អានតួអត្ថបទ
កម្ពុជា

ក្រុម​អ្នក​ជំ​នាញ​ផ្តើម​ស្រាវ​ជ្រាវ​ជំ​ងឺ​ឆ្លង​នៅ​កម្ពុជា​និង​បណ្តា​ប្រទេស​ក្នុង​តំបន់

កម្ពុជា និង បណ្តា​ប្រទេស​ ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​បាន​ចាប់​ផ្តើម​សិក្សា​ស្រាវជ្រាវ​ទៅ​លើ​ជំងឺ​ឆ្លង​នានា និង​មេរោគ​បង្ក​ជំងឺ​ផ្សេង​ៗ ដូច​ជា​មេរោគ​ជំងឺ​គ្រុន​ឈាម​ ជំងឺ​គ្រុន​ផ្តា​សាយ​ធំ ភាព​ស៊ាំ​របស់​បាក់​តេរី និង​ជំងឺ​គ្រុន​ផ្តា​សាយ​បក្សី ដែល​កំពុង​តែ​កើត​មាន​នៅ​កម្ពុជា និង​បណ្តា​ប្រទេស​ក្នុង​តំបន់។ ការ​សិក្សា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សន្និសីទ​ស្តី​ពី« ជំងឺ​ឆ្លង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍» ដែល​បើក​​ធ្វើ​ ចាប់​ពី​ថ្ងៃ​ទី ១១ ដល់ ១២ មីនា​ នៅ​ទី​ក្រុង​ភ្នំ​ពេញ ​ត្រូវបាន​បញ្ចប់​។

REUTERS/James Gathany
ផ្សាយពាណិជ្ជកម្ម

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាង​វេជ្ជ​សាស្ត្រ​បាន​ផ្តើម​សិក្សា​ស្រាវ​ជ្រាវ​អំពី​ជំងឺ​ឆ្លង​នៅ​កម្ពុជា​ និង​ក្នុង​តំបន់។ ការ​ស្រាវ​ជ្រាវ​នេះ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​គេ​បាន​រក​ឃើញ​ថា កម្ពុជា​និង​បណ្តា​ប្រ​ទេស​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺជា​តំបន់​ដែល​ងាយ​ទទួល​រង​ផល​ប៉ះ​ពាល់​ពី​ជំងឺឆ្លង ដែល​មាន​ពីសត្វ ទៅ​មនុស្ស។ ការ​រក​ឃើញ​នេះ​ត្រូវ​បាន​បង្ហាញ នៅ​ក្នុង​សន្និសីទ ស្តី​ពី «ជំងឺឆ្លង​ក្នុង តំបន់​អាស៊ី​អា​គ្នេយ៍» ដែល​បាន​បើក​ធ្វើ​នៅ​សណ្ឋាគារ​ឡឺ​រ៉ូយ៉ាល់ ក្នុង​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃទី ១១ និង ទី ១២ មីនា​កន្លង​ទៅ​នេះ។

 
លោក លី សុវណ្ណ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខា​ភិបាល បាន​ឲ្យ​ដឹង​ថា សន្និ​សីទ​នេះ បាន​ផ្តល់​សារៈ​សំ​ខាន់​យ៉ាង​ច្រើន​ដល់​ប្រទេស​កម្ពុជា ដើម្បី​សិក្សា និង​បាន​ផ្តល់​ចំណេះ​ដឹង​ថ្មី​ៗ នៅ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ​រក​វិធាន​ការ​ថ្មី ដើម្បី​ទប់ស្កាត់​ការ​រីក​រាល​ដាល នៃ​មេរោគ​ថ្មី​ៗ នា​ពេល​បច្ចុប្បន្ន​នេះ​។

លោក​បាន​បញ្ជាក់​ថា ជាក់​ស្តែង​ដូច​ជា​ករណី​គ្រុន​ផ្តា​សាយ​បក្សី​នៅ​កម្ពុជា​នៅ​ពេល​ថ្មី​ៗ​នេះ ដែល​បាន​កើត​មាន​រហូត​ដល់​ទៅ ៨ ករណី​ក្នុង​ដើម​ឆ្នាំ ២០១៤។ ចំនួន​នេះ មានការ​កើន​ឡើង បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​មុន ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​មានការ​ថយចុះ ដោយ​សារតែ ក្រសួង​សុខាភិបាល​បាន​ធ្វើ​ការ​ពិនិត្យ​តាម​ដាន ការ​វិវឌ្ឍន៍​​របស់​មេ​រោគ​នេះ ហើយ​ធ្វើការ​ទប់​ស្តាត់​បាន​ទាន់​ពេល​វេលា។

សូម​បញ្ជាក់​ថា ក្រុម​អ្នក​វិទ្យា​សាស្ត្រ​សុខា​ភិ​បាល​ជា​ច្រើន​​មកពី​ប្រទេស​បារាំង​ និង​ពី​ប្រទេស​ក្នុង​តំបន់​បានមក​ជួប​ជុំ​គ្នា ​រយៈពេល​ពីរ​ថ្ងៃ ​នៅ​ភ្នំពេញ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជំងឺឆ្លង។ ជំនួប​ជា​អន្តរ​ជាតិ​នេះ ​ជា​ឱ​កាស​ដែល​ពួក​គេ​បាន​ជជែក​ផ្លាស់​ប្តូរ​យោ​បល់​គ្នា​អំពី​ជំងឺឆ្លង​ និង​បាន​ឈានដល់​ការស្រាវជ្រាវ​អំពី​ជំងឺឆ្លង​នៅ​កម្ពុជា។

ទន្ទឹម​នឹង​នោះ កម្ពុជា​ក៏បាន​ដាក់​សម្ពោធ​ឲ្យ​ដំណើរ​ការ​អគារ​ពិសោធន៍​ស្រាវ​ជ្រាវ​ថ្នាក់​តំបន់​អាស៊ី នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​ផងដែរ កាលពី​ថ្ងៃទី ១១ មីនា។ លោក​វេជ្ជបណ្ឌិត លី សុវណ្ណ ក៏បាន​សម្តែង​សាទរ​ចំពោះ​សមិទ្ធផល​ថ្មី​នេះ។ លោក​បញ្ជាក់ថា នេះ​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​វិស័យ​សុខាភិបាល​កម្ពុជា​ដើម្បី​ពិនិត្យ​ និង​តាមដាន​រាល់​ការវិវឌ្ឍន៍​​របស់​មេរោគ​នានា ហើយ​ក៏​ជា​កន្លែង​ផ្តល់​ចំណេះដឹង និង​ការ​បណ្តុះ​បណ្តាល​ដល់​វេជ្ជ​បណ្ឌិត​កម្ពុជា ឲ្យ​កាន់​តែ​មាន​ជំនាញ​ច្បាស់​លាស់​ថែម​ទៀតផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ