពិសេស អ្នក​ដែល​រស់នៅ​រាជធានី​ភ្នំពេញ​ភាគ​ច្រើន បាន​ចាក​ចេញ​ពី​ទីក្រុង​ក្នុង​ពេល​នេះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រាជធានី​ស្ងប់ស្ងាត់​ជាង​ថ្ងៃ​ធម្មតា​។

លើស​ពី​ដំណើរ​កម្សាន្ត​ក្នុងស្រុក សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន​រូប​នេះ បាន​ឲ្យ​ដឹង​ថា ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ទៀត បាន​ចេញ​ដំណើរ​ទៅ​ក្រៅ​ប្រទេស ដើម្បី​បំពេញ​ដំណើរ​កម្សាន្ត​ផង​ដែរ​។ ពួកគេ បាន​ទិញ​កញ្ចប់​ដំណើរ​ពេញ​មួយ​សប្តាហ៍ ដោយ​សារ​ពិធី​បុណ្យ​ចូល​ឆ្នាំ​នៅ​ឆ្នាំ​នេះ ភ្ជាប់​គ្នាជាមួយ​នឹង​ថ្ងៃ​ចុង​សប្តាហ៍​។

តាម​លោក​ហូ វណ្ឌី ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ជាតិ​ធំ​ៗ រួម​មាន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ បុណ្យ​ភ្ជុំ​បិណ្ឌ និង​បុណ្យ​អ៊ុំ​ទូក​ជា​ដើម ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ក្នុង​ស្រុក មាន​ប្រមាណពី ៨​លាន​ទៅ ១០​លាន​នាក់ ខណៈ​ពលរដ្ឋ​ខ្មែរ ដែល​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស មាន​ប្រមាណ​ត្រឹម​តែ​ពី ៨០​ម៉ឺន ទៅ​១​លាន​នាក់​៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ