អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ប្រធានថ្មី​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​ខុស​ពី​ប្រធានចាស់​យ៉ាង​ដូចម្តេច​ខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានថ្មី​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ចូល​កាន់តំណែង​ជាផ្លូវការ កាលពី​ថ្ងៃ​ចន្ទ ទី​១​ធ្នូ នៅទីក្រុង​ព្រុចស៊ែល ប្រទេស​បែលហ្សិក បន្ទាប់ពី​សភា​អឺរ៉ុប​បាន​បោះឆ្នោត ជ្រើសរើស កាលពី​ខែ​សីហា។ លោក​ ដូណាល់ ទូស្ក អតីត​នាយករដ្ឋមន្រ្តី​ប៉ូឡូញ ត្រូវ​ចូល​ជំនួស​លោក​អ៊ែកម៉ាន់ វ៉ាន់រ៉ុមពុយ ដែល​កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប អស់​រយៈពេល ៥​ឆ្នាំ។ នេះ​ជា​លើក​ទី​មួយ និង​ជា​ប្រវត្តិសាស្រ្ត ដែល​ប្រទេស​មក​ពី​អឺរ៉ុប​ខាងកើត ដូចជា​ប៉ូឡូញ​បាន​ចូល​កាន់​តំណែង​​ជាន់ខ្ពស់ នៅក្នុង​សហភាព​អឺរ៉ុប។  

អតីត​នាយករដ្ឋមន្រ្តី​ប៉ូឡូញ លោក​ដូណាល់ ទូស្ក ឡើង​ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថ្មី ចាប់​តាំងពី​ថ្ងៃ​ទី​១ ធ្នូ ២០១៤
អតីត​នាយករដ្ឋមន្រ្តី​ប៉ូឡូញ លោក​ដូណាល់ ទូស្ក ឡើង​ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថ្មី ចាប់​តាំងពី​ថ្ងៃ​ទី​១ ធ្នូ ២០១៤ ©REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

តំាង​ពី​ចូល​កាន់តំណែង​ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថ្មី លោក​ដូណាល់ ទូស្ក បាន​បង្ហាញ​ជំហរ​នយោបាយ​ការទូត​ខុសគ្នា ដាច់ស្រឡះ ពី​ប្រធាន​ចាស់។ ខុសពី​លោក អ៊ែកម៉ាន់ វ៉ាន់រ៉ុមពុយ ដែល​និយម​ប្រើ​នយោបាយ​សម្របសម្រួល​រវាង​ប្រទេស​សមាជិក ជាពិសេស​រវាង​បារាំង និង​អាល្លឺម៉ង់នោះ លោក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថ្មី​មិន​ខ្លាច​នឹង​បញ្ចេញ​គំនិត យោបល់ ឬ​ជំហរ​ផ្ទាល់ខ្លួន​នោះទេ។ នេះ​បើតាម​ការសង្កេត​របស់​មន្រ្តីទូត​អឺរ៉ុប។

 
ខុស​ពី​លោក​ប្រធាន​ចាស់ ជនជាតិ​បែលហ្ស៊ិក ដែល​មិន​បាន​លាយច្របល់​បញ្ហា​ជាតិ ចូល​ជាមួយ​បញ្ហា​អឺរ៉ុប លោក​ប្រមុខ​ដឹកនាំ​អឺរ៉ុប​ថ្មី​បាន​បង្ហាញ​យ៉ាង​ច្បាស់ ដោយ​គ្មាន​សង្ស័យ​ពី​ជំហរ​របស់លោក ក្នុង​នាម​ជា​អ្នកនាំពាក្យ អ្នកនាំ​ផល​ប្រយោជន៍​ឲ្យ​ប៉ូឡូញ និង​បណ្តាអឺរ៉ុប​ខាងកើត ដែល​រហូតមក​ដល់​ពេលនេះ ត្រូវ​គេ​ផាត់ ទុក​ចោល​មិន​ផ្តល់​តម្លៃ នៅ​ក្នុង​រង្វង់​សហភាព​អឺរ៉ុប។

គេ​អាច​និយាយ​បាន​ថា លោក​ ដូណាល់ ទូស្ក អាច​ប្រើ​តំណែង​ប្រធាន​ប្រឹក្សា​អឺរ៉ុប​ដើម្បី​លើក​និយាយ​ពី​កង្វល់​ផ្ទាល់​របស់​ប៉ូឡូញ ជុំវិញ ព្រឹត្តិការណ៍​ដែល​កំពុង​កើត​មាន​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ ជាក់ស្តែង គ្រាន់​តែ​ចូល​កាន់កាប់​ការិយាល័យ​របស់ខ្លួន​ភ្លាម បាន​ប៉ុន្មាន​ម៉ោង ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថ្មី​បាន​ទូរស័ព្ទ​ទៅ​ប្រធានាធិបតី​អាមេរិក លោក​បារ៉ាក់ អូបាម៉ា​ភ្លាម។ ប្រមុខដឹកនាំ​កំពូល​ទាំងពីរ​បាន​បង្ហើរ​សារ​រួមគ្នា ទាមទារ​ឲ្យ​រុស្ស៊ី​ដកទ័ព​ចេញ​ពី​ទឹកដី​អ៊ុយក្រែន។ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថ្មី បាន​អំពាវនាវ​ផងដែរ​ឲ្យ​រុស្ស៊ី​ឈប់​ផ្តល់​អាវុធ ដល់​ពួក​ឧទ្ទាម ទាមទារ​ផ្តាច់​ទឹកដី​នៅ​អ៊ុយក្រែន និង​បើកផ្លូវ​ឲ្យ​អ្នកសង្កេតការណ៍​របស់​អង្គការ​ដើម្បី​សន្តិសុខ និង​សហប្រតិបត្តិការ​អឺរ៉ុប​OSCE​បាន​ចូល​ទៅ​ធ្វើការ​ដោយ​សុវត្ថិភាព។

ជំហរ​ម៉ឺងម៉ាត់​​របស់​លោក​ ដូណាល់ ទូស្ក ចំពោះ​វិមាន​ក្រេមឡាំង មិនមែន​ជា​រឿង​ថ្មីទេ។ តាំងពី​នៅ​ជា​នាយក​រដ្ឋមន្រ្តី​ប៉ូឡូញ​ម្ល៉េះ លោក​ ដូណាល់ ទូស្ក តែងតែ​ទទូច​ឲ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ទៅ​លើ​រុស្ស៊ី នៅពេល​ដែល​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ចាស់ និង​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ដទៃទៀត មិនសូវ​ជា​តឹងរ៉ឹង ចង់​ដាក់​ទណ្ឌកម្ម ទៅលើ​រុស្ស៊ី។

ហេតុអ្វី​បាន​ប៉ូឡូញ​រករឿង​រុស្ស៊ី នៅពេល​ដែល​រុស្ស៊ី​កំពុង​បញ្ហា នៅ​ប្រទេស​អ៊ុយក្រែន​ឯណោះ​សោះនោះ?

តាម​លោក​អតីត​នាយករដ្ឋមន្រ្តី​ប៉ូឡូញ គេ​នឹង​ដឹង​ពី​អារម្មណ៍​របស់​ប្រជាជន​​ប៉ូឡូញ​ ប្រសិន​បើ​គេ​មាន​ផ្ទះ នៅ​ជាប់​នឹង​ឃ្លាំង​ស្តុក​គ្រាប់បែក​នុយក្លេអ៊ែរ ដែល​រុស្ស៊ី​ប្រមូលផ្តុំ​នៅ​កាលីនីនក្រាត ក្បែរ​ទឹកដី​ប៉ូឡូញ។ បន្ទាប់ពី​រុស្ស៊ី​កាត់​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន និង​ការបញ្ជូន​យន្តហោះ​ចម្បាំង ហោះឆ្វែល​ចូល​ដែនអាកាស​អឺរ៉ុប ប៉ូឡូញ ដែល​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​រុស្ស៊ី បាន​មើលឃើញ​កាន់តែ​ច្បាស់ ការគំរាមកំហែង​របស់​រុស្ស៊ី សម្រាប់​អនាគត​ដែនដី​របស់ខ្លួន។

ក្រៅតែ​ពី​ជំរុញ​ឲ្យ​ដោះស្រាយ​វិបត្តិ​អ៊ុយក្រែន ដែល​ជា​សំណុំរឿង​ចំបង​ លោក​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ថ្មី​ត្រូវ​បាន​គេ​មើលឃើញ​ជា​មេដឹកនាំ​ដែល​មាន​មហិច្ឆតា​សេដ្ឋកិច្ច។ លោក​ ដូណាល់ ទូស្ក បាន​ទទួល​តំណែង​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប ដោយ​មកពី​លោក​មាន​ស្នាដៃ រក្សា​កំណើន​សេដ្ឋកិច្ច​ប៉ូឡូញ នៅក្នុង​ពេល​ប្រទេស​អឺរ៉ុប​ផ្សេងទៀត កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច។

នៅក្នុង​បេសកកម្ម​របស់ខ្លួន ជា​អ្នកកាច់​ចង្កូត​អឺរ៉ុប លោកអតីត​នាយករដ្ឋមន្រ្តី​ប៉ូឡូញ​រូបនេះ ចង់​ផ្តល់​សន្ទុះ ជំរុញ​កំណើន​សេដ្ឋកិច្ច​អឺរ៉ុប។ នៅក្នុង​កិច្ចសន្ទនា​តាម​ទូរស័ព្ទ ជាមួយ​លោក​ប្រធានាធិបតី​អាមេរិក កាលពី​ថ្ងៃ​ចន្ទ លោក​ ដូណាល់ ទូស្ក បាន​និយាយ​ផង​ដែរ​ពី​សន្ធិសញ្ញា ​អន្តរ​អាត្លង់ទិក រវាង​អឺរ៉ុប និង​អាមេរិក ដែល​ពេលនេះ កំពុង​ស្ថិតនៅក្នុង​ដំណាក់កាល​ចរចា​នៅឡើយ។ សម្រាប់​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​អាមេរិក មិនត្រឹម​ជំរុញ​សេដ្ឋកិច្ច​អឺរ៉ុប ប៉ុន្តែ វា​ជា​ភូមិសាស្រ្ត​យុទ្ធសាស្រ្ត មួយ​ដ៏សំខាន់​សម្រាប់​អនាគត​អឺរ៉ុប ដែល​ពេល បច្ចុប្បន្ននេះ មាន​នយោបាយ និង​សេដ្ឋកិច្ច លុប​បាំង​ជិត​ដោយ​ប្រទេស​ទើប​មាន​សេដ្ឋកិច្ច​រីកលូតលាស់​ថ្មី។

នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​អឺរ៉ុប ដែល​ត្រូវ​ធ្វើ នៅថ្ងៃ ទី ១៨ និង ទី ១៩​ធ្នូ​ខាងមុខ ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ប្រុង​នឹង​ធ្វើការ​ដើម្បី​ទាមទារ​ការគាំទ្រ​​ពី​សំណាក់​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ទាំង​២៨​សម្រាប់​​ជំរុញ​ការវិនិយោគ ដែល​លោកJean Claude Juncker ប្រធាន​គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​ឡើង។ នៅក្នុង​កម្មវិធី​របស់​ខ្លួន ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​ថ្មី គ្រោង​ផង​ដែរ នឹង​ជំរុញ​ការធ្វើ​កំណែ​ទម្រង់​រចនា​សម្ព័ន្ធ នៅ​ក្នុង​សហភាព​អឺរ៉ុប​ទាំង​មូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ