អានតួអត្ថបទ
ប៉ាគីស្ថាន-ឥណ្ឌា

ភាព​​តានតឹង​​បាន​​ផ្ទុះ​​ជា​​ថ្មី​​រវាង​​ទាហាន​​ឥណ្ឌា និង​​ប៉ាគីស្ថាន​​នៅ​​តំបន់ Cachemire

នៅ​ថ្ងៃចន្ទ ទី១២ សីហា ប្រទេស​ប៉ាគីស្ថាន​បាន​ចោទ​ទាហាន​ឥណ្ឌា​ថា បាន​បើក​ការ​បាញ់រះ​លើ​តំបន់ Cachemire ខាង​ភាគី​ប៉ាគីស្ថាន ដោយ​បណ្តាល​ឲ្យ​មាន​ស្លាប់​ជនស៊ីវិល​ម្នាក់ នេះ​បើ​យោង​តាម​អ្នកទទួលខុសត្រូវ​ប៉ាគីស្ថាន។ ឧប្បវហេតុ​ថ្មី​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​ឥណ្ឌា​បាន​ទម្លាក់​កំហុស​លើ​ប៉ាគីស្ថាន​ពី​ការ​ស្លាប់​ទាហាន​ឥណ្ឌា ៥នាក់​កាល​ពី​សប្តាហ៍​មុន​នៅ​តាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​គូសត្រូវ​ទំាង​ពីរ។

ទាហាន​ឥណ្ឌា​ដើរ​ត្បាត​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន Cachemire រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន ក្រោយ​ការ​ព្រមព្រៀង​ឈប់បាញ់ ថ្ងៃ​ទី ៧ សីហា ២០១៣
ទាហាន​ឥណ្ឌា​ដើរ​ត្បាត​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំដែន Cachemire រវាង​ឥណ្ឌា​និង​ប៉ាគីស្ថាន ក្រោយ​ការ​ព្រមព្រៀង​ឈប់បាញ់ ថ្ងៃ​ទី ៧ សីហា ២០១៣ REUTERS/Mukesh Gupta/Files
ផ្សាយពាណិជ្ជកម្ម

យោង​តាម​អ្នកទទួលខុសត្រូវ​យោធា​ប៉ាគីស្ថាន​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ ការ​បាញ់រះ​របស់​ទាហាន​ឥណ្ឌា​បាន​កើត​មាន​ឡើង​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ដែល​ខ័ណ្ឌ​ចែក​តំបន់​ជម្លោះ Cachemire។ រូប​អ្នកទទួលខុសត្រូវ​យោធា​ប៉ាគីស្ថាន​ដដែល​ក៏​បាន​បញ្ជាក់​ថា ទាហាន​ប៉ាគីស្ថាន​ក៏​បាន​បាញ់តប​វិញ​ដែរ តែ​មិន​បាន​បញ្ជាក់​ថា តើ​មាន​ស្លាប់​មនុស្ស​នៅ​ខាង​ឥណ្ឌា ឬ​អត់​ទេ។

យ៉ាង​ណា​ក៏​ដោយ នៅ​ក្រោយ​ព្រឹត្តិការណ៍​នោះ ក្រសួង​ការបរទេស​ប៉ាគីស្ថាន​បាន​កោះហៅ​លោក​អនុឧត្តមស្នងការដ្ឋាន​ឥណ្ឌា​ប្រចំា​ក្រុង​អ៊ីស្លាម៉ាបាត​ឲ្យ​ចូលជួប ដើម្បី​សម្តែង​ពី​ការ​បន្ត​រំលោភបំពាន​លើ​បទឈប់បាញ់​ពី​សំណាក់​ទាហាន​ឥណ្ឌា។ ចំណែក​អ្នកទទួល​ខុសត្រូវ​នៅ​តំបន់ Cachemire ខាង​ប៉ាគីស្ថាន​បាន​រៀបចំ​ក្បួនបាតុកម្ម​មួយ​មាន​គ្នា​ប្រមាណ​ជា ៤០០នាក់​នៅ​ពី​មុខ​ការិយាល័យ​អង្គការសហប្រជាជាតិ​ក្នុង​តំបន់ Cachemire។

គួរជម្រាបជូន​ថា បច្ចុប្បន្ន បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​នៅ​តំបន់ Cachemire មាន​គ្នា ៣៨នាក់​ដែល​មាន​តួនាទី​ឃ្លំាមើល​ការ​ឈប់បាញ់​រវាង​ទាហាន​ប៉ាគីស្ថាន និង​ឥណ្ឌា​នៅ​តំបន់ Cachemire។ តំាង​ពី​បាន​ទទួល​ឯករាជ្យ​រៀងៗ​ខ្លួន​ក្នុង​ឆ្នំា ១៩៤៧ មក គូសត្រូវ​ទំាង​ពីរ​បាន​ផ្ទុះ​សង្រ្គាម​នឹង​គ្នា​ចំនួន ៣លើក​មក​ហើយ និង​ដែល ២លើក​មាន​ជាប់​ពាកព័ន្ធ​នឹង​តំបន់ Cachemire ដែល​ភាគី​នីមួយៗ​ដណ្តើម​គ្នា​កាន់កាប់​ផ្តាច់​មុខ។ តំបន់ Cachemire ដែល​បទឈប់បាញ់​បាន​ត្រូវ​ចូល​ជាធរមាន​តំាង​ពី​ឆ្នំា ២០០៣ និង​ស្ថិត​ក្រោម​ការ​ឃ្លំាមើល​របស់​អង្គការសហប្រជាជាតិ។

ចំណែក​កិច្ចចរចា​សន្តិភាព​រវាង​គ្នា​ក៏​បាន​ចាប់​ផ្តើម​ជា​ថ្មី​ក្នុង​ឆ្នំា ២០១១ ពោលគឺ ៣ឆ្នំា ក្រោយ​អំពើ​ភេរវកម្ម​ក្នុង​ទីក្រុង​ប៊ុមបៃ​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៦៦នាក់។ យ៉ាង​ណា​ក៏​ដោយ ភាព​តានតឹង​ជា​ថ្មី​នៅ​តំបន់ Cachemire ពេល​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​លោក​នាយក​រដ្ឋមន្រ្តីថ្មី​ប៉ាគីស្ថាន Nawaz Sharif បាន​ចាត់​ទុក​ការ​បង្កើន​ទំនាក់ទំនង​ល្អ​ជាមួយ​ឥណ្ឌា ជា​អាទិភាព​របស់​លោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ