អានតួអត្ថបទ
កម្ពុជា

ជំងឺ​​ផ្តាសាយ​​បក្សី​​បាន​​សម្លាប់​​កុមារ​​កម្ពុជា​​១២​នាក់​​ហើយ​​ក្នុង​​ឆ្នាំ​២០១៣​​

ក្រសួង​សុខាភិបាល​ និង​អង្គការ​សុខភាព​ពិភពលោក កាលពី​ថ្ងៃ​ទិ៤វិច្ឆិកា បាន​ចេញ​សេចក្តី​ប្រកាសព័ត៌មាន​រួម​គ្នា​មួយ អំពី​ការ​ស្លាប់របស់កុមារីម្នាក់ទៀត ដោយសារជំងឺផ្តាសាយ​បក្សី កាល​ពីពា​ក់កណ្តាលខែតុលាកន្លងទៅ។ សរុបទៅមានកុមារកម្ពុជា​១២នាក់​ហើយ ​ដែល​បាន​ស្លាប់​​ដោយ​សារ​​តែ​មេរោគ H5N1។ នេះ​​ជា​បញ្ហា​​ដែល​​ក្រសួង​​សុខាភិបាល​​កម្ពុជា​កំពុង​តែ​ព្រួយ​​បារម្ភ​ជា​ខ្លាំង និង​​ស្នើ​​ឲ្យ​​ប្រជាជន​​យក​​ចិត្ត​​ទុក​ដាក់​​ការពារ​ខ្លួន​​ពី​ជំងឺ​នេះ។

សត្វមាន់ ដែល​អាចបង្កឲ្យ​មាន​ជំងឺផ្តាសាយបក្សី
សត្វមាន់ ដែល​អាចបង្កឲ្យ​មាន​ជំងឺផ្តាសាយបក្សី RFI/សួង សុខភារី
ផ្សាយពាណិជ្ជកម្ម

មានកុមារី​អាយុ​២ឆ្នាំ ម្នាក់ ដែល​រស់នៅ​ក្នុង​ឃុំបឹងបត់កណ្តាល ស្រុកបាកាន​ ខេត្តពោធិ៍សាត់ បាន​ស្លាប់​បាត់បង់​ជីវិត ដោយ​សារ​តែ​នាង​មាន​ឆ្លង​ជំងឺ​ផ្តាសាយ​បក្សី H5N1 តាំងពីពាក់កណ្តាល​ខែតុលា។ ​នេះគឺ​ជា​ករណី​ទី២៣​ ក្នុងឆ្នាំ២០១៣ និង​ជាករណី​ទី៤៤ ចាប់ពីឆ្នាំ ២០០៥ ដែលកម្ពុជា​មាន​ឆ្លង​វីរុស​ផ្តាសាយ​បក្សី H5N1។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន មាន​​៣៣ករណី ក្នុង​ចំណោម​ករណីទាំង៤៤ បាន​កើតឡើង​ទៅលើ​កុមារ​ដែល​មាន​អាយុ​ក្រោម ១៤ឆ្នាំ។ ក្នុងនោះ​ មាន​១០ករណី នៅឆ្នាំ២០១៣ ដែល​មិន​បាន​បង្កឲ្យកុមារស្លាប់។ ប៉ុន្តែ​ ករណី​ផ្សេងទៀត គឺ​បាន​បណ្តាលឲ្យ​កុមារ១២នាក់​ស្លាប់ ក្នុង​រយៈពេល ១០ខែ ក្នុងឆ្នាំ២០១៣។ ចំនួន​នេះ​កើន​ឡើង​ជាង​ឆ្នាំ​២០១២។

លោក វេជ្ជបណ្ឌិត លី សូ​វ៉ាន់ អនុ​ប្រធាន​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា មិន​ត្រឹម​តែ​ចំនួន​អ្នកស្លាប់​បាន​កើន​ឡើង​ទេ ប៉ុន្តែ​ មេរោគ​នេះ ក៏​បាន​សាយ​ភាយ​ទៅ​កាន់​ខេត្ត​ថ្មីៗ​ជា​ច្រើន​ផង​ដែរ តាម​រយៈ​ការ​ធ្វើ​អាជីវកម្ម​លក់​សត្វ​បក្សី។

នៅ​ក្នុង​សេចក្តី​ប្រកាសនោះ លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល បាន​​និយាយ​ថា ជំងឺផ្តាសាយ​បក្សី​នៅ​តែបន្ត​គម្រាម​កំហែង ដល់​សុខភាព​ប្រជាជនកម្ពុជា និង​ជាពិសេសគឺ​កុមារ។ លោក​បាន​បន្ត​ថា កុមារ​ភាគ​ច្រើន​ងាយ​នឹង​ប្រឈម​មុខ​នឹង​បញ្ហានេះ ដោយសារ​តែ ក្មេងៗចូលចិត្ត​លេង​ជាមួយ​សត្វ​ចិញ្ចឹម ជាពិសេស​គឺ​ជាមួយ​ពពួក​បក្សី។ តាម​លោក​ ម៉ម ប៊ុនហេង ករណី​ដែលឆ្លង​ទៅកុមារទាំងនោះ ក៏​មាន​ភាគច្រើន​នៅ​តាម​ទីជន​បទ ដែល​ឪពុកម្តាយ​ពួកគេប្រកបរបប​ចិញ្ចឹម​សត្វទាំងនោះផងដែរ។

សូម​បញ្ជាក់​ថា ជំងឺផ្តាសាយ​បក្សី H5N1 គឺ​ជា​ជំងឺ​ផ្តាសាយ​មួយ ដែល​ជា​ធម្មតា​ចម្លងរវាង​សត្វ​បក្សី​ឈឺ ទៅ​បក្សី​ផ្សេង​ទៀត។ ប៉ុន្តែ ​ជួន​កាល​ក៏ចម្លង​ពី​បក្សី​ទៅ​មនុស្ស​ផង​ដែរ។ ទោះបីជា​ជំងឺ​នេះ វា​មិន​ងាយ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ប៉ុន្តែ​ បើ​វា​ផ្លាស់ប្តូរវា​នឹង​អាច​រាល​ដាល​​ពី​មនុស្ស​ទៅ​មនុស្ស​ ដូច​ជំងឺ​ផ្តាសាយ​តាម​រដូវកាល​ដែរ។

ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ដែល​សង្ស័យ​ថា​មាន​ករណី​ឆ្លង​ជំងឺ​នេះ ​ត្រូវ​ឆាប់រាយការណ៍​ជា​បន្ទាន់​ទៅ​មណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ឬ​ទូរស័ព្ទ​ទៅ​លេខ១១៥។ ក្រសួង​សុខាភិបាល​ក៏​មាន​ចែក​ឱសថ​តាម​មជ្ឃមណ្ឌល​សុខភាព​មួយ​ចំនួន​ ដើម្បី​ការពារ​អ្នក​ឆ្លងជំងឺ​នេះ​កុំ​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ផង​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ