អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សញ្ញាណ​ទីផ្សារ​ពាណិជ្ជកម្ម​នៃ​សតវត្ស​ទី​២១​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​លែង​កំរិត​តែ​លើ​សកម្មភាព​ពាណិជ្ជកម្ម​តាម​អគារ ឬ​តាម​ទីផ្សារ​ទំនើប​ធំៗ​ដែល​ពោរពេញ​ទៅ​ដោយ​ហាង​លក់​ទំនិញ​ស្អេក​ស្កះ​ទៀត​ហើយ។ ក្នុង​សតវត្ស​ទី​២១ ពិសេស​ក្នុង​មួយ​ទសវត្ស​ចុង​ក្រោយ​នេះ សញ្ញាណ​នៃ​ទីផ្សារ បាន​ពង្រីក​ន័យ​របស់​ខ្លួន​ដើម្បី​គ្រប​ដណ្តប់​លើ​តំបន់​ថ្មី​នៃ​ការ​ផ្សព្វផ្សាយ​និង​ធ្វើ​ប្រតិបត្តិការ ពាណិជ្ជកម្ម ពោល​គឺ​វិបសាយ និង​បណ្តាញ​សង្គម។ 

ការទិញដូរទំនិញសម័យនេះ ច្រើនធ្វើតាមប្រព័ន្ធអ៊ីនធ័រនែត
ការទិញដូរទំនិញសម័យនេះ ច្រើនធ្វើតាមប្រព័ន្ធអ៊ីនធ័រនែត Getty Images
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ការ​លក់​ទំនិញ​ក្នុង​តម្លៃ​ពិសេស នា​រដូវ​កាល​បុណ្យ​ណូអែល​បាន​បញ្ចប់​ទៅ​នៅ​ថ្ងៃ​ទី​២៤​ធ្នូ ទិវា​នៃ​ការ​លក់​ទំនិញ​បញ្ចុះ​តម្លៃ​ក្រោយ​ថ្ងៃ​បុណ្យ​នេះ​ ឲ្យ​ឈ្មោះ​ថា Boxing Day បាន​ចូល​មក​ដល់​និង​ធ្វើ​ឡើង​នៅ​ទី​២៦​ធ្នូ។ តែ នៅ​សហរដ្ឋអាមេរិក​និង​កាណាដា គេ​មិន​ចាំបាច់​ចាំ​រហូត​ដល់​ថ្ងៃ​ទី​២៦​ធ្នូ​ដើម្បី​ដឹង ពី​តំលៃ​និង​អាច​បញ្ជា​ទិញ​ទំនិញ​ ឬ​សេវាកម្ម​បញ្ចុះ​តម្លៃ​នៅ​ថ្ងៃ Boxing Day នោះ​ទេ ព្រោះ​ក្រុមហ៊ុន​នានា​ដូចជា​ក្រុមហ៊ុន​លក់​គ្រឿង​អេឡិចត្រូនិក មាន Bestbuy និង Futurshop ជាដើម បាន​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ស្វែង​រក​អតិថិជន​តាម​ អ៊ីនធ័រនែត​តាំងពី​ពេលល្ងាច​ទី​២៤​ធ្នូ​ម្លេះ បើទោះ​ជាហាងនឹងបិទទ្វារ​នៅថ្ងៃទី២៥ និងបើកឡើងវិញ​នៅ​ថ្ងៃទី២៦​រសៀល ក៏ដោយ។

វិបសាយ និង​បណ្តាញសង្គម បានក្លាយជាទីតាំង​សំរាប់​ការធ្វើពាណិជ្ជកម្ម​ដែល​ក្រុមហ៊ុន​សហគ្រាស​នានា​មិនអាច មើល​រំលង។ ទាំងនេះ​មិនមែន​បាន​សេចក្តីថា ដោយសារតែ Google និង Facebook មានវត្តមាន​លើ​បណ្តាញ អ៊ីនធ័រនែតដល់ទៅ ៣៥%នោះទេ តែ​គឺដោយសារតែ​ភាពចាំបាច់​នៃក្រុមហ៊ុន​និមួយៗ​ក្នុងការស្វែរក​អតិថិជន​របស់ ខ្លួន នៅទីកន្លែង​ដែល​ពួកគេ​ឋិតនៅ។

បើតាមអ្នកជំនាញ​ខាងទីផ្សារ​លើ​វិបសាយ​និង​បណ្តាញសង្គម បានឲ្យដឹងថា​៩៤%​នៃ​ប្រតិបត្តិការ​ទិញលក់​នៅ​តាម ហាង​ឬ​នៅតាមផ្សារ​នានា សុទ្ធតែជា​ប្រតិបត្តិការ​ដែលធ្វើ​បន្ទាប់ពី​អតិថិជន​បានស្វែងយល់​ពីពត៌មាន​ចាំបាច់​នៅ តាមវិបសាយ និង​បណ្តាញសង្គម​នានា លើ​ផលិតផល​ឬ​សេវាកម្ម​ទាំងនោះ។ ឧទាហរណ៍​ជាក់ស្តែង​គឺ​ករណី​នៃ​ការស្វែងរក​សេវាកម្ម​សណ្ឋាគារ ភោជនីយដ្ឋាន គ្រឿង​អេឡិចត្រូនិក ក៏ដូចជា​សេវាកម្ម​និង​ផលិតផល​ជាច្រើន​ផ្សេង ទៀត​ផងដែរ។

ក្នុងបរិបទ​នៃការធ្វើពាណិជ្ជកម្ម​សម័យថ្មី​នេះ ប្រសិនបើ​ក្រុមហុ៊ន​សហគ្រាស​ណាមួយ​ដែល​មិនមាន​វត្តមាន លើ បណ្តាញ​អ៊ីនធ័រនែតតាមរយៈ​វិបសាយ និង បណ្តាញ​សង្គម​នោះទេ ក្រុមហុ៊ន​សហគ្រាស​នោះ​នឹងអាច​ដើរ​ចាញ់​គេ យ៉ាងឆ្ងាយ​ប្រៀប​ទៅនឹង​ក្រុមហ៊ុន​ដ៏ទៃ​ដែល​ប្រើ​មធ្យោបាយ​នេះ។

លោក Christian Dumont អ្នកជំនាញ​ទីផ្សារ​សញ្ជាតិ​កាណាដា​បាន​មានប្រសាន៍​ថា សម័យឥឡូវ​មិនមែន ការផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​សហគ្រាស​នោះទេ ដែល​ជាអ្នកគ្រប់គ្រង​ទីផ្សារ តែ​គឺ​តម្រូវការ​របស់អតិថិជន​នៅ​លើ ទីផ្សារ​ទៅវិញទេ​ដែលមាន​អំណាច​លើទីផ្សារ។ ក្រុមហ៊ុន​សហគ្រាស​នានា​មិនមាន​ជំរើស​អ្វីក្រៅ​តែពី​សម្រប​ខ្លួន ទៅតាម​របៀបថ្មី​នៃការធ្វើពាណិជ្ជកម្ម​នេះ​ប៉ុណ្ណោះ។ 

ក្នុងយុទ្ធសាស្រ្តថ្មី​នៃការផ្សព្វផ្សាយ​ពាណិជ្ជកម្ម លោក​បានកំនត់​ធាតុ​សំខាន់​ចំនួនបួន​ដែល​គេត្រូវ​យកចិត្តទុកដាក់៖ ទីមួយ​គឺ​ទីតាំាងធុរកិច្ច (ឬទីកន្លែង​ធ្វើ​អាជីវកម្ម) ទីពីរ​គឺ​ទូរស័ព្ទ ទីបី​គឺ​វិបសាយ និង​ទីបួន​ជាការវិវឌ្ឍន៍​ចុង​ក្រោយ គឺ​បណ្តាញសង្គម។

ការធ្វើទីផ្សារ​តាមបែប​ប្រពៃណី​នៅ​តែមានតម្លៃ​តែ​គេត្រូវ​មានការផ្លាស់ផ្តូរ​នូវ​ចក្ខុវិស័យ។ ឧទាហរណ៍​ដូចជា ការផ្សាយពាណិជ្ជកម្ម​តាមរយៈ​ប័ណ្ណ​បញ្ចុះ​តម្លៃ ឬ​សារពត៌មាន​កាស្សែត​លើ​ក្រដាស់ ក្នុងករណី​ដែល​មាន​កំហុស ត្រង់តម្លៃ​ឬ​ទំនិញ គេអាច​កែប្រែ​ដោយ​បោះពុម្ព​កែតម្រូវ​នៅ​ថ្ងែបន្ទាប់​ប៉ុណ្ណោះ ប៉ុន្តែ​ចំពោះ​កំហុស ឬ​ភាពមិនប្រក្រតី លើ​បណ្តាញ​តាមវិបសាយ និង​បណ្តាញ​សង្គមវិញ គេអាច​កែប្រែ​បានភ្លាមៗ​តែម្តង។

ម៉្យាទៀត ការមកដល់នូវ Netflix និង​ក្រុមហ៊ុនផ្សព្វផ្សាយ​តាម​អ៊ីនធ័រនែតនានា​ដូចជា Youtube ជាដើម ក៏ចូលរួម ក្នុង​ការកែប្រែ របៀប​នៃ​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​តាម​វិទ្យុ​និង​ទូរទស្សន៍​ផងដែរ។ ព្រោះ​អតិថិជន​ឬ​អ្នកប្រើប្រាស់ សម័យថ្មី លែង​រងចាំមើល​ការផ្សាយ​ពត៌មាន ឬខ្សែភាពយន្ត ដែល​ខ្លួន​ចូលចិត្ត ទៅតាម​ពេល​និង ម៉ោង​បញ្ចាំង ទៀត​ហើយ ព្រោះ​គេអាច​បញ្ជា​ឲ្យម៉ាសីុន​ថតចំលង​ទុក​សំរាប់​មើល​នៅពេល​ដែលខ្លួន​ទំនេរ និង​តាមចំណង់។

ដូចនេះហើយ​ការបង្កើតវិបសាយ​របស់​ក្រុមហ៊ុន ដែលអាច​ឲ្យ​គេចូលមើល​និង​ទិញទំនិញ​ឬ​ជាវ​សេវាកម្ម​២៤ម៉ោង លើ​២៤ម៉ោង បានក្លាយជា​វិធានការ​ចំាបាច់​បឋម​បំផុត​ក្នុងការធ្វើ​ពាណិជ្ជកម្ម​ក្នុង​បរិបទថ្មី​នេះ មុន​នឹង​ឈានដល់ ការបង្កើត​វិធានការ​ជាយុទ្ធសាស្រ្ត ស្វែងរក និងទាក់ទាញ អតិថិជន​តាមរយៈ​ការបង្កើត​ឃ្លីប​ពាណិជ្ជកម្ម​ដើម្បី​ផ្សព្វ ផ្សាយ​តាមប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា Facebook, Youtube ជាដើម ព្រមទាំង​បណ្តាញ​សង្គម​ទាំងឡាយ​ណា ដែល​អតិថិជន​សក្តានុពល មាន​វត្តមាន​ផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ