អានតួអត្ថបទ
កម្ពុជា

សាលា​ឧទ្ធរណ៍​សម្រេច​សំណើ​នៅ​ក្រៅឃុំ​នៅ​ថ្ងៃ​អង្គារ ១៨ មករា

ជនជាតិ​ថៃ​៥​នាក់​ដែល​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បដិសេធ​ការ​ស្នើសុំ​នៅ​ក្រៅឃុំ​បណ្តោះ​អាសន្ន កាល​ពី​សប្តាហ៍​មុន​នោះ នឹង​ត្រូវ​បង្ហាញ​ខ្លួន​ជា​សាធារណៈ​សា​ជា​ថ្មី នៅ​សាលា​ឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ស្អែក ដើម្បី​ស្តាប់​ការ​សម្រេច​របស់​តុលាការ​ឧទ្ធរណ៍។ កាល​ពី​ថ្ងៃ​ទី​១៣​មករា តុលាការ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​តាម​ការ​ស្នើ​សុំ​របស់​មេធាវី នូវ​ជនជាតិ​ថៃ​តែ​២​នាក់​ប៉ុណ្ណោះ គឺ​សមាជិក​សភា និង​ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​ទៀត។

ជនជាតិ​ថៃ​ដែល​អាជ្ញាធរ​ចាប់ខ្លួន​ក្នុង​បទ​ឆ្លង​ដែន​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា
ជនជាតិ​ថៃ​ដែល​អាជ្ញាធរ​ចាប់ខ្លួន​ក្នុង​បទ​ឆ្លង​ដែន​ខុសច្បាប់​ក្នុង​ប្រទេស​កម្ពុជា ©សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

 

01:45

សេចក្តី​រាយការណ៍​របស់​លាង ដឺលុច​ពី​ទីក្រុង​ភ្នំពេញ

នៅព្រឹក​ថ្ងៃ​អង្គារ​ទី​១៨​មករាស្អែក​នេះ ចៅក្រម​សាលា​ឧទ្ធរណ៍​នឹង​ប្រកាស​សម្រេច​អនុញ្ញាត ឬ​មិន​អនុញ្ញាត​អោយ​ជនជាតិ​ថៃ​៥​នាក់​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន តាម​បណ្តឹង​របស់​មេធាវី​របស់​ពួកគេ។ មេធាវី​ដែល​បាន​ប្តឹង​ជំទាស់​ការ​សម្រេច​របស់​តុលាការ​រាជធានី​ភ្នំពេញ ដែល​បាន​សម្រេច​ដោះលែង​ជនជាតិ​ថៃ​តែ​២​នាក់​អោយ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន ហើយ​បាន​បដិសេធ​ចំពោះ​ជនជាតិ​ថៃ​៥​នាក់​ផ្សេងទៀត។

លោក​ជួន ស៊ុនឡេង ចៅក្រម​សាលាឧទ្ធរណ៍​ដែល​កាន់​សំណុំ​រឿងនេះ​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ជនជាតិ​ថៃ​ទាំង​៥​នាក់​នឹង​ត្រូវ​នាំ​មក​ក្នុង​សាលសវនាការ​នៃ​សាលា​ឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ដើម្បី​ស្តាប់​ការ​សម្រេច​របស់​ចៅក្រម។ ការ​សម្រេច​ដែល​មិនត្រឹម​តែ​ជន​ជាប់ចោទ​ទាំង​៥​ទេ​ដែល​រង់ចាំ ប៉ុន្តែ​គឺ​រដ្ឋាភិបាល​ថៃ​ផងដែរ។

ក្រោយ​ពី​ការ​ចាប់​ខ្លួន​ជនជាតិ​ថៃ​៧​នាក់​ដែល​រួមមាន​សមាជិក​សភា​ថៃ​មួយរូប និង​ក្រុម​សមាជិក​អាវលឿង​កាល​ពី​ថ្ងៃ​ទី​២៩​ធ្នូ ក្រោម​បទចោទ​ប្រកាន់​អំពី​ការ​ឆ្លងដែន​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា ប្រមុខ​ការទូត​ថៃ​បាន​មក​ដល់​ទីក្រុង​ភ្នំពេញ​ភ្លាម​ដើម្បី​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា។ ប្រមុខ​ការ​ទូត​ថៃ​លោក​កាស៊ីត ភិរម្យ ក្រោយ​ពី​បាន​ឃើញ​ខ្សែ​វីដេអូ​គ្លីប​ដែល​បង្ហាញ​ថា ជនជាតិ​ថៃ​ទាំង​៧​នាក់​បាន​ដើរ​ចូល​ក្នុង​ទឹកដី​កម្ពុជា​មែន​នោះ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា លោក​គោរព​ការ​អនុវត្ត​ច្បាប់​របស់​កម្ពុជា ហើយ​លោក​បាន​ស្នើ​អោយ​តុលាការ​ពន្លឿន​នីតិវិធី។

មេដឹកនាំ​រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ថ្លែង​សារ​នយោបាយ​ជា​បន្តបន្ទាប់ ប្រាប់​ទៅ​រដ្ឋាភិបាល​ថៃ ខ្លួន​មិន​លូក​ដៃ​ចូល​ក្នុង​ឯករាជភាព​របស់​តុលាការ​ទេ។

យោង​តាម​ការ​ផ្សព្វផ្សាយ​របស់​បណ្តាញ​សារព័ត៌មាន​ថៃ​នៅថ្ងៃនេះ នាយក​រដ្ឋមន្ត្រី​ថៃ​លោក​អាភីស៊ីត វេចាជីវ៉ា​បាន​ថ្លែង​ថា លោក​មាន​ជំហរ​សុទិដ្ឋិនិយម​ថា ជនជាតិ​ថៃ​ទាំង​៥​នាក់​នឹង​ត្រូវ​ដោះលែង​អោយ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​នៅព្រឹក​ថ្ងៃ​អង្គារ​ស្អែក​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ